ព្យុះ​កំបុតត្បូង​

20140722_02

កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា ជា​ព្រឹតិ្ត​ការណ៍​ផ្លេក​បន្ទោរ​មួយ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អស់​ មនុស្ស​ទាំង​ពួង។ ធម្មតាៗ​តែ​ខ្លាំង មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​កក្រើក​ដល់​ចក្កវាឡ​ទាំង​មូល​ម្តង​ទៀត។ មេទ័ព​សំខាន់ៗ​របស់ ជំរំ​ព្រះ​អាទិត្យ ១ កងពល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង។ គ្រាន់​តែ​មេទ័ពៗ ត្រូវ​គេ​ចាប់​ភ្លាម មេ​សម្ព័ន្ធ​រង​នៃ​ជំរំ​ព្រះ​អាទិត្យ​បាន​ចេញ​សារ​កោះ​ហៅ​បណ្តា​មេទ័ព​ទាំង​ អស់ ចូល​មក​បន្ទាយ​វិញ។ ព្រឹតិ្ត​ការណ៍​នេះ ប្រហែល​មិន​មែន​គ្មាន​ហេតុ​ផល​ទេ ព្រោះ​បើ​យើង​មើល​ឲ្យ​ជ្រៅ​ជាង​នេះ​បន្តិច អ្វីៗ​ដូច​ជា មាន​ការ​រៀបចំ​ទុក។ មាន​សេណារីយោ ៤ ដែល​ត្រូវ​យក​មក​ពិចារណា៖

១. ព្រឹត្តិ​ការណ៍​នេះ អាច​ជា​ការ​បង្កើត​ឡើង ដោយ​ជំរំ​ព្រះអាទិត្យ ព្រោះ​មួយ​រយៈ​នេះ​ភ្លើង ២ ដុំ​របស់​ខ្លួន ហាក់​ចង់​រលត់​ទៅ​ហើយ (ភ្លើង​ចិត្ត​រាស្រ្ត និង ភ្លើង​ការ​ទូត)។ បើ​ភ្លើង​នេះ​រលត់​បាត់​នោះ​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​ចរចា​ជាមួយ​ជំរំ​ ទេវតា​ឡើយ បើ​បែប​នេះ ដូច​ឲ្យ​បក្ស​ទេវតា​វាយ​យក​ជ័យ​នៅ​តុ​ចរចា​អ៊ីចឹង។ ដូច្នេះ​ដើម្បី​ដុត​ភ្លើង​នេះ​ឡើង​វិញ ខ្លួន​ត្រូវ​បង្កើត​ព្រឹត្តិ​ការណ៍​ដោយ​យក​ឧត្តម​សេនីយ៍​របស់​ខ្លួន​មួយ​ កងពល ធ្វើ​ជា​បញ្ឆេះ​សម្រាប់​ដុត​ភ្លើង​ទាំង​ពីរ​កុំ​ឲ្យ​រលត់ និង​ឲ្យ​កាន់​តែ​ឆេះ​ខ្លាំង​ឡើង​វិញ។ កំហុស​នៃ​ការ​រៀប​ក្បួន​នេះ​គឺ​ការ​មិន​យល់​កាលៈ​ទេសៈ ព្រោះ​ភ្លើង​មួយ​ដុំ​កំពុង​តែ​ឆេះ ជាមួយ​នគរ​ខាង​កើត ខ្លួន​ក៏​ទៅ​ដុត​ភ្លើង​មួយ​បន្ថែម​ទៀត។

២.ជំរំ​ទេវតា ជា​អ្នក​ធ្វើ។ ព្រោះ​បើ​បណ្តោយ​ឲ្យ​ស្ថានការណ៍​បែប​នេះ កាន់​តែ​យូរ ទោះ​តិច​ឬ​ច្រើន​រឹត​តែ​ប៉ះ​ពាល់​ដល់​កិច្ចការ​ដឹក​នាំ​នគរ។ ទោះ​មាន​មហា​យក្ស​មួយ ចាំ​ទំនុក​បម្រុង​ក៏​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​រាស្រ្ត​ក្នុង​ នគរ​ដែរ​ដូច​នេះ​ត្រូវ​ប្រើ​យុទ្ធសាស្រ្ត​ចាប់​បង្ខំ។ បង្កើត​ព្រឹត្តិ​ការណ៍ ដាក់​អ្នក​បង្ក​បញ្ហា​ឲ្យ​ចូល​ក្នុង​ក្បួន​ដើម្បី​រក​លេស​ចាប់​មេ​ទ័ព​ជំរំ​ ព្រះ​អាទិត្យ​ដាក់​ជា​វត្ថុ​ចរចា។ ទោះ​ចង់ ឬ មិន​ចង់​ជំរំ​ព្រះ​អាទិត្យ​ត្រូវ​តែ​ជួយ​មេទ័ព​សំខាន់ៗ​របស់​ខ្លួន។ ធ្វើ​បែប​នេះ​ជំរំ​ទេវតា​មាន​ប្រៀប​ក្នុង​ការ​ចរចា ថា​មិន​ត្រូវ​លក្ខខណ្ឌ ពាក់​កណ្តាល​បូក ១ នឹង​បាន​សម្រេច​តាម​បំណង​របស់​ខ្លួន​ផង​ក៏​មិន​ដឹង ហើយ​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​បង្ខំ​ឲ្យ​ជំរំ​ព្រះ​អាទិត្យ​ដើរ​ចូល​ស្ថាប័ន​បង្កើត​ច្បាប់​ដោយ​គ្មាន​ លក្ខខណ្ឌ​ទាមទារ​អ្វី​ទាំង​អស់។

៣. គឺ​ជំរំ​ទាំង​ពីរ រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង ដើម្បី​ឈាន​ទៅ​បញ្ចប់​ចម្បាំង​ឆ្លង​រដូវ​ដ៏​យូរ​មួយ​នេះ ព្រោះ​បើ​បណ្តោយ​បែប​នេះ​គឺ​មាន​តែ​អ្នក​ខាត គ្មាន​អ្នក​ណា​ចំណេញ​ទេ។ នេះ​ជា​សេណារីយោ​ដែល​លទ្ធភាព​អាច​ទៅ​រួច​ច្រើន។ ព្រោះ​ពី​ម្តង​ទៅ​ម្តង ក្រោយ​ការ​ចរចា​ជា​ចំហ ជំរំ​ទាំង​ពីរ តែង​តែ​បែរ​ខ្នង​ដាក់​គ្នា ហើយ​ក៏​មាន​ការ​ចរចា​សម្ងាត់​រហូត​ជំរំ​ទាំង​ពីរ​បាន​ចរចា​ត្រូវ​គ្នា លើ​ច្រើន​ចំណុច​ទៅ​ហើយ នៅ​សល់​តែ​បញ្ហា ១ ប៉ុណ្ណោះ​ដែល​ខ្ទាស់។ មុន​ពេល​ចាប់​មេទ័ព​សំខាន់ៗ មេ​រង​ជំរំ​ព្រះ​អាទិត្យ បាន​ប្រកាស​ពី​រូបមន្ត​ថ្មី​មួយ​ដែល​អាច​ឲ្យ​ជំរំ​ទេវតា​ទទួល​យក​បាន។ ប្រកាស​ម្តង​ជា​ពីរ​ដង តែ​ជំរំ​ទេវតា​ហាក់​ធ្វើ​ហី​មិន​អើពើ។ ពី​ខាង​ក្រៅ មិន​ចង់ តែ​ខាង​ក្នុង​ចង់។ ពិត​ដូច​ក្លែង​ក្លាយ ក្លែង​ក្លាយ​ដូច​ពិត។ រឿង​អី​ដែល​ដល់​ចំណុច​ចុង​ក្រោយ​ហើយ មិន​ទៅ​និយាយ​គ្នា បើ​មាន​រូប​មន្ត​ថ្មី​ដែល​អាច​ឲ្យ​ជំរំ​ទាំង​ពីរ​ទទួល​យក​បាន​ហើយ​នោះ បែរ​ជា​បង្កាត់​ភ្លើង ឲ្យ​ឆេះ​ជា​ថ្មី​ទៅ​វិញ? ព្រឹត្តិ​ការណ៍​ចាប់​មេទ័ព​សំខាន់ៗ​ជំរំ​ព្រះ​អាទិត្យ ប្រហែល​ជា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​បង្កើត​ឡើង​ដើម្បី​ឲ្យ​ឃើញ​ថា ខ្លាំង តែ​ខាង​ក្នុង​ខ្សោយ។

ព្រោះ​បើ​ជំរំ​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា​ក្នុង​លក្ខខណ្ឌ​ធម្មតាៗ​ពេក នោះ​អ្វីៗ​នឹង​ចប់​ដោយ​គ្មាន​ន័យ។ វា​មិន​ខុស​ពី​រឿង​កុន​ទេ បើ​តួ​ប្រុស និង​តួ​ស្រី​ស្រឡាញ់​គ្នា​ពី​ដើម​ដល់​ចប់ គ្មាន​ឧបសគ្គ​អ្វី​រារាំង ហើយ​ចុង​ក្រោយ​ក៏​រៀបការ​នោះ គឺ​វា​គ្មាន អត្ថន័យ​ទេ។ តែ​បើ​សាច់​រឿង​នោះ តួ​ប្រុស តួ​ស្រី ឈ្លោះ​គ្នា​តាំង​ពី​ដើម​រឿង ហើយ​មាន​ឧបសគ្គ​រាប់​រយ ចុង​ក្រោយ​ក៏​ស្រឡាញ់​គ្នា​និង​បាន​រៀបការ អ្នក​មើល​ប្រាកដ​ជា​ថា រឿង​នេះ​ល្អ​មើល។ ទោះ​ថា​សេណារីយោ​នេះ ជា​សេណារីយោ​ដែល​មាន​លទ្ធភាព​អាច​ទៅ​រួច​ច្រើន ក៏​មិន​មែន​ថា វា​កើត​ឡើង ដោយ​ឯក​ឯង​នោះ​ឡើយ។ វា​មាន​រឿង​ដែល​ត្រូវ​ឲ្យ​វា​កើត​ឡើង។ ជំរំ​ព្រះ​អាទិត្យ ពិត​ណាស់​ចង់​ឲ្យ​សង្រ្គាម​នេះ ចប់​ឲ្យ​បាន​មុន​ខួប ១ ឆ្នាំ ហើយ​ដើរ​ចូល​ក្នុង​ស្ថាប័ន​បង្កើត​ច្បាប់ ដើម្បី​ត្រួត​ពិនិត្យ​មើល​លើ​ការងារ​គ្រប់​គ្រង​នគរ​របស់​ជំរំ​ទេវតា ម្យ៉ាង​មេទ័ព​របស់​ខ្លួន​ម្នាក់ៗ​ក៏​ច្បាំង​អស់​កម្លាំង​ហើយ​ដែរ។ មួយ​វិញ​ទៀត ត្រូវ​យក​ពេល​ដែល​នៅ​សល់ ដើម្បី​កសាង និង​ពង្រឹង​ជំរំ​របស់​ខ្លួន​ដើម្បី​ចេញ​ច្បាំង​លើក​ក្រោយ​។

ឯ​ជំរំ​ទេវតា​វិញ ត្រូវ​ការ​ពេល​វេលា​ដែល​នៅ​សល់​របស់​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​ដើម្បី​កសាង អភិវឌ្ឍ​នគរ និង​បង្កើន​សេដ្ឋកិច្ច​រាស្រ្ត​ដើម្បី​យក​ចិត្ត​រាស្រ្ត មាន​តែ​ធ្វើ​បែប​នេះ​ទេ​ទើប​ចេញ​ច្បាំង​លើក​ក្រោយ នៅ​មាន​រាស្រ្ត​គាំទ្រ អាច​បន្ត​គ្រប់​គ្រង​អំណាច​របស់​ខ្លួន​បាន។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​ប្រហែល​ជា​ចង់​បន្ថយ​កម្ដៅ​ភ្លើង​ចិត្ត​រាស្រ្ត​ដែល​កំពុង​តែ​ឆេះ ជាមួយ​នគរ​ខាង​កើត ព្រោះ​បង្កើត​ព្រឹត្តិ​ការណ៍​នេះ ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​រាស្រ្ត​កុំ​ឲ្យ​ទាន់​ធ្វើ​អ្វី​ផ្តេស​ ផ្តាស។

៤. នេះ​ក៏​ជា​សេណារីយោ​មួយ​ដែល​អាច​មាន​លទ្ធភាព​ច្រើន​ផង​ដែរ អាច​ថា​ច្រើន​ជាង​សេណារីយោ ទី៣ ហើយ​ជំរំ​ទាំង​ពីរ​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​ព្រឹត្តិ​ការណ៍​នេះ។ វា​ហាក់​ដូច​ជា​មិន​មែន​ចៃដន្យ​ពេក​ទេ គឺ ក្រោយ​ពេល​ដែល​អ្នក​នាំ​ពាក្យ​ទូត​នគរ​ខាង​កើត​បញ្ចេញ​នូវ​សម្ដី​ដែល​នាំ​ ឲ្យ​ភ្លើង​ចិត្ត​រាស្រ្ត​ខ្មែរ​ឆេះ​ហើយ​នោះ គេ​ហាក់​មើល​ឃើញ​នូវ​គ្រោះ​ច្រើន​ជាង​លាភ​សម្រាប់​ខ្លួន​គេ បើ​សិន​ជា​បណ្តោយ​ឲ្យ​ភ្លើង​នេះ​ឆេះ​ធំ ព្រោះ​បើ​ភ្លើង​នេះ​ឆេះ អ្នក​ខាត​ជាង​គេ គឺ​នគរ​ខាង​កើត​តែ​ម្តង ដោយ​សារ​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ត្រូវ​ពឹង​ផ្អែក​លើ​នគរ​យើង។

ក្រៅ​ពី​សេដ្ឋកិច្ច នគរ​ខាង​កើត​មិន​ចង់​ដុត​ភ្លើង​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ មិន​អាច​ដៃ​ម្ខាង​ច្បាំង​ជាមួយ​មហា​យក្ស ហើយ​ដៃ​ម្ខាង​វ៉ៃ​ជាមួយ​កូន​ចិញ្ចឹម​របស់​មហា​យក្ស​ទេ។ ណា​មួយ​ក៏​ចង់​បាន​ការ​គាំទ្រ​ពី​យើង​ក្នុង​រឿង​ជម្លោះ​ជាមួយ​មហា​យក្ស​ដែរ។ ទោះ​មិន​គាំទ្រ​ខ្លួន ក៏​ចង់​ឲ្យ​ឈរ​នៅ លើ​ជំហរ​កណ្តាល។

ដូច​នេះ ដើម្បី​ឲ្យ​ភ្លើង​នេះ​រលត់​វិញ​មាន​តែ​បង្កើត​ព្រឹត្តិ​ការណ៍​ដើម្បី​បន្សាប ​ព្រឹតិ្ត​ការណ៍ ឬ​អាច​និយាយ​ថា ដុត​ផ្ទះ​គេ​មុន ដើម្បី​កុំ​ឲ្យ​គេ​មាន​ឱកាស​មក​ដុត​ផ្ទះ​ខ្លួន។ ដើម្បី​ដុត​ភ្លើង​ថ្មី​នេះ គឺ​នគរ​ខាង​កើត រៀបចំ​មនុស្ស​ឲ្យ​ចូល​ក្នុង​ក្បួន​ជំរំ​ទាំង​ពីរ ដើម្បី​បង្ក​ជា​ផ្កា​ភ្លើង​ផ្ទុះ​ឆេះ​ឡើង។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ជា​រឿយៗ មេទ័ព​របស់​ជំរំ​ព្រះ​អាទិត្យ តែង​តែ​ទៅ​កាន់​បន្ទាយ​ដែល​គេ​វាយ​បែក​នោះ ដើម្បី​វាយ​រំដោះ​យក​មក​វិញ តែ​មិន​ដែល​មាន​បញ្ហា​ធំ​ដុំ​អ្វី​ទេ​ក្រៅ​តែ​ពី​មាន​បាតុភាព​បន្តិច​បន្តួច ​តែ​ប៉ុណ្ណោះ។

តែ​គ្រាន់​តែ​រលក​កម្សួល​នៃ​ភ្លើង​ចិត្ត​រាស្រ្ត​កំពុង​តែ​ឡើង​កម្ដៅ​ ជាមួយ​នគរ​ខាង​កើត ស្រាប់​តែ មាន​ការ​ផ្ទុះ​នូវ​ព្រឹតិ្ត​ការណ៍​ចាប់​មេទ័ព​សំខាន់ៗ នៃ​ជំរំ​ព្រះ​អាទិត្យ​តែ​ម្តង។ នៅ​មុន​នេះ​ក្រោយ​ពី​ប្រកាស​មិន​សុំទោស ភ្លាមៗ​អ្នក​នាំ​ពាក្យ រូប​នោះ​បាន​បន្ទន់​ឥរិយាបថ កែ​តម្រូវ​ពាក្យ​របស់​ខ្លួន​ឡើង​វិញ។

ដូច​នេះ សេណារីយោ​នេះ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​នគរ​ខាង​កើត ហើយ​ក៏​អាច​ទៅ​រួច​ច្រើន​ជាង​គេ​ដែរ ព្រោះ​ក្នុង​ក្បួន​ថា អ្នក​ដែល​ចំណេញ​ជាង​គេ​ពី​យុទ្ធសាស្រ្ត គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​បង្កើត​ឡើង ហើយ​ជំរំ​ទាំង​ពីរ គ្រាន់​តែ​សម្រួល​ក្បួន​របស់​ខ្លួន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​យុទ្ធសាស្រ្ត​របស់​គេ​តែ​ប៉ុណ្ណោះ។

មនុស្ស​គិត មិន​ដូច​ទេវតា​គិត! គេ​ថា នយោបាយ​ជា​រឿង​ដែល​អាច​មើល​ឃើញ តែ​ថា​មិន​ត្រូវ! បើ​ខ្ញុំ​មិន​និយាយ ធ្វើ​ម៉េច​នឹង​ដឹង​ថា ខ្ញុំ​ខុស!៕

ដោយ ខេមរា វិជ័យ vichey.kh@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s