អង្គតួឯក

នរោត្តម-សីហមុនី-02-cen

ល្ខោននយោបាយដែលមានបក្សសជនិងបក្សប្រជដើរតួពិតជាពេលខ្លះអស់សំណើចសើចចុកពោះ ពេលខ្លះកំសត់ឡើងស្រក់ទឹកភ្នែក ជាមួយឈុតឆាក សម្ដែង ក្លែងក្លាយដូចជាពិត ពិតដូចជាក្លែងក្លាយ ហើយពេលខ្លះក៏មានអ្នកទស្សនាធុញទ្រាន់ លែងចង់លឺសួម្បីតែឈ្មោះតួសម្ដែង លែងចង់ខ្វល់សូម្បីដំណើរសាច់រឿងនោះទៅជាយ៉ាងណា ដោយសុខចិត្តសង្ងំស្ងៀមហើយបណ្ដោយសាច់រឿងតាមតែយថាកម្មទៅចុះ។ មិនត្រឹមតែប៉ុណ្ណោះក៏មាន អ្នកខ្លះថែមទាំងលាន់មាត់ថា មិនដឹងជាស្អី ត្រូវគ្នានៅតែប្រើពាក្យស៊កសៀត ឌឺដង បង្កជំលោះនេះ ជំលោះនោះ មិនចេះចប់មិនចេះហើយ ។

រឿងវិបត្ដស្រុកខ្មែរនេះដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ គឺមិនមែនជារឿងដែលថ្មីថ្មោងនោះទេ តែគឹមានរាប់ជំនាន់ឬអាចចាត់ជាសតវត្សមកហើយ ចាប់តាំងពីព្រះមហាក្សត្យត្រូវបានពួកក្រុមចោរពានវាំងលាភពណ៌ អំណាចរាជវាំងត្រូវបានរាំងខ្ទប់ដោយមន្ត្រីក្បត់ ឃុបឃិតជាមួយនគរផ្សេងដែលជាសត្រូវ បំផ្លាញបាវចនាជាតិ សាសនា និងព្រះមហាក្សត្យរបស់ខ្លួនដើម្បីតែអំណាចប្រមូលផ្ដុំ បក្សពួកនិងគ្រួសាររបស់ខ្លួន ធ្វើអោយរាស្ត្រត្រូវបែងចែកជាបក្សជាពួក បាត់បងវប្បធម៌ចែកបាយចែកសម្ល ធ្វើអោយរាស្ត្រស្អប់មន្ត្រី មន្ត្រីលែងមានចិត្តចង់បម្រើរាស្ត្រខ្លួនឯង សួរថាតើប៉ុន្មានសតវត្យទៀត ទើប ស្នាមញញឹមនៃ ជនជាតិដែលមានវប្បធម៌អរិយធម៌ និងសិល្បៈគួរអោយស្ងប់ស្ងែងមួយនេះ ត្រលប់មកវិញ ដូចស្នាម ញញឹមនៃប្រាសាទបាយន្តនោះ។ តើប៉ុន្មានសតវត្យទៀត ទើបចិត្តបែកបាក់ របស់ខ្មែរ ប្រែក្លាយជារឹងមាំ និងស្ងំស្ងៀមដូចព្រះទ័យរបស់ព្រះបាទជ័យវរ្មន័ទី៧។

វាជារឿងដ៏សែនមហាហួសចិត្ត សម្រាប់អាណាចក្រមួយដែលមានសមត្ថភាពកសាងស្នាដៃគ្មានពីរលើលោក តែបែរជាមកទទួលមកការអាមាសចំពោះដូនតារបស់ខ្លួនយ៉ាងដូច្នេះទៅវិញ។
បច្ចុប្បន្ន ស្ថានការស្រុកខ្មែរ ត្រូវមហាជនហៅយ៉ាងសមញ្ញថា “ម៉ែអាសាំតាប៉ែ”។ ព្រោះបើយើងសាកទៅគិតមើល! មេដឹកនាំស្រុកខ្មែរម្នាក់ៗ តែងប្រកាន់ថា “គឺមានតែអញទេដែលត្រូវ” “បើមានអញគឺអត់ឯង” ។
ទង្វើគួរអោយខ្មាសអៀននេះ រហូតដល់មានសម្ដីបរទេសខ្លះគេនិយាយថា ជនជាតិខ្មែរមួយនេះណា! បើមានបរទេសធ្វើមេ គឺនឹងប្រឹងធ្វើការបានយ៉ាងល្អ ហើយយ៉ាងត្រង់កន្ទុយទៀត តែបើដាក់អោយខ្មែរធ្វើការជាមួយនឹងខ្មែរ នោះគឺមិនយូរទេនឹងឈ្លោះ គ្នា ឬមានលេសនេះលេសនោះជាក់ជាមិនខាន។តើស្ថានភាពពេលនេះ មិនដូចអ្វីដែលគេនិយាយទេឬ?

ឆ្លងកាត់តាមឈុតឆាកនយោបាយពីមួយដំណាក់កាល់ទៅមួយដំណាក់កាល រហូតឈានដល់តួអង្គទាំងពីរគឺ សម្រេចចូលសភាពធ្វើការ ចងសម្ព័ន្ធមេត្រីនឹងគ្នា។
ប្រជានុរាស្ត្រទាំងគេទាំងខ្ញុំ ខំតែមានទឹកមាត់លាប ខំតែមានក្ដីសង្ឃឹមថាសន្លឹកឆ្នោតរបស់ខ្លួនពិតជាមិនអាសាបង់ដូចក្រដាសជូតមាត់នោះទេ។ ការចងសម្ព័ន្ធមេត្រីនេះ ថ្វីត្បិតតែធ្វើអោយសណ្ឋានការនយោបាយ ស្ងប់ក៏ពិតមែន , រាស្ត្រស្រាន្តចិត្តបន្តិចក៏ពិតមែន តែនយោបាយមួយនេះមិនបានផលអ្វីជាប្រយោជន៏ដល់ប្រជានុរាស្ត្រសូម្បីតែបន្តិច ក្រៅអំពីតែ វិប្បបដិសារី និងការទទួលដឹងថា រាស្ត្រខ្លួនឯងបាត់បងក្ដីសង្ឃឹម។

ដូចយើងឃើញ ស្រាប់ សជនិងប្រជ មិនត្រឹមតែធ្វើអោយរាស្ត្របាត់នូវជំនឿចិត្តប៉ុណ្ណោះទេ ជាពិសេសគឺធ្វើអោយការដល់កិច្ចអភិវឌ្ឃន៏ជាតិទាំងមួលត្រូវជាប់គាំងថែមទៀត។
ហេតុអីបានជាខ្ញុំនិយាយអច្ចឹង ? ឧបមាថា ក្រោយពេលដែលបក្សទាំងពីរចូលសភាធ្វើការជាមួយគ្នា បើខាងសជស្នើអោយប្រជ រៀបចំច្បាប់អន្តោប្រវេសន៏ហើយចង់អោយមានការអនុវត្តច្បាប់អោយមានតម្លាភាព។ បក្សប្រជច្បាស់ជាមិនព្រម ព្រោះថាបើប្រជព្រមគឺប្រៀបបាននឹងហុចដាវអោយគូរបដិបក្ខរបស់ខ្លួន ។មិនត្រឹមតែមិនយល់ព្រមទេ ថែមទាំងរកវិធីរាំងខ្ទប់ រាល់អ្វីដែលជានយោបាយរបស់បក្សសជដែលបានសន្យាជាមួយប្រជានុរាស្ត្រមុននិងក្រោយបោះ ឆ្នោត។ ងាកមកបក្សសជវិញក៏ដូចគ្នា នឹងរកវិធីរាំងខ្ទប់អ្វីដែលប្រជចង់ធ្វើ ដូចពាក្យចាស់លោកថា ” បើមិនចង់អោយគេធ្វើអាក្រក់មកលើខ្លួន លុះត្រាតែ យើងធ្វើល្អទៅលើគេអោយបានច្រើន” ។

សម្ដេចហ៊ុនសែនធ្លាប់បង្ហើបប្រាប់ថា ” បើហ៊ុនសែនស្លាប់ រង្សីនិងសុខាក៏មិនរស់ដែរ” ហើយលោកសមរង្សីក៏ធ្លាប់មានប្រសាសថា ” បើមានស៊ីត្រូវតែអត់សែន”,”ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ។សម្ដីទាំងនេះ ឆ្លុះបញ្ចាំងអោយយើងឃើញថា មេដឹកនាំម្នាក់ៗចង់ដណ្ដើមយកតំណែងជាតួឯកតែរៀងខ្លួន។ការដណ្ដើមតំណែងនេះបើទោះ ជានរណាចាញ់ឬ នរណាឈ្នះ យ៉ាងណាក៏ដោយ ក៏រាស្ត្រនឹងត្រូវបែងចែកជាបក្សពួក សង្គ្រាមផ្ទៃក្នុង លាភពណ៌ ការកាប់សម្លាប់បងប្អូនឯង នឹងគ្មានថ្ងៃបញ្ចាប់។

តើនរណាដែលសាកសមជាតួឯកសម្រាប់ប្រជានុរាស្ត្រ ?តើនរណាជាក្ដីសង្ឃឹមចុងក្រោយនឹងតែមួយគត់របស់ប្រជានុរាស្ត្រ។ ច្បាស់ណាស់គឺព្រះមហាក្សត្រ ដែលព្រះអង្គសាកសមបំផុតសម្រាប់ជាម្លប់ដ៏ត្រឈឹងត្រឈៃ នឹងជាមគ្គុទេសដ៏ឆ្នើមសម្រាប់ដែនដីសុវណ្ណភូមិមួយនេះ។ គឺមានតែព្រះអង្គមួយអង្គគត់ ដែលមានឳសថទិព្វ អាចព្យាបាលជំងឺតួឯករបស់ខ្មែរនេះបាន។

ជាចុងក្រោយ ខ្ញុំសូមគោរពដល់បណ្ដារៀបច្បងដែលបានជួយផ្ដល់យោបល់ក៏ដូចជាកែលម្អលើរាល់គំនិតដែលខ្ញុំបាទបានសរសេរចេញជាសាច់រឿង ឬជាអត្ថបទវិភាគ ដែលកើតចេញពីចំនេះដ៏តិចតួចស្ដូចស្ដើងមួយនេះ។

-សារ៉ាក់(គីរីរម្យ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s