គឺមកពីចិត្ត

…គឺមកពីចិត្ត
………………
រឿងព្រេងនិទានខ្មែរ ថ្វីត្បិតតែនិយាយពីរឿងសីល រឿងអច្ឆរិយៈ… តែមានអត្ថន័យអបរំផ្លូវចិត្ត ដោយយកទ្រីស្តីកម្មផល មកនិយាយលាយឡំជាច្រើនសណ្ឋាន។
លាវប៉ីនិយាយថា «… បើថាគេខឹងនឹងតុងជូព្រោះធ្វើបាបក្សត្រ សម្លាប់មន្រ្តីស្មោះ នាំគ្រោះដល់នគរនោះ គឺមិនត្រូវទេ។បើនិយាយថា គេច្រណែននឹងតុងជូទើបត្រឹមត្រូវជាង។តែខ្ញុំយល់ថា បញ្ហាទាំងអស់នេះ គឺមកពីចិត្តមនុស្សច្របូកច្របល់ មិនអាចបែងចែកលាភ និងគ្រោះ ល្អ និងអាក្រក់ គុណធម៌ និងអគុណធម៌ គុណ និងទោស…បានសោះឡើយ។ ឆ្លៀតពេលនគរមានគ្រោះ ចង់បែងចែកទឹកដីគ្នាកាន់កាប់រៀងៗខ្លួន។ នេះហៅថា ស៊ីបាយផ្ទះគេ ជុះដាក់ដំបូលគេ»។លាវប៉ី ក៏យល់ថាបញ្ហាទាំងអស់មកពីចិត្តមនុស្សដែរ ហើយខ្ញុំក៏យល់ស្របអ៊ីចឹងដែរ រឿងព្រេងខ្មែរ ក៏និទានអ៊ីចឹងដែរ។
ឩ. រឿងបុរសពូថៅដៃ៖ បុរសម្នាក់ជាអ្នកក្រ រកស៊ីកាប់អុសតាមមាត់បឹង មានពូថៅដៃតែមួយ។ ថ្ងៃមួយពេលកាប់អុស ក៏ធ្លាក់ពូថៅចូលក្នុងទឹកបឹងបាត់ទៅ។ គាត់ស្រែកយំយ៉ាងខ្លាំង អារក្សទឹកក៏ងើបឡើងសួរថា៖ មានរឿងអីបានជាយំខ្លាំងម្ល៉េះ? បុរសនោះក៏ឆ្លើយថា៖ ពូថៅខ្ញុំមានតែមួយ រកស៊ីកាប់អុសចិញ្ចឹមប្រពន្ធកូន ឥឡូវវាធ្លាក់ចូលក្នុងទឹក ខ្ញុំមិនដឹងមានអីសម្រាប់កាប់អុសចិញ្ចឹមប្រពន្ធកូនទៀតទេ!!!។ អារក្សទឹកក៏មុជទៅក្នុងទឹក ហើយលើកយកពូថៅមាសមកបង្ហាញ។បុរសនោះថា៖ មិនមែនពូថៅហ្នឹងទេ!។ អារក្សទឹក ក៏មុជទៅម្តងទៀត លើកយកពូថៅពេជ្រ។ បុរសនោះក៏និយាយថា៖ មិនមែនពូថៅហ្នឹងទេ!។ អារក្សទឹក ក៏ដឹងថាបុរសនេះមានចិត្តស្មោះត្រង់ ក៏មុជទៅយកពូថៅចាស់របស់គាត់មកឱ្យវិញ ហើយជូនពូថៅមាស ពូថៅពេជ្រ ឱ្យគាត់ថែមទៀត។ បុរសអ្នកជិតខាងឃើញ បុរសអ្នកក្រ មានបានក៏ទៅសួរនាំពីរបៀបមានបានទាំងនេះ។បុរសក៏រៀបរាប់តាមដំណើររឿងប្រាប់គ្មានចន្លោះ។បុរសទី២ក៏ធ្វើតាមដូចគ្នា…! អារក្សទឹកមុជក្នុងទឹក ងើបឡើងយកពូថៅមាស ពូថៅពេជ្រមកឱ្យ…។ គាត់និយាយថា៖ «ហ្នឹងហើយជាពូថៅរបស់ខ្ញុំ!!!» ។អារក្សទឹកខឹងយ៉ាងខ្លាំង ហើយក៏ស្រែកថា៖ «អ្នកឯងចិត្តលោភលន់ណាស់! យើងនឹងពន្លិចទូកឯងចោល ឱ្យស្លាប់ទាំងពូជ!!!»។ …តើរឿងនេះ មិនមែនជារឿងអបរំផ្លូវចិត្តទេឬ? ព្រោះដូនតារបស់យើងយល់ថា បញ្ហាទាំងអស់គឺកើតឡើងពីចិត្តលោភលន់របស់មនុស្ស!។
នៅមានរឿងជាច្រើនទៀត ដូចជារឿងចៅកាំបិតបន្ទោះ រឿងចៅសំគមបាញ់លលក រឿងមាយើង រឿងកូលាបប៉ៃលិន រឿងស៊ឹមអ្នកបរឡាន…ជាដើម។ រឿងទាំងនេះពាក់ព័ន្ធនឹងស្ថានភាពនយោបាយខ្មែរសព្វថ្ងៃនេះខ្លាំងណាស់។ បញ្ហាសព្វថ្ងៃ គឺបណ្តាលមកពីចិត្តមនុស្សលោភលន់ គិតតែផលប្រយោជន៏របស់ខ្លួន គ្រួសារ បក្សពួក…ជាជាងគិតពីប្រយោជន៍ជាតិ។ តើនេះមិនមែនមកពីចិត្តលោភលន់ទេឬ?

បើយើងម្នាក់ៗ គិតពីរឿងឈ្នះចាញ់ គឺមិនដែលចប់នោះទេ តែបើគិតរឿងជាតិជាធំ ម្ល៉េះចប់តាំងពីយូរមកហើយ ។និយាយជារួម វិធីដោះស្រាយងាយៗ គឺគ្រាន់តែអង្គុយហូបបាយជាមួយគ្នាពីរបីដង គឺច្បាស់ជាដោះស្រាយបញ្ហាទាំងអស់បានធូរស្រាលណាស់ទៅហើយ។ អ្នកឯងចង់បាននេះ ខ្ញុំឱ្យមិនបាន ព្រោះខ្ញុំខាតអញ្ចេះ តែខ្ញុំអាចឱ្យអានោះ!!! បើអ្នកឯងឱ្យអានោះ ខ្ញុំបានតិចពេកពិបាកទទួល អ៊ីចឹងខ្ញុំសុំអានោះថែម!!! និយាយទៅ និយាយមក និយាយទាល់តែត្រូវគ្នា ទើបគេហៅថាអ្នកដឹកនាំ ចេះដោះស្រាយបញ្ហាជាតិជាធំ។ ហេតុនេះហើយ បានជាខ្ញុំសុខចិត្តរាប់អាន អ្នកនៅក្នុងវាំង ច្រើនជាងអ្នកនៅក្នុងបក្សនយោបាយ ព្រោះរាជវាំង គឺតំណាងឱ្យនគរទាំងមូល មិនប្រកាន់និន្នាការនយោបាយ។បើនិយាយឱ្យចំ លោកហ៊ុន សែន លោកស ខេង លោកកឹម សុខា និងលោកសម រង្ស៊ី… ទៅដេកហូបបាយនៅវាំងតែ២ ឬ៣ថ្ងៃ ប្រាកដជាដោះស្រាយបញ្ហាទាំងនេះបានយ៉ាងស្រួល…។ តែពួកគេ គិតផលប្រយោជន៍បក្ស ជាជាងផលប្រយោជន៍ជាតិ!!!។ តើរឿងអីត្រូវដោះស្រាយចេញដោយងាយៗទៅ!!! តើនេះបណ្តាលមកពីមូលហេតុអី្វ? មិនមកពីចិត្តលោភលន់ទេឬ?
បើថាយើងសរសេរអត្ថបទរិះគន់«សជ»!! សជថា៖យើងកញ្ជះយួន…។ បើថាយើងសរសេរអត្ថបទរិះគន់«ប្រជ»!! ប្រជថាយើងបក្សប្រឆាំង…។ ចឹង!តើជាតិយើងមិនចែកជាពីរទៅហើយទេឬ?
ក្នុងចំណោមអ្នកទាំងអស់គ្នា នរណាដែលយល់ថា៖ លោកហ៊ុន សែន ចុះចេញពីតំណែង អាចដោះស្រាយ ឬបញ្ចប់បញ្ហាទាំងអស់បាន? ហេតុអ្វី? ហើយអ្នកណាថា«សជ»ឡើងកាន់អំណាច ហើយអាចដោះស្រាយបញ្ហាទាំងនេះបាន? រឿងអាចធំជាងនេះបើអត់ពី «ហស» ឬរឿងអាចតូចជាងនេះបើអត់ពី «ហស» គឺគ្មាននរណាអាចស្មានដឹង ឬទស្សន៍ទាយត្រូវនោះទេ!!!។
ខ្ញុំមិនចង់ឱ្យអ្នកទាំងអស់គ្នា មើលអ្នកនយោបាយក្នុងផ្លូវល្អ និងអាក្រក់តែម្យ៉ាងនោះទេ តែត្រូវមើលពួកគេ ក្នុងផ្លូវខ្លាំង និងពូកែ…ខ្លះផង។ ព្រោះរឿងល្អ ឬអាក្រក់ មិនអាចវាយតម្លៃតែសម្បកក្រៅបាននោះទេ!!!។ ដូចគ្នានេះដែរ អ្នកទាំងអស់គ្នា មិនអាចរាប់អានខ្ញុំ ដោយសារតែខ្ញុំជាមនុស្សល្អ ឬអាក្រក់នោះទេ ព្រោះល្អ និងអាក្រក់…អាចប្រែប្រួលគ្រប់ពេលវេលា។ តែយើងម្នាក់ៗត្រូវតែគោរព មនុស្សដែលធ្វើកិច្ចការត្រឹមត្រូវ…ទើបវាប្រសើរជាង!។ នៅផ្ទះអ្នកទាំងអស់គ្នាអាចជេរប្រពន្ធកូន នេះជារឿងផ្ទាល់ខ្លួន តែនៅខាងក្រៅ យើងមានឆន្ទៈស្រដៀងគ្នា គឺចង់ធ្វើកិច្ចការដែលត្រឹមត្រូវសម្រាប់ប្រទេសជាតិ ទោះមិនបានសម្រេច ក៏ទេវតាដឹងឮថា យើងបានធ្វើហើយ តែវាមិនទាន់បានជោគជ័យ គង់មានអ្នកជំនាន់ក្រោយ បន្តធ្វើរឿងទាំងនោះ ដើម្បីធ្វើឱ្យជោគជ័យជាមិនខាននោះទេ។
លោក «ហ្វដ»បាននិយាយថា៖ «ខ្ញុំមិនដែលបរាជ័យនោះទេ គ្រាន់តែមិនទាន់ជោគជ័យ!»។
មនុស្សពីរនាក់ចៀសសមិនផុត ពីមានទឹកចិត្តពីរ បីនោះទេ។ ការគាំទ្រ ឬមិនគាំទ្រ បុគ្គលណាម្នាក់ ក៏មានហេតុផលច្រើនយ៉ាងដែរ ។យើងអាចគាំទ្រអ្នកណាម្នាក់ ព្រោះតែគាត់ឱ្យផលប្រយោជន៏មកយើង តាមរយៈសម្ភារៈ ឋានៈតួនាទី រហូតដល់ទឹកចិត្ត ជំនឿចិត្តជាដើម…។យើងក៏អាចមិនគាំទ្រអ្នកណាម្នាក់ ព្រោះតែគាត់បំផ្លាញផលប្រយោជន៏យើង ឬក៏អាចដោយសារព្រោះគ្មានជម្រើស ឬអាចដោយសារគេមិនគោរពយើង ឬមើលងាយយើង… បានជាយើងមិនគាំទ្រ គឺ សុទ្ធតែមានហេតុផល។ប៉ុន្តែរឿងទាំងនេះមិនគួរកើតមានសម្រាប់អ្នកទាំងអស់គ្នាទេ។ យើងត្រូវតែលះបង់គំនិតស្អប់ គំនិតប្រកាន់ចោល… ត្រូវរាប់អានមនុស្ស ឬមិនរាប់អានមនុស្ស គួរតែផ្តោតលើហេតុផល ឆន្ទៈ និងការធ្វើកិច្ចការដែលត្រឹមត្រូវ។ សូម្បីចោរ ក៏វាអាចធ្វើកិច្ចការត្រឹមត្រូវដែរ!!! ដូចជារឿងមួយ …ក្មេងម្នាក់ទៅលួចថ្នាំពេទ្យគេ ព្រោះតែចង់ព្យាបាលម្តាយឈឺនៅផ្ទះ…។ បើគិតពីការងារដែលធ្វើ គឺជាចោរ ច្បាស់ជាអាក្រក់ណាស់ទៅហើយ ប៉ុន្តែបើសួរថា គាត់ធ្វើកិច្ចការដែលត្រឹមត្រូវឬទេ? សម្រាប់យើងមានជម្រើស យើងច្បាស់ជាគិតថាមិនត្រឹមត្រូវទេ។ បើគ្មានលុយម៉េចមិនខ្ចីគេ!!! ម៉េចមិនសុំទានគេ??? ចាំបាច់ទៅលូចគេធ្វើអី? តែសម្រាប់អ្នកដែលគ្មានជម្រើស…រឿងរ់ាវល្អ ឬអាក្រក់ គឺច្បាស់ជាទុកមួយដុំសិន គឺត្រូវតែធ្វើកិច្ចការដែលត្រឹមត្រូវ និងគួរតែធ្វើជាមុន នោះគឺលួចថ្នាំ ដើម្បីជួយម្តាយឈឺជាទម្ងន់នេះមិនខាន…។

ម្យ៉ាងទៀត គឺមកពីទឹកចិត្តហ្នឹងណា!!! បានជាសម្តេចសីហនុដាក់ «សាសនា» ក្នុងបាវចនាជាតិថា៖ « ជាតិ សាសនា ព្រះមហាក្សត្រ»។ ជាតិ គឺទឹកដី ប្រជាជន។ សាសនា គឺសម្រាប់អប់រំផ្លូវចិត្ត។ព្រះមហាក្សត្រ គឺតំណាងឱ្យឯកភាពរបស់ខ្មែរ។

វៃយ៉ាងនិយាយថា «ជួបស្តេចខ្លាំងនគរខ្លាំង ជួបស្តេចល្ងង់នគខ្សោយ ជួបស្តេចប៉ោឡែ នគរវិនាស»…។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s