ញញួរស្នោ

ព្រះរាជអាជ្ញាតុលាការដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

១. “ការញុះញង់ដោយសម្តី នៅទីសាធារណៈ” ប៉ុន្តែពេលទៅនោះ តំណាងរាស្ត្រជាប់ឆ្នោត នឹងពលរដ្ឋ គ្រាន់តែស្រែកថាដោះលែងដីលានប្រជាធិបតេយ្យ។ តើនេះ ចាត់ទុកថា ជាពាក្យ ញុះញង់ទេ?

២. “ញុះញង់ដោយសំណេរ ឬគំនូរ តាំងឲ្យមហាជនឃើញ” តែពេលនោះអ្នកតំណាង រាស្ត្រជាប់ឆ្នោត រួមទាំងពលរដ្ឋបាននាំយកបដាមួយផ្ទាំងធំ ដោយមានសសេរអក្សរថា ដោះលែងទីលានប្រជាធិបតេយ្យ។ តើបដា មានអក្សរមួយជួរនេះ រាប់ថាជាការញុះញង់ទេ?

៣. “ញុះញង់ដោយប្រើទូរគមនាគមន៍សោទស្សន៍ សម្រាប់សាធារណជន” តែពេលនោះ មានអ្នកកាសែត បានថតរូបបដានេះ រួមទាំងសំឡេង បូកនឹងរូបភាពវីដេអូ នៃការស្រែក ទាមទារថា ដោះលែងទីលានប្រជាធិបតេយ្យ យកមកបង្ហោះផ្សាយក្នុង Facebook។ តើនេះ រាប់ថាជាការប្រើទូរគមនាគមន៍ ដើម្បីញុះញង់ទេ?

បើមើលតាមអង្គច្បាប់ទាំងបី ដោយប្រៀបធៀបនឹងអង្គហេតុ គឺព្រះរាជអាជ្ញា មិនអាចដាក់ បន្ទុកធ្វើការ ចោទប្រកាន់បានទេ ពីព្រោះបើគ្រាន់តែសំដី សំឡេង រូបភាព វីដេអូ នៃពាក្យ “ដោះលែងទីលានប្រជាធិបតេយ្យ” ក៏រាប់ថាជាបទញុះញង់ដែរនោះ អីចឹងកន្លងទៅបដាដែល ចងតាមផ្លូវនានាក្នុងក្រុង ឧទាហរណ៍ថា “យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ” ។ល។ នោះ តើនេះរាប់ថាញុះញង់ទេ?

ពិតជាមិនដឹងអស់លោកព្រះរាជអាជ្ញានេះ រៀនច្បាប់ចេញពីសាលាណាមកទេ? នៅលើគោក ក៏ចេះតែចោទប្រកាន់ ដាក់បន្ទុកទៅកើត។ អ្នកដែលតុលាការត្រូវចាប់ខ្លួន មកដាក់បន្ទុក ចោទប្រកាន់ គឺក្រុមសន្តិសុខ ទៅវិញទេ ព្រោះពេលនោះ គ្រាន់តែពលរដ្ឋយកបដាសសេរថា ដោះលែងទីលានប្រជាធិបតេយ្យ ទៅចង់នៅនឹងបន្លាលួសដែលហុំព័ទ្ធទីលាន ដោយស្រែក បន្ទរថា ដោះលែងទីលានប្រជាធិបតេយ្យ ស្រាប់តែកងសន្តិសុខក៏ចេញមកទាញបដាហែកចោល ហើយលើកដំបងគំរាម បន្ទាប់មក ក្នុងពេលប្រឈមដាក់គ្នា គឺយ៉ាងហោចណាស់ កងសន្តិសុខបី ទៅបួននាក់ បានយារដំបងវាយប្រហារទៅ លើពលរដ្ឋជាអ្នកតវ៉ា ចំនែក ពលរដ្ឋក៏យកដងបំពងទីបជ័រ ចងទង់ជាតិ យកមករងដំបងជ័រ ដំបងឈើមូល ឈើជ្រុង និងដែកបំពងទីប ដើម្បីការពារខ្លួន។

បន្ទាប់មកទៀត ក៏នាំគ្នាស្រវ៉ាដំបងពីដៃកងសន្តិសុខ ហើយវាយទៅលើកងសន្តិសុខវិញ។ ដូចនេះបើចង់ចាប់ ដាក់បន្ទុកគឺ ចាប់កងសន្តិសុខ និងពលរដ្ឋដោយចំពោះ ដែលបានកាន់ ដំបងវាយបង្ករហេតុ យ៉ាងពិតប្រាកដ ដោយចោទពីបទ បង្កររបួសស្នាម និងប៉ុនប៉ងឧក្រិដ្ឋ។

តែនេះបែរជាចាប់តំណាងរាស្ត្រជាប់ឆ្នោត ហើយចោទពីបទញុះញង់។ បើមានអ្នកថា បើមិនមែនអ្នកតំណាងរាស្ត្រ នាំពលរដ្ឋទៅតវ៉ា ក៏វាគ្មានរឿងដែរ។ អីចឹងមូលហេតុដើមនោះគឺ បើអាជ្ញាធរ មិនហុំព័ទ្ធ ទីលានប្រជាធិបតេយ្យ ក៏គ្មានការតវ៉ា។ បើអាជ្ញាធរអះអាងថា បើកុំតែបាតុករបង្ករហឹង្សានៅទីលានកាលពីដើមឆ្នាំ ក៏គេមិនបិទដែរ។ តែតាមពិត គ្មានបាតុករណា បង្ករហឹង្សា ចលាចលសង្គមអី នៅទីលានទេ តែផ្ទុយទៅវិញ កងសន្តិសុខទេ បាននាំគ្នាទៅកម្ទេច់ទីលាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពី ផ្ទួះការបាញ់បោះ ស្លាប់បាតុករ នៅផ្លូវវែងស្រេង ថ្ងៃទី៣ខែមករា ឆ្នាំ២០១៤។ ដូចនេះ បើចង់បិទ គឺបិទផ្លូវវែងស្រេង មិនមែនផ្ទះហឹង្សា នៅផ្លូវវែងស្រេង តែនាំគ្នាមកដាក់បន្លាលួសបិទទីលាន ឯណេះទៅវិញ នោះទេ។

លើសពីនេះ គ្មានមាត្រា ក្នុងច្បាប់ណាមួយ ដែលចែងថា ត្រូវតែដាក់ខ្នោះដៃជនសង្ស័យនោះទេ តែនគរបាលអាចដាក់ខ្នោះដៃបាន ប្រសិនបើឃើញសភាពថា ជនសង្ស័យចង់រត់គេចខ្លួន ឬបង្ករហឹង្សាក្នុងពេលចាប់ខ្លួនពេលនាំខ្លួន និងពេលឃុំខ្លួន។ តែនេះ សាធារណជនឃើញ តំណាងរាស្ត្រជាប់ឆ្នោត ព្រមឲ្យឃាត់ខ្លួនចាប់ខ្លួន ឃុំខ្លួនតាមសម្រួល។

ដើម្បីក្លាយជាសមាជិកសភាមានអភ័យឯកសិទ្ធិ វាត្រូវការបំពេញតាមនីតិវិធីតាំងពីការជាប់ឆ្នោត រហូតដល់ការស្បថចូលកាន់តំណែង។ ដូចនេះបើទោះបីជាអ្នកតំណាងរាស្ត្រមិនទាន់ ស្បថចូលកាន់តំណែងក្លាយជាសមាជិកសភាក៏ពិតមែន តែក៏ជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត ដែលគជប បានប្រកាស់ទទួលស្គាល់រួចរាល់ហើយដែរ។លើសពីនេះ សភាឯកបក្សបាន បើក សម័យប្រជុំដោយអះអាងថា មានសមាជិកសភាជាអ្នកតំណាងរាស្រ្តជាប់ឆ្នោតលើសពី១២០ រូបហើយ។ មានន័យថា សភា និងរដ្ឋាភិបាល ទទួលស្គាល់ការជាប់ឆ្នោត និងភាពជាអ្នក តំណាងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ តែពេលនេះ គ្រាន់តែបទញុះញង់ដែល គ្មានមូលដ្ឋានច្បាប់រឹងមាំហើយមិនមែនអ្នកតំណាងរាស្ត្រប្រព្រឹត្តហឹង្សា ឬឧក្រិដ្ឋដោយផ្ទាល់ ទៅទៀត តែបែរជាឃាត់ខ្លួនចាប់ខ្លួន ឃុំខ្លួន វាយខ្នោះដៃ បញ្ជូនទៅតុលាការ ដាក់បន្ទុក។ តើមានន័យថា រដ្ឋាភិបាលជាពិសេសសភាខ្លួនឯងទទួលស្គាល់ថា ខ្លួនជាសភាមិនស្រប ច្បាប់? បើពិតជាយ៉ាងនេះមែននោះ គឺបង្ហាញឲ្យឃើញថារដ្ឋាភិបាលនេះ ក៏មិនស្របច្បាប់ ដែរ។

តែហេតុអ្វី អាជ្ញាធរត្រូវឃាត់ខ្លួន ចាប់ខ្លួន ឃុំខ្លួន បញ្ជូនទៅតុលាការសម្រេចដាក់បន្ទុក ចោទប្រកាន់? នេះជាដំណាក់កាលចចារគ្នា បញ្ចប់ជម្លោះនយោបាយ។ កាលមុនចាប់បាតុករ២៣នាក់ ធ្វើជាចំណាំខ្មាំង ដើម្បីទុកធ្វើជាវត្ថុចចារ ធ្វើឲ្យសង្គ្រោះជាតិ ខាតមិនស្ទើ។ពេលនេះ មិនមែនកូនទាហានទេ តែគឺក្រុមមេឧត្តមសេនីយ៍កំពូលៗ របស់សង្គ្រោះជាតិ កំពុងដើរចូលគុក។ តើគណបក្សប្រជាជន ចំនេញអ្វីខ្លះ?

ទី១. ការញុះញង់របស់កងសន្តិសុខ ឲ្យផ្ទុះជាអំពើហិង្សាបានសម្រេច គឺធ្វើឲ្យអាជ្ញាធររដ្ឋក្រោមការដឹកនាំរបស់គណបក្សប្រជាជន កាន់តែនិយាយសម ថាឲ្យតែសង្គ្រោះជាតិធ្វើ បាតុកម្ម គឺតែងតែបង្ករហឹង្សាអសន្តិសុខក្នុងសង្គម អីចឹងអ្វីដែលគេរិតថ្បិតសេរីភាពកន្លងទៅ គឺជារឿងត្រឹមត្រូវ។

ទី២. ធ្វើឲ្យអាជ្ញាធរ កាន់តែមានលេសសម ក្នុងការបិទទីលានសេរីភាព និងហាមឃាត់នូវការជូបជុំគ្នា ការធ្វើបាតុកម្ម តាមគ្រប់រូបភាពរបស់ពលរដ្ឋរងគ្រោះ ដោយបញ្ហាផ្សេងៗ កាន់តែត្រូវកាន់តែសម។ ធ្វើឲ្យសហគមជាតិ អន្តរជាតិ ពិបាកនឹងបន្ទោសគណបក្សប្រជាជនណាស់។

ទី៣. គណបក្សប្រជាជន នឹងសម្រេចរុញតំណាងរាស្ត្រជាប់ឆ្នោតទាំង៥នេះ ចូលគុកដើម្បីប្រើប្រាស់៥នាក់នេះ ធ្វើជាវត្ថុដោះដូរការចចារ ដោយបង្ខំឲ្យសង្គ្រោះជាតិទម្លាក់ការទាមទាររបស់ខ្លួនចោលឲ្យអស់ ហើយព្រមដើរចូលសភា ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

នេះជាអ្វី ដែលគណបក្សប្រជាជនចង់បាន តែគណបក្សប្រជាជន ភ្លេចហើយថាភ្លើងមហាជនដែលរាបតែនឹងរលត់ទៅហើយនោះ បែរជាត្រូវគណបក្សប្រជាជន ទៅដុតឲ្យវាឆេះ សន្ធោរសន្ធៅ ឡើងមកវិញដែលកំសួល ភ្លើងពិបាកនឹងស្មានដល់។ សំនួរសួរថា តើមេខ្យល់ ចង់ឲ្យបក់ទៅទិសណាពេលនេះ? ខ្លាចតែឆេះដល់វិមានឯករាជ្យទេ? ឬក៏ពេលនេះ វាដល់ ពេលដែលហ្វូងចៀមបកស្បែកខ្លា? នេះជា នយោបាយអត្តឃាត សម្រាប់ជំរុំទេវតាខ្លួនឯង។

សូរ សមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com កំពង់ឆ្នាំង 16/7/2014

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s