[ឈ្មោះ] អ៊ិន តាំ
[កំណើត] ២២ កញ្ញា ១៩១៦
[ទីកំណើត] ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
[មរណភាព] ០១ មេសា ២០០៦ (៩០ឆ្នាំ)
[ឋានៈ] ប្រធានរដ្ឋសភា (សាធារណរដ្ឋខ្មែរ)
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ០៦ ឧសភា ដល់ ០៩ ធ្នូ ១៩៧៣
[បន្តពី] ហង្ស ធន់ហាក់
[បន្តដោយ] ឡុង បូរ៉េត
លោក អ៊ិន តាំ [អានថា៖ អ៊ិន-តាំ] គឺជាអ្នកនយោបាយនៃប្រទេសកម្ពុជា លោកធ្លាប់បានកាន់តំណែងជាប្រធានរដ្ឋសភា និងជានាយករដ្ឋមន្ត្រី នៅក្នុងរបបសាធារណរដ្ឋខ្មែរ ព្រមទាំងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរបបសង្គមរាស្ត្រនិយមផងដែរ។
| ប្រវត្តិ |
លោក អ៊ិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ (ឯកសារខ្លះថាកើតនៅឆ្នាំ១៩២២) នៅភូមិព្រែកកក់ ឃុំស្ទឹងត្រង់ ខេត្តកំពង់ចាម។
| តំណែងនានា |
នៅក្នុងទសវត្សរ៍ទី៦០ លោក អ៊ិន តាំ ធ្លាប់បានកាន់តំណែងជាច្រើនរួមទាំងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៦ផងដែរ។ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ លោក អ៊ិន តាំ បានចូលជាមួយរបបនេះ និងបានឈរឈ្មោះធ្វើជាប្រធានាធិបតី នៅឆ្នាំ១៩៧២ តែមិនបានជាប់ទេ ដោយទទួលបានសំឡេងទីពីរ ២៤ភាគរយ ចាញ់លោក លន់ ណុល។ មួយឆ្នាំក្រោយមកលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់មួយរយៈពេលខ្លី។
| ជីវិតក្រោយរបបសាធារណរដ្ឋ |
នៅពេលពួកខ្មែរក្រហមចូលកាន់អំណាច លោកកំពុងស្ថិតនៅឯចម្ការរបស់លោកនៅឯប៉ោយប៉ែត និងបានភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំងនឹងរបបខ្មែរក្រហម ប៉ុន្តែត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនចេញពីប្រទេស។ លោកបានទៅប្រទេសបារាំង និងនៅឆ្នាំ១៩៧៦ លោកបានទទួលសិទ្ធិជ្រកកោននៅប្រទេសអាមេរិក។
| ចូលរួមជាមួយចលនាតស៊ូ |
បន្ទាប់ពីខ្មែរក្រហមបានដួលរលំទៅ លោក អ៊ិន តាំ បានគាំទ្រចលនាតស៊ូរបស់ព្រះអង្គម្ចាស់ នរោត្ដម សីហនុ ប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាមនៅប្រទេសកម្ពុជា។ លោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលចម្រុះត្រីភាគីផងដែរ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកបានបង្កើតគណបក្សមួយឈ្មោះ ប្រជាធិបតេយ្យ ដើម្បីចូលរួមបោះឆ្នោតនាឆ្នាំ១៩៩៣ តែមិនបានទទួលជោគជ័យទេ នៅឆ្នាំ១៩៩៧ លោកបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។
| មរណភាព |
លោក អ៊ិន តាំ បានទទួលមរណភាពនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ នៅឯក្រុង Chandler រដ្ឋ Arizona សហរដ្ឋអាមេរិក។