គណិតវិទ្យានយោបាយ

ទ្រាំលែងបាន! បើសួរអ្នកធ្លាប់ធ្វើនយោបាយធ្លាប់បង្កើតបក្ស ធ្លាប់ដេកព្រៃចេក ធ្លាប់លីកាំភ្លើង ថាចង់បង្កើតបក្សថ្មីទេ? ចម្លើយគឺ ១០០%ប្រាកដជាឆ្លើយថា“អត់”។ តែបើសួរអ្នកដែលគ្រាន់តែជាទស្សនិកជននយោបាយ ហែហមបក្ស ដើរកម្សាន្តក្នុងសួននយោបាយ មិនដែលកាន់ការងារបក្សអ្វីជាធំដុំ រួមទាំងអ្នកមិនដែលធ្វើនយោបាយ មិនដែលបង្កើតបក្ស មិនដែលធ្លាប់បានតស៊ូបែកញឺសហូរឈាម…ប្រាកដជាឆ្លើយថា “ចង់!ហើយចង់ខ្លាំងណាស់!”។ អីចឹងយើងនាំគ្នាមើលពីដំណើរ និងវាសនារបស់បក្សថ្មី។

១.ដោយឃើញល្បែងនយោបាយឆ្នាំ២០១៣ចេញតែពីររន្ធ អ្វីដែលសេនាប្រមុខទេវតាគិតគឺ ការបង្កើតនយោបាយមុំបី ឬត្រីកោណឡើងវិញ សម្រាប់ឆ្នាំ២០១៨។ ក្តីសង្ឃឹមដំបូងគឺ មិត្តចាស់ដែលធ្លាប់ដេកគ្រែមួយជាមួយគ្នា ព្រោះជំរុំចាស់កេរ្តិ៍សម្តេចឪ គ្មានថ្ងៃនឹងបានឡើងជ្រុញវិញជាដាច់ខាត ថ្វីត្បិតតែមានស្បៀង តែជប់ទ័ពមិនបាន រឹតតែកម្សត់ទៀតនោះ បើបានកុំថាឡើយមេទ័ព សូម្បីតែមេកង ក៏រើសមិនបានដែរ។លទ្ធផលគឺ សម្តេចក្រុមព្រះ ចោលវាំងចាស់ជាលើកចុងក្រោយ រកទីទួលសង់វាំងថ្មី តែមួយខួបកន្លងទៅ មេដំបែចាស់ដាក់មិនឡើងសោះ។ ទីបំផុតមានតែលើកម្សៅនំជះចោល។

២.របស់ដែលប្រុងនឹងបាត់តែបែរជាសេនាប្រមុខទេវតាធ្វើទប់មិនឲ្យជ្រុះ។ដល់ទីបំផុតព្រលែងចោលយ៉ាងងាយ បន្ទាប់មកដណ្តើមយ៉ាងតឹងដៃទៅវិញ ហើយគោះខាងក្រៅ រកក្បាលមុំទី៣ ព្រោះដឹងថាចរន្តទី៣ អាចបង្កព្យុះភ្លៀងបានល្អជាងមិត្តនៅវាំងចាស់។ មានអ្នកខ្លះឆ្ងល់ថា តើហេតុអ្វី បានជាសេនាប្រមុខទេវតាឲ្យជ្រុះស្រួលម្លេះ? ចម្លើយគឺ ជំហាន៥ក្រឡាបង្កើតមុំទី៣ សម្រាប់២០១៨នេះឯង។ ដោយសារចង់អូសពេលវេលាផង ចង់បញ្ឆេះកំហឹងរាស្ត្រឲ្យកាន់តែខ្លាំងផង ចង់ដុតឆ្នាំងព្រះអាទិត្យឲ្យកាន់តែក្តៅផង ទើបសេះខ្លះដែលចាប់ចូលក្រោលថ្មីៗនេះ ត្រូវចងទុកយូរបន្តិច យ៉ាងហោចណាស់ រហូតដល់ខែកុម្ភៈ២០១៥ ឲ្យបានបែកចានមួយនៅបន្ទាយមានជ័យ និងធ្វើអ្នកចាក់តែកំដរក្តារអុក គជប។ បន្ទាប់មក ព្រលែងឲ្យរត់លើវាលស្មៅខ្ចីវិញ ចាំ៦ខែមុន២០១៨ ចាប់មួយហ្វូងចូលបំបែកជំរុំព្រះអាទិត្យ។ អ្វីដែលអាចទប់ពេលនេះ គឺសេះទាំងអស់ត្រូវបោលឲ្យខ្លាំង បន្ទាយទាំងអស់ត្រូវវាយឲ្យស្មើដៃ តែស្តាយសេះខ្លះនៅដេកអេះពោះ បន្ទាយខ្លះនៅចងមុងនៅឡើយ។

៣.វត្ថុខ្លះលើកហើយពិបាកដាក់ចុះ។ របស់ខ្លះកាន់ហើយពិបាកចោល។ មេអង្គការ និងបណ្ឌិតមួយចំនួនកំពុងសង់រូបមន្តគណិតវិទ្យានយោបាយ ដាក់អន្ទាក់ស្លាប់ខ្លួនឯង។ ដាក់ចុះក៏ខុស ចោលក៏មិនត្រូវ នៅរឹតតែខាត។ សួរថា៖ តើបក្សថ្មីនេះកើត ឬមិនកើត? មានអីទៅពិបាកឆ្លើយ គណិតវិទ្យាក្មេងថ្នាក់មតេយ្យទេតើ!!! គឺច្បាស់ជាកើត មិនត្រឹមតែកើត ថែមទាំងល្អទៀត។ ទោះដល់ថ្ងៃកើត ក្បាលមិនចេញ គេកាត់ក្បាលចាស់ចោលផ្សាំរក្បាលថ្មី។ បើខ្វះស្បៀង គេជួយស្បៀង។ ខ្វះកូនទាហាន គេឲ្យកូនទាហាន ។ ខ្វះមេទ័ព គេឲ្យមេទ័ព ។មកពីព្រះអាទិត្យ ក៏មាន មកពីជំរុំទេវតាក៏មាន មកពីវាំងចាស់ វាំងថ្មីក៏មាន មានទាំងអ្នកខូចចិត្តមិនបានអី មានទាំងអ្នកបានអីនៅតែទៅ ព្រោះគេឲ្យទៅ ។ពិតជាល្ខោន មួយឆាកធំល្អមើលមែន!។ អ្នកអានកុំសួរថាតើ “គេ” នឹងជាអ្នកណា? មានអ្នកណាទៀត គឺបុរសខ្លាំងនឹងឯង។ ចុះព្រះអាទិត្យធ្វើម៉េច? មិនត្រឹមតែ មិនជំទាស់ថែមទាំងគាំទ្រអបអរសាទរ ជូនពរ ជោគជ័យ ហើយថែមទាំងជូនស្បៀងប៉ុន្មានពាន់តៅ ទាហានប៉ុន្មានពាន់នាក់ មេកង មេទ័ពប៉ុន្មាននាក់ទៅផង។ ខ្សែអ្នកណា ម្ចាស់អ្នកនឹងស្រួលចង ស្រួលស្រាយ រឹតបាន បន្ធូរបាន ។បើពិបាកពេក ដុតបន្ទាយចោលទៅ នៅពេលចាំបាច់។ គ្មានជម្រើសទេ! តើកំទេចចោលយក៧ថែម ឬឲ្យជំរុំទេវតាដើរដល់២០២៣? ដាក់របា សេះលោត។ ចងខ្សែឲ្យស្រួល ទើបងាយទឹម។

៤. រឿងបណ្ឌិតខ្លះដែលកើតជំងឺតួឯកនោះ គួររៀនសូត្រនយោបាយឲ្យច្រើនជាងនេះ។ ក.រឿងដែលយើងគិតឃើញ ពួកអ្នកនយោបាយក្បាលធំៗច្បាំង២០-៣០ឆ្នាំហើយនោះ គេក៏គិតឃើញដូចគ្នា ថាអ្វីទៅដែលល្អ? អ្វីទៅដែលឡូយ? អ្វីទៅដែលវាស្តង់ដារអន្តរជាតិ? អ្វីទៅដែលវាអស្ចារ្យ? សម្រាប់ជាតិ តែ ខ.នេះគ្រាន់តែជាទ្រឹស្តីរបស់អ្នករៀនសូត្រ គំនិតខ្លីក្នុងនយោបាយ ជាក់ស្តែង គណិតវិទ្យានយោបាយមិនគិតដូចអស់លោកទេ ចាំថាអ្វីៗជាការចរចា ដូចល្បែងអុកមានអ្នករុញ មានអ្នកទប់ មានអ្នកលើក មានអ្នកដាក់ ម៉េចចេះតែបាន ដូចចិត្តយើងចង់? គ.ប្រព័ន្ធនយោបាយចាស់ ដែលចាក់ឬសដូចដែកថែប៣០ឆ្នាំ ម៉េចនឹងអាចកែប្រែបានក្នុងរយៈពេល មួយយប់ទៅ? ៥៥នាក់ ហើយទើបចូលសភាបាន១០០ថ្ងៃ តើចង់ឲ្យក្រឡាប់រដ្ឋដូចបាតដៃ ទៅវាមិនរួចទេ។ ឃ. ចង់កែសង្គមត្រូវកែនយោបាយ ចង់កែនយោបាយ ត្រូវកែច្បាប់ បើសូម្បីតែ ច្បាប់សម្រាប់ធ្វើជាបន្ទាត់កែ នៅមិនទាន់ចប់ស្រួលផង តើរំពឹងថ្ងៃរះមុនមាន់រងាវ យ៉ាងម៉េចកើត? វាត្រូវការពេលវេលា តែដល់ពេលបើទោះជាមាន់មិនរងាវ ក៏ថ្ងៃវារះដែរកុំឆ្ងល់ ។ង. ការងារធ្វើបានច្រើន តែនៅតែគ្មានអ្វីផ្សាយ ថារាស្ត្រចុះពូសុខ មីងសៅ រវល់ឡើងត្នោត ធ្វើស្រែ ចុះអស់លោកជាបណ្ឌិតនឹង ម៉េចមិនយកក្បាលបណ្ឌិតធំនឹង មកគិតឲ្យជ្រៅបន្តិច ហើយជួយនិយាយប្រាប់រាស្ត្រផង!!។ ច. កុំខ្លាចថោកជាបណ្ឌិត ត្រូវហ៊ានលើក ត្រូវហ៊ានដាក់។ដុំឥដ្ឋមានប្រយោជន៍របស់ដុំឥដ្ឋ។ដុំមាសមានប្រយោជន៍របស់ដុំមាស។ តែមិនអាចប្តូរតួនាទីបានទេ។ ឥដ្ឋសង់ផ្ទះ មាសទុកជួញដូរ។ បើទោះមនុស្សក្នុងលោកជេរអស់លោកថាបណ្ឌិតលក់ក្បាលក៏ដោយ ក៏ខ្ញុំមិនដែលសង្ស័យនូវទឹកចិត្តដ៏ស្មោះត្រង់ចំពោះជាតិ មាតុភូមិ របស់អស់លោកនោះដែរ។ តែទឹកចិត្តស្នេហាជាតិ ដែលខុសពេលវេលាគឺ ជានយោបាយអត្តឃាតជាតិ។

៥.ជំងឺតួឯក និងជំងឺនយោបាយ ពិបាកគេចផុត តែត្រូវតែព្យាបាលដោយហ្មត់ចត់។ តិចថាមានគំនិតអញ! បណ្ឌិត អ្នកវិភាគ ល្បីពេញប្រទេស រាស្ត្រគាំទ្រគ្រប់កន្លែង មានអ្នកស្តាប់ ពេញនគរចុះម៉េច ពួកអ្នកនយោបាយ វាមិនដែលស្តាប់អញសោះអីចឹង!។ មាត់មិនហើប មិនបានន័យថា មិននិយាយនោះទេ។ភ្នែកបិទ ក៏មិនប្រាកដថាដេកលក់ដែរ។ ក្នុងនយោបាយ មានរឿងខ្លះគិតបាន តែមិនត្រូវនិយាយទេ មានរឿងខ្លះនិយាយបាន តែហាមធ្វើ មានរឿងខ្លះ គេធ្វើតែម្តង មិនចាំបាច់និយាយទេ វាខូចការណ៍។គំនិតល្អតែខុសពេល ក៏ប្រើមិនកើត។ គំនិតល្អត្រូវពេល តែខុសទីកន្លែង ក៏អត់ប្រយោជន៍។រឿងសាមញ្ញៗបែបនឹង ម៉េចសមថាអស់លោកជាបណ្ឌិត បញ្ញវន្ត គិតមិនយល់។ គេស្តាប់ មិនមែនថាមិនស្តាប់ទេ។ ស្តាប់គ្រប់ពេលសុទ្ធតែជាតួលេខល្អ តែសមីការគណិតវិទ្យានយោបាយពេលនេះ មិនទាន់អាចប្រើសម្មតិកម្មទាំងនោះបានទេ។ហើយតិចលោ ស្រាប់តែមានគំនិតថា យី!អញជួយរាស្ត្រ អញ!ចុះជួបរាស្ត្រ មួយរោង១០០-២០០នាក់ ១ប្រាប់២ ហើយ២ប្រាប់៤ ម៉េចថាមិនឈ្នះ?? នេះបានចំជាគណិតវិទ្យានយោបាយព្រៃចេកមែន។ រឿងមិនសាមញ្ញដូចនេះពេកទេ។

៦.បើនិយាយពីធ្វើអង្គការមានប្រជាប្រិយភាព? នៅកម្ពុជាតើមានអ្នកណា មានប្រជាប្រិយភាពដូចមេទ័ពរងសម្ព័ន្ធកាលធ្វើអង្គការសិទ្ធមនុស្ស? មួយវេទិកា យ៉ាងតិចក៏៥០០នាក់ ទៅ១០០០នាក់ដែរ។ អ្នកណាថាមិនស្គាល់ ទូតណាថាមិនឮ? ទីបំផុតបាន៣គ្រាប់នៅសភា។ អង្គការផ្សេង ចំណែកបក្សផ្សេង!! វាជារឿងដោយឡែក២ផ្សេងគ្នា ខុសគ្នា១៨០ដឺក្រ។ ហើយកុំមកលើកថា៖ ពេលនោះ៣តែឥឡូវរួមសម្ព័ន្ធបាន៥៥ ចឹងបើបក្សថ្មីបាន៣ នៅ២០២៣ បាន៥៥ដែរហើយ! ។នេះបានចំជាយល់សប្តិ យល់សូង យល់សប្តិបេះដូង បេះបានតែទងមែនហើយ។ស្ថានភាពនយោបាយ២០០៨ និង២០១៣ គឺខុសគ្នាដូចមេឃ និងដី។ បង្កើតបក្សជារឿងងាយស្រួល។ កុំថាឡើយបណ្ឌិតសូម្បីពូសុខឡើងត្នោតបង្កើតក៏បានដែរ។ កុំថាឡើយ៥ ទោះជា១០ក៏បានដែរ។ តែបង្កើតបក្សរឿងមួយ ចិញ្ចឹមបក្សឲ្យរស់ យកវាឡើងវាយលើសង្វៀនថ្នាក់ជាតិ ជារឿងដោយឡែក។

៧.តើអាចទេ និយាយ២០ម៉ោងក្នុងមួយថ្ងៃ?ស្តាប់រាស្ត្រ៧ថ្ងៃក្នុងមួយអាទិត្យ? ដើរប៉ុន្មានម៉ឺនគីឡូដី?សឹកកង់ឡានអស់ប៉ុន្មាន?ដាច់ស្បែកជើងអស់ប៉ុន្មានរយគូ? ពន្យល់អ្នកឈឺជំងឺនយោបាយប៉ុន្មានលាននាក់? ត្រូវគេជេរប៉ុន្មានម៉ឺនមាត់? ញើសហូរប៉ុន្មានប៉ោត? ឈាមស្រក់ប៉ុន្មានលីត្រ? តស៊ូប៉ុន្មានឆ្នាំ? ឡើងសង្វៀនប៉ុន្មានដង? អស់មនុស្សប៉ុន្មាននាក់? អស់លុយប៉ុន្មាន? ដែលមើលគេរត់ម៉ារ៉ាតុងទេ? ប៉ុន្មាននាក់ទៅដែលមានចិត្តសុទ្ធ ស៊ូវាយ២០-៣០ឆ្នាំ? ចាញ់ហើយវាយទៀត វាយ៣០ឆ្នាំទើបមានថ្ងៃនេះ។ឬក៏អស់លោកយល់ថា វាយទឹកទី១សិន បើមិនបានឈប់ធ្វើ? ត្រូវហើយ អស់លោកឈប់មែន តែអស់លោកបានលើកអំណាចដាក់លើជើងពាន ឲ្យជំរុំទេវតា៥ឆ្នាំទៀតដោយស្រួល ព្រោះតែគំនិតតួឯក យល់សប្តិកណ្តាលថ្ងៃមួយពេលរបស់លោក។ រសជាតិត្រូវគេប្រមាថ។ អារម្មណ៍ខ្លោចផ្សារ។ ជីវិតវេទនា។ ពេលវេលាជូរចត់។ ស្ថានភាព ដែលត្រូវគេវាយដួលហើយនៅបោចស្មៅ ខាំមាត់ កាន់ឈឺច្រតឡើងវាយបន្តទៀត យ៉ាងណានោះមានតែអ្នកធ្លាប់ប្រឡូក ចូលក្នុងកិច្ចការនយោបាយបក្សស៊ីជម្រៅទេទើបដឹង និងយល់បាន។

៨.ឧ៌! បណ្ឌិតស្រុកខ្ញុំអើយ! ឬក៏អ្នកនេះនៅតែគេចមិនផុតពីជំងឺតួឯក និងជំងឺនយោបាយ។ ដូចពលរដ្ឋខ្មែរសាមញ្ញ ដែលត្រូវអ្នកនយោបាយបោក៣០ឆ្នាំនេះទេ? នៅសល់តែ៧ទៀតប៉ុណ្ណោះ ថ្មអង្គរប៉ុន្មានដុំនេះ បានឃើញពន្លឺនៃភាពម្ចាស់ការរឹងមាំដ៏ពិតប្រាកដមួយហើយ តែចង់មិនចង់ ទទួលឬ មិនទទួល ដំណើររបស់អស់លោក បានក្លាយទៅជាកំណល់ឈឺមួយរួចទៅហើយ។ ទោះអស់លោកមិនចង់ ក៏សេនាប្រមុខជំរុំទេវតា រុញឲ្យចេញដែរ ។ក្នុងកាលៈទេសៈ ណាក៏ដោយ សុទ្ធតែមានភាពអំណោយផល ដល់ការប្រមាញ់របស់ជំរុំទេវតា នៅ៤ឆ្នាំក្រោយ។តែទោះជាយ៉ាងណា បើអស់លោកដា ក់ចុះវិញ នៅពេលនេះនោះ បើទោះជាគេកាត់ក្បាលថ្មី យកមកផ្សាំក៏អត់ប្រយោជន៍ដែរ។ព្រោះសាច់មិនជាប់គ្នាតែ២៤ខែក្រោយ ជារឿងដោយឡែក។ និយាយយ៉ាងនេះ មិនមែនសសើរអស់លោកថា ពូកែ ឬមានឥទ្ធិពលខ្លាំងនោះទេ តែកំរិត និងគុណភាពនៃប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរភាគច្រើននៅពេលនេះមានតែបរិមាណ តែប៉ុណ្ណោះ។ កំហុសឆ្គងដ៏ធំមួយរបស់បណ្ឌិត បញ្ញវន្តក្នុងប្រវត្តិសាស្ត្រមនុស្សលោកគឺ អំនួត។

ពីថ្ងៃនេះទៅអនាគត ចរន្តបក្សពីរ ជាជម្រើសតែមួយគត់របស់កម្ពុជា ដើម្បីប្រដេញយកឈ្នះ ទាំងពេលវេលា កិត្តិយស សេចក្តីសុខ និងភាពរឹងមាំរបស់កម្ពុជា សម្រាប់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋយើង។ការប៉ុនប៉ងណាមួយ ដើម្បីបង្កើតបក្សថ្មីជាប៉ូលទី៣គឺ គ្រាន់តែជា ទ្រនាប់កល់ជំរុំទេវតាឲ្យកាន់ទង់នៃអនាគត ដែលមិនច្បាស់លាស់នៃវាសនាជាតិ នៅចំពោះមុខមាតុភូមិដ៏កម្សត់ និងបរទេសជិតខាងចិត្តមិនស្មោះត្រង់ប៉ុណ្ណោះ។

និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com សូរ សមយុទ្ធ 14/12/2014

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s