ជំងឺតួឯក

១. ក្នុងលោកនេះ សម័យណាក៏មានមនុស្ស ដែលមានគំនិតផ្ទុយគ្នាដែរ ព្រះពុទ្ធថាមនុស្ស យើងដូចម្រាមដៃ មានខ្លី មានវែង កុំថាឡើយតែយើងនិងគេ សូម្បីក្នុងខ្លួនយើង ក៏តែងតែមានគំនិតផ្ទុយគ្នា ឈ្លោះនឹងខ្លួនឯងដែរ។ ដូចនេះ យើងត្រូវមានគំនិតអាធ្យាស្រ័យ យោគយល់។ បើគ្រាន់តែគេផ្ទុយនឹងយើង ក៏ក្លាយជាឈាមឆ្កែ ឈាមថោក ចឹងអ្នកថោកនេះ ប្រាកដជាច្រើនណាស់ ហើយដោយទាំងអ្នកដែលជេរគេថាឈាមថោក នឹងផងដែរ ពីព្រោះសូម្បីតែខ្លួនអ្នក ក៏អ្នកមិនអាចបំពេញចិត្ត ខ្លួនឯងបានដែរ។

អ្វីៗ មានក្រៅ មានក្នុង មានតូច មានធំ នេះជាក្រិត្យក្រមធម្មជាតិ ចាំបាច់ត្រូវបែងចែក មិនអាចធ្វើការបូកយក ទាំងអស់នោះទេ។ ម៉ៅ សេ ទុង និយាយថា របស់តែម្យ៉ាងគត់ ដើម្បីព្យាបាល ជំងឺនយោបាយ គឺការពន្យល់ មានន័យថា ពន្យល់ហើយ ពន្យល់ទៀត រហូតទាល់តែគេយល់ពីយើង។ បើទោះជាគេ មិនយល់ពីយើងក៏ដោយ ក៏យើងមិនត្រូវ ចងគំនុំ ចងអាឃាត ប្រមាថមើលងាយគេដែរ ព្រោះបើនិយាយពីជាតិមួយផង គឺសុទ្ធតែជាបង ជាប្អូន ជាសាច់ ជាឈាម ខ្លួនឯងទេតើ ឬក៏អស់លោកយល់ថា ជេរឈាមឯង ក៏ជាជំនាញមួយដែរ?

អ្នកថាជេរ ដើម្បីជួយ តែក្នុងដំណើរពិត គឺអ្នកនឹងហើយ គ្មានអ្នកណាផ្សេងទេ ដែលជា មនុស្សម្នាក់ បាននឹងកំពុងចាប់ហែកជាតិនេះ ជាជំរាកៗ បង្ករចិត្តខឹង បង្កើតគំនុំ បណ្តុះចិត្តស្អប់ ពង្រាយចិត្តអាឃាត រួចទៅហើយ។ បើក្នុងដំណើរជួយជាតិរបស់អ្នក អ្នកបានបំផ្លាញសាមគ្គីជាតិ ឯកភាពជាតិ រួចទៅហើយ អីចឹងអ្នកថាមើល តើអ្នកណា ឈាមថោក ឈាមឆ្កែ ឲ្យប្រាកដទៅ? ភាពខុសគ្នាមិនមែនជាបញ្ហាទេ តែបញ្ហាគឺរៀនឲ្យចេះ រស់នៅជាមួយគ្នា។ ប្រសិនបើលោកនេះ អាចមានសន្តិភាពដោយពាក្យជេរ ម្លេះមនុស្ស ក្នុងលោក យកពាក្យស្អប់ ទៅជំនួសពាក្យថា ស្រលាញ់ ក្នុងវចនានុក្រមបាត់ទៅហើយ។ និយាយទៅ ក្នុងនយោបាយ បើជាខ្ញុំវិញ ខ្ញុំមិនដែល ខឹងនឹងគំនិតផ្ទុយគ្នាទេ ឬការជេរប្រមាថទេ តែខ្ញុំបែរជាអាណិតយ៉ាងខ្លាំង យ៉ាងខ្លោចចិត្ត ព្រោះក្នុងភ្នែកខ្ញុំ អ្នកគឺជា អ្នកជំងឺនយោបាយម្នាក់ ដែលគួរឲ្យសង្វែគ។

២. តើការធ្វើនយោបាយ ទៅយកអំណាច គឺជារឿងកខ្វក់? ក្នុងលោកនេះ ប្រទេសណា ដូចប្រទេសណា អ្នកនយោបាយ ធ្វើនយោបាយ ទៅយកអំណាច ពីព្រោះក្នុងឋានះនេះ តួនាទីនេះ វាមានសិទ្ធធ្វើ អំណាចសម្រេចចិត្ត និងអាជ្ញាសឹកចាត់ចែងការងារ ដើម្បីកែប្រែសង្គម មួយដែលយើងយល់ថាល្អ។

ឧទាហរណ៍ថា បើមនុស្សប្រុសម្នាក់ ចង់មានចំណងស្នេហ៍ជាមួយនារីម្នាក់ គឺត្រូវរៀបការ ក្លាយជាប្តីនាងនោះ។ អ្វីដែលខុសគ្នាគឺ សម្រាប់អ្នកនយោបាយល្អ អំណាចមិនមែនជា គោលដៅចុងក្រោយទេ វាគ្រាន់តែជាមធ្យោបាយ ដើម្បីមានអាជ្ញាសឹក សម្រេចការងារ ជូនជាតិ និងមាតុភូមិ ប៉ុន្តែសម្រាប់អ្នកនយោបាយអាក្រក់ គឺអំណាចជាគោលដៅចុងក្រោយ ដើម្បីលួចជាតិ។ ដូចនេះ អំណាច គឺគ្រាន់តែជា របស់ម្យ៉ាង វត្ថុម្យ៉ាង ដូចជាដាវ ជាកាំបិត ជាដើម វាមិនខុស វាមិនត្រូវ បញ្ហាគ្រាន់តែថា តើដាវ និងកាំបិត មួយនេះស្ថិតក្នុងដៃរបស់អ្នកណា? ត្រូវមើលលើគុណភាពរាស្ត្រនៅក្នុងសង្គមនេះ ក្នុងពេលនេះ។

៣. ពលរដ្ឋបោះឆ្នោត ឲ្យអ្នកនយោបាយ គឺដើម្បីឲ្យអ្នកនយោបាយ ទៅយកអំណាច កាន់អំណាច ប្រើអំណាច ដើម្បីជួយរាស្ត្រ បម្រើរាជការ ការពារនគរ ឲ្យពួកគាត់ជារាស្ត្រ។ ដូចនេះ បន្ទាប់មកពលរដ្ឋបោះឆ្នោតឲ្យហើយ គឺអ្នកនយោបាយ ត្រូវទៅយកអំណាច ដែលរាស្ត្របានឲ្យខ្លួន។ អ្នកដែលមិនចង់បាន អំណាច គឺតាមពិត ព្រោះរាស្ត្រមិនដែល បានបោះឆ្នោតឲ្យអំណាចគាត់ទេ ដូច្នេះបើអ្នកចង់បានក៏ដោយ ក៏មិនអាចបានដែរ។ បើថាអ្នកនយោបាយ ទៅយកអំណាច ជារឿងថោកទាប អីចឹងគួរតែថា រាស្ត្រឲ្យអំណាចហើយ បែរជាមិនទៅយក នេះទើបជារឿងចោម្សៀត។

ហើយកុំមកនិយាយថា បើគង់តែត្រូវ យកអំណាច ចាំបាច់ ធ្វើឬកពារមេមាន់ធ្វើអ្វី? នេះបានចំជាអ្នកនយោបាយគំនិតខ្លីមែនហើយ ចាំថានៅក្នុងនយោបាយចចារ លទ្ធផលគឺមាន បួន ទី១ ឈ្នះ ឈ្នះ ទី២ ឈ្នះ ចាញ់ ទី៣ មិនចាញ់ មិនឈ្នះ ទី៤ គឺបរាជ័យ។ ឈ្នះ ឈ្នះ គឺមានន័យថា ទាំងយើង ទាំងគេ បានរបស់ដែលខ្លួនចង់បានមករៀងៗខ្លួន នេះជា លទ្ធផលចចារមួយ ដែលពិបាកនឹងកើតឡើង ព្រោះវាដូចក្នុងវិស័យជួយដូរអីចឹង នៅពេល ដែលយើងថាចំនេញ គឺមានន័យថា មានអ្នកផ្សេងកំពុងតែខាត។ ឈ្នះ ចាញ់ គឺយើង ឬគេ បានរបស់ដែលខ្លនចង់បានមកទាំងអស់ ក្នុងខណះពេលដែលសត្រូវយើង បរាជ័យទាំង ស្រុង។ មិនចាញ់ មិនឈ្នះ គឺមានន័យថា ជាតម្លៃខ្ពស់បំផុត ដែលអ្នកទិញ ហ៊ានទិញ ជាតម្លៃថោកបំផុត ដែលអ្នកលក់ ហ៊ានលក់។ ដូចយើងទៅផ្សារទិញរបស់អីចឹង អ្នកលក់កាត់ ១០ យើងឲ្យ៥ អ្នកលក់ចុះ៩ យើងឡើង៦ ទីបំផុងយើងឡើង៧កន្លះ អ្នកលក់ព្រមត្រឹម ៧កន្លះ ព្រោះទាបជាងនេះ គេក៏មិនលក់ ខ្ពស់ជាងនេះ យើងក៏មិនទិញ។ បរាជ័យទាំងស្រុង មានន័យថា ការចចារ ដើម្បីបំផ្លាញការចចារ ពេលខ្លះដោយសារតែមិនទាន់ដល់ពេលនឹងបញ្ចប់ជម្លោះ។

ហើយដើម្បីចចារ យើងត្រូវការអំណាចតថ្លៃ។ អំណាចតថ្លៃ របស់ប្រជ គឺដឹករដ្ឋ កាន់លុយ បញ្ជាទ័ព គ្រប់គ្រងរាជការ។ អំណាចតថ្លៃ របស់សជ គឺច្បាប់ នយោបាយការទូត រាស្ត្រគំាទ្រ។ ដូចនេះមុនចចារ ត្រូវតែបង្ហាញកម្លាំងគ្នា ម្នាក់មានទ័ព ម្នាក់មានរាស្ត្រ ម្នាក់មានកាំភ្លើង ម្នាក់មានចិត្ត ដើម្បីបង្ហាញថា ក្រុមមួយមិនមែនជាចៀមជាពពែរ ដែលបណ្តោយឲ្យឆ្កែចចក សុីតាមចិត្តនោះទេ លើសពីនោះគេស្ទង់មើលចិត្តគ្នាទៅវិញទៅមក ថាអ្វីទៅជាវត្ថុបំណងនយោបាយចុងក្រោយ។ លទ្ធផលចចារ កន្លងទៅគឺទី ៣។ ក្នុងស្ថានភាពបែបនេះ បើខុសពីទី៣ មួយណាក៏ដោយ ក៏សុទ្ធតែត្រូវបង្ហូរឈាមខ្មែរ ហើយអាចសង្គ្រាមសុីវិល អូសកម្ពុជាត្រឡប់ក្រោយ២០ទៅ៣០ ឆ្នាំវិញ។ ឬក៏ទីក្រុងខ្មោច ជាអ្វីដែលអ្នកចង់ឃើញ ឲ្យវាកើតឡើងម្តងទៀត នៅកម្ពុជា?

នេះជាហេតុផលងាយៗខ្លះ។ មនុស្សមានក្បាល ដើម្បីយល់ហេតុផល។ បើសូម្បីតែហេតុ ផលងាយៗនេះ ក៏មិនយល់ដែរនោះ អីចឹង អ្នកឯងនេះ ពិតជាកូនចង្រៃ មិនយល់ការណ៍ មែនហើយ ធ្វើឲ្យម្តាយមានទុក្ខ។ ការយកឈ្នះដ៏ល្អជាងគេ គឺឈ្នះខ្លួនឯង។ អ្នកអាចដើររំលង ចោលការពិតបាន តែការពិត មិនដែលរលាយចោលអ្នកទេ។ មនុស្សស្លាប់ ប្រវត្តិសាស្ត្រ នៅរស់។ អ្នកណាទៅដឹង ស្រាប់តែម្សិលមិញ ក្នុងពេលដែលអ្នកយល់ថា ខ្លួនកំពុងធ្វើបដិវត្តន៍ដ៏អស្ចារ្យក្នុងលោក បែរជាថ្ងៃស្អែក អ្នកត្រូវកត់ទុកក្នុងទំព័រប្រវត្តិសាស្ត្ររបស់ខ្មែរ ថាជាអ្នក នយោបាយចោម្សៀត អត់បានការណ៍ ក៏ថាបាន។ បុល ពត ជាឧទាហរណ៍។ សម្តីនិយាយ អ្នកណា ក៏អាចនិយាយបានដែរ តែសំខាន់គឺលទ្ធផលការងារជាក់ស្តែង។ ថ្ងៃមួយដែលអ្នក បាន ៥០% + ១ ដឹកនាំប្រទេស នោះជាពាក្យជេរប្រមាថ ដ៏ល្អបំផុត ចំពោះដៃគូរប្រកួត ប្រជែងរបស់អ្នក តែបើមិនអាចបានទេ គឺអ្នកគ្រាន់តែក្រុមអត់បានការណ៍ ថែមមួយទៀត ប៉ុណ្ណោះ ក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា ទុកគ្រាន់ក្មេងៗអានលេង ៥០ឆ្នាំក្រោយ។ ខ្លាចតែ បាចអំពិល ចូលក្នុងទឹកទន្លេ។

កម្លោះម្នាក់ ដែលដណ្តឹងកូនគេ មិនបាន បើម្នាក់ ពីរនាក់ មិនឲ្យ មិនអីទេ តែបើដណ្តឹងកូនគេ មួយភូមិ នៅតែមិនបាន បញ្ហាគឺមិនមែនគេទេ តែគឺយើង ដូចនេះប្រហែលជាត្រូវសម្រាក់ខ្លះ បិតមាត់ខ្លះ ដកដង្ហើមធំ សម្រួលអារម្មណ៍ ឈរមុខកញ្ចក់ ទល់ខ្នងទៅជញ្ជាំង ឆ្លុះខ្លួនឯង ងូតទឹក ដុះក្អែលខ្លួនឯងចេញម្តង ក្រែងលនៅអាចសង្គ្រោះបានខ្លះ។ ជូនដល់បង ដល់ប្អូន ទាំងអស់ ដែលកំពុងឈឺជំងឺនយោបាយ។

និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com សូរ សមយុទ្ធ 14/11/2014

Advertisements

គណិតវិទ្យានយោបាយ

ទ្រាំលែងបាន! បើសួរអ្នកធ្លាប់ធ្វើនយោបាយធ្លាប់បង្កើតបក្ស ធ្លាប់ដេកព្រៃចេក ធ្លាប់លីកាំភ្លើង ថាចង់បង្កើតបក្សថ្មីទេ? ចម្លើយគឺ ១០០%ប្រាកដជាឆ្លើយថា“អត់”។ តែបើសួរអ្នកដែលគ្រាន់តែជាទស្សនិកជននយោបាយ ហែហមបក្ស ដើរកម្សាន្តក្នុងសួននយោបាយ មិនដែលកាន់ការងារបក្សអ្វីជាធំដុំ រួមទាំងអ្នកមិនដែលធ្វើនយោបាយ មិនដែលបង្កើតបក្ស មិនដែលធ្លាប់បានតស៊ូបែកញឺសហូរឈាម…ប្រាកដជាឆ្លើយថា “ចង់!ហើយចង់ខ្លាំងណាស់!”។ អីចឹងយើងនាំគ្នាមើលពីដំណើរ និងវាសនារបស់បក្សថ្មី។

១.ដោយឃើញល្បែងនយោបាយឆ្នាំ២០១៣ចេញតែពីររន្ធ អ្វីដែលសេនាប្រមុខទេវតាគិតគឺ ការបង្កើតនយោបាយមុំបី ឬត្រីកោណឡើងវិញ សម្រាប់ឆ្នាំ២០១៨។ ក្តីសង្ឃឹមដំបូងគឺ មិត្តចាស់ដែលធ្លាប់ដេកគ្រែមួយជាមួយគ្នា ព្រោះជំរុំចាស់កេរ្តិ៍សម្តេចឪ គ្មានថ្ងៃនឹងបានឡើងជ្រុញវិញជាដាច់ខាត ថ្វីត្បិតតែមានស្បៀង តែជប់ទ័ពមិនបាន រឹតតែកម្សត់ទៀតនោះ បើបានកុំថាឡើយមេទ័ព សូម្បីតែមេកង ក៏រើសមិនបានដែរ។លទ្ធផលគឺ សម្តេចក្រុមព្រះ ចោលវាំងចាស់ជាលើកចុងក្រោយ រកទីទួលសង់វាំងថ្មី តែមួយខួបកន្លងទៅ មេដំបែចាស់ដាក់មិនឡើងសោះ។ ទីបំផុតមានតែលើកម្សៅនំជះចោល។

២.របស់ដែលប្រុងនឹងបាត់តែបែរជាសេនាប្រមុខទេវតាធ្វើទប់មិនឲ្យជ្រុះ។ដល់ទីបំផុតព្រលែងចោលយ៉ាងងាយ បន្ទាប់មកដណ្តើមយ៉ាងតឹងដៃទៅវិញ ហើយគោះខាងក្រៅ រកក្បាលមុំទី៣ ព្រោះដឹងថាចរន្តទី៣ អាចបង្កព្យុះភ្លៀងបានល្អជាងមិត្តនៅវាំងចាស់។ មានអ្នកខ្លះឆ្ងល់ថា តើហេតុអ្វី បានជាសេនាប្រមុខទេវតាឲ្យជ្រុះស្រួលម្លេះ? ចម្លើយគឺ ជំហាន៥ក្រឡាបង្កើតមុំទី៣ សម្រាប់២០១៨នេះឯង។ ដោយសារចង់អូសពេលវេលាផង ចង់បញ្ឆេះកំហឹងរាស្ត្រឲ្យកាន់តែខ្លាំងផង ចង់ដុតឆ្នាំងព្រះអាទិត្យឲ្យកាន់តែក្តៅផង ទើបសេះខ្លះដែលចាប់ចូលក្រោលថ្មីៗនេះ ត្រូវចងទុកយូរបន្តិច យ៉ាងហោចណាស់ រហូតដល់ខែកុម្ភៈ២០១៥ ឲ្យបានបែកចានមួយនៅបន្ទាយមានជ័យ និងធ្វើអ្នកចាក់តែកំដរក្តារអុក គជប។ បន្ទាប់មក ព្រលែងឲ្យរត់លើវាលស្មៅខ្ចីវិញ ចាំ៦ខែមុន២០១៨ ចាប់មួយហ្វូងចូលបំបែកជំរុំព្រះអាទិត្យ។ អ្វីដែលអាចទប់ពេលនេះ គឺសេះទាំងអស់ត្រូវបោលឲ្យខ្លាំង បន្ទាយទាំងអស់ត្រូវវាយឲ្យស្មើដៃ តែស្តាយសេះខ្លះនៅដេកអេះពោះ បន្ទាយខ្លះនៅចងមុងនៅឡើយ។

៣.វត្ថុខ្លះលើកហើយពិបាកដាក់ចុះ។ របស់ខ្លះកាន់ហើយពិបាកចោល។ មេអង្គការ និងបណ្ឌិតមួយចំនួនកំពុងសង់រូបមន្តគណិតវិទ្យានយោបាយ ដាក់អន្ទាក់ស្លាប់ខ្លួនឯង។ ដាក់ចុះក៏ខុស ចោលក៏មិនត្រូវ នៅរឹតតែខាត។ សួរថា៖ តើបក្សថ្មីនេះកើត ឬមិនកើត? មានអីទៅពិបាកឆ្លើយ គណិតវិទ្យាក្មេងថ្នាក់មតេយ្យទេតើ!!! គឺច្បាស់ជាកើត មិនត្រឹមតែកើត ថែមទាំងល្អទៀត។ ទោះដល់ថ្ងៃកើត ក្បាលមិនចេញ គេកាត់ក្បាលចាស់ចោលផ្សាំរក្បាលថ្មី។ បើខ្វះស្បៀង គេជួយស្បៀង។ ខ្វះកូនទាហាន គេឲ្យកូនទាហាន ។ ខ្វះមេទ័ព គេឲ្យមេទ័ព ។មកពីព្រះអាទិត្យ ក៏មាន មកពីជំរុំទេវតាក៏មាន មកពីវាំងចាស់ វាំងថ្មីក៏មាន មានទាំងអ្នកខូចចិត្តមិនបានអី មានទាំងអ្នកបានអីនៅតែទៅ ព្រោះគេឲ្យទៅ ។ពិតជាល្ខោន មួយឆាកធំល្អមើលមែន!។ អ្នកអានកុំសួរថាតើ “គេ” នឹងជាអ្នកណា? មានអ្នកណាទៀត គឺបុរសខ្លាំងនឹងឯង។ ចុះព្រះអាទិត្យធ្វើម៉េច? មិនត្រឹមតែ មិនជំទាស់ថែមទាំងគាំទ្រអបអរសាទរ ជូនពរ ជោគជ័យ ហើយថែមទាំងជូនស្បៀងប៉ុន្មានពាន់តៅ ទាហានប៉ុន្មានពាន់នាក់ មេកង មេទ័ពប៉ុន្មាននាក់ទៅផង។ ខ្សែអ្នកណា ម្ចាស់អ្នកនឹងស្រួលចង ស្រួលស្រាយ រឹតបាន បន្ធូរបាន ។បើពិបាកពេក ដុតបន្ទាយចោលទៅ នៅពេលចាំបាច់។ គ្មានជម្រើសទេ! តើកំទេចចោលយក៧ថែម ឬឲ្យជំរុំទេវតាដើរដល់២០២៣? ដាក់របា សេះលោត។ ចងខ្សែឲ្យស្រួល ទើបងាយទឹម។

៤. រឿងបណ្ឌិតខ្លះដែលកើតជំងឺតួឯកនោះ គួររៀនសូត្រនយោបាយឲ្យច្រើនជាងនេះ។ ក.រឿងដែលយើងគិតឃើញ ពួកអ្នកនយោបាយក្បាលធំៗច្បាំង២០-៣០ឆ្នាំហើយនោះ គេក៏គិតឃើញដូចគ្នា ថាអ្វីទៅដែលល្អ? អ្វីទៅដែលឡូយ? អ្វីទៅដែលវាស្តង់ដារអន្តរជាតិ? អ្វីទៅដែលវាអស្ចារ្យ? សម្រាប់ជាតិ តែ ខ.នេះគ្រាន់តែជាទ្រឹស្តីរបស់អ្នករៀនសូត្រ គំនិតខ្លីក្នុងនយោបាយ ជាក់ស្តែង គណិតវិទ្យានយោបាយមិនគិតដូចអស់លោកទេ ចាំថាអ្វីៗជាការចរចា ដូចល្បែងអុកមានអ្នករុញ មានអ្នកទប់ មានអ្នកលើក មានអ្នកដាក់ ម៉េចចេះតែបាន ដូចចិត្តយើងចង់? គ.ប្រព័ន្ធនយោបាយចាស់ ដែលចាក់ឬសដូចដែកថែប៣០ឆ្នាំ ម៉េចនឹងអាចកែប្រែបានក្នុងរយៈពេល មួយយប់ទៅ? ៥៥នាក់ ហើយទើបចូលសភាបាន១០០ថ្ងៃ តើចង់ឲ្យក្រឡាប់រដ្ឋដូចបាតដៃ ទៅវាមិនរួចទេ។ ឃ. ចង់កែសង្គមត្រូវកែនយោបាយ ចង់កែនយោបាយ ត្រូវកែច្បាប់ បើសូម្បីតែ ច្បាប់សម្រាប់ធ្វើជាបន្ទាត់កែ នៅមិនទាន់ចប់ស្រួលផង តើរំពឹងថ្ងៃរះមុនមាន់រងាវ យ៉ាងម៉េចកើត? វាត្រូវការពេលវេលា តែដល់ពេលបើទោះជាមាន់មិនរងាវ ក៏ថ្ងៃវារះដែរកុំឆ្ងល់ ។ង. ការងារធ្វើបានច្រើន តែនៅតែគ្មានអ្វីផ្សាយ ថារាស្ត្រចុះពូសុខ មីងសៅ រវល់ឡើងត្នោត ធ្វើស្រែ ចុះអស់លោកជាបណ្ឌិតនឹង ម៉េចមិនយកក្បាលបណ្ឌិតធំនឹង មកគិតឲ្យជ្រៅបន្តិច ហើយជួយនិយាយប្រាប់រាស្ត្រផង!!។ ច. កុំខ្លាចថោកជាបណ្ឌិត ត្រូវហ៊ានលើក ត្រូវហ៊ានដាក់។ដុំឥដ្ឋមានប្រយោជន៍របស់ដុំឥដ្ឋ។ដុំមាសមានប្រយោជន៍របស់ដុំមាស។ តែមិនអាចប្តូរតួនាទីបានទេ។ ឥដ្ឋសង់ផ្ទះ មាសទុកជួញដូរ។ បើទោះមនុស្សក្នុងលោកជេរអស់លោកថាបណ្ឌិតលក់ក្បាលក៏ដោយ ក៏ខ្ញុំមិនដែលសង្ស័យនូវទឹកចិត្តដ៏ស្មោះត្រង់ចំពោះជាតិ មាតុភូមិ របស់អស់លោកនោះដែរ។ តែទឹកចិត្តស្នេហាជាតិ ដែលខុសពេលវេលាគឺ ជានយោបាយអត្តឃាតជាតិ។

៥.ជំងឺតួឯក និងជំងឺនយោបាយ ពិបាកគេចផុត តែត្រូវតែព្យាបាលដោយហ្មត់ចត់។ តិចថាមានគំនិតអញ! បណ្ឌិត អ្នកវិភាគ ល្បីពេញប្រទេស រាស្ត្រគាំទ្រគ្រប់កន្លែង មានអ្នកស្តាប់ ពេញនគរចុះម៉េច ពួកអ្នកនយោបាយ វាមិនដែលស្តាប់អញសោះអីចឹង!។ មាត់មិនហើប មិនបានន័យថា មិននិយាយនោះទេ។ភ្នែកបិទ ក៏មិនប្រាកដថាដេកលក់ដែរ។ ក្នុងនយោបាយ មានរឿងខ្លះគិតបាន តែមិនត្រូវនិយាយទេ មានរឿងខ្លះនិយាយបាន តែហាមធ្វើ មានរឿងខ្លះ គេធ្វើតែម្តង មិនចាំបាច់និយាយទេ វាខូចការណ៍។គំនិតល្អតែខុសពេល ក៏ប្រើមិនកើត។ គំនិតល្អត្រូវពេល តែខុសទីកន្លែង ក៏អត់ប្រយោជន៍។រឿងសាមញ្ញៗបែបនឹង ម៉េចសមថាអស់លោកជាបណ្ឌិត បញ្ញវន្ត គិតមិនយល់។ គេស្តាប់ មិនមែនថាមិនស្តាប់ទេ។ ស្តាប់គ្រប់ពេលសុទ្ធតែជាតួលេខល្អ តែសមីការគណិតវិទ្យានយោបាយពេលនេះ មិនទាន់អាចប្រើសម្មតិកម្មទាំងនោះបានទេ។ហើយតិចលោ ស្រាប់តែមានគំនិតថា យី!អញជួយរាស្ត្រ អញ!ចុះជួបរាស្ត្រ មួយរោង១០០-២០០នាក់ ១ប្រាប់២ ហើយ២ប្រាប់៤ ម៉េចថាមិនឈ្នះ?? នេះបានចំជាគណិតវិទ្យានយោបាយព្រៃចេកមែន។ រឿងមិនសាមញ្ញដូចនេះពេកទេ។

៦.បើនិយាយពីធ្វើអង្គការមានប្រជាប្រិយភាព? នៅកម្ពុជាតើមានអ្នកណា មានប្រជាប្រិយភាពដូចមេទ័ពរងសម្ព័ន្ធកាលធ្វើអង្គការសិទ្ធមនុស្ស? មួយវេទិកា យ៉ាងតិចក៏៥០០នាក់ ទៅ១០០០នាក់ដែរ។ អ្នកណាថាមិនស្គាល់ ទូតណាថាមិនឮ? ទីបំផុតបាន៣គ្រាប់នៅសភា។ អង្គការផ្សេង ចំណែកបក្សផ្សេង!! វាជារឿងដោយឡែក២ផ្សេងគ្នា ខុសគ្នា១៨០ដឺក្រ។ ហើយកុំមកលើកថា៖ ពេលនោះ៣តែឥឡូវរួមសម្ព័ន្ធបាន៥៥ ចឹងបើបក្សថ្មីបាន៣ នៅ២០២៣ បាន៥៥ដែរហើយ! ។នេះបានចំជាយល់សប្តិ យល់សូង យល់សប្តិបេះដូង បេះបានតែទងមែនហើយ។ស្ថានភាពនយោបាយ២០០៨ និង២០១៣ គឺខុសគ្នាដូចមេឃ និងដី។ បង្កើតបក្សជារឿងងាយស្រួល។ កុំថាឡើយបណ្ឌិតសូម្បីពូសុខឡើងត្នោតបង្កើតក៏បានដែរ។ កុំថាឡើយ៥ ទោះជា១០ក៏បានដែរ។ តែបង្កើតបក្សរឿងមួយ ចិញ្ចឹមបក្សឲ្យរស់ យកវាឡើងវាយលើសង្វៀនថ្នាក់ជាតិ ជារឿងដោយឡែក។

៧.តើអាចទេ និយាយ២០ម៉ោងក្នុងមួយថ្ងៃ?ស្តាប់រាស្ត្រ៧ថ្ងៃក្នុងមួយអាទិត្យ? ដើរប៉ុន្មានម៉ឺនគីឡូដី?សឹកកង់ឡានអស់ប៉ុន្មាន?ដាច់ស្បែកជើងអស់ប៉ុន្មានរយគូ? ពន្យល់អ្នកឈឺជំងឺនយោបាយប៉ុន្មានលាននាក់? ត្រូវគេជេរប៉ុន្មានម៉ឺនមាត់? ញើសហូរប៉ុន្មានប៉ោត? ឈាមស្រក់ប៉ុន្មានលីត្រ? តស៊ូប៉ុន្មានឆ្នាំ? ឡើងសង្វៀនប៉ុន្មានដង? អស់មនុស្សប៉ុន្មាននាក់? អស់លុយប៉ុន្មាន? ដែលមើលគេរត់ម៉ារ៉ាតុងទេ? ប៉ុន្មាននាក់ទៅដែលមានចិត្តសុទ្ធ ស៊ូវាយ២០-៣០ឆ្នាំ? ចាញ់ហើយវាយទៀត វាយ៣០ឆ្នាំទើបមានថ្ងៃនេះ។ឬក៏អស់លោកយល់ថា វាយទឹកទី១សិន បើមិនបានឈប់ធ្វើ? ត្រូវហើយ អស់លោកឈប់មែន តែអស់លោកបានលើកអំណាចដាក់លើជើងពាន ឲ្យជំរុំទេវតា៥ឆ្នាំទៀតដោយស្រួល ព្រោះតែគំនិតតួឯក យល់សប្តិកណ្តាលថ្ងៃមួយពេលរបស់លោក។ រសជាតិត្រូវគេប្រមាថ។ អារម្មណ៍ខ្លោចផ្សារ។ ជីវិតវេទនា។ ពេលវេលាជូរចត់។ ស្ថានភាព ដែលត្រូវគេវាយដួលហើយនៅបោចស្មៅ ខាំមាត់ កាន់ឈឺច្រតឡើងវាយបន្តទៀត យ៉ាងណានោះមានតែអ្នកធ្លាប់ប្រឡូក ចូលក្នុងកិច្ចការនយោបាយបក្សស៊ីជម្រៅទេទើបដឹង និងយល់បាន។

៨.ឧ៌! បណ្ឌិតស្រុកខ្ញុំអើយ! ឬក៏អ្នកនេះនៅតែគេចមិនផុតពីជំងឺតួឯក និងជំងឺនយោបាយ។ ដូចពលរដ្ឋខ្មែរសាមញ្ញ ដែលត្រូវអ្នកនយោបាយបោក៣០ឆ្នាំនេះទេ? នៅសល់តែ៧ទៀតប៉ុណ្ណោះ ថ្មអង្គរប៉ុន្មានដុំនេះ បានឃើញពន្លឺនៃភាពម្ចាស់ការរឹងមាំដ៏ពិតប្រាកដមួយហើយ តែចង់មិនចង់ ទទួលឬ មិនទទួល ដំណើររបស់អស់លោក បានក្លាយទៅជាកំណល់ឈឺមួយរួចទៅហើយ។ ទោះអស់លោកមិនចង់ ក៏សេនាប្រមុខជំរុំទេវតា រុញឲ្យចេញដែរ ។ក្នុងកាលៈទេសៈ ណាក៏ដោយ សុទ្ធតែមានភាពអំណោយផល ដល់ការប្រមាញ់របស់ជំរុំទេវតា នៅ៤ឆ្នាំក្រោយ។តែទោះជាយ៉ាងណា បើអស់លោកដា ក់ចុះវិញ នៅពេលនេះនោះ បើទោះជាគេកាត់ក្បាលថ្មី យកមកផ្សាំក៏អត់ប្រយោជន៍ដែរ។ព្រោះសាច់មិនជាប់គ្នាតែ២៤ខែក្រោយ ជារឿងដោយឡែក។ និយាយយ៉ាងនេះ មិនមែនសសើរអស់លោកថា ពូកែ ឬមានឥទ្ធិពលខ្លាំងនោះទេ តែកំរិត និងគុណភាពនៃប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរភាគច្រើននៅពេលនេះមានតែបរិមាណ តែប៉ុណ្ណោះ។ កំហុសឆ្គងដ៏ធំមួយរបស់បណ្ឌិត បញ្ញវន្តក្នុងប្រវត្តិសាស្ត្រមនុស្សលោកគឺ អំនួត។

ពីថ្ងៃនេះទៅអនាគត ចរន្តបក្សពីរ ជាជម្រើសតែមួយគត់របស់កម្ពុជា ដើម្បីប្រដេញយកឈ្នះ ទាំងពេលវេលា កិត្តិយស សេចក្តីសុខ និងភាពរឹងមាំរបស់កម្ពុជា សម្រាប់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋយើង។ការប៉ុនប៉ងណាមួយ ដើម្បីបង្កើតបក្សថ្មីជាប៉ូលទី៣គឺ គ្រាន់តែជា ទ្រនាប់កល់ជំរុំទេវតាឲ្យកាន់ទង់នៃអនាគត ដែលមិនច្បាស់លាស់នៃវាសនាជាតិ នៅចំពោះមុខមាតុភូមិដ៏កម្សត់ និងបរទេសជិតខាងចិត្តមិនស្មោះត្រង់ប៉ុណ្ណោះ។

និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com សូរ សមយុទ្ធ 14/12/2014

កញ្ញា ធី សុវណ្ណថា៖​រនុក​ក្នុង​របស់​គណបក្ស​កាន់​អំណាច​នោះ​គ្រាន់​តែ​ជា​ការ​លាប​​ពណ៌​អោ​យ​រូប​នាង

កញ្ញា ធី សុវណ្ណថា បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​ នៅ​ឆ្នាំ​២០១១ ដោយ​ប្រើ​ឈ្មោះ I Love Cambodia Hot News ដោយសារ​តែ​មាន​បញ្ហា​ទើប​បែក​ចេញ​ទៅ​បង្កើត​ទំព័រ​ថ្មី។​ ក្នុង​រយៈពេល​ខ្លី ទំព័រ​ថ្មី​នោះ​បាន​ទទួល​អ្នក​គាំទ្រ​ប្រមាណ​ជិត ២​សែន​នាក់។
ម្ចាស់ ​ទំព័រ​ហ្វេសប៊ុក (Facebook) ដ៏​មាន​ប្រជា​ប្រិយភាព​ម្នាក់ និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ពុំ​អើពើ​នឹង​ព័ត៌មាន​ដែល​មាន​ការ​សង្ស័យ​ថា នាង​ជា​ចារ​កម្ម​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។
ការ​ឆ្លើយ​តប​បែប​នេះ គឺ​បន្ទាប់​ពី​ម្ចាស់​ទំព័រ​ហ្វេ​សប៊ុក​រូប​នោះ ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ថា នាង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ក្នុង​ទំព័​រ​របស់​នាង​ពី​ ពាក្យ​បណ្ដឹង​របស់​គណបក្ស​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ឈាន​ទៅ​មាន​ការ​ចោទ​ប្រកាន់​ថា នាង​កំពុង​ធ្វើ​ការ​ដោយ​សម្ងាត់​ជាមួយ​មនុស្ស​ក្នុង​គណបក្ស​ប្រជាជន។
ម្ចាស់ ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ប្រជាប្រិយភាព កញ្ញា ធី សុវណ្ណថា​ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ចាត់​ទុក​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​ជា​រនុក​ក្នុង​របស់​គណបក្ស​កាន់​អំណាច​នោះ​គ្រាន់​តែ​ជា​ការ​​លាប​ពណ៌​ អោយ​រូប​នាង ហើយ​នាង​បន្ត​អះអាង​ថា នាង​នៅ​តែ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​រា​រែក​ឡើយ។
កញ្ញា ធី សុវណ្ណថា បាន​ថ្លែង​ថា ក្នុង​នាម​ជា​យុវជន​ដែល​ប្រកាន់​​គំនិត​ចង់​ចែកចាយ​ព័ត៌មាន​ពិត កញ្ញា​នឹង​នៅ​តែ​បន្ត​សកម្មភាព​នេះ។ ម្យ៉ាង​កញ្ញា​ក៏​ជា​អ្នក​គាំទ្រ​គោល​នយោបាយ​ប​ក្ស​សង្គ្រោះ​ជាតិ​ទាំង ៧​ចំណុច នោះ​កញ្ញា​នឹង​មិន​បោះបង់​សកម្មភាព​របស់​នាង​ឡើយ៖ «សុខចិត្ត​ទុក​អោយ​ពួកគាត់​រង់ចាំ​​មើល​សកម្មភាព​របស់​ប្អូន​ជា​ភស្តុតាង នេះ​ជា​អ្វី​ដែល​ប្អូន​អាច​បញ្ជាក់​ឆ្លើយ​តប​បាន។ ប្អូន​មិន​ប្រកែក​ថា ប្អូន​ដូច​អ្វី​ដែល​ពួ​កគាត់ (ចោទ) ឬ​មិន​ចោទ​នោះ​ទេ តែ​ប្អូន​មាន​តែ​មួយ​គត់ គឺ​អោយ​ពួកគាត់​មើល​រាល់​សកម្មភាព​របស់​ប្អូន ហើយ​មើល​អ្វី​ដែ​ល​ប្អូន​ធ្វើ»។

ក្នុង​វ័យ ១៩​ឆ្នាំ ធី សុវណ្ណថា ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី១១ បាន​ចំ​ណាយ​ពេល​វេលា​ជា​ច្រើន​ជា​មួយ​គេហទំព័រ​ហ្វេសប៊ុក របស់​នាង​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជា​សាធា​រណៈ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​នានា។ កញ្ញា​បាន​លេច​មុខ​នៅ​ពេល​គណបក្ស​នយោបាយ​បើ​ក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អំឡុ​ង​ពេល​នោះ​នាង​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​ពី​សកម្មភាព​គាំទ្រ​ទាំង​នោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​​ថា I Love Cambodia Hot News។ ក្រោយ​មក​នាង​បាន​បង្កើត​ទំព័រ​ថ្មី​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន គឺ ធី សុវណ្ណថា។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia daily) បាន​ផ្សព្វផ្សា​យ​កាល​ពី​ថ្ងៃ​ទី​៤ មករា ថា អ្នក​គ្រប់​គ្រង​ទំព័រ I Love Cambodia Hot News ឈ្មោះ អេង ពន្លក គឺ​ជា​អ្នក​ដែល​បាន​ទម្លាយ​ព័​ត៌មាន​ថា កញ្ញា ធី សុវណ្ណថា លែង​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​សង្ស័យ​ថា ជា​ចារកម្ម​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា។ ការ​សង្ស័យ​នោះ​បាន​សំអាង​ហេតុផល​ចំនួន​២ គឺ​ទី​១ ទំព័រ​ថ្មី​របស់​នាង​មាន​អ្នក​គាំទ្រ​ច្រើន​យ៉ាង​ចម្លែក និង​ថា​ នាង​ពាក់​ព័ន្ធ​នឹង​អតីត​យុវជន​គណបក្ស​ប្រជាជន លោក ផែ សុវណ្ណរិទ្ធ។
ឆ្លើយ ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ កញ្ញា ធី សុវណ្ណថា បាន​ឆ្លើយ​យ៉ាង​​ខ្លី​ថា នោះ​គ្រាន់​តែ​ជា​ការ​សង្ស័យ​ដែល​ពុំ​មាន​មូលដ្ឋាន​ដែល​អាច​យក​ជា​ការ​បាន។

គណបក្ស ​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ថ្លែង​ការណ៍​​ច្រាន​ចោល​ព័ត៌មាន​ដែល ធី សុណ្ណថា បាន​ផ្សព្វផ្សាយ​ថា ប្រធាន​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាកា​រ​ព្រហ្មទណ្ឌ​ អន្តរជាតិ​ ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
អ្នក​នាំ​ពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា ​បញ្ហា​កន្លង​មក​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​កញ្ញា ធី សុវណ្ណថា កើត​ឡើង​ពី​ការយល់​ច្រឡំ​គ្នា​ខាង​ផ្នែក​ទំនាក់​ទំន​ង​ប៉ុណ្ណោះ៖ «ផេក (Page=ទំព័រ) របស់​គាត់​ជា ផេក​ឯកជន គាត់​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្សាយ​នូវ​អ្វី​ដែល​គាត់​ចង់ ហើ​យ​អ្វី​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​មាន​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ ហ្នឹង​ជា​ទំនាក់​ទំនង​ផ្ទៃក្នុង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ»៕

សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម

សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម
……………………………………………
សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរិ្ភក្សក្តៅ ហួតហែងគ្រប់ទិសទី ព្រះភិរុណមិនបង្អុរភ្លៀងសោះ ស្ទឹង ត្រពាំង បឹង ព្រែក ទន្លេរីងទឹកអស់។ ពួកមណ្ឌកសត្វ មាន គីង្គក់ កង្កែប ហ៊ឹងជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ឹងកង្កែបជាមិត្តថា” ហៃមិត្តទាំងអស់គ្នា!! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឲ្យយើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខាន មកវើយមិត្តយើង កេណ្ឌគ្នាតយុទ្ធនិងតាព្រហ្មយកភ្លៀងឲ្យបាន អាសន្នដល់កហើយ ស្ងៀមក៏ស្លាប់ ច្បាំងក៏ស្លាប់ បើគង់តែស្លាប់ ស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើជាង មក!មក! ទៅប្រយុទ្ធ” ។ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់ និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុះហយាត្រាទៅតយុទ្ធនិងតាព្រហ្មក្នុងវិមានលោកឭដ៏អាកាស។កងទ័ពមណ្ឌកសត្វធ្វើដំណើរកាត់ទីវាល បន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត។មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្តែងធំៗខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ស្រមក ដោយកម្ទេចធូលីនិងផេះនៃវាលស្រែ។មេគីង្គក់សួថា” នែវើយ!! តើកនឯងទៅណាបានជាប្រមៀល ខ្លួនហ៊ុយដីទ្រលោម កាត់មុខឲ្យរំខានដល់កងទ័ពអញនេះ?”។ត្រីអណ្តែងតបថា” ភឿនអើយ!!! ពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយណ៍ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹង ស្ទឹង យើងទៅ! ទៅ! ភឿន!”។គីង្គក់ឮដូច្នេះអរណាស់ក៏ប្រាប់កងទ័ពខ្លួន។មួរំពេចនោះស័ព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាលក្តៅហួតហែង។ទៅបន្តិចទៅ ស្រាប់តែឃើញបាណកជាតិមួយហ្វូងធំ ហើរខ្មៅខ្នាប់ឮសូរងូងៗលើអាកាស ហើយឮឃ្មុំនិងឪម៉ាល់ជាមេទ័ព បន្លឺមកថា” នែបងគីង្គក់! ត្រីអណ្តែង ត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះ?។គីង្គក់តបថា” មកវើយបងឃ្មុំ! យើងដឹងថាក្រុមបងលើកទ័ពទៅច្បាំង ព្រោះអត់ភ្លៀងខ្វះព្រៃឈើផ្តល់ផ្កាធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនិងតាព្រហ្ម កុំខ្លាចស្លាប់ ទៅ!ទៅ! “។
ទ័ពគោកនិងអាកាស ហ៊ោយកជ័យ ហើយក៏លើកតទៅទៀត។លុះដល់ជិតចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះឃើញផ្លែត្រសក់ស្រូវរដូករណែលលើផែនដីដាច់របេះចាក់ទងគួឲ្យអាសូរ។ត្រសក់មួយស្រែកដោយមានសង្ឃឹមថា ” ភឿនអើយ ឲ្យគ្នាយើងដោយសារទៅផង តែខំយើងស្ងួតស្លាប់អស់ហើយ។ ហើយភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅរស់វេទនាទេ”។ មេទ័ពទាំងបីក៏យល់ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួន។លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិ ទាំងឡាយក្រៀមរញមសហលាប់ជិតអស់។កងទ័ពបានទៅដល់ឃើញ វល្លិ៍ផ្យៅធំៗពីរដើមនៅនឹងគល់ឈើងាប់មួយ។ផ្តៅសួរថា ” នែភឿនទៅណាសន្ធាប់ម្លេះ ភឿនមិនអាណិតមិត្តរុក្ខជាតិគ្នាយើងទេឬ? ឃើញទេស្លាប់ដេកពពូនដោយដៃតាព្រហ្មអសហើយ ឲ្យយើងទៅច្បាំងផង យើងនៅយ៉ាងនេះវេទនាណាស់ យើងស៊ូស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្តើមយកជ័យមកផ្តល់ជីវិតសត្វលោក”។ទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្តៅគោចរទៅតាមផង។
ក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម។គីង្គក់ក៏បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វាខាងមុខនិងខាងក្រោយ ត្រីអណ្តែងត្រីក្រាញ់ដែលខ្លួន ប្រឡាក់ទៅដោយ ក្បុងនិងផេះឲ្យចូលទៅក្នុងពាង និងផើងទឹកនៅមាត់ទ្វារខាង ក្រោយនិងពាងផ្សេងៗឲ្យតែមានទឹក។ផ្តៅទាំងពីរធំៗ ឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទ ត្រសក់ស្រូវឲ្យប្រមៀលខ្លួន ទៅទៀបជើងក្រោមអាសនៈតាព្រហ្មគង់។ឯក្រុមគីង្គក់ ហ៊ឹង កង្កែប ជាទ័ពស្រួចអ្នកចូលលុក លុះចាត់ស្រេចហើយ ទ័ពមណ្ឌកសត្វក៏ចូលស្រ តម្រង់អាសនៈតាព្រហ្មអាស្រ័យនៅ ដោយស្រែកហ៊ោសន្ធាប់យ៉ាងខ្លាំង ធ្វើឲ្យពលរេហ៍អស់ទាំងទេវតា មេនំ មេនាង ចៅចិត ចៅចម ខុនណាងជំទាវ រត់ចេញពីប្រាសាទស្លន់ស្លោ ទៅត្រូវនឹងផេះទឹកក្បុង ដែលត្រីអណ្តែងត្រីក្រាញ់បាច់មកលើភ្នែកផ្សារស្រវាំង រកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុករមួល ស្រែកយំរំពង។ តាព្រហ្មរកច្រកចេញពុំទាន់ ស្រែកសួរថា ” នែវើយ! អាពួកគីង្គក់ ហ៊ឹង កង្កែប ចង្រៃឯង ទៅណា?” ។គីង្គក់តបថា” ” យើងមកច្បាំងៗ”។តាព្រហ្មចុះចាក់អាសនៈឥតមើលក្រោម ក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារស្រទាំង ត្រូវផ្តៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិច ឈឺផ្សាស្រែកចុះញ៉ម ពួកសត្វនិងរុក្ខជាតិថា ” ចាញ់ហើយៗ”។ឮដូច្នេះ មេបញ្ជាការក៏ឃាត់ទ័ពឲ្យទ័ពឈប់ ដើម្បីដោះស្រាយ។គីង្គក់សួរទៅតាព្រហ្មថា” ម៉េចក៏លោកមិនបង្អុរភ្លៀងសោះ ធ្វើឲ្យសត្វលោកស្លាប់គ្រប់កន្លែងយ៉ាងនេះ? គ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អុរភ្លៀងចុះទៅ នោះយើងនឹងកម្ទេចវិមានលោក សម្លាប់ទាំងពល ទាំងលោកពុំខាន” ។តាព្រហ្មនឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថា” សូមព្រះស្តែងកុំខឹង យើងខ្លាចហើយ យើងនឹងផ្តល់ទឹកភ្លៀងឲ្យឥឡូវនេះហើយ សូមអស់លោកអញ្ជើញទៅវិញចុះ កុំខឹងអី”។គីង្គក់តបថា” ទេ!កនយើងមិនព្រមទេ បើយើងទៅនោះលោកផ្តល់ភ្លៀងឲ្យយើងតែមួយមេហើយព្រងើយកន្តើយទៅ នាំឲ្យយើងពិបាកលើកទ័ពឡើងមកទៀត ដូច្នេះហើយសូមលោកសន្យាឲ្យពរពិសេសដល់យើងសិន ទើបកនយើងសុខចិត្ដ” ។លុះសញ្ជឹងមួយសន្ទុះតាព្រហ្មក៏ពោលថា ” អើ! យើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយ បើដូច្នេះពេលណាអ្នកត្រូវការភ្លៀង គីង្គក់ ហ៊ឹង កង្កែប ត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោមមក នោះយើងនឹងបង្អុរភ្លៀងឲ្យអ្នកភ្លៀម”។តាំងពីនោះមក ពេលណាគីង្គក់ ហ៊ឹង កង្កែបត្រូវការភ្លៀង ក៏សង្កៀតធ្មេញបន្លឺសម្លេងភ្លៀងក៏ធ្លាក់មក៕

ការរួបរួមគ្នា ជាកំលាំង ដោះស្រាយ គ្រប់បញ្ហា។

ដកស្រង់ពី ប្រជុំរឿងព្រេងខ្មែរភាគ៦

ភ្នំឯកោ

នៅលើកំពូលភ្នំដ៏ធំល្វឹងល្វើយ យើងនឹងឡើងទៅឈរនៅទីនោះ អ្វីដែលធ្លាប់កើតមាន យើងនឹងឃើញម្តងទៀត នគរយើង នឹងភ្លឺចាំងចែង។

ផែនដីល្វឹងល្វើយ នៅក្រមដួងខែ យើងមិននិយាយ តែយើងនឹងទៅឲ្យដល់ទីនោះឆាប់ៗ ទៅដល់ផ្ទះយើង នឹងច្រៀង ចម្រៀងបន្ទររួមគ្នា អ្នកដែលមានចិត្តដូចយើងនឹងស្គាល់សំឡេង ចម្រៀងយើង ចម្រៀងមហានគរ។

យើងមិនដែលភ្លេចបងប្អូនយើង ហើយចំពោះអ្នកដែលធ្វើបាបយើង យើងនឹងមិនលើកលែង ទោសងាយៗឡើយ គេមិនទាន់ស្គាល់ចិត្តយើងនៅឡើយទេ យើងនឹងប្រយុទ្ធដរាបណា យើងមានជីវិតរស់នៅ។

ភ្នែកបងប្អូនយើងរាប់លាននាក់ កំពុងតែសម្លឹងមើលទៅទ្វារដែលបិទជិត បិទផ្លូវមិនឲ្យយើង មើលឃើញជ្រលងភ្នំដ៏ធំល្វឹងល្វើយ តែយើងនឹងធ្វើដំណើររួមគ្នាឲ្យដូចជាព្យុះ ទាល់តែយើង ទទួលបាន នូវដុំមាសដែលគេបោះបង់ចោលយូរហើយ ត្រឡប់មកវិញ។

យើងប្រាស់ខ្លួនដេកនៅក្រោមភ្នំទឹកកកយ៉ាងត្រជាក់រកអ្វីប្រៀបផ្ទឹមមិនបាន សម្ងំយ៉ាងស្ងៀមស្ងាត់ ហើយសុបិន្តឃើញនូវភ្នំមាសរបស់យើង យើងត្រូវតែភ្ញាក់ដឹងខ្លួនឡើងហើយប្រើប្រាស់ជីវិតយើង កសាងនូវសម័យកាលមួយដ៏រុងរឿង ក្នុងភពងងឹត និងជ្រោះមួយយ៉ាងធំជ្រៅ។

កន្លងមកយ៉ាងយូរ នៅពេលនគរយើង ត្រូវបានដុតកម្ទេចរហូតដល់ថ្ងៃនេះ បេះដូងយើងត្រូវបានគេកាត់ផ្តាច់ពីម្តាយយើង វាសនាម្តាយយើងមិនទៀងទាត់ថ្មអង្គរយើងនៅតែបែកបាក់ តែយើងសន្យាថា អ្វីដែលគេបានលួចពីយើង គេត្រូវតែប្រគល់ឲ្យយើងវិញជាដាច់ខាត។

ដូចនេះ យើងត្រូវតែភ្ញាក់ឡើង ហើយបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យទុកជាចម្រៀង សម្រាប់ព្រលឹង និងវិញ្ញាណជាតិយើង។ បងប្អូនយើង យើងមិនដែលបំភ្លេច សត្រូវយើង។យើងមិនអាចលើកលែងទោសឲ្យដោយងាយៗ យើងនឹងប្រយុទ្ធដល់ដំណកឈាមចុងក្រោយ ហើយធ្វើដំណើរទៅនរកជាមួយគ្នា ដើម្បីទៅយកភ្នំមាស ម្តាយយើងមកវិញ បើទោះបីយើង ត្រូវធ្វើដំណើរឆ្ងាយយ៉ាងណា លើភ្នំទឹកកកដ៏សែនត្រជាក់ និងធំល្វឹងល្វើយយ៉ាងណាក៏ដោយ។

សូរសមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com កំពង់ឆ្នាំង4/7/2014

ញញួរស្នោ

ព្រះរាជអាជ្ញាតុលាការដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

១. “ការញុះញង់ដោយសម្តី នៅទីសាធារណៈ” ប៉ុន្តែពេលទៅនោះ តំណាងរាស្ត្រជាប់ឆ្នោត នឹងពលរដ្ឋ គ្រាន់តែស្រែកថាដោះលែងដីលានប្រជាធិបតេយ្យ។ តើនេះ ចាត់ទុកថា ជាពាក្យ ញុះញង់ទេ?

២. “ញុះញង់ដោយសំណេរ ឬគំនូរ តាំងឲ្យមហាជនឃើញ” តែពេលនោះអ្នកតំណាង រាស្ត្រជាប់ឆ្នោត រួមទាំងពលរដ្ឋបាននាំយកបដាមួយផ្ទាំងធំ ដោយមានសសេរអក្សរថា ដោះលែងទីលានប្រជាធិបតេយ្យ។ តើបដា មានអក្សរមួយជួរនេះ រាប់ថាជាការញុះញង់ទេ?

៣. “ញុះញង់ដោយប្រើទូរគមនាគមន៍សោទស្សន៍ សម្រាប់សាធារណជន” តែពេលនោះ មានអ្នកកាសែត បានថតរូបបដានេះ រួមទាំងសំឡេង បូកនឹងរូបភាពវីដេអូ នៃការស្រែក ទាមទារថា ដោះលែងទីលានប្រជាធិបតេយ្យ យកមកបង្ហោះផ្សាយក្នុង Facebook។ តើនេះ រាប់ថាជាការប្រើទូរគមនាគមន៍ ដើម្បីញុះញង់ទេ?

បើមើលតាមអង្គច្បាប់ទាំងបី ដោយប្រៀបធៀបនឹងអង្គហេតុ គឺព្រះរាជអាជ្ញា មិនអាចដាក់ បន្ទុកធ្វើការ ចោទប្រកាន់បានទេ ពីព្រោះបើគ្រាន់តែសំដី សំឡេង រូបភាព វីដេអូ នៃពាក្យ “ដោះលែងទីលានប្រជាធិបតេយ្យ” ក៏រាប់ថាជាបទញុះញង់ដែរនោះ អីចឹងកន្លងទៅបដាដែល ចងតាមផ្លូវនានាក្នុងក្រុង ឧទាហរណ៍ថា “យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ” ។ល។ នោះ តើនេះរាប់ថាញុះញង់ទេ?

ពិតជាមិនដឹងអស់លោកព្រះរាជអាជ្ញានេះ រៀនច្បាប់ចេញពីសាលាណាមកទេ? នៅលើគោក ក៏ចេះតែចោទប្រកាន់ ដាក់បន្ទុកទៅកើត។ អ្នកដែលតុលាការត្រូវចាប់ខ្លួន មកដាក់បន្ទុក ចោទប្រកាន់ គឺក្រុមសន្តិសុខ ទៅវិញទេ ព្រោះពេលនោះ គ្រាន់តែពលរដ្ឋយកបដាសសេរថា ដោះលែងទីលានប្រជាធិបតេយ្យ ទៅចង់នៅនឹងបន្លាលួសដែលហុំព័ទ្ធទីលាន ដោយស្រែក បន្ទរថា ដោះលែងទីលានប្រជាធិបតេយ្យ ស្រាប់តែកងសន្តិសុខក៏ចេញមកទាញបដាហែកចោល ហើយលើកដំបងគំរាម បន្ទាប់មក ក្នុងពេលប្រឈមដាក់គ្នា គឺយ៉ាងហោចណាស់ កងសន្តិសុខបី ទៅបួននាក់ បានយារដំបងវាយប្រហារទៅ លើពលរដ្ឋជាអ្នកតវ៉ា ចំនែក ពលរដ្ឋក៏យកដងបំពងទីបជ័រ ចងទង់ជាតិ យកមករងដំបងជ័រ ដំបងឈើមូល ឈើជ្រុង និងដែកបំពងទីប ដើម្បីការពារខ្លួន។

បន្ទាប់មកទៀត ក៏នាំគ្នាស្រវ៉ាដំបងពីដៃកងសន្តិសុខ ហើយវាយទៅលើកងសន្តិសុខវិញ។ ដូចនេះបើចង់ចាប់ ដាក់បន្ទុកគឺ ចាប់កងសន្តិសុខ និងពលរដ្ឋដោយចំពោះ ដែលបានកាន់ ដំបងវាយបង្ករហេតុ យ៉ាងពិតប្រាកដ ដោយចោទពីបទ បង្កររបួសស្នាម និងប៉ុនប៉ងឧក្រិដ្ឋ។

តែនេះបែរជាចាប់តំណាងរាស្ត្រជាប់ឆ្នោត ហើយចោទពីបទញុះញង់។ បើមានអ្នកថា បើមិនមែនអ្នកតំណាងរាស្ត្រ នាំពលរដ្ឋទៅតវ៉ា ក៏វាគ្មានរឿងដែរ។ អីចឹងមូលហេតុដើមនោះគឺ បើអាជ្ញាធរ មិនហុំព័ទ្ធ ទីលានប្រជាធិបតេយ្យ ក៏គ្មានការតវ៉ា។ បើអាជ្ញាធរអះអាងថា បើកុំតែបាតុករបង្ករហឹង្សានៅទីលានកាលពីដើមឆ្នាំ ក៏គេមិនបិទដែរ។ តែតាមពិត គ្មានបាតុករណា បង្ករហឹង្សា ចលាចលសង្គមអី នៅទីលានទេ តែផ្ទុយទៅវិញ កងសន្តិសុខទេ បាននាំគ្នាទៅកម្ទេច់ទីលាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពី ផ្ទួះការបាញ់បោះ ស្លាប់បាតុករ នៅផ្លូវវែងស្រេង ថ្ងៃទី៣ខែមករា ឆ្នាំ២០១៤។ ដូចនេះ បើចង់បិទ គឺបិទផ្លូវវែងស្រេង មិនមែនផ្ទះហឹង្សា នៅផ្លូវវែងស្រេង តែនាំគ្នាមកដាក់បន្លាលួសបិទទីលាន ឯណេះទៅវិញ នោះទេ។

លើសពីនេះ គ្មានមាត្រា ក្នុងច្បាប់ណាមួយ ដែលចែងថា ត្រូវតែដាក់ខ្នោះដៃជនសង្ស័យនោះទេ តែនគរបាលអាចដាក់ខ្នោះដៃបាន ប្រសិនបើឃើញសភាពថា ជនសង្ស័យចង់រត់គេចខ្លួន ឬបង្ករហឹង្សាក្នុងពេលចាប់ខ្លួនពេលនាំខ្លួន និងពេលឃុំខ្លួន។ តែនេះ សាធារណជនឃើញ តំណាងរាស្ត្រជាប់ឆ្នោត ព្រមឲ្យឃាត់ខ្លួនចាប់ខ្លួន ឃុំខ្លួនតាមសម្រួល។

ដើម្បីក្លាយជាសមាជិកសភាមានអភ័យឯកសិទ្ធិ វាត្រូវការបំពេញតាមនីតិវិធីតាំងពីការជាប់ឆ្នោត រហូតដល់ការស្បថចូលកាន់តំណែង។ ដូចនេះបើទោះបីជាអ្នកតំណាងរាស្ត្រមិនទាន់ ស្បថចូលកាន់តំណែងក្លាយជាសមាជិកសភាក៏ពិតមែន តែក៏ជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត ដែលគជប បានប្រកាស់ទទួលស្គាល់រួចរាល់ហើយដែរ។លើសពីនេះ សភាឯកបក្សបាន បើក សម័យប្រជុំដោយអះអាងថា មានសមាជិកសភាជាអ្នកតំណាងរាស្រ្តជាប់ឆ្នោតលើសពី១២០ រូបហើយ។ មានន័យថា សភា និងរដ្ឋាភិបាល ទទួលស្គាល់ការជាប់ឆ្នោត និងភាពជាអ្នក តំណាងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ តែពេលនេះ គ្រាន់តែបទញុះញង់ដែល គ្មានមូលដ្ឋានច្បាប់រឹងមាំហើយមិនមែនអ្នកតំណាងរាស្ត្រប្រព្រឹត្តហឹង្សា ឬឧក្រិដ្ឋដោយផ្ទាល់ ទៅទៀត តែបែរជាឃាត់ខ្លួនចាប់ខ្លួន ឃុំខ្លួន វាយខ្នោះដៃ បញ្ជូនទៅតុលាការ ដាក់បន្ទុក។ តើមានន័យថា រដ្ឋាភិបាលជាពិសេសសភាខ្លួនឯងទទួលស្គាល់ថា ខ្លួនជាសភាមិនស្រប ច្បាប់? បើពិតជាយ៉ាងនេះមែននោះ គឺបង្ហាញឲ្យឃើញថារដ្ឋាភិបាលនេះ ក៏មិនស្របច្បាប់ ដែរ។

តែហេតុអ្វី អាជ្ញាធរត្រូវឃាត់ខ្លួន ចាប់ខ្លួន ឃុំខ្លួន បញ្ជូនទៅតុលាការសម្រេចដាក់បន្ទុក ចោទប្រកាន់? នេះជាដំណាក់កាលចចារគ្នា បញ្ចប់ជម្លោះនយោបាយ។ កាលមុនចាប់បាតុករ២៣នាក់ ធ្វើជាចំណាំខ្មាំង ដើម្បីទុកធ្វើជាវត្ថុចចារ ធ្វើឲ្យសង្គ្រោះជាតិ ខាតមិនស្ទើ។ពេលនេះ មិនមែនកូនទាហានទេ តែគឺក្រុមមេឧត្តមសេនីយ៍កំពូលៗ របស់សង្គ្រោះជាតិ កំពុងដើរចូលគុក។ តើគណបក្សប្រជាជន ចំនេញអ្វីខ្លះ?

ទី១. ការញុះញង់របស់កងសន្តិសុខ ឲ្យផ្ទុះជាអំពើហិង្សាបានសម្រេច គឺធ្វើឲ្យអាជ្ញាធររដ្ឋក្រោមការដឹកនាំរបស់គណបក្សប្រជាជន កាន់តែនិយាយសម ថាឲ្យតែសង្គ្រោះជាតិធ្វើ បាតុកម្ម គឺតែងតែបង្ករហឹង្សាអសន្តិសុខក្នុងសង្គម អីចឹងអ្វីដែលគេរិតថ្បិតសេរីភាពកន្លងទៅ គឺជារឿងត្រឹមត្រូវ។

ទី២. ធ្វើឲ្យអាជ្ញាធរ កាន់តែមានលេសសម ក្នុងការបិទទីលានសេរីភាព និងហាមឃាត់នូវការជូបជុំគ្នា ការធ្វើបាតុកម្ម តាមគ្រប់រូបភាពរបស់ពលរដ្ឋរងគ្រោះ ដោយបញ្ហាផ្សេងៗ កាន់តែត្រូវកាន់តែសម។ ធ្វើឲ្យសហគមជាតិ អន្តរជាតិ ពិបាកនឹងបន្ទោសគណបក្សប្រជាជនណាស់។

ទី៣. គណបក្សប្រជាជន នឹងសម្រេចរុញតំណាងរាស្ត្រជាប់ឆ្នោតទាំង៥នេះ ចូលគុកដើម្បីប្រើប្រាស់៥នាក់នេះ ធ្វើជាវត្ថុដោះដូរការចចារ ដោយបង្ខំឲ្យសង្គ្រោះជាតិទម្លាក់ការទាមទាររបស់ខ្លួនចោលឲ្យអស់ ហើយព្រមដើរចូលសភា ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

នេះជាអ្វី ដែលគណបក្សប្រជាជនចង់បាន តែគណបក្សប្រជាជន ភ្លេចហើយថាភ្លើងមហាជនដែលរាបតែនឹងរលត់ទៅហើយនោះ បែរជាត្រូវគណបក្សប្រជាជន ទៅដុតឲ្យវាឆេះ សន្ធោរសន្ធៅ ឡើងមកវិញដែលកំសួល ភ្លើងពិបាកនឹងស្មានដល់។ សំនួរសួរថា តើមេខ្យល់ ចង់ឲ្យបក់ទៅទិសណាពេលនេះ? ខ្លាចតែឆេះដល់វិមានឯករាជ្យទេ? ឬក៏ពេលនេះ វាដល់ ពេលដែលហ្វូងចៀមបកស្បែកខ្លា? នេះជា នយោបាយអត្តឃាត សម្រាប់ជំរុំទេវតាខ្លួនឯង។

សូរ សមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com កំពង់ឆ្នាំង 16/7/2014

រាជបុត្រក្រៅច្បាប់

កំណើតបុត្រាទី ៥ បានកើតចំពេលដែលបច្ចេកវិជ្ជាដើរទៅមុខជឿនលឿនយ៉ាងរហ័ស។អ្វីៗមិនដូចពីជំនាន់ ដើមទេ មានបច្ចេកវិជ្ជាជាច្រើនដែលបានបម្រើផលប្រយោជន៍សំរាប់មនុស្ស។តួយ៉ាងដូចជាប្រព័ន្ធសង្គម ហ្វេសប៊ុគ ដែលអាចធ្វើឲ្យមនុស្សពីមិនដែលស្គាល់គ្នាសោះបែរជាស្គាល់គ្នា។ អ្នកខ្លះក្រោយពីស្គាល់គ្នាហើយ ក៏បានឈានទៅស្រឡាញ់គ្នាឯអ្នកខ្លះទៀតស្រឡាញ់គ្នាហើយក៏បែរជាបែកបាក់ស្អប់គ្នាទៅវិញក៏មានដែរ។ ហើយអ្នកខ្លះមិនដែលស្គាល់គ្នាសោះក៏អាចមកឈ្លោះគ្នានៅលើប្រព័ន្ធសង្គមដ៏ធំមួយនេះ ដោយព្រោះតែ មានការគិតខុសគ្នា។តែយ៉ាងណាក្នុងនាមឈាមជ័រពូជពង្សតែមួយ យើងគួរណាហ៊ានទទួលយកនូវអ្វី ដែលជាការរិះគន់ដើម្បីប្រយោជន៍ជាតិ។

កំណើតបុត្រាទី ៥ នេះមានលក្ខណៈពិសេសជាងគេព្រោះជិតដល់ខួប ១ឆ្នាំរបស់ខ្លួនទៅហើយ នៅតែមិន ទាន់បានចុះសំបុត្រកំណើតទៀត ដោយសារមិនទាន់ចុះសំបុត្រកំណើតនឹងហើយបានជាគេហៅថាកូនឥត ខាន់ស្លាមិនស្របច្បាប់។ រហូតពេលខ្លះកូននេះគេហៅថាជាកូនមិនគ្រប់ទឹកទៀតក៏មានដែរ។មិនទាន់ ស្របច្បាប់ ដោយសារឪពុកម្តាយវាកំពុងជជែកគ្នារកខុសត្រូវថាតើកូននឹងជាកូនរបស់ខ្លួនទាំងពីរនាក់ឬអត់?ប្រពន្ធថាមែន ប្តីថាមិនមែន។ ប្តីចង់ធ្វើតេស្ត DNA បញ្ជាក់ការពិតតាំងពីកើតមកម្ល៉េះតែប្រពន្ធមិនព្រម។ ដោយប្រពន្ធអាងខ្លួនជាកូនអ្នកមាន មានឪពុកជាឧត្តមសេនីយ៍កាន់ទ័ពពេញដៃឯម្តាយវិញជាមន្រ្តីថ្នាក់ខ្ពស់ ក្តាប់កិច្ចការរដ្ឋហើយមានបងប្រុសជាអ្នកកាន់សេដ្ឋកិច្ចនគរគ្រប់គ្រងលើមន្រ្តីជាង ៤០ម៉ឺននាក់ផងនោះបែបនេះហើយទើបនាងជាប្រពន្ធមិនខ្លាចប្តី មានសិទ្ធិអំណាចខ្លាំងធ្វើអ្វីស្រេចចិត្ត។ឯប្តីវិញមានការអាក់អន់ ស្រពន់ចិត្ត ព្រោះតែមិនជឿជាក់លើប្រពន្ធរបស់ខ្លួន ត្បិតអីប្រពន្ធនេះធ្លាប់មានប្តី ២រួចទៅហើយ។

មានពាក្យ ១ឃ្លា ពោលថា បើខ្លួនមិនបានធ្វើខុសតើទៅខ្លាចអី?កាលនោះ បើនាងជាប្រពន្ធយល់ព្រម ធ្វើតេស្ត DNA ដើម្បីបញ្ជាក់អោយប្តីអស់ចិត្តនោះ នឹងមិនមានរឿងតភាគរហូតមកដល់សព្វថ្ងៃនេះទេហើយគ្រួសារមួយនេះនឹងរស់នៅបានសុខ ខិតខំរកស៊ីបង្កើនសេដ្ឋកិច្ច មានសុភមង្គលគេឯងកោតស្ញប់ស្ញែង អ្នកជិតខាងក៏មិនសូវហ៊ានមើលងាយដែរ។តែខ្លាចថានាងជាប្រពន្ធនោះក្បត់ប្តីមានសាហាយមែន ទើបមិន ហ៊ានធ្វើតេស្តបញ្ជាក់ការពិត?។!មិនខ្មាស់គេទេឬ ពេលដែលដើរចេញទៅក្រៅម្តងៗ ញាតិជិតខាង ពីដើម ភូមិដល់ចុងភូមិគេពេបជ្រាយមើលលើមើលក្រោម?គ្រួសារមួយដែលមិនទុកចិត្តគ្នា ច្បាស់ណាស់រស់នៅមិន ចុះសម្រុងគ្នាទេ ប្រាកដជា ១ថ្ងៃ១ថ្ងៃ គិតតែពីរករឿងឈ្លោះគ្នា ហើយនឹងងាយបែកបាក់គ្នាណាស់។ ឥឡូវប្តីបន្ទន់ឥរិយាបថហើយថាមិនបាច់ធ្វើ DNA ក៏បានដែរអោយតែអូនព្រមសច្ចាអោយបងថាកូននេះ ជាកូនរបស់បងទៅគឺបានហើយ។ ត្រឹមតែពាក្យប៉ុន្នេះនាងជាប្រពន្ធនៅតែមិនព្រមនិយាយអោយប្តីអស់ ចិត្តទៀត។

គេថាសារជាតិជាចោរដាច់ខាតគឺត្រូវតែលួចទោះលួចមិនបានច្រើនក៏បានតិចដែរ វាប្រសើរជាជាងអត់។ អំពើ អាក្រក់មិនសូវរំលងទង្វើល្អដើរវាង បើជាតិក្រោយមានពិតមែន មិនដឹងសងបាបកម្មទាំងនេះប៉ុន្មានជាតិទេ ទើបអស់។តែណាស់ហ្ហើយ៎ នេះគ្រាន់តែជាទ្រឹស្តីរបស់ព្រះពុទ្ធជាម្ចាស់តែប៉ុណ្ណោះ។ គ្មានអ្នកណាទៅដឹងទេថាតើខ្លួននឹងចុះនរក ឬ ឡើងឋានសួគ៍ទេពេលដែលស្លាប់ទៅ។ តែអ្វីដែលអ្នកកំពុងប្រព្រឹត្តនឹងត្រូវបានគេ មើលឃើញ ហើយកត់ត្រា ប្រវត្តិសាស្រ្តចារឈ្មោះអ្នកល្អ ឬ អាក្រក់តវង្សត្រកូលអាស្រ័យលើដៃអ្នក។ នាងជា ប្រពន្ធចេះតែបារម្មណ៍ព្រោះបើធ្វើតេស្តឈាមមែននោះ ខ្លាចថាមិនមែនជាកូនរបស់ប្តីពិតមែន ត្បិតអីខ្លួនធ្លាប់ទាក់ទងនឹងបុរសដ៏ទៃកាលពីមុននោះ ម្ល៉ោះហើយរឿងធ្វើតេស្តនេះនាងបដិសេធដាច់អហង្កា។ហើយ រឿងសច្ចាអោយប្តីអស់ចិត្តនោះទៀតសោត ក៏មិនហ៊ានព្រោះខ្លាចការស្បថបំពាននឹងនាំទុក្ខទោសមានបាប កម្មលំបាកដល់ខ្លួនទៅថ្ងៃក្រោយ។

ប្តីឃើញប្រពន្ធចេះតែបដិសេធនឹងខ្លួនបែបនេះក៏កាន់តែលំបាកចិត្ត ត្បិតអីឃើញកូនៗក្នុងគ្រួសារត្រូវលំបាក ព្រោះឪពុកម្តាយឈ្លោះគ្នាមើលមុខគ្នាមិនចំរាល់ថ្ងៃហើយម្យ៉ាងត្រូវអ្នកជិតខាងគេមើលងាយផងនោះ ក៏បន្ទន់ ឥរិយាបថបន្ថែមទៀត។ប៉ុន្តែមិនទាន់បាននិយាយប្រាប់ទៅប្រពន្ធផង នាងជាប្រពន្ធក៏សុំឪពុករបស់ខ្លួនអោយបញ្ជាទ័ពទៅចាប់សាច់ញាតិរបស់ប្តី ៧សន្តាន ដាក់ឃុំ ដើម្បីអោយប្តីមកអង្វរខ្លួនអោយដោះលែងជាថ្នូរនឹងការឈប់សួរដេញដោលរឿងកូនទៀត ដើម្បីបញ្ចប់រឿង ហើយនាំកូនទី ៥ នេះទៅចុះសំបុត្រកំណើតអោយក្លាយជាកូនស្របច្បាប់មានខាន់ស្លាដូចកូនមុនៗ។
ពេលនេះទៅហើយ ទោះចង់ឬមិនចង់ប្តីប្រហែលជាអាចធ្វើតាមប្រពន្ធពិតមែនហើយ ព្រោះជិត១ឆ្នាំមកនេះខាតសេដ្ឋកិច្ចគ្រួសារអស់យ៉ាងច្រើន ហើយកូនៗក៏លំបាកចិត្ត ញាតិសន្តានក៏ត្រូវមកវេទនាត្រូវគេចាប់ដាក់ឃុំនិង ត្រូវអ្នកជិតខាងមើលងាយផងនោះ មិនអាចអូសបន្លាយបែបនេះរហូតទេត្បិតប្រពន្ធគេមានឥទ្ធិពល ខ្លាំងជាង។ មើលទៅជិតដល់ថ្ងៃដែលបុត្រាទី ៥ត្រូវបានគេប្រថាប់ត្រាអោយក្លាយជាបុត្រមានខាន់ស្លាស្រប ច្បាប់ហើយ៕

ដោយ ខេមរា វិជ័យ
vichey.kh@gmail.com
ថ្ងៃទី ១៨/០៧/២០១៤