ធ្វើរបងត្រូវចងរបា ស្រាស់បន្លា កុំបិទផ្លូវខ្លួនឯង

ធ្វើរបងត្រូវចងរបា ស្រាស់បន្លា កុំបិទផ្លូវខ្លួនឯង
………………………………………………………
ខាង«សជ» ព្យាយាមធ្វើរបង គឺចង់បញ្ជាក់ឲ្យច្បាស់
ថា ចំណុចនិមួយៗធ្វើរបៀបម៉េច នេះហៅថារបង។
តែករណីអាចមានការថ្លោះធ្លោយប្រហែល១០% ដូចជារឿង កូនក្រមុំភ្ជាប់ពាក្យ ហើយត្រូវកូនកម្លោះសុំដេកជាមួយ។ព្រោះថា ជិតដល់ថ្ងៃការហើយ គង់តែក្លាយជាប្តីប្រពន្ធទេ!!!។ពេលបានខ្លួនហើយ កូនកម្លោះ ក៏រកលេសមិនចង់រៀបការវិញ ។
តើអាចទៅរូចទេ? តាមលទ្ធភាព គឺអាចទៅរួច ។សាកគិតទៅមើល៍ កែរដ្ឋធមនុញ្ញ គឺត្រូវឲ្យមានសមាកជិកសភា«សជ» ក្លាយជាសមាជិកស្របច្បាប់សិន។ស្រាប់តែពេលស្បថចូលសភារួចហើយ ស្រាប់តែ«ប្រជ»ថា
អញ្ចេះអញ្ចុះ…តើវាយ៉ាងម៉េចវិញ?នេះហៅថា របង គ្មានរបា?
ពេលនោះចង់ចូល ក៏អត់បានអី ចង់ចេញក៏ជាប់បន្លា(រាស្រ្តស្តីឲ្យ) នេះហៅថា ស្រាស់បន្លាបិទផ្លូវខ្លួនឯង។
ចឹងត្រូវចងរបារបៀបម៉េច?

ទី១៖ ត្រូវរៀបចំកិច្ចព្រមព្រៀងឲ្យហើយគ្រប់ជ្រុងជ្រោយ។បើ«ប្រជ» មិនព្រម គឺមិនចូលសភាជាដាច់ខាត។
ទី២៖ រកសាក្សី (របា) ដើម្បីបង្ខំឲ្យគូភាគីអនុវត្តកិច្ចព្រមព្រៀងទាំងនេះ។ គួរតែមានការចូលរួមពីសំណាក់ប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងថ្ងៃ២៣តុលា…នេះហៅថា«ចងរបា»។
បើ«ប្រជ» រកលេស អញ្ចេះអញ្ចុះ… បណ្តាប្រទេសហត្ថលេខីអាចបង្ខំ «ប្រជ»បាន។ ដូចគ្នាបើ«សជ» មិនព្រមធ្វើតាម ក៏ប្រទេសហត្ថលេខីទាំងនោះមានសិទ្ធិបង្ខំ« សជ»ដែរ។ ជាមួយគ្នានេះដែរ ត្រូវយករឿងនេះទៅពន្យល់ប្រាប់រាស្រ្តឲ្យបានកក់ក្តៅ ថា ខ្លួនមិនបានក្បត់ឆន្ទៈរាស្រ្តទេ។ បើ«ប្រជ»ក្បត់មិនព្រម ធ្វើតាមកិច្ចសន្យា យើងមានផ្លូវថយក្រោយវិញបាន។ រាស្រ្តនៅតែគាំទ្រ ថែមទាំងមានប្រទេសហត្ថលេខី ជាកម្លាំងការទូតទៀត…។
នេះហៅថា «ធ្វើរបងត្រូវចងរបា ស្រាស់បន្លាមិនត្រូវបិទផ្លូវ»

រឿង«ពងក្រហម»

រឿង«ពងក្រហម»
………………………
«អាពយ» (ឈ្មោះដាក់ឲ្យក្នុងសាច់រឿង) គឺជាជើងកាងប្រចាំភូមិមួយ។ នរណាមិនដឹងថា ពេលបាត់មាន់ បាត់ទា… គឺជាស្នាដៃរបស់អាពយ។
ប៉ុន្តែវាចេះគូរសមជាមួយចាស់ទុំណាស់ បើវាត្រូវចិត្ត។តែបើពេលណាវាមិនត្រូវចិត្ត សូម្បីតែលោកសង្ឃ ក៏វាចង្អុល់មុខដែរ…។

«អាពយ» តាមញ៉ែកូនក្រមុំអ្នកភូមិម្នាក់ជាច្រើនលើក ច្រើនសារមកហើយ ទម្រាំនាងព្រមទាំងទើសទាល់ក្នុងចិត្ត។ «អាពយ» ក៏ឲ្យចាស់ៗ ចូលស្តីដណ្តឹងទៅតាមផ្លូវច្បាប់ បង្គាប់បណ្តាការ រៀងថ្លៃគួរសម…។« អាពយ» យល់ព្រម ដោយគ្មានព្រឺរោមបន្តិចណាសោះ…។

គ្រាន់តែភ្ជាប់ពាក្យហើយភ្លាម «អាពយ»ទៅលេងផ្ទះខាងស្រី ជាញឹកញាប់…។ ពេលមួយនៅស្ងាត់ពីរនាក់ ស្រាប់តែ«អាពយ»ចាប់ផ្តើមសួរនាំ…

អាពយ៖ បងស្រឡាញ់អូនណាស់។ តើឲ្យបងសុំថើបមួយបានទេ?
នាងព្រីង៖ មិនបានទេ ចាំរៀបការរួចហើយសិន អូនជារបស់បងហើយ!។
អាពយ៖ យូរដល់ហើយ!!! យើងគង់តែជាប្តីប្រពន្ធនឹងគ្នា មានអីខុសគ្នាទៅ…?

«អាពយ»បានខិតខំលូងលោមនាងព្រីងទាល់តែនាងព្រីងបាក់ចិត្ត ព្រមប្រគល់ខ្លួនប្រាណឲ្យ«អាពយ»តែម្តង។

…៦ខែក្រោយមក… នាងព្រីងក៏ពោះធំ។ «អាពយ» ក៏រកលេសផ្តាច់ពាក្យ ដោយយកលេសថា៖…នាងព្រីងមិនស្មោះត្រង់មានផ្ទៃពោះមុនថ្ងៃរៀបការ។ទោះនាងព្រីងពន្យល់ប្រាប់ហេតុផលយ៉ាងណា ក៏គ្មានរណាជឿដែរ..។ ចុងបញ្ចប់នាងព្រីងបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកស្តាយក្រោយប៉ុណ្ណោះ…។

នេះហៅថា «ធ្វើរបងអត់ចងរបា ស្រាស់បន្លាបិទផ្លូវខ្លួនឯង»

ចំណេញ ឬខាត?

ចំណេញ ឬខាត?
————-
បន្ទាប់ពីមានកិច្ចចរចាសម្របសម្រួលនយោបាយគ្នារវាងមេទ័ពធំៗប្រចាំនគរព្រះអាទិត្យ ជាមួយនឹងក្រុមសេនាធិបតីជំរំទេវតា នៅថ្ងៃទី២២កក្កដាកន្លងទៅហាក់បញ្ជាក់ឲ្យឃើញថា កងទ័ពក្រៅជំរំនគរព្រះអាទិត្យខ្លះមានការអស់សង្ឃឹមលែងចង់ចេញច្បាំង ដោយគិតថាខ្លួនបានចាញ់បោកសេនាប្រមុខ និងខ្លះទៀតក៏ខំបន្តក្ដីសង្ឃឹមដើម្បីត្រៀមខ្លួនច្បាំងនៅសមរភូមិក្រោយទៀត។ អ្វីដែលមេទ័ពទាំងអស់របស់នគរព្រះអាទិត្យកំពុងតែបារម្ភ គឺក្រុមម្ខាងដែលអស់ជំនឿលើខ្លួន ខ្លាចក្រែងអ្នកទាំងនោះបំផុសបំផុលអ្នកឯទៀតឲ្យឈប់គាំទ្រទាំងស្បៀង និងសម្ភារៈដល់នគរដើម្បីបន្តដំណើរការក្នុងជំរំ ដើម្បីត្រៀមសង្គ្រាមនៅលើកក្រោយៗទៀត។

ទោះបីជាលទ្ធផលនៃការចរចាបញ្ចប់សង្គ្រាម បានធ្វើឲ្យប្រជានុរាស្ត្រក្នុងអាណាចក្រទាំងមូលលែងកង្វល់ហើយក្ដី តែកងទ័ពនគរព្រះអាទិត្យចេះតែបារម្ភ ក្រែងលោថ្នាក់ដឹកនាំរបស់គេចាញ់កល ថ្នាក់ដឹកនាំជំរំទេវតា ព្រោះនៅក្នុងប្រការមួយចំនួននៃកិច្ចព្រមព្រៀង ហាក់ដូចមិនបានធានានូវសមភាពរវាងភាគីទាំងពីរ រួមមានក្រុមទេវតាទទួលបានតំណែងធំប្រាំពីរ លើសខាងព្រះអាទិត្យមួយ។ រីឯសមាសភាពនៃគណៈកម្មការពិជ័យសង្គ្រាមវិញ មាន៤:៤ និង១ ត្រូវជ្រើសរើសជាឯកច្ឆ័ន ប៉ុន្តែក្នុងករណីរើសម្នាក់នោះមិនបាន នឹងត្រូវប្រើគណៈកម្មាធិការចាស់ដែលលំអៀងទៅខាងជំរំទេវតា។
ដូចនេះខាងនគរព្រះអាទិត្យ នឹងត្រូវស្របតាមជំរំទេវតា នោះអ្នកដែលខាត គឺនគរព្រះអាទិត្យខាតទាំងអ្នកគាំទ្រ ខាតទាំងផលប្រយោជន៍ រីឯជំរំទេវតាចំណេញទាំងអំណាចក្នុងរាជការ និងអំណាចក្រៅរាជការ។

ដោយ៖ អ្នកនយោបាយវ័យក្មេង

ចាញ់!ឈ្នះ! ខុសពី ឈ្នះ!ឈ្នះ!

ក្រោយការបោះឆ្នោត ២៨ កក្កដា ២០១៣ បក្សទាំងពីរសុទ្ធតែឈ្នះរៀងៗខ្លួន។ តែក្រោយ២២ កក្កដា ២០១៤ បក្សទាំងពីរ អ្នកខ្លះយល់ថា បក្សនេះ ឬបក្សនេះឆ្នះជាដើម តែសម្រាប់ខ្ញុំ គិតថា បក្សទាំងពីរ ចុះចាញ់រៀងៗខ្លួន ហើយអ្នកដែលចាប់បផ្តើមឈ្នះបណ្តើរៗ គឺរាស្រ្តប្រជា។
មហាជនរាប់ម៉ឺននាក់ ទាំងក្នុង និងក្រៅ ទាំងអ្នកចេះ(បណ្ឌិតក្រវាត់ករ) និង អ្នកមិនច្បាស់(តាមតែគេ) បានរិះគន់យ៉ាងចាស់ដៃដោយពីលទ្ធផលនៃកិច្ចព្រមព្រៀង នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ក្រោយពីការជួបពិភាក្សារកដំណោះស្រាយរួមមួយរវាងបក្សទាំងពីរគឺ((ប.ជ.) និង(ស.ជ.)) ។ យើងសូមធ្វើការបែងចែកមហាជនទាំងពីរនេះជាពីរគឺ៖
១. អ្នកដែលមិនយល់ពីសភាពការណ៍ ឬស្ថានការណ៍នយោបាយ៖ និយាយពាក្យពិត គឹក្រុមតចៀកស ព្រោះ ១.ដោយចំនេះដឹងរបស់ពួកគេនៅមានមានកំរិត មិនចេះពិចារណា ត្រិះគិតឱ្យបានគ្រប់ជ្រុងជ្រោយ ឬ ២.មានចំណេះដឹងគួរសមដែរ តែដោយអំនួត ប្រមាថ អ្នកដទៃ ថា មានតែអញ ក្រៅពីនោះមិនកើត អ្នកដែលមិនស្តាប់ អញ អ្នកនោះមិនត្រូវ ឬធ្វើអ្វីក៏ខុស(អញនិយម)។ តែក្រុមនេះរិះគន់ គឺក្នុងន័យខ្លាច ឬព្រួយបារម្មណ៍ មូលហេតុគឺខ្លាច មុខ ខ្លាចក្រោយ តក់ក្រហល់ តែមិនគិតវែងឆ្ងាយ និងយូរអង្វែង។
២. ក្រុមឆ្លៀតឱកាស ឬដឹងតែធ្វើជាមិនដឹង ក្រុមនេះ ទោះជាយល់ ឬពុំយល់ក្តី គេមិនគិតឡើយតែ គិតតែរឿងម្យ៉ាងគឺបំបែកបំបាក់ ដើម្បីបន្ថយឥទ្ធិពលកម្លាំងសង្រ្គោះជាតិ ដែលអាចឈានទៅបង្កើតបក្សថ្មីមួយទៀត ដែលយកលេសគ្រប់បែបយ៉ាង ក្រុមនេះ ១.អាចជាក្រុមមួយដែលជាកូនអុកមួយរបស់(គូបដិបក្ស) ឬជាក្រុមមួយដែលមានទស្សនៈផ្សេងទៀត។ល។ (យើងអាចប្រើពេលវេលាដើម្បីធ្វើបញ្ជាក់ពីសកម្មភាព និង រឿងពិតនៅពីក្រោយតាមរយៈសកម្មភាពមួយចំនួន)។
យ៉ាងណាក៏ដោយចុះ ការព្រួយរិះគន់គ្រប់បែបយ៉ាងមិនជាអាក្រក់ទាំងអស់នោះទេ។ ការព្រួយបារម្ភ ការរិះគន់នេះ ក៏ជាទន់ ឬ ជាកញ្ចក់មួយសម្រាប់ការឆ្លុះបញ្ចាំងផងដែរ សម្រាប់បក្សត្រៀមដឹងនាំថ្មីមួយនោះ។ ដើម្បីឈានៅរកជ័យជម្នះអាណត្តិក្រោយ ការពិតណាស់ការនៅខាងក្រៅពិតជាមិនមែនជម្រើសល្អឡើយសម្រាប់បក្សសង្រ្គោះជាតិ។ បក្សសង្រ្គោះជាតិ តាមពិតចាប់តាំងពីមានការបង្រួបបង្រួមពីរបក្សផ្សេងគ្នា (សិទ្ធិមនុស្ស) និង (សមរង្ស៊ី) ឱ្យក្លាយជាបក្សតែមួយ គឺគណបក្សសង្រ្គោះជាតិមក កម្លាំងកើនឡើងទ្វេដង អាចនិយាយបានថា ឈ្នះរួចទៅហើយ ដោយយោងទៅតាមរយៈ ការហ៊ានចេញមុខគាំទ្រដោយចំហរបស់មហាជន យុវជន អាជីវករ កម្មករ កសិករ ព្រះសង្ឃ សិស្សនិស្សិតមួយចំនួន និងមន្រ្តីរាជការមួយចំនួនផងដែរ ។ កម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពីមុនមានតែបក្សប្រជាជនប៉ុណ្ណោះដែលមាន តែ២០១៣នេះ មានតែសង្រ្គោះជាតិប៉ុណ្ណោះ ដែលមាន(ទាំងឃោសនា ទាំងបាតុកម្មនានា)។ កម្លាំងទាំងនេះបង្ហាញថា បក្សដែលឈ្នះពិតប្រាកដ គឺសង្រ្គោះជាតិ។ ថ្ងៃ២២ កក្កដា ២០១៤ កិច្ចចរចាមួយបានព្រមព្រៀងឡើង ដែលបង្ហាញថា សង្រ្គោះជាតិចុះចាញ់ (នឹកដល់ឈុតមួយក្នុងរឿងនគរទាំងបី ក្នុងពេលជូកឺខុងមិញជួបជាមួយស៊ុនឈាននិយាយពីការចរចាជាមួយឆាវឆាវ ៖ “ចរចា ស្មើនឹងពាក្យចុះចាញ់ គ្រាន់តែប្រើពាក្យឱ្យពិរោះតែប៉ុណ្ណោះ” ។
ត្រង់នេះ ថ្វីត្បិតតែបក្សទាំងពីរមានចំនុចខ្លាំងរៀងៗខ្លួន តែបក្សទាំងពីរបានចុះចាញ់ម្នាក់បន្តិចទៅហើយ ។
បក្សប្រជាជនថ្វីត្បិតតែ ព្រមបោះបង់តំណែង និងកែសម្រួលនីតិវិធីខ្លះ ចំនុចមួយចំនួន នៅតែព្យាយាមចងដើម្បីទប់ខ្លួនដែរ។ ឧទាហរណ៍ តំណែងតួនាទីក្នុងសភា ខ្លះ (អនុប្រធានសភា, គណកម្មាធិការ៥ ក្នុងចំណោម១០ តែជ្រើសរើសគណកម្មការសំខាន់ៗ និងនៅតែគ្រប់គ្រងប្រធានសភាដដែល) កែប្រែច្បាប់ នីតិវិធីរៀបចំការបោះឆ្នោត សមាសភាពគណកម្មាការរៀបចំបោះឆ្នោត។ល។ យ៉ាងណានៅតែព្យាយាមចងដើម្បីទប់ និងការពារខ្លួន។ ម្យ៉ាងទៀត ប្រសិនបើមិនបោះបង់ខ្លះ បក្សប្រជាជនខ្លួនឯង នឹងគ្មានផ្លូវ ឬរកផ្លូចុះមិនឃើញ។ ម្យ៉ាងទៀត មួយស្នៀតនេះ ក៏ដើម្បីកាត់បន្ថយការគាំទ្របក្សសង្រ្គោះជាតិដែរ ដោយបំបែក(លើកអនុប្រធានបក្សសង្រ្គោះជាតិ) វាយប្រហារទឹកចិត្តអ្នកគាំទ្របក្សសង្រ្គោះជាតិតាមរយៈលទ្ធផលនៃការចរចា ។ល។ ដូចនេះ ដើម្បីការពារខ្លួន និងដើម្បីបញ្ចុះឥទ្ធិពល ឬកម្លាំងគាំទ្របក្សសង្រ្គោះជាតិ ឬ ដើម្បីបំពេញការទូត(ជំនួយអន្តរជាតិផ្សេងៗ) ធ្វើឱ្យរាជរដ្ឋាភិបាលស្របច្បាប់ និងដើម្បីទុកឱកាសកែប្រែកំហុស(កំណែទម្រង់ ឬយកចិត្តអ្នកគាំទ្រ) បក្សប្រជាជនត្រូវតែចរចា(ចុះចាញ់) ដើម្បីឈ្នះថ្ងៃក្រោយទៀត។
ចំពោះបក្សសង្រ្គោះជាតិវិញ ថ្វីត្បិតតែឈ្នះ(យកចិត្តមហាជនបាន)ក៏ពិតមែន តែមិនទាន់ឈ្នះបាន១០០%ឡើយ ដោយការទូត រចនាសម្ព័ន្ធ ការគ្រប់គ្រង និងដឹកនាំនៅមានភាពខ្វះចន្លោះប្រហោង ឧទាហរណ៍ បក្សពីរបញ្ចូលតែមួយ សកម្មជននៅមានគំនិតបែងចែក ម្ខាង”ក” ម្ខាង”គ” អួតអាងរៀងៗខ្លួនថាខ្លួនខ្លាំង អ្នកគាំទ្រថ្វីត្បិតតែគាំទ្រ តែតាមពិតមិនមានសិទិ្ធ ឬគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត តំបន់ខ្លះថ្វីត្បិតតែមានការគាំទ្រច្រើនតែ អ្នកសង្កេតការខ្វះសមត្ថភាព ឬខ្លះទៀតជាចារកម្ម(ជនបង្កប់របស់ប្រ.ជ) កម្លាំងបាតុកម្ម ថ្វីត្បិតខ្លាំង តែលទ្ធផល បានពីបាតុកម្មគ្មានផលល្អ ការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ធ្ងរ អន្តរាគមន៍ពីអន្តរជាតិថ្វីត្បិតតែមានតែ មិនមានប្រសិទ្ធភាព ព្រោះអន្តរជាតិគិតពីផលប្រយោជន៍ការទូតរបស់គេជាង ជួយសង្រ្គោះជាតិ តែបើទោះជាមានខ្លះក្តី យើងឃើញត្រឹមជាការកាត់ជំនួយ ឬ គំរាមកាត់ជំនួយ ធ្វើឱ្យអ្នកដែលរងគ្រោះពិតប្រាកដនោះគឺរាស្រ្ត (មហាជនជាពិសេសអ្នកក្រីក្រ ឬអ្នកគាំទ្រសង្រ្គោះជាតិផ្ទាល់តែម្តង) កម្លាំងមហាជន ត្បិតតែច្រើន តែកម្លាំងមន្រ្តីរាជការ ប៉ូលីស ទាហាន កងប្រដាប់អាវុធ មិនទាន់លះបង់ គាំទ្រនិងចេញមុខនៅជាមួយមហាជន ឬសង្រ្គោះជាតិនៅឡើយ តែបើចង់រុញដូចបណ្តារប្រទេសនានា(អេស៊ីប លីប៊ី…) អ្នកដែលរងគ្រោះ និងខូចខាតពិតប្រាកដគឺខ្មែរ ហើយវាជាឱកាសសម្រាប់ប្រទេសជិតខាង នៅទៅបញ្ចប់ការបោះឆ្នោតនៅតែបោះដដែល សកម្មជន តំណាងរាស្រ្ត របស់សង្រ្គោះជាតិថ្វីត្បិតពេលនេះមិនទាន់ខ្វះខាត តែថ្ងៃក្រោយនឹងជួបបញ្ហា ព្រោះដោយតំណាងរាស្រ្តគ្មានថវិការធ្វើការបន្ត បើនៅតែបន្តមិនចុះចាញ់ បក្សប្រជាជននៅតែដឹកនាំ ច្បាប់នៅតែមិនកែ សមាសភាព គ.ជ.ប នៅតែមិនបានកែ ២០១៨ នឹងមកដល់ សង្រ្គោះជាតិចូលរួមបោះឆ្នោតឬមិនចូលរួម? តែបើចូលរួមច្បាស់ណាសនៅតែចាញ់ សកម្មជន ថ្នាក់ដឹកនាំ(តំណាងរាស្រ្តគ្មានអភ័យឯកសិទ្ធិ)ក្លាយជាក្រុមមិនស្របច្បាប់ រាជរដ្ឋាភិបាលក៏មិនស្រប់ច្បាប់ អំពើចោរកម្ម អសន្តិសុខក៏កើតមាន ការំខានដល់ធ្វើនយោបាយក៏កើតមាន តើសង្រ្គោះជាតិមានពេលឯណាចូលដល់មូលដ្ឋានជួបម្ចាស់ឆ្នោត? ។ល។
ដូច្នេះហើយ ដើម្បីជោគជ័យ បង្រួបបង្រួមជាតិ មិនបង្ហូរឈាមខ្មែរ និងដោយស្របច្បាប់នោះ សង្រ្គោះជាតិត្រូវតែជ្រើសយកជម្រើសមួយដោយឈ្លាសវៃ គឺ”ចាញ់!ឈ្នះ!”។ ចុះចាញ់ថ្ងៃនេះដើម្បីខ្មែរឈ្នះ ចុះចាញ់ថ្ងៃនេះដើម្បីឈ្នះថ្ងៃក្រោយ ។ តែក្នុងកាលៈទេសៈនេះ សង្រ្គោះជាតិត្រូវឆ្លាតវៃក្នុងការចរចា ព្រោះក្នុងទ្រឹស្តីប្រជាធិបតេយ្យ គឺផលប្រយោជន៍រាស្រ្តប្រជា។ សង្រ្គោះជាតិត្រូវប្រើ ប្រាស់នូវអ្វីដែលខ្លួនត្រូវទទួលបាន ឬទាមទារយកបាន ហើយប្រើប្រាស់ឱ្យមានប្រយោន៍ពិតប្រាកដ។ ឧទាហរណ៍ ធ្វើ ឬកែប្រែច្បាប់ នីតិវិធីនៃការបោះឆ្នោត សមាសភាពគ.ជ.ប ឱ្យឯករាជ្យ រៀប ឬកែសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោតឱ្យត្រឹមត្រូវឡើងវិញ រៀបចំរចនាសម្ព័ន្ធរបស់គណបក្សឱ្យរឹងម៉ាំ និងមានវិន័យ បណ្តុះបណ្តាល់ ពង្រឹងសមត្ថភាពអ្នកសង្កេតការណ៍ ។ល។ ក្រៅពីនោះ ត្រូវប្រើសមាសភាពតួនាទីក្នុងសភា ដោយបម្រើផលប្រយោជន៍រាស្រ្តឱ្យឃើញជាក់ស្តែង និងពិតប្រាដក។ ប្រើអំណាចក្នុងសភា ដើម្បីពង្រឹងច្បាប់ ដោយដេញដោល តាមដាន ការប្រតិបត្តិរបស់រដ្ឋាភិបាល អំពីប្រសិទ្ធភាពគណនេយ្យភាព តម្លាភាព តាមរយៈកោះហៅ ធ្វើញត្តិស្តីបន្ទោស បង្ហាញពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល ក្នុងគោលបំណងបម្រើរាស្រ្តប្រជាពិតប្រាកដ។ ធ្វើដូចនេះ ក្នុងរយៈពេលរហូតដល់ការបោះឆ្នោតជាថ្មី សង្រ្គោះជាតិនឹងយកជ័យជំនះបានក្នុងពេលខាងមុខ និងដោយសន្តិវិធី ស្របច្បាប់ ដោយកិត្តិយស ឯកភាពជាតិជាក់ជាមិនខាន។
យ៉ាងណាក្តី ជ័យជំនះបានឬមិនបាន អាស្រ័យទៅលើថ្នាក់ដឹកនាំដ៏ឆ្លាតវៃរបស់សង្រ្គោះជាតិ ថាតើចេះប្រើប្រាស់ប្រយោជន៍នៃការចរចានេះ ឱ្យមានប្រសិទ្ធិភាពយ៉ាងណា។
ចំណែកឯអ្នកគាំទ្រវិញ ទោះបីជាការរិះគន់ មិនអាក្រក់ ឬអាក្រក់ក្តី ត្រូវឆ្លាតវៃក្នុងការរិះគិត និងស្វែងរក ឬស្តាប់ការបកស្រាយដោយការពិចារណារ ហើយមិនត្រូវជ្រួលច្របល់ឡើយបើខ្លួនមិនទាន់យល់ពីការពិត។
“ ជ័យជម្នះបានដោយហិង្សា វានឹងកើតជាការសងសឹក ដោយហិង្សាទៅវិញ” ។
រៀបរាប់ និងធ្វើការបញ្ចេញយោបល់ដោយចំណេះដឹងតិចតួចទុកជាទស្សនៈទាន។

ពី៖ កូនកសិករពីអតីតក្រុងចាស់អង្គរបូរី(នគរគោកធ្លក) សព្វថ្ងៃខេត្តតាកែវៈ” Kon Khmer ”

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ
…………………………………………..
ឥឡូវឃើញថា «របង» ក៏បានធ្វើខ្លះៗហើយដែរ។ឯ«របា» ក៏បានចងខ្លះៗ ទោះមិនទាន់បានរឹងមាំ តែឃើញថាមានគម្រោងធ្វើជាបន្តបន្ទាប់យ៉ាងសកម្ម…។ តែរឿង«ស្រាស់បន្លា» ដើម្បីកុំឲ្យមាន់ចូលជាន់ខ្ទឹមនោះ ក៏មិនទាន់ឃើញនៅឡើយទេ។
មិនត្រឹមតែមិនទាន់ស្រាស់បន្លា ការពារមាន់ទៅកាយរងខ្ទឹមប៉ុណ្ណោះទេ… «សជ» នៅចង់ស្រាស់បន្លាបិទផ្លូវខ្លួនឯង តាមរយៈយកកូនស្រីលោកកឹម សុខា មកធ្វើការក្នុង «គជប»ទៀត។ នេះគេហៅថា «ឪពុក អ្នកប្រដាល់ កូនជាមេអាប៊ីត»
… រឿងនេះបើគេមិនសើចរយះមាត់ ទើបវាចម្លែក។

ក្រៅពីនេះនៅមានរឿងមួយទៀត ដែលធ្វើឲ្យ«ខ្ទមអុក» ភ័យប្រហោងពោះ គឺរឿង«… ខ្លាចតែទូកបាក់ច្រវា ពេលទឹកកំពុងហូរ»នោះទេ!!!
រឿងសមាសភាព វិរៈជនទី៩ ដែលជាលោកស្រី «ពុង ឈីវហ្គេក» ។គឺពិតជាសំណាងរបស់នគរខ្មែរ ហើយក៏ជាសំណាងរបស់រាស្រ្តខ្មែរដែរ។ទោះបី «ខ្ទមអុក»សង្ស័យលើខ្លួនឯង ក៏យើងមិនសង្ស័យ លើមនសិការស្នេហាជាតិ និងឆន្ទៈ មុតស្តួច និងជ្រាលជ្រៅរបស់លោកស្រីដែរ។
តែនរណាទៅដឹងថា នៅពេលខាងមុខនឹងមានរឿងអីកើតឡើង? ចុះបើលោកស្រី រងសម្ពាធខ្លាំងរហូតដល់ឈឺចិត្ត សុំដាក់ពាក្យលាលែងពីដំណែង… តើ«គជប» មិននៅសល់មនុស្សត្រឹមតែ «៤ ទល់ ៤»ទៅហើយទេ? បើ «៤ ទល់៤» តើការសម្រេចចិត្តមិនជាប់គាំងទៅហើយទេ? បើ«គជប»គាំង តើ សភាចេញកើតឬទេ? បើសភាចេញមិនកើត តើរដ្ឋាភិបាលចេញកើតឬទេ? ចុងបញ្ចប់ គឺធ្លាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកអារកាត់បញ្ហាទាំងនេះ ដែលសុទ្ធតែជាមនុស្ស របស់បក្សប្រជាជន។តើត្រូវគិតយ៉ាងណា???

រហូតមកដល់ពេលនេះនៅមិនទាន់ឃើញគេលើកនិយាយពីចំណុចនេះនៅឡើយទេ។

មុនពេលសមាជិកបក្ស«សជ»មិនទាន់ចូលសភានៅឡើយ «សជ» នៅតែជាកូនក្រមុំដ៏ស្រស់ស្អាត សម្រាប់បក្ស«ប្រជ»។ ដូច្នេះគួរតែឆ្លៀតឱកាសនេះ ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ផង។ បើសិនជាអាច គួរតែរើស«បេក្ខជនបម្រុង»ទុក២ ឬ ៣នាក់សម្រាប់វិរៈជនទី៩ជាស្រេចក្រែងមានការថ្លោះធ្លោយនៅថ្ងៃក្រោយ…។

«ខ្ទមអុក» គ្រាន់តែចង់ឃើញការបោះឆ្នោតមួយ ដែលបានឆ្នុះបញ្ចាំងពីឆន្ទៈរាស្រ្ត ពិតប្រាកដ ហើយគ្មានហានិភ័យក្នុងពេលដំណើរការនៃស្ថាប័ន «គជប» ដែលជាស្ថាប័នធម្មនុញ្ញដ៏សំខាន់ នៅក្នុងបរិបទនយោបាយខ្មែរនេះប៉ុណ្ណោះ។

អាចោរក្នុង! អាចុងខ្នោរ

កាលពីប៉ុន្មានថ្ងៃមុន ឃើញការជួបចរចាថ្នាក់កំពូល រហូតដល់ការឆ្លើយឆ្លងលិខិតស្នាមរវាងបក្សទាំងពីរដើម្បីជ្រើសរើសបានសមាជិកទី៩សម្រាប់”គជប”ថ្មី ធ្វើឲ្យអ្នកតាមដានសភាពការណ៍ស្រុកទេសសប្បាយចិត្ត រីកថ្លើម ញញឹមបិទមាត់មិនជិតគ្រប់គ្នា។ប៉ុន្តែដល់ពេលពិនិត្យតាមដានកាន់តែយូរទៅ ឃើញថា នេះជាឆាកល្ខោននយោបាយបោកប្រាស់គ្នាទៅវិញទៅមកសោះ។អ្នកណា ក៏គេដឹងដែរថា មេដឹកនាំបក្សទាំងពីរជាអ្នកអញ្ជើញ លោកស្រីមកធ្វើជា សមាជិកទី៩ដែរ។គឺមិនមែនគាត់ជាអ្នកទទូចសុំធ្វើជាសមាជិកទី៩នោះទេ។អ៊ីចឹងបើឲ្យទៅភ្ជួរស្រែ ហើយគេមិនឲ្យនង្គ័ល មិនឲ្យរំពាត់សម្រាប់វាយគោក្របី…។តើធ្វើស្អីកើត???គាត់មិនមែនភ្ជួរមិនកើតនោះទេ គឺមិនភ្ជួរតែម្តង ព្រោះវាច្បាស់ជាមាន”ចុងខ្នោរ” ដែលមានចេតនាមិនចង់ឲ្យ “គជបថ្មី” កើតមានឡើង ឆាប់ៗនេះ។ ការបដិសេធថ្មីៗរបស់លោកស្រីទី៩ គឺធ្វើឲ្យម្ចាស់ស្រែរាប់លាននាក់(ម្ចាស់ឆ្នោត) កំពុងចាប់ផ្តើមស្តីបន្ទោសដល់មេការពីរនាក់(បក្សទាំង២)ក្នុងការគ្រប់គ្រងកសិដ្ឋាននេះកាន់តែខ្លាំងឡើងៗជាលំដាប់។ល្មមដល់់់ពេលយើងទាំងអស់គ្នា ដែលជាម្ចាស់ស្រែពិតប្រាកដប្រមូលកម្លាំងធ្វើយុទ្ធនាការដាក់ញត្តិ ដើម្បីជំរុញឲ្យបក្សទាំង២ផ្តល់អភ័យឯកសិទ្ធពិសេសដល់សមាជិកក្រុមប្រឹក្សាភិបាល”គជប”ឲ្យបានជាដាច់ខាត។បញ្ហារាំងស្ទះ និងល្បិចកលបំភាន់ភ្នែកគ្រប់បែបយ៉ាង គឺបណ្តាលមកពីអាមេការដុះស្លែ ក្បាលកំហូចពីនាក់(សជ និងប្រជ)ហ្នឹងហើយ ដែលតែងតែយកលេសមិនអស់ មិនហើយ ដើម្បីមិនឲ្យរាស្ត្ររើសយកបានអ្នកបម្រើ(គជប)ថ្មី ដែលមានស្មារតីទទួលខុសត្រូវខ្ពស់…ឲ្យបានល្អ និងឆាប់រហ័ស។ ពួកមេការទាំងនេះ បែរជាចង់ដាក់សាច់ញាតិ បងប្អូន កូនចៅបង្កើតរបស់បក្សពួកវាក្នុងកសិដ្ឋានយើងជាម្ចាស់ឆ្នោតទៅវិញ ដើម្បីងាយស្រួលបន្លំភ្នែក និងស៊ីភ្នែកជញ្ជីងយើងទាំងរស់ទៀតឬ??? ប៉ុន្មានថ្ងៃមុនយើងឃើញមានអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ មកដាក់ពាក្យ តែពួកវារកលេសនេះ លេសនោះ មិនចេះចប់ គឺច្បាស់ជាមិនចង់ឲ្យអ្នកបម្រើម្នាក់នេះ មកធ្វើការក្នុងកសិដ្ឋានយើង ដើម្បីធ្វើការឲ្យបានងាយស្រួល និងឆាប់រហ័សនោះទេ។ ពួកវាចង់ឲ្យអ្នកបម្រើម្នាក់នេះ ដកខ្លួនចេញ នឹងអាលពួកនេះដាក់បក្សពួកគ្នាវា ដើម្បីបន្លំ និងបញ្ឆោតយើងតទៅទៀត។ ពួកវាគិតថា៖ យើងភ្លើ យើងល្ងង់ខ្លៅ មើលមិនឃើញល្បិចកល របស់ពួកវាទាំងនេះហើយមើលទៅ?? ច្រឡំហើយអាវ៉ា ឯងចេញក៏ដឹង ឯងចូលក៏ដឹង គ្រាន់តែយើងស៊ូទ្រាំ កុំឲ្យខូចការធំប៉ុណ្ណោះ។ប៉ុន្តែមកដល់ពេលនេះយើងចង់ប្រាប់ពួកវាឲ្យដឹងថា៖បក្សទាំង២ត្រូវតែផ្តល់”អភ័យឯកសិទ្ធពិសេស” ដល់ក្រុមប្រឹក្សាភិបាល”គជប”ថ្មីដាច់ខាត គឺត្រូវតែលើសអភ័យឯកសិទ្ធអ្នក តំណាងរាស្រ្តទៅទៀត ព្រោះ”គជប”ជាអ្នកបង្កើតតំណាងរាស្រ្ត។ រឿងអីកូនត្រូវមានសិទ្ធជាងម៉ែឪ??? វាមិនដែលមាន ហើយក៏មិនគួរឲ្យមានដែរ!!។ត្រូវតែចងចាំរឿងនេះឲ្យច្បាស់!!។ មេការទាំង២នាក់នេះ ត្រូវតែប្រគល់ដាវអាជ្ញាសឹក(អំណាច) ស្កាកបញ្ជាមាស(អភ័យឯកសិទ្ធពិសេស គឺមិនអាចចាប់ចង ចោទប្រកាន់ ឬដកហូតសិទ្ធអំណាច) និងស្បៀងគ្រប់គ្រាន់ ដើម្បីកាន់កាប់កសិដ្ឋាននេះឲ្យបានល្អ មានប្រសិទ្ធភាព និងលទ្ធិផលអាចទទួលយកបានពីសំណាក់ម្ចាស់ស្រែ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពអ្នកទាំងនេះ។បើមិនបានដូច្នេះទេ មេការក្បាលខូចពីរបីនាក់នេះ ច្បាស់ជាត្រូវព្រនុងរបស់រាស្ត្រមិនខាន៕

 

«ខ្ទមអុក»

ចង្កឹះ​កេរ្ដិ៍​ឳ

_44057462_angkorwat_416300

“សាមគ្គីរស់ បែក​បាក់​សាមគ្គីស្លាប់”
“ចង្កឹះ​មួយ​បាច់គេ​កាច់​មិន​បាក់”

….ទាំង​នេះ​សុទ្ធ​សឹង​ជា​ពាក្យស្លោក​ដែល​ខ្មែរ​យើង​តែង​និយម​មក​ចង​ជា​បដា តាម​សាលា​រៀន តាម​ទីកន្លែង​ប្រជុំ តាម​ផ្លូវ​ថ្នល់ ដើម្បី​ដាស់​តឿន​សតិ​កូន​ខ្មែរ​អោយ​មាន​ការភ្ញាក់​រលឹកអំពី “សាមគ្គីភាព” រវាង​គ្នា។ ទន្ទឹម​នឹង​នោះ​ដែរ​​យើង​ក៏​មិនអា​ច​ដឹង​ប្រាកដ​ថា អ្នក​ដែល​បញ្ជា​អោយ​សរសេរ​បដា ទាំង​នោះ​គាត់​បាន​យល់ទៅ​ដល់​”បេះដូងដ៏​ស៊ីជម្រៅ​នៃ​ពាក្យ​សាមគ្គី” នោះ​ដែរ​ឬ​យ៉ាង​ណា? ព្រោះ​ថា​៖-
បើ​គ្រាន់តែ​ថា​ដូច​សត្វ​សេក ឬ​គ្រាន់​តែ​​បង្ហាញពាក្យ​ស្លោកជា​ក្រដាស​វា​គ្មានបាន​ផល​អ្វី​ធំដុំ​ដល់​ការ​អប់រំ​បណ្ដុះ​ផ្លូវ​ចិត្តរបស់​មនុស្ស​ទេ ក្រៅតែ​ពី​ស្ដាប់​ឬ​មើល​ហើយ ភ្លេច​ទៅ​វិញ​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ ត្រូវ​មាន​បេះ​ដូង​ពិត​ប្រាកដ ត្រូវមានភាព​ជា​គំរូ​ជាក់​ស្ដែង​ពិត​ប្រាកដ ដែល​មិន​មែន​ជា​ការ​សម្ដែងតែ​សម្បក​ក្រៅ ទើប​នោះ​ហៅថា “សាមគ្គីខ្មែរ​”។

​​​ ​ បងប្អូន​ធ្លាប់​ដឹង​ធ្លាប់លឺ មកខ្លះៗ​ហើយអំពី​គ្រួសារ​ធំៗ​មួយ​ចំនួន​។ ពេល​ដែល​មេគ្រួសារ​ស្លាប់​ទៅ អ្នកជំនាន់​ក្រោយ​បែក​បាក់​គ្នា​​ដោយ​សារ​ការ​លោភលន់ ដណ្ដើម​ទ្រព្យ​សម្បត្តិ​គ្នា មិន​​សុខ​ចិត្ត​រៀង​ខ្លួន  ជួលមេធាវី​រត់​ការ​ក្ដី​ក្ដាំ ចុះឡើងៗ ទំរាំ​តែ​ចប់​រឿង អ្នក​ខ្លះ​សល់តិចតួច អ្នក​ខ្លះជំពាក់គេ​ថែម​ទៀត ព្រោះថា​អ្វីៗ​សុទ្ធ​តែ​ត្រូវ​ចំណាយ។ កាន់​តែ​យូរ​កាន់តែ​ច្រើន ។ ម្នាក់ៗសុទ្ធតែ​ជាប់​សាច់​ឈាម​នឹង​គ្នា ហេតុអ្វី​ក៏​មិន​ចេះ​ស្រាលាញ់​គ្នា។ មិន​ចេះ​សាមគ្គីគ្នា។ តើ​មួយ​ជីវិត​នេះ មាន​ប៉ុន្មាន​ដង??

គ្រួ​សារ​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ​ មាន​ស្រែ​ចម្ការ មាន​មុខ​របរ កូនៗ​មាន​គ្រួសារ​រៀង​ខ្លួន។ ខ្លះ​ញុះញង់បញ្ឆេះ​ពី​ក្រោយ​ខ្នង ដោយ​សារ​តែ គំនិត​ខ្លី អាត្មា​និយម មិន​គិត​ពី​ប្រយោជន៏​រួម ពាក់​មុខ​យក្យ​ដាក់​គ្នា ដណ្ដើម​កេរ្តិ៍​មរតករបស់​ឳពុក​ម្ដាយ ។ ចំណង​គ្រួសារ​ត្រូវ​ប្រេះ​ស្រាំបែក​បាក់ ទីបំផុត ផ្ទះ​សម្បែង​ ស្រែ​ចម្ការ ទ្រព្យ​សម្បត្តិ មុខរបរ​ផ្សេង​ ត្រូវ​ធ្លាក់ទៅ​លើ​កណ្ដាប់ដៃ​អ្នក​ដទៃអស់ ដែលជា​ការ​គួរ​អោយ​សោក​ស្ដាយ​និង​ខ្សឹក​ខ្សួល​បំផុត។ បើ​កូនៗទាំង​នោះទទួល​ការ​អប់រំតាម​ផ្លូវ​ត្រូវ ចេះ​រួប​រួម​សាមគ្គីគ្នា មានអធ្យាស្រ័យគ្នា ជួយទ្រទ្រង់​មុខ​របរ យក​មរតកឪម៉ែ​ធ្វើជា​ដើម​ទុន អោយ​មាន​ចំណែក​រួម​គ្នា នោះផ្លែផ្កា​នឹង​កើត​មាន​ កេរ្តិ៍​មរតក​ក៏​មិន​បាត់ទៅ​ណា។

កេរ្តិ៏មរតក​ប្រៀប​ដូច​ដើម​ឈើ​ដែល​ឪពុកម្ដាយ​ដាំ​ទុក​អោយ។ ពេល​អស់​ពីឪពុក​ម្ដាយ​ទៅ បើ​កូន​ម្នាក់ទៅកាត់យក​ឬស កូន​ម្នាក់ទៅកាត់​យក​ស្លឹក ម្នាក់ទៀត​ទៅ​កាប់​យក​ដើម យក​មែក ដើម​ឈើនោះ​នឹង​ត្រូវ​ស្លាប់ដោយ​ការ​ដណ្ដើម​គ្នា ។ តែ បើ​គ្រប់គ្នា​នាំគ្នា​ស្រោច​ទឹក ដាក់ជីរ បោច​ស្មៅ ពូន​គល់ គេ​នឹង​បាន​ផ្លែផ្កាយក​មក​ចែក​គ្នា​បរិភោគ​តរឿង​ទៅ។

ប្រទេសជាតិ​ក៏​ដូច​គ្នា បើ​យើង​​យើង​មិនខំ​ផលិត ឬ​មិន​ព្រម​ធ្វើ​អ្វី​អោយ​កើត​ជា​ប្រយោជន៏ បែរ​ជា​នាំគ្នា​ប្រមែ​ប្រមូល កាត់រំលែកយក​មក​ធ្វើជា​សម្បតិ​ផ្ទាល់​របស់​ខ្លួន តើ​វាសនា​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ម្ចាស់​ស្រុក​ម្ចាស់​ប្រទេស នឹង​រំពឹង​អ្វី???

បងប្អូន​ទាំង​អស់​គ្នា​ជា​ទីគោរព! បង​ប្អូនប្រៀប​ដូច​ទៅនឹង រាង​កាយ​របស់​មនុស្ស ដែល​មាន​ក្បាល​មាន​ដង​ខ្លួន មាន​ដៃជើង និង​អវយវៈ​ផ្សេងៗ​ជា​ច្រើន ។ ភ្នែក​សម្រាប់​មើល​ត្រចៀក​សម្រាប់​ស្ដាប់ មាត់​សម្រាប់​និយាយនិង​បរិភោគ ឯច្រមុះសម្រាប់​ដក​ដង្ហើម ។ល។ តើធ្វើម្ដេច​នឹង​ជឿគេដោយ​ស្រួលៗ​នោះ??

អវយវៈនីមួយៗ​មាន​មុខ​ងារ​រៀង​ៗខ្លួន ហើយសុទ្ធ​តែ​មាន​ទំនាក់ទំនង​គ្នា​ទាំង​អស់ ដូច​ពេល​បរិភោគ​ដៃ​មាន​មុខ​ងារ ចាប់ម្ហូមមក​ដាក់មាត់ ឯភ្នែក​ចាំ​សម្លឹងមើលថា​ តើ​ម្ហូប​នោះ​គូរ​នឹង​បរិភោគដែរ​ឬទេ? ប្រសិន​បើនៅតែ​សង្ស័យ មាន​ច្រមុះ​ជួយ​ហិត​ក្លិន បើ​មិន​ផ្អូម​មិន​ស្អុយ​អ្វីទេ ក៏​ដាក់ចូល​ទៅ​មាត់ទៅ អណ្ដាត​ក៏ក្រលៀស អោយ​ធ្មេញស្រូលទំពារ ក្រពេញ​ទឹក​មាត់​ក៏​បញ្ចេញ​ទឹក​មាត់​ជួយ​ច្របល់​អាហារ​អោយ​ស្រួល​លេប ចំនែក​ កក៏ រំអិលអាហារ​អោយ​ធ្លាក់​ទៅ​ដល់​ក្រពះ ។ នេះ គឺ​ភាព​សាមគ្គីរបស់​ផ្នែក​នីមួយៗ យ៉ាង​មាន​របៀប​វិន័យ ធ្វើ​អោយ​សារពាង្គកាយ​របបស់​យើងគង់វង់ទៅ​បាន។ តែប្រសិនបើផ្នែកណាមួយ​ខូច​ខាត ធ្វើ​ការ​មិន​កើត យើង​មុខជា​ពិបាក ហើយ​អាច​នឹង​បាត់​បង់ជីវិតផង​ក៏​មាន។

បាត់​បង់​សាមគ្គី​ពេល​ណា​ គ្រួសារក៏​នឹង​បែក​បាក់​ពេល​នោះ ដែរ។ ចង្កឹះ​មួយ​ដើមគេ​អាច​កាច់​បាន តែ​បើ​ចង​វា​ជាបាច់ នឹង​មិន​មាន​អ្នក​ណា​មកកាច់​បំបាក់បាន​ដោយ​ងាយ​ៗ​នោះឡើយ។ ការ​រួម​កម្លាំង​គ្នា​តែ​មួយ​ហៅ​ថា​ សាមគ្គី ផ្ទុយ​មក​វិញ បើ​កំលាំង​​បែក​ខ្ចាត់ខ្ចាយ យើង​ធ្វើ​អ្វី​ក៏​លំបាក​ដែរ។

បើ​កូន​ចៅ​ចង់​អោយ​គ្រួសារ​វង្ស​ត្រកូល​រឹង​មាំ កូន​ត្រូវ​តែ​រួប​រួម​សាមគ្គី​គ្នា។ អ្នក​ដទៃ​មក​បំបែក​គ្រូសារ​បាន​​ លុះ​ត្រា​តែ​គេ​បំបែក​យើង​អោយ​ដាច់​ពី​គ្នា ឬ​មួយ​មាន​អ្នក​ណា​ត្រចៀក​ស្រាល ជឿតាម​សម្ដី​ចាក់ដោត របស់​គេ។ តែ​បើ​យើង​រួម​ចិត្ត រួម​គំនិត​គ្នា​ជាធ្លុង​មួយនោះ ពិត​ជា​មិន​មាន​អ្នក​ណា​អាច​មក​បំបែក​យើង​បាន​ឡើយ។

ចាស់​បុរាណខ្មែរ​បានពោល​ថា”រនាបបាក់ យក​រនាប​ជុស សម្ដីហួស​គ្នា​អ្វីជួស​បាន​ឡើង” ឬ ” អណ្ដាតជាអាតកន្លង បានសុខផងទុក​ផង​ក៏ព្រោះអណ្ដាត”
មានន័យ​ថា សម្ដី​ដែល​និយាយ​ជ្រុល ឬ​អំពើ​ដែល​ធ្វើជ្រុលហួស​ទៅ​ហើយ វា​ពិត​ជា​ពិបាក​នឹង​កែត្រលប់មក​វិញណាស់ ហើយអាច​បង្ករជា​ទុក្ខទោស​ដល់ខ្លួនសឹង​ក៏​ថា​បាន។

ហេតុនេះ​ មុន​នឹង​ធ្វើ​អ្វី​ត្រូវ​គិត​ថ្លឹង​ថ្លែង អោយ​បាន​ល្អិត​ល្អន់ជា​មុន កុំទាន់​ប្រញាប់បូក​សរុប​ បំផ្លាញ​សាមគ្គីភាព​អោយ​សោះ។ ឈើដែល​មិន​ធ្លាប់បាក់ សាច់វា​នៅណែន​ល្អ ។តែបើ​ធ្លាប់​បាក់​ហើយ ទោះជា​បិតកាវ​យ៉ាង​ណា ក៏​មិន​បានជាប់​ដូច​ដើម​ដែរ។
បងប្អូនទាំង​អស់ជាទី​ស្រលាញ់ចេញពី​ក្រអៅបេះដូង! សាមគ្គីភាព​ប្រៀប​បាន​នឹង​អាវុធមុខ​ពីរ! សាមគ្គីគ្មាន​គុណធម៌ នឹង​នាំដល់ក្ដីវិនាសអន្តរាយ
ខ្លះសាមគ្គីទាំង​ត្រកូល ទៅធ្វើ​បាប​ត្រកូលផ្សេង ខ្លះ​សាមគ្គីក្រុម​ឯង​ទៅ​ធ្វើ​ក្រុម​គេ ឯខ្លះទៀត​សាមគ្គីសម្រាប់​បក្សពួក​ខ្លួន​ឯង តែ​ខ្វះសាមគ្គីជាតិ..។​ នេះ​ជាផ្លូវ​នាំ​​អោយ​បែក​បាក់គ្នារវាង​ជនរួមជាតិ​តែ​មួយ។ យើង​ធ្លាប់​មានអនុស្សាវរីយ៏​ដ៏សែន​ជូរចត់ ដោយសារ​តែ​ការ​ច្រណែនឈ្នានីស អំពើ​យុត្តិធម៌ និង​ក្ដីលោភលន់នេះ​ឯង។

យើង​ម្នាក់ៗ​សុទ្ធ​តែ​ផ្នែក​មួយ​របស់ជាតិ ជា​ភ្នែក​ជា​ច្រមុះ បើ​ផ្នែក​ណាមួយ​បំផ្លាញផ្នែក​មួយ​ទៀត ប្រៀបដូចជា​ការ​បំផ្លាញសម្បត្តិរួម​ឬប្រដូចទៅ​នឹង​យក​ដៃឆ្វេង​មកកាប់ដៃ​ស្ដាំ បើ​ដៃ​ស្ដាំឈឺ ដៃឆ្វេង​ក៏​មិន​បាន​សុខ​ដែរ គ្មាន​អ្វីចំណេញឡើយ។

បើ​មនុស្ស​ក្នុង​ប្រទេស​តែមួយ​​បាត់បង់សាមគ្គីជាតិ​ហើយ ទោះបី​ជា​ក្នុង​ពេល​នេះ យើង​ខំបន្លំភ្នែកខ្លួន​ឯងថា​​ “វាហាក់ដូច​ជា​កំពុង​មាន​ពន្លឺភ្លឺស្វាង​យ៉ាង​ណា​ក៏​ដោយ” ក៏ស្រមោលខ្មៅ ដ៏អាប់អួរ​វា​នឹង​វិល​ត្រឡប់មក​វិញក្នុង​ថ្ងៃ​ណាមួយ​ដោយ​មិន​អាច​ជៀស​ផុ​តឡើយ។

សាមគ្គីមិន​មែនគ្រាន់តែជា​ការគិតនោះទេ តែ​គឺ​អ្វី​ដែល​ផុស​ចេញពីខាង​ក្នុង​ជម្រៅដួង​ចិត្ត មិន​មែន​ជា​ការ​ប្រើ​រូបភាពជា​ពាក្យ​សម្ដី ឬជា​ការសរសេរ វាត្រូវ​តែ​ចេញ​ពីចង្វាក់​បេះដូងដែល​កំពុង​លោត ហើយ​កើតជា​ទង្វើជាក់ស្ដែងពិត​ប្រាកដ ដោយ​ការ​ទទួល​ខុស​ត្រូវប្រកប​ដោយ​គុណធម៌ផង​ដែរ។

ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ឩទ្ទិសស្នាដៃដ៏តិច​តូច​ស្ដូច​ស្ដើង​នេះ ជូន​ដល់មហា​គ្រូសារ​ខ្មែរ ពូជ​ពង្សអ្នក​សាង​អង្គរ និងប្រាសាទ​ដ៏មហស្ចារ្យនិងច្រើន​មហិមាលើលោក​ដែល​ស្នាដៃ​ទាំង​នេះសុទ្ធ​តែកើត​ចេញ​ពី​សាមគ្គីភាព​ប្រកប​ដោយ​បញ្ញាញាណរបស់​ដូនតា​ដែលជា​បុព្វបុរសនៃ​យើង៕

-ផាន សារ៉ាក់ (គីរីរម្យ)

អង្គតួឯក

នរោត្តម-សីហមុនី-02-cen

ល្ខោននយោបាយដែលមានបក្សសជនិងបក្សប្រជដើរតួពិតជាពេលខ្លះអស់សំណើចសើចចុកពោះ ពេលខ្លះកំសត់ឡើងស្រក់ទឹកភ្នែក ជាមួយឈុតឆាក សម្ដែង ក្លែងក្លាយដូចជាពិត ពិតដូចជាក្លែងក្លាយ ហើយពេលខ្លះក៏មានអ្នកទស្សនាធុញទ្រាន់ លែងចង់លឺសួម្បីតែឈ្មោះតួសម្ដែង លែងចង់ខ្វល់សូម្បីដំណើរសាច់រឿងនោះទៅជាយ៉ាងណា ដោយសុខចិត្តសង្ងំស្ងៀមហើយបណ្ដោយសាច់រឿងតាមតែយថាកម្មទៅចុះ។ មិនត្រឹមតែប៉ុណ្ណោះក៏មាន អ្នកខ្លះថែមទាំងលាន់មាត់ថា មិនដឹងជាស្អី ត្រូវគ្នានៅតែប្រើពាក្យស៊កសៀត ឌឺដង បង្កជំលោះនេះ ជំលោះនោះ មិនចេះចប់មិនចេះហើយ ។

រឿងវិបត្ដស្រុកខ្មែរនេះដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ គឺមិនមែនជារឿងដែលថ្មីថ្មោងនោះទេ តែគឹមានរាប់ជំនាន់ឬអាចចាត់ជាសតវត្សមកហើយ ចាប់តាំងពីព្រះមហាក្សត្យត្រូវបានពួកក្រុមចោរពានវាំងលាភពណ៌ អំណាចរាជវាំងត្រូវបានរាំងខ្ទប់ដោយមន្ត្រីក្បត់ ឃុបឃិតជាមួយនគរផ្សេងដែលជាសត្រូវ បំផ្លាញបាវចនាជាតិ សាសនា និងព្រះមហាក្សត្យរបស់ខ្លួនដើម្បីតែអំណាចប្រមូលផ្ដុំ បក្សពួកនិងគ្រួសាររបស់ខ្លួន ធ្វើអោយរាស្ត្រត្រូវបែងចែកជាបក្សជាពួក បាត់បងវប្បធម៌ចែកបាយចែកសម្ល ធ្វើអោយរាស្ត្រស្អប់មន្ត្រី មន្ត្រីលែងមានចិត្តចង់បម្រើរាស្ត្រខ្លួនឯង សួរថាតើប៉ុន្មានសតវត្យទៀត ទើប ស្នាមញញឹមនៃ ជនជាតិដែលមានវប្បធម៌អរិយធម៌ និងសិល្បៈគួរអោយស្ងប់ស្ងែងមួយនេះ ត្រលប់មកវិញ ដូចស្នាម ញញឹមនៃប្រាសាទបាយន្តនោះ។ តើប៉ុន្មានសតវត្យទៀត ទើបចិត្តបែកបាក់ របស់ខ្មែរ ប្រែក្លាយជារឹងមាំ និងស្ងំស្ងៀមដូចព្រះទ័យរបស់ព្រះបាទជ័យវរ្មន័ទី៧។

វាជារឿងដ៏សែនមហាហួសចិត្ត សម្រាប់អាណាចក្រមួយដែលមានសមត្ថភាពកសាងស្នាដៃគ្មានពីរលើលោក តែបែរជាមកទទួលមកការអាមាសចំពោះដូនតារបស់ខ្លួនយ៉ាងដូច្នេះទៅវិញ។
បច្ចុប្បន្ន ស្ថានការស្រុកខ្មែរ ត្រូវមហាជនហៅយ៉ាងសមញ្ញថា “ម៉ែអាសាំតាប៉ែ”។ ព្រោះបើយើងសាកទៅគិតមើល! មេដឹកនាំស្រុកខ្មែរម្នាក់ៗ តែងប្រកាន់ថា “គឺមានតែអញទេដែលត្រូវ” “បើមានអញគឺអត់ឯង” ។
ទង្វើគួរអោយខ្មាសអៀននេះ រហូតដល់មានសម្ដីបរទេសខ្លះគេនិយាយថា ជនជាតិខ្មែរមួយនេះណា! បើមានបរទេសធ្វើមេ គឺនឹងប្រឹងធ្វើការបានយ៉ាងល្អ ហើយយ៉ាងត្រង់កន្ទុយទៀត តែបើដាក់អោយខ្មែរធ្វើការជាមួយនឹងខ្មែរ នោះគឺមិនយូរទេនឹងឈ្លោះ គ្នា ឬមានលេសនេះលេសនោះជាក់ជាមិនខាន។តើស្ថានភាពពេលនេះ មិនដូចអ្វីដែលគេនិយាយទេឬ?

ឆ្លងកាត់តាមឈុតឆាកនយោបាយពីមួយដំណាក់កាល់ទៅមួយដំណាក់កាល រហូតឈានដល់តួអង្គទាំងពីរគឺ សម្រេចចូលសភាពធ្វើការ ចងសម្ព័ន្ធមេត្រីនឹងគ្នា។
ប្រជានុរាស្ត្រទាំងគេទាំងខ្ញុំ ខំតែមានទឹកមាត់លាប ខំតែមានក្ដីសង្ឃឹមថាសន្លឹកឆ្នោតរបស់ខ្លួនពិតជាមិនអាសាបង់ដូចក្រដាសជូតមាត់នោះទេ។ ការចងសម្ព័ន្ធមេត្រីនេះ ថ្វីត្បិតតែធ្វើអោយសណ្ឋានការនយោបាយ ស្ងប់ក៏ពិតមែន , រាស្ត្រស្រាន្តចិត្តបន្តិចក៏ពិតមែន តែនយោបាយមួយនេះមិនបានផលអ្វីជាប្រយោជន៏ដល់ប្រជានុរាស្ត្រសូម្បីតែបន្តិច ក្រៅអំពីតែ វិប្បបដិសារី និងការទទួលដឹងថា រាស្ត្រខ្លួនឯងបាត់បងក្ដីសង្ឃឹម។

ដូចយើងឃើញ ស្រាប់ សជនិងប្រជ មិនត្រឹមតែធ្វើអោយរាស្ត្របាត់នូវជំនឿចិត្តប៉ុណ្ណោះទេ ជាពិសេសគឺធ្វើអោយការដល់កិច្ចអភិវឌ្ឃន៏ជាតិទាំងមួលត្រូវជាប់គាំងថែមទៀត។
ហេតុអីបានជាខ្ញុំនិយាយអច្ចឹង ? ឧបមាថា ក្រោយពេលដែលបក្សទាំងពីរចូលសភាធ្វើការជាមួយគ្នា បើខាងសជស្នើអោយប្រជ រៀបចំច្បាប់អន្តោប្រវេសន៏ហើយចង់អោយមានការអនុវត្តច្បាប់អោយមានតម្លាភាព។ បក្សប្រជច្បាស់ជាមិនព្រម ព្រោះថាបើប្រជព្រមគឺប្រៀបបាននឹងហុចដាវអោយគូរបដិបក្ខរបស់ខ្លួន ។មិនត្រឹមតែមិនយល់ព្រមទេ ថែមទាំងរកវិធីរាំងខ្ទប់ រាល់អ្វីដែលជានយោបាយរបស់បក្សសជដែលបានសន្យាជាមួយប្រជានុរាស្ត្រមុននិងក្រោយបោះ ឆ្នោត។ ងាកមកបក្សសជវិញក៏ដូចគ្នា នឹងរកវិធីរាំងខ្ទប់អ្វីដែលប្រជចង់ធ្វើ ដូចពាក្យចាស់លោកថា ” បើមិនចង់អោយគេធ្វើអាក្រក់មកលើខ្លួន លុះត្រាតែ យើងធ្វើល្អទៅលើគេអោយបានច្រើន” ។

សម្ដេចហ៊ុនសែនធ្លាប់បង្ហើបប្រាប់ថា ” បើហ៊ុនសែនស្លាប់ រង្សីនិងសុខាក៏មិនរស់ដែរ” ហើយលោកសមរង្សីក៏ធ្លាប់មានប្រសាសថា ” បើមានស៊ីត្រូវតែអត់សែន”,”ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ។សម្ដីទាំងនេះ ឆ្លុះបញ្ចាំងអោយយើងឃើញថា មេដឹកនាំម្នាក់ៗចង់ដណ្ដើមយកតំណែងជាតួឯកតែរៀងខ្លួន។ការដណ្ដើមតំណែងនេះបើទោះ ជានរណាចាញ់ឬ នរណាឈ្នះ យ៉ាងណាក៏ដោយ ក៏រាស្ត្រនឹងត្រូវបែងចែកជាបក្សពួក សង្គ្រាមផ្ទៃក្នុង លាភពណ៌ ការកាប់សម្លាប់បងប្អូនឯង នឹងគ្មានថ្ងៃបញ្ចាប់។

តើនរណាដែលសាកសមជាតួឯកសម្រាប់ប្រជានុរាស្ត្រ ?តើនរណាជាក្ដីសង្ឃឹមចុងក្រោយនឹងតែមួយគត់របស់ប្រជានុរាស្ត្រ។ ច្បាស់ណាស់គឺព្រះមហាក្សត្រ ដែលព្រះអង្គសាកសមបំផុតសម្រាប់ជាម្លប់ដ៏ត្រឈឹងត្រឈៃ នឹងជាមគ្គុទេសដ៏ឆ្នើមសម្រាប់ដែនដីសុវណ្ណភូមិមួយនេះ។ គឺមានតែព្រះអង្គមួយអង្គគត់ ដែលមានឳសថទិព្វ អាចព្យាបាលជំងឺតួឯករបស់ខ្មែរនេះបាន។

ជាចុងក្រោយ ខ្ញុំសូមគោរពដល់បណ្ដារៀបច្បងដែលបានជួយផ្ដល់យោបល់ក៏ដូចជាកែលម្អលើរាល់គំនិតដែលខ្ញុំបាទបានសរសេរចេញជាសាច់រឿង ឬជាអត្ថបទវិភាគ ដែលកើតចេញពីចំនេះដ៏តិចតួចស្ដូចស្ដើងមួយនេះ។

-សារ៉ាក់(គីរីរម្យ)

ព្យុះ​កំបុតត្បូង​

20140722_02

កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា ជា​ព្រឹតិ្ត​ការណ៍​ផ្លេក​បន្ទោរ​មួយ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អស់​ មនុស្ស​ទាំង​ពួង។ ធម្មតាៗ​តែ​ខ្លាំង មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​កក្រើក​ដល់​ចក្កវាឡ​ទាំង​មូល​ម្តង​ទៀត។ មេទ័ព​សំខាន់ៗ​របស់ ជំរំ​ព្រះ​អាទិត្យ ១ កងពល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង។ គ្រាន់​តែ​មេទ័ពៗ ត្រូវ​គេ​ចាប់​ភ្លាម មេ​សម្ព័ន្ធ​រង​នៃ​ជំរំ​ព្រះ​អាទិត្យ​បាន​ចេញ​សារ​កោះ​ហៅ​បណ្តា​មេទ័ព​ទាំង​ អស់ ចូល​មក​បន្ទាយ​វិញ។ ព្រឹតិ្ត​ការណ៍​នេះ ប្រហែល​មិន​មែន​គ្មាន​ហេតុ​ផល​ទេ ព្រោះ​បើ​យើង​មើល​ឲ្យ​ជ្រៅ​ជាង​នេះ​បន្តិច អ្វីៗ​ដូច​ជា មាន​ការ​រៀបចំ​ទុក។ មាន​សេណារីយោ ៤ ដែល​ត្រូវ​យក​មក​ពិចារណា៖

១. ព្រឹត្តិ​ការណ៍​នេះ អាច​ជា​ការ​បង្កើត​ឡើង ដោយ​ជំរំ​ព្រះអាទិត្យ ព្រោះ​មួយ​រយៈ​នេះ​ភ្លើង ២ ដុំ​របស់​ខ្លួន ហាក់​ចង់​រលត់​ទៅ​ហើយ (ភ្លើង​ចិត្ត​រាស្រ្ត និង ភ្លើង​ការ​ទូត)។ បើ​ភ្លើង​នេះ​រលត់​បាត់​នោះ​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​ចរចា​ជាមួយ​ជំរំ​ ទេវតា​ឡើយ បើ​បែប​នេះ ដូច​ឲ្យ​បក្ស​ទេវតា​វាយ​យក​ជ័យ​នៅ​តុ​ចរចា​អ៊ីចឹង។ ដូច្នេះ​ដើម្បី​ដុត​ភ្លើង​នេះ​ឡើង​វិញ ខ្លួន​ត្រូវ​បង្កើត​ព្រឹត្តិ​ការណ៍​ដោយ​យក​ឧត្តម​សេនីយ៍​របស់​ខ្លួន​មួយ​ កងពល ធ្វើ​ជា​បញ្ឆេះ​សម្រាប់​ដុត​ភ្លើង​ទាំង​ពីរ​កុំ​ឲ្យ​រលត់ និង​ឲ្យ​កាន់​តែ​ឆេះ​ខ្លាំង​ឡើង​វិញ។ កំហុស​នៃ​ការ​រៀប​ក្បួន​នេះ​គឺ​ការ​មិន​យល់​កាលៈ​ទេសៈ ព្រោះ​ភ្លើង​មួយ​ដុំ​កំពុង​តែ​ឆេះ ជាមួយ​នគរ​ខាង​កើត ខ្លួន​ក៏​ទៅ​ដុត​ភ្លើង​មួយ​បន្ថែម​ទៀត។

២.ជំរំ​ទេវតា ជា​អ្នក​ធ្វើ។ ព្រោះ​បើ​បណ្តោយ​ឲ្យ​ស្ថានការណ៍​បែប​នេះ កាន់​តែ​យូរ ទោះ​តិច​ឬ​ច្រើន​រឹត​តែ​ប៉ះ​ពាល់​ដល់​កិច្ចការ​ដឹក​នាំ​នគរ។ ទោះ​មាន​មហា​យក្ស​មួយ ចាំ​ទំនុក​បម្រុង​ក៏​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​រាស្រ្ត​ក្នុង​ នគរ​ដែរ​ដូច​នេះ​ត្រូវ​ប្រើ​យុទ្ធសាស្រ្ត​ចាប់​បង្ខំ។ បង្កើត​ព្រឹត្តិ​ការណ៍ ដាក់​អ្នក​បង្ក​បញ្ហា​ឲ្យ​ចូល​ក្នុង​ក្បួន​ដើម្បី​រក​លេស​ចាប់​មេ​ទ័ព​ជំរំ​ ព្រះ​អាទិត្យ​ដាក់​ជា​វត្ថុ​ចរចា។ ទោះ​ចង់ ឬ មិន​ចង់​ជំរំ​ព្រះ​អាទិត្យ​ត្រូវ​តែ​ជួយ​មេទ័ព​សំខាន់ៗ​របស់​ខ្លួន។ ធ្វើ​បែប​នេះ​ជំរំ​ទេវតា​មាន​ប្រៀប​ក្នុង​ការ​ចរចា ថា​មិន​ត្រូវ​លក្ខខណ្ឌ ពាក់​កណ្តាល​បូក ១ នឹង​បាន​សម្រេច​តាម​បំណង​របស់​ខ្លួន​ផង​ក៏​មិន​ដឹង ហើយ​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​បង្ខំ​ឲ្យ​ជំរំ​ព្រះ​អាទិត្យ​ដើរ​ចូល​ស្ថាប័ន​បង្កើត​ច្បាប់​ដោយ​គ្មាន​ លក្ខខណ្ឌ​ទាមទារ​អ្វី​ទាំង​អស់។

៣. គឺ​ជំរំ​ទាំង​ពីរ រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង ដើម្បី​ឈាន​ទៅ​បញ្ចប់​ចម្បាំង​ឆ្លង​រដូវ​ដ៏​យូរ​មួយ​នេះ ព្រោះ​បើ​បណ្តោយ​បែប​នេះ​គឺ​មាន​តែ​អ្នក​ខាត គ្មាន​អ្នក​ណា​ចំណេញ​ទេ។ នេះ​ជា​សេណារីយោ​ដែល​លទ្ធភាព​អាច​ទៅ​រួច​ច្រើន។ ព្រោះ​ពី​ម្តង​ទៅ​ម្តង ក្រោយ​ការ​ចរចា​ជា​ចំហ ជំរំ​ទាំង​ពីរ តែង​តែ​បែរ​ខ្នង​ដាក់​គ្នា ហើយ​ក៏​មាន​ការ​ចរចា​សម្ងាត់​រហូត​ជំរំ​ទាំង​ពីរ​បាន​ចរចា​ត្រូវ​គ្នា លើ​ច្រើន​ចំណុច​ទៅ​ហើយ នៅ​សល់​តែ​បញ្ហា ១ ប៉ុណ្ណោះ​ដែល​ខ្ទាស់។ មុន​ពេល​ចាប់​មេទ័ព​សំខាន់ៗ មេ​រង​ជំរំ​ព្រះ​អាទិត្យ បាន​ប្រកាស​ពី​រូបមន្ត​ថ្មី​មួយ​ដែល​អាច​ឲ្យ​ជំរំ​ទេវតា​ទទួល​យក​បាន។ ប្រកាស​ម្តង​ជា​ពីរ​ដង តែ​ជំរំ​ទេវតា​ហាក់​ធ្វើ​ហី​មិន​អើពើ។ ពី​ខាង​ក្រៅ មិន​ចង់ តែ​ខាង​ក្នុង​ចង់។ ពិត​ដូច​ក្លែង​ក្លាយ ក្លែង​ក្លាយ​ដូច​ពិត។ រឿង​អី​ដែល​ដល់​ចំណុច​ចុង​ក្រោយ​ហើយ មិន​ទៅ​និយាយ​គ្នា បើ​មាន​រូប​មន្ត​ថ្មី​ដែល​អាច​ឲ្យ​ជំរំ​ទាំង​ពីរ​ទទួល​យក​បាន​ហើយ​នោះ បែរ​ជា​បង្កាត់​ភ្លើង ឲ្យ​ឆេះ​ជា​ថ្មី​ទៅ​វិញ? ព្រឹត្តិ​ការណ៍​ចាប់​មេទ័ព​សំខាន់ៗ​ជំរំ​ព្រះ​អាទិត្យ ប្រហែល​ជា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​បង្កើត​ឡើង​ដើម្បី​ឲ្យ​ឃើញ​ថា ខ្លាំង តែ​ខាង​ក្នុង​ខ្សោយ។

ព្រោះ​បើ​ជំរំ​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា​ក្នុង​លក្ខខណ្ឌ​ធម្មតាៗ​ពេក នោះ​អ្វីៗ​នឹង​ចប់​ដោយ​គ្មាន​ន័យ។ វា​មិន​ខុស​ពី​រឿង​កុន​ទេ បើ​តួ​ប្រុស និង​តួ​ស្រី​ស្រឡាញ់​គ្នា​ពី​ដើម​ដល់​ចប់ គ្មាន​ឧបសគ្គ​អ្វី​រារាំង ហើយ​ចុង​ក្រោយ​ក៏​រៀបការ​នោះ គឺ​វា​គ្មាន អត្ថន័យ​ទេ។ តែ​បើ​សាច់​រឿង​នោះ តួ​ប្រុស តួ​ស្រី ឈ្លោះ​គ្នា​តាំង​ពី​ដើម​រឿង ហើយ​មាន​ឧបសគ្គ​រាប់​រយ ចុង​ក្រោយ​ក៏​ស្រឡាញ់​គ្នា​និង​បាន​រៀបការ អ្នក​មើល​ប្រាកដ​ជា​ថា រឿង​នេះ​ល្អ​មើល។ ទោះ​ថា​សេណារីយោ​នេះ ជា​សេណារីយោ​ដែល​មាន​លទ្ធភាព​អាច​ទៅ​រួច​ច្រើន ក៏​មិន​មែន​ថា វា​កើត​ឡើង ដោយ​ឯក​ឯង​នោះ​ឡើយ។ វា​មាន​រឿង​ដែល​ត្រូវ​ឲ្យ​វា​កើត​ឡើង។ ជំរំ​ព្រះ​អាទិត្យ ពិត​ណាស់​ចង់​ឲ្យ​សង្រ្គាម​នេះ ចប់​ឲ្យ​បាន​មុន​ខួប ១ ឆ្នាំ ហើយ​ដើរ​ចូល​ក្នុង​ស្ថាប័ន​បង្កើត​ច្បាប់ ដើម្បី​ត្រួត​ពិនិត្យ​មើល​លើ​ការងារ​គ្រប់​គ្រង​នគរ​របស់​ជំរំ​ទេវតា ម្យ៉ាង​មេទ័ព​របស់​ខ្លួន​ម្នាក់ៗ​ក៏​ច្បាំង​អស់​កម្លាំង​ហើយ​ដែរ។ មួយ​វិញ​ទៀត ត្រូវ​យក​ពេល​ដែល​នៅ​សល់ ដើម្បី​កសាង និង​ពង្រឹង​ជំរំ​របស់​ខ្លួន​ដើម្បី​ចេញ​ច្បាំង​លើក​ក្រោយ​។

ឯ​ជំរំ​ទេវតា​វិញ ត្រូវ​ការ​ពេល​វេលា​ដែល​នៅ​សល់​របស់​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​ដើម្បី​កសាង អភិវឌ្ឍ​នគរ និង​បង្កើន​សេដ្ឋកិច្ច​រាស្រ្ត​ដើម្បី​យក​ចិត្ត​រាស្រ្ត មាន​តែ​ធ្វើ​បែប​នេះ​ទេ​ទើប​ចេញ​ច្បាំង​លើក​ក្រោយ នៅ​មាន​រាស្រ្ត​គាំទ្រ អាច​បន្ត​គ្រប់​គ្រង​អំណាច​របស់​ខ្លួន​បាន។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​ប្រហែល​ជា​ចង់​បន្ថយ​កម្ដៅ​ភ្លើង​ចិត្ត​រាស្រ្ត​ដែល​កំពុង​តែ​ឆេះ ជាមួយ​នគរ​ខាង​កើត ព្រោះ​បង្កើត​ព្រឹត្តិ​ការណ៍​នេះ ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​រាស្រ្ត​កុំ​ឲ្យ​ទាន់​ធ្វើ​អ្វី​ផ្តេស​ ផ្តាស។

៤. នេះ​ក៏​ជា​សេណារីយោ​មួយ​ដែល​អាច​មាន​លទ្ធភាព​ច្រើន​ផង​ដែរ អាច​ថា​ច្រើន​ជាង​សេណារីយោ ទី៣ ហើយ​ជំរំ​ទាំង​ពីរ​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​ព្រឹត្តិ​ការណ៍​នេះ។ វា​ហាក់​ដូច​ជា​មិន​មែន​ចៃដន្យ​ពេក​ទេ គឺ ក្រោយ​ពេល​ដែល​អ្នក​នាំ​ពាក្យ​ទូត​នគរ​ខាង​កើត​បញ្ចេញ​នូវ​សម្ដី​ដែល​នាំ​ ឲ្យ​ភ្លើង​ចិត្ត​រាស្រ្ត​ខ្មែរ​ឆេះ​ហើយ​នោះ គេ​ហាក់​មើល​ឃើញ​នូវ​គ្រោះ​ច្រើន​ជាង​លាភ​សម្រាប់​ខ្លួន​គេ បើ​សិន​ជា​បណ្តោយ​ឲ្យ​ភ្លើង​នេះ​ឆេះ​ធំ ព្រោះ​បើ​ភ្លើង​នេះ​ឆេះ អ្នក​ខាត​ជាង​គេ គឺ​នគរ​ខាង​កើត​តែ​ម្តង ដោយ​សារ​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ត្រូវ​ពឹង​ផ្អែក​លើ​នគរ​យើង។

ក្រៅ​ពី​សេដ្ឋកិច្ច នគរ​ខាង​កើត​មិន​ចង់​ដុត​ភ្លើង​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ មិន​អាច​ដៃ​ម្ខាង​ច្បាំង​ជាមួយ​មហា​យក្ស ហើយ​ដៃ​ម្ខាង​វ៉ៃ​ជាមួយ​កូន​ចិញ្ចឹម​របស់​មហា​យក្ស​ទេ។ ណា​មួយ​ក៏​ចង់​បាន​ការ​គាំទ្រ​ពី​យើង​ក្នុង​រឿង​ជម្លោះ​ជាមួយ​មហា​យក្ស​ដែរ។ ទោះ​មិន​គាំទ្រ​ខ្លួន ក៏​ចង់​ឲ្យ​ឈរ​នៅ លើ​ជំហរ​កណ្តាល។

ដូច​នេះ ដើម្បី​ឲ្យ​ភ្លើង​នេះ​រលត់​វិញ​មាន​តែ​បង្កើត​ព្រឹត្តិ​ការណ៍​ដើម្បី​បន្សាប ​ព្រឹតិ្ត​ការណ៍ ឬ​អាច​និយាយ​ថា ដុត​ផ្ទះ​គេ​មុន ដើម្បី​កុំ​ឲ្យ​គេ​មាន​ឱកាស​មក​ដុត​ផ្ទះ​ខ្លួន។ ដើម្បី​ដុត​ភ្លើង​ថ្មី​នេះ គឺ​នគរ​ខាង​កើត រៀបចំ​មនុស្ស​ឲ្យ​ចូល​ក្នុង​ក្បួន​ជំរំ​ទាំង​ពីរ ដើម្បី​បង្ក​ជា​ផ្កា​ភ្លើង​ផ្ទុះ​ឆេះ​ឡើង។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ជា​រឿយៗ មេទ័ព​របស់​ជំរំ​ព្រះ​អាទិត្យ តែង​តែ​ទៅ​កាន់​បន្ទាយ​ដែល​គេ​វាយ​បែក​នោះ ដើម្បី​វាយ​រំដោះ​យក​មក​វិញ តែ​មិន​ដែល​មាន​បញ្ហា​ធំ​ដុំ​អ្វី​ទេ​ក្រៅ​តែ​ពី​មាន​បាតុភាព​បន្តិច​បន្តួច ​តែ​ប៉ុណ្ណោះ។

តែ​គ្រាន់​តែ​រលក​កម្សួល​នៃ​ភ្លើង​ចិត្ត​រាស្រ្ត​កំពុង​តែ​ឡើង​កម្ដៅ​ ជាមួយ​នគរ​ខាង​កើត ស្រាប់​តែ មាន​ការ​ផ្ទុះ​នូវ​ព្រឹតិ្ត​ការណ៍​ចាប់​មេទ័ព​សំខាន់ៗ នៃ​ជំរំ​ព្រះ​អាទិត្យ​តែ​ម្តង។ នៅ​មុន​នេះ​ក្រោយ​ពី​ប្រកាស​មិន​សុំទោស ភ្លាមៗ​អ្នក​នាំ​ពាក្យ រូប​នោះ​បាន​បន្ទន់​ឥរិយាបថ កែ​តម្រូវ​ពាក្យ​របស់​ខ្លួន​ឡើង​វិញ។

ដូច​នេះ សេណារីយោ​នេះ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​នគរ​ខាង​កើត ហើយ​ក៏​អាច​ទៅ​រួច​ច្រើន​ជាង​គេ​ដែរ ព្រោះ​ក្នុង​ក្បួន​ថា អ្នក​ដែល​ចំណេញ​ជាង​គេ​ពី​យុទ្ធសាស្រ្ត គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​បង្កើត​ឡើង ហើយ​ជំរំ​ទាំង​ពីរ គ្រាន់​តែ​សម្រួល​ក្បួន​របស់​ខ្លួន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​យុទ្ធសាស្រ្ត​របស់​គេ​តែ​ប៉ុណ្ណោះ។

មនុស្ស​គិត មិន​ដូច​ទេវតា​គិត! គេ​ថា នយោបាយ​ជា​រឿង​ដែល​អាច​មើល​ឃើញ តែ​ថា​មិន​ត្រូវ! បើ​ខ្ញុំ​មិន​និយាយ ធ្វើ​ម៉េច​នឹង​ដឹង​ថា ខ្ញុំ​ខុស!៕

ដោយ ខេមរា វិជ័យ vichey.kh@gmail.com

នាយក​រដ្ឋ​មន្ត្រី​ប្រតិកម្ម​តប​នឹង​អ្នក​សរសេរ​មក​ភ្នំពេញ ប៉ុស្តិ៍

1014112_1382170195335489_541213523_n

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ របស់​លោក ប៉ែន សុជីវន្ត ជា​ប្រជាជន​ម្នាក់​ក្នុង​ខេត្ត​រតនគិរី​។ នៅ​ក្នុង​លិខិត​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ដែល​មាន​សុន្ទរកថា​ឆ្លើយ​តប​ពី​លោក​នាយក​ រដ្ឋ​មន្រ្តី ហ៊ុន សែន លោក ប៉ែន សុជីវន្ត​បាន​ប្រៀប​ធៀប​ទំនាក់​ទំនង​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​យូរ​ឆ្នាំ លោក សម រង្ស៊ី ទៅ​នឹង​ល្បែង​អុក​ដែល​គ្មាន​ទី​បញ្ចប់​គឺ​សំដៅ​លើ​ភាព​ជាប់​គាំង​នយោបាយ​ដែល ​គ្មាន​អ្នក​ឈ្នះ​ឬ​ចាញ់​។

លោក​នាយក​រដ្ឋ​មន្រ្តី ឆ្លើយ​តប​ត្រង់ ពាក្យ​ឈ្នះ​និង​ចាញ់​ដោយ​បាន​លើក​ឡើង​នូវ​ឧទាហរណ៍​ជា​ច្រើន​ពី​ប្រវត្តិសាស្រ្ត​កម្ពុជា។

លោក​ថ្លែង​ថា ពី​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ «​ខ្ញុំ​ឈ្នះ​អុក​»​ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​មក «​ខ្ញុំ​ឈ្នះ» ហើយ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០០៨ «ខ្ញុំ​ឈ្នះ​»។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​សីមា​ព្រះវិហារ នៅ​វត្ត​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​អំពី​ជ័យជម្នះ​ទៅ​លើ​ជំរំ​ ខ្មែរ​ក្រហម​នៅ​អន្លង់វែង​ដែល​ឆ្លុះ​បញ្ចាំ​អំពី​ឧទាហរណ៍​នៃ​សេចក្តី​សម្រេច ​ចិត្ត​ដូច​គ្នា​ទៅ​នឹង​អ្នក​ជំនាញ​នៅ​ក្នុង​ការ​ប្រកួត​អុក។

លោក​ថ្លែងថា៖ «គ្មាន​នរណា​ខ្លាំង​ជាង​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ ហ៊ុន សែន អាច​យក​ពួក​គេ​ចេញ​ពី​ព្រៃ​បាន​ហើយ​ពួក​គេ​បាន​រត់​មក​ចុះ​ចូល​នៅ​ផ្ទះ ហ៊ុន សែន​»។

លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ​បញ្ចប់​ការ​លើក​ឡើង​ដែល​ថា តើ​កូន​ណា​មួយ​ក្នុង​ចំណោម​កូន​របស់​គាត់​ដែល​កំពុង​ឈរ​ឈ្មោះ​កាន់​អំណាច​នៅ ​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា​។

លោក​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​បី​នាក់​របស់​គាត់​ថា​៖​ «នេះ​មិន​មែន​ជា​កូន​ប្រុស​ចុង​ក្រោយ​តែ​មួយ​របស់​ខ្ញុំ​ដែល​ឈរ​ឈ្មោះ​ជា​ បេក្ខជន​សភា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ទេ»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា ការ​និយាយ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ក្នុង​សុន្ទរកថា របស់​លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ភ័យ​ខ្លាច​យ៉ាង​ពិត​ប្រាកដ​ដែល​ថា​គណបក្ស​ ប្រជាជន​កម្ពុជា​នឹង​បាត់បង់​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ខែ​កក្កដា​។

លោក​ថ្លែង​បន្ត​ថា​៖ «លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​បារម្ភ​អំពី​សំឡេង​ខ្លាំង​ក្លា​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ហេតុ​ដូច្នេះ​លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​សុន្ទរកថា​ស្រែក​ខ្លាំងៗ​ជាង​មុន​ទៅ​សាធារណជន​ហើយ​ការ​ចាក់​ ផ្សាយ​ឡើង​វិញ​លើ​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​និង​វិទ្យុ​នេះ​គឺ​មិន​ យុត្តិធម៌​ទេ»៕ PS