អង្គតួឯក

នរោត្តម-សីហមុនី-02-cen

ល្ខោននយោបាយដែលមានបក្សសជនិងបក្សប្រជដើរតួពិតជាពេលខ្លះអស់សំណើចសើចចុកពោះ ពេលខ្លះកំសត់ឡើងស្រក់ទឹកភ្នែក ជាមួយឈុតឆាក សម្ដែង ក្លែងក្លាយដូចជាពិត ពិតដូចជាក្លែងក្លាយ ហើយពេលខ្លះក៏មានអ្នកទស្សនាធុញទ្រាន់ លែងចង់លឺសួម្បីតែឈ្មោះតួសម្ដែង លែងចង់ខ្វល់សូម្បីដំណើរសាច់រឿងនោះទៅជាយ៉ាងណា ដោយសុខចិត្តសង្ងំស្ងៀមហើយបណ្ដោយសាច់រឿងតាមតែយថាកម្មទៅចុះ។ មិនត្រឹមតែប៉ុណ្ណោះក៏មាន អ្នកខ្លះថែមទាំងលាន់មាត់ថា មិនដឹងជាស្អី ត្រូវគ្នានៅតែប្រើពាក្យស៊កសៀត ឌឺដង បង្កជំលោះនេះ ជំលោះនោះ មិនចេះចប់មិនចេះហើយ ។

រឿងវិបត្ដស្រុកខ្មែរនេះដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយ គឺមិនមែនជារឿងដែលថ្មីថ្មោងនោះទេ តែគឹមានរាប់ជំនាន់ឬអាចចាត់ជាសតវត្សមកហើយ ចាប់តាំងពីព្រះមហាក្សត្យត្រូវបានពួកក្រុមចោរពានវាំងលាភពណ៌ អំណាចរាជវាំងត្រូវបានរាំងខ្ទប់ដោយមន្ត្រីក្បត់ ឃុបឃិតជាមួយនគរផ្សេងដែលជាសត្រូវ បំផ្លាញបាវចនាជាតិ សាសនា និងព្រះមហាក្សត្យរបស់ខ្លួនដើម្បីតែអំណាចប្រមូលផ្ដុំ បក្សពួកនិងគ្រួសាររបស់ខ្លួន ធ្វើអោយរាស្ត្រត្រូវបែងចែកជាបក្សជាពួក បាត់បងវប្បធម៌ចែកបាយចែកសម្ល ធ្វើអោយរាស្ត្រស្អប់មន្ត្រី មន្ត្រីលែងមានចិត្តចង់បម្រើរាស្ត្រខ្លួនឯង សួរថាតើប៉ុន្មានសតវត្យទៀត ទើប ស្នាមញញឹមនៃ ជនជាតិដែលមានវប្បធម៌អរិយធម៌ និងសិល្បៈគួរអោយស្ងប់ស្ងែងមួយនេះ ត្រលប់មកវិញ ដូចស្នាម ញញឹមនៃប្រាសាទបាយន្តនោះ។ តើប៉ុន្មានសតវត្យទៀត ទើបចិត្តបែកបាក់ របស់ខ្មែរ ប្រែក្លាយជារឹងមាំ និងស្ងំស្ងៀមដូចព្រះទ័យរបស់ព្រះបាទជ័យវរ្មន័ទី៧។

វាជារឿងដ៏សែនមហាហួសចិត្ត សម្រាប់អាណាចក្រមួយដែលមានសមត្ថភាពកសាងស្នាដៃគ្មានពីរលើលោក តែបែរជាមកទទួលមកការអាមាសចំពោះដូនតារបស់ខ្លួនយ៉ាងដូច្នេះទៅវិញ។
បច្ចុប្បន្ន ស្ថានការស្រុកខ្មែរ ត្រូវមហាជនហៅយ៉ាងសមញ្ញថា “ម៉ែអាសាំតាប៉ែ”។ ព្រោះបើយើងសាកទៅគិតមើល! មេដឹកនាំស្រុកខ្មែរម្នាក់ៗ តែងប្រកាន់ថា “គឺមានតែអញទេដែលត្រូវ” “បើមានអញគឺអត់ឯង” ។
ទង្វើគួរអោយខ្មាសអៀននេះ រហូតដល់មានសម្ដីបរទេសខ្លះគេនិយាយថា ជនជាតិខ្មែរមួយនេះណា! បើមានបរទេសធ្វើមេ គឺនឹងប្រឹងធ្វើការបានយ៉ាងល្អ ហើយយ៉ាងត្រង់កន្ទុយទៀត តែបើដាក់អោយខ្មែរធ្វើការជាមួយនឹងខ្មែរ នោះគឺមិនយូរទេនឹងឈ្លោះ គ្នា ឬមានលេសនេះលេសនោះជាក់ជាមិនខាន។តើស្ថានភាពពេលនេះ មិនដូចអ្វីដែលគេនិយាយទេឬ?

ឆ្លងកាត់តាមឈុតឆាកនយោបាយពីមួយដំណាក់កាល់ទៅមួយដំណាក់កាល រហូតឈានដល់តួអង្គទាំងពីរគឺ សម្រេចចូលសភាពធ្វើការ ចងសម្ព័ន្ធមេត្រីនឹងគ្នា។
ប្រជានុរាស្ត្រទាំងគេទាំងខ្ញុំ ខំតែមានទឹកមាត់លាប ខំតែមានក្ដីសង្ឃឹមថាសន្លឹកឆ្នោតរបស់ខ្លួនពិតជាមិនអាសាបង់ដូចក្រដាសជូតមាត់នោះទេ។ ការចងសម្ព័ន្ធមេត្រីនេះ ថ្វីត្បិតតែធ្វើអោយសណ្ឋានការនយោបាយ ស្ងប់ក៏ពិតមែន , រាស្ត្រស្រាន្តចិត្តបន្តិចក៏ពិតមែន តែនយោបាយមួយនេះមិនបានផលអ្វីជាប្រយោជន៏ដល់ប្រជានុរាស្ត្រសូម្បីតែបន្តិច ក្រៅអំពីតែ វិប្បបដិសារី និងការទទួលដឹងថា រាស្ត្រខ្លួនឯងបាត់បងក្ដីសង្ឃឹម។

ដូចយើងឃើញ ស្រាប់ សជនិងប្រជ មិនត្រឹមតែធ្វើអោយរាស្ត្របាត់នូវជំនឿចិត្តប៉ុណ្ណោះទេ ជាពិសេសគឺធ្វើអោយការដល់កិច្ចអភិវឌ្ឃន៏ជាតិទាំងមួលត្រូវជាប់គាំងថែមទៀត។
ហេតុអីបានជាខ្ញុំនិយាយអច្ចឹង ? ឧបមាថា ក្រោយពេលដែលបក្សទាំងពីរចូលសភាធ្វើការជាមួយគ្នា បើខាងសជស្នើអោយប្រជ រៀបចំច្បាប់អន្តោប្រវេសន៏ហើយចង់អោយមានការអនុវត្តច្បាប់អោយមានតម្លាភាព។ បក្សប្រជច្បាស់ជាមិនព្រម ព្រោះថាបើប្រជព្រមគឺប្រៀបបាននឹងហុចដាវអោយគូរបដិបក្ខរបស់ខ្លួន ។មិនត្រឹមតែមិនយល់ព្រមទេ ថែមទាំងរកវិធីរាំងខ្ទប់ រាល់អ្វីដែលជានយោបាយរបស់បក្សសជដែលបានសន្យាជាមួយប្រជានុរាស្ត្រមុននិងក្រោយបោះ ឆ្នោត។ ងាកមកបក្សសជវិញក៏ដូចគ្នា នឹងរកវិធីរាំងខ្ទប់អ្វីដែលប្រជចង់ធ្វើ ដូចពាក្យចាស់លោកថា ” បើមិនចង់អោយគេធ្វើអាក្រក់មកលើខ្លួន លុះត្រាតែ យើងធ្វើល្អទៅលើគេអោយបានច្រើន” ។

សម្ដេចហ៊ុនសែនធ្លាប់បង្ហើបប្រាប់ថា ” បើហ៊ុនសែនស្លាប់ រង្សីនិងសុខាក៏មិនរស់ដែរ” ហើយលោកសមរង្សីក៏ធ្លាប់មានប្រសាសថា ” បើមានស៊ីត្រូវតែអត់សែន”,”ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ។សម្ដីទាំងនេះ ឆ្លុះបញ្ចាំងអោយយើងឃើញថា មេដឹកនាំម្នាក់ៗចង់ដណ្ដើមយកតំណែងជាតួឯកតែរៀងខ្លួន។ការដណ្ដើមតំណែងនេះបើទោះ ជានរណាចាញ់ឬ នរណាឈ្នះ យ៉ាងណាក៏ដោយ ក៏រាស្ត្រនឹងត្រូវបែងចែកជាបក្សពួក សង្គ្រាមផ្ទៃក្នុង លាភពណ៌ ការកាប់សម្លាប់បងប្អូនឯង នឹងគ្មានថ្ងៃបញ្ចាប់។

តើនរណាដែលសាកសមជាតួឯកសម្រាប់ប្រជានុរាស្ត្រ ?តើនរណាជាក្ដីសង្ឃឹមចុងក្រោយនឹងតែមួយគត់របស់ប្រជានុរាស្ត្រ។ ច្បាស់ណាស់គឺព្រះមហាក្សត្រ ដែលព្រះអង្គសាកសមបំផុតសម្រាប់ជាម្លប់ដ៏ត្រឈឹងត្រឈៃ នឹងជាមគ្គុទេសដ៏ឆ្នើមសម្រាប់ដែនដីសុវណ្ណភូមិមួយនេះ។ គឺមានតែព្រះអង្គមួយអង្គគត់ ដែលមានឳសថទិព្វ អាចព្យាបាលជំងឺតួឯករបស់ខ្មែរនេះបាន។

ជាចុងក្រោយ ខ្ញុំសូមគោរពដល់បណ្ដារៀបច្បងដែលបានជួយផ្ដល់យោបល់ក៏ដូចជាកែលម្អលើរាល់គំនិតដែលខ្ញុំបាទបានសរសេរចេញជាសាច់រឿង ឬជាអត្ថបទវិភាគ ដែលកើតចេញពីចំនេះដ៏តិចតួចស្ដូចស្ដើងមួយនេះ។

-សារ៉ាក់(គីរីរម្យ)

ព្យុះ​កំបុតត្បូង​

20140722_02

កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា ជា​ព្រឹតិ្ត​ការណ៍​ផ្លេក​បន្ទោរ​មួយ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អស់​ មនុស្ស​ទាំង​ពួង។ ធម្មតាៗ​តែ​ខ្លាំង មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​កក្រើក​ដល់​ចក្កវាឡ​ទាំង​មូល​ម្តង​ទៀត។ មេទ័ព​សំខាន់ៗ​របស់ ជំរំ​ព្រះ​អាទិត្យ ១ កងពល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង។ គ្រាន់​តែ​មេទ័ពៗ ត្រូវ​គេ​ចាប់​ភ្លាម មេ​សម្ព័ន្ធ​រង​នៃ​ជំរំ​ព្រះ​អាទិត្យ​បាន​ចេញ​សារ​កោះ​ហៅ​បណ្តា​មេទ័ព​ទាំង​ អស់ ចូល​មក​បន្ទាយ​វិញ។ ព្រឹតិ្ត​ការណ៍​នេះ ប្រហែល​មិន​មែន​គ្មាន​ហេតុ​ផល​ទេ ព្រោះ​បើ​យើង​មើល​ឲ្យ​ជ្រៅ​ជាង​នេះ​បន្តិច អ្វីៗ​ដូច​ជា មាន​ការ​រៀបចំ​ទុក។ មាន​សេណារីយោ ៤ ដែល​ត្រូវ​យក​មក​ពិចារណា៖

១. ព្រឹត្តិ​ការណ៍​នេះ អាច​ជា​ការ​បង្កើត​ឡើង ដោយ​ជំរំ​ព្រះអាទិត្យ ព្រោះ​មួយ​រយៈ​នេះ​ភ្លើង ២ ដុំ​របស់​ខ្លួន ហាក់​ចង់​រលត់​ទៅ​ហើយ (ភ្លើង​ចិត្ត​រាស្រ្ត និង ភ្លើង​ការ​ទូត)។ បើ​ភ្លើង​នេះ​រលត់​បាត់​នោះ​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​ចរចា​ជាមួយ​ជំរំ​ ទេវតា​ឡើយ បើ​បែប​នេះ ដូច​ឲ្យ​បក្ស​ទេវតា​វាយ​យក​ជ័យ​នៅ​តុ​ចរចា​អ៊ីចឹង។ ដូច្នេះ​ដើម្បី​ដុត​ភ្លើង​នេះ​ឡើង​វិញ ខ្លួន​ត្រូវ​បង្កើត​ព្រឹត្តិ​ការណ៍​ដោយ​យក​ឧត្តម​សេនីយ៍​របស់​ខ្លួន​មួយ​ កងពល ធ្វើ​ជា​បញ្ឆេះ​សម្រាប់​ដុត​ភ្លើង​ទាំង​ពីរ​កុំ​ឲ្យ​រលត់ និង​ឲ្យ​កាន់​តែ​ឆេះ​ខ្លាំង​ឡើង​វិញ។ កំហុស​នៃ​ការ​រៀប​ក្បួន​នេះ​គឺ​ការ​មិន​យល់​កាលៈ​ទេសៈ ព្រោះ​ភ្លើង​មួយ​ដុំ​កំពុង​តែ​ឆេះ ជាមួយ​នគរ​ខាង​កើត ខ្លួន​ក៏​ទៅ​ដុត​ភ្លើង​មួយ​បន្ថែម​ទៀត។

២.ជំរំ​ទេវតា ជា​អ្នក​ធ្វើ។ ព្រោះ​បើ​បណ្តោយ​ឲ្យ​ស្ថានការណ៍​បែប​នេះ កាន់​តែ​យូរ ទោះ​តិច​ឬ​ច្រើន​រឹត​តែ​ប៉ះ​ពាល់​ដល់​កិច្ចការ​ដឹក​នាំ​នគរ។ ទោះ​មាន​មហា​យក្ស​មួយ ចាំ​ទំនុក​បម្រុង​ក៏​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​រាស្រ្ត​ក្នុង​ នគរ​ដែរ​ដូច​នេះ​ត្រូវ​ប្រើ​យុទ្ធសាស្រ្ត​ចាប់​បង្ខំ។ បង្កើត​ព្រឹត្តិ​ការណ៍ ដាក់​អ្នក​បង្ក​បញ្ហា​ឲ្យ​ចូល​ក្នុង​ក្បួន​ដើម្បី​រក​លេស​ចាប់​មេ​ទ័ព​ជំរំ​ ព្រះ​អាទិត្យ​ដាក់​ជា​វត្ថុ​ចរចា។ ទោះ​ចង់ ឬ មិន​ចង់​ជំរំ​ព្រះ​អាទិត្យ​ត្រូវ​តែ​ជួយ​មេទ័ព​សំខាន់ៗ​របស់​ខ្លួន។ ធ្វើ​បែប​នេះ​ជំរំ​ទេវតា​មាន​ប្រៀប​ក្នុង​ការ​ចរចា ថា​មិន​ត្រូវ​លក្ខខណ្ឌ ពាក់​កណ្តាល​បូក ១ នឹង​បាន​សម្រេច​តាម​បំណង​របស់​ខ្លួន​ផង​ក៏​មិន​ដឹង ហើយ​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​បង្ខំ​ឲ្យ​ជំរំ​ព្រះ​អាទិត្យ​ដើរ​ចូល​ស្ថាប័ន​បង្កើត​ច្បាប់​ដោយ​គ្មាន​ លក្ខខណ្ឌ​ទាមទារ​អ្វី​ទាំង​អស់។

៣. គឺ​ជំរំ​ទាំង​ពីរ រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង ដើម្បី​ឈាន​ទៅ​បញ្ចប់​ចម្បាំង​ឆ្លង​រដូវ​ដ៏​យូរ​មួយ​នេះ ព្រោះ​បើ​បណ្តោយ​បែប​នេះ​គឺ​មាន​តែ​អ្នក​ខាត គ្មាន​អ្នក​ណា​ចំណេញ​ទេ។ នេះ​ជា​សេណារីយោ​ដែល​លទ្ធភាព​អាច​ទៅ​រួច​ច្រើន។ ព្រោះ​ពី​ម្តង​ទៅ​ម្តង ក្រោយ​ការ​ចរចា​ជា​ចំហ ជំរំ​ទាំង​ពីរ តែង​តែ​បែរ​ខ្នង​ដាក់​គ្នា ហើយ​ក៏​មាន​ការ​ចរចា​សម្ងាត់​រហូត​ជំរំ​ទាំង​ពីរ​បាន​ចរចា​ត្រូវ​គ្នា លើ​ច្រើន​ចំណុច​ទៅ​ហើយ នៅ​សល់​តែ​បញ្ហា ១ ប៉ុណ្ណោះ​ដែល​ខ្ទាស់។ មុន​ពេល​ចាប់​មេទ័ព​សំខាន់ៗ មេ​រង​ជំរំ​ព្រះ​អាទិត្យ បាន​ប្រកាស​ពី​រូបមន្ត​ថ្មី​មួយ​ដែល​អាច​ឲ្យ​ជំរំ​ទេវតា​ទទួល​យក​បាន។ ប្រកាស​ម្តង​ជា​ពីរ​ដង តែ​ជំរំ​ទេវតា​ហាក់​ធ្វើ​ហី​មិន​អើពើ។ ពី​ខាង​ក្រៅ មិន​ចង់ តែ​ខាង​ក្នុង​ចង់។ ពិត​ដូច​ក្លែង​ក្លាយ ក្លែង​ក្លាយ​ដូច​ពិត។ រឿង​អី​ដែល​ដល់​ចំណុច​ចុង​ក្រោយ​ហើយ មិន​ទៅ​និយាយ​គ្នា បើ​មាន​រូប​មន្ត​ថ្មី​ដែល​អាច​ឲ្យ​ជំរំ​ទាំង​ពីរ​ទទួល​យក​បាន​ហើយ​នោះ បែរ​ជា​បង្កាត់​ភ្លើង ឲ្យ​ឆេះ​ជា​ថ្មី​ទៅ​វិញ? ព្រឹត្តិ​ការណ៍​ចាប់​មេទ័ព​សំខាន់ៗ​ជំរំ​ព្រះ​អាទិត្យ ប្រហែល​ជា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​បង្កើត​ឡើង​ដើម្បី​ឲ្យ​ឃើញ​ថា ខ្លាំង តែ​ខាង​ក្នុង​ខ្សោយ។

ព្រោះ​បើ​ជំរំ​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា​ក្នុង​លក្ខខណ្ឌ​ធម្មតាៗ​ពេក នោះ​អ្វីៗ​នឹង​ចប់​ដោយ​គ្មាន​ន័យ។ វា​មិន​ខុស​ពី​រឿង​កុន​ទេ បើ​តួ​ប្រុស និង​តួ​ស្រី​ស្រឡាញ់​គ្នា​ពី​ដើម​ដល់​ចប់ គ្មាន​ឧបសគ្គ​អ្វី​រារាំង ហើយ​ចុង​ក្រោយ​ក៏​រៀបការ​នោះ គឺ​វា​គ្មាន អត្ថន័យ​ទេ។ តែ​បើ​សាច់​រឿង​នោះ តួ​ប្រុស តួ​ស្រី ឈ្លោះ​គ្នា​តាំង​ពី​ដើម​រឿង ហើយ​មាន​ឧបសគ្គ​រាប់​រយ ចុង​ក្រោយ​ក៏​ស្រឡាញ់​គ្នា​និង​បាន​រៀបការ អ្នក​មើល​ប្រាកដ​ជា​ថា រឿង​នេះ​ល្អ​មើល។ ទោះ​ថា​សេណារីយោ​នេះ ជា​សេណារីយោ​ដែល​មាន​លទ្ធភាព​អាច​ទៅ​រួច​ច្រើន ក៏​មិន​មែន​ថា វា​កើត​ឡើង ដោយ​ឯក​ឯង​នោះ​ឡើយ។ វា​មាន​រឿង​ដែល​ត្រូវ​ឲ្យ​វា​កើត​ឡើង។ ជំរំ​ព្រះ​អាទិត្យ ពិត​ណាស់​ចង់​ឲ្យ​សង្រ្គាម​នេះ ចប់​ឲ្យ​បាន​មុន​ខួប ១ ឆ្នាំ ហើយ​ដើរ​ចូល​ក្នុង​ស្ថាប័ន​បង្កើត​ច្បាប់ ដើម្បី​ត្រួត​ពិនិត្យ​មើល​លើ​ការងារ​គ្រប់​គ្រង​នគរ​របស់​ជំរំ​ទេវតា ម្យ៉ាង​មេទ័ព​របស់​ខ្លួន​ម្នាក់ៗ​ក៏​ច្បាំង​អស់​កម្លាំង​ហើយ​ដែរ។ មួយ​វិញ​ទៀត ត្រូវ​យក​ពេល​ដែល​នៅ​សល់ ដើម្បី​កសាង និង​ពង្រឹង​ជំរំ​របស់​ខ្លួន​ដើម្បី​ចេញ​ច្បាំង​លើក​ក្រោយ​។

ឯ​ជំរំ​ទេវតា​វិញ ត្រូវ​ការ​ពេល​វេលា​ដែល​នៅ​សល់​របស់​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​ដើម្បី​កសាង អភិវឌ្ឍ​នគរ និង​បង្កើន​សេដ្ឋកិច្ច​រាស្រ្ត​ដើម្បី​យក​ចិត្ត​រាស្រ្ត មាន​តែ​ធ្វើ​បែប​នេះ​ទេ​ទើប​ចេញ​ច្បាំង​លើក​ក្រោយ នៅ​មាន​រាស្រ្ត​គាំទ្រ អាច​បន្ត​គ្រប់​គ្រង​អំណាច​របស់​ខ្លួន​បាន។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​ប្រហែល​ជា​ចង់​បន្ថយ​កម្ដៅ​ភ្លើង​ចិត្ត​រាស្រ្ត​ដែល​កំពុង​តែ​ឆេះ ជាមួយ​នគរ​ខាង​កើត ព្រោះ​បង្កើត​ព្រឹត្តិ​ការណ៍​នេះ ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​រាស្រ្ត​កុំ​ឲ្យ​ទាន់​ធ្វើ​អ្វី​ផ្តេស​ ផ្តាស។

៤. នេះ​ក៏​ជា​សេណារីយោ​មួយ​ដែល​អាច​មាន​លទ្ធភាព​ច្រើន​ផង​ដែរ អាច​ថា​ច្រើន​ជាង​សេណារីយោ ទី៣ ហើយ​ជំរំ​ទាំង​ពីរ​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​ព្រឹត្តិ​ការណ៍​នេះ។ វា​ហាក់​ដូច​ជា​មិន​មែន​ចៃដន្យ​ពេក​ទេ គឺ ក្រោយ​ពេល​ដែល​អ្នក​នាំ​ពាក្យ​ទូត​នគរ​ខាង​កើត​បញ្ចេញ​នូវ​សម្ដី​ដែល​នាំ​ ឲ្យ​ភ្លើង​ចិត្ត​រាស្រ្ត​ខ្មែរ​ឆេះ​ហើយ​នោះ គេ​ហាក់​មើល​ឃើញ​នូវ​គ្រោះ​ច្រើន​ជាង​លាភ​សម្រាប់​ខ្លួន​គេ បើ​សិន​ជា​បណ្តោយ​ឲ្យ​ភ្លើង​នេះ​ឆេះ​ធំ ព្រោះ​បើ​ភ្លើង​នេះ​ឆេះ អ្នក​ខាត​ជាង​គេ គឺ​នគរ​ខាង​កើត​តែ​ម្តង ដោយ​សារ​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ត្រូវ​ពឹង​ផ្អែក​លើ​នគរ​យើង។

ក្រៅ​ពី​សេដ្ឋកិច្ច នគរ​ខាង​កើត​មិន​ចង់​ដុត​ភ្លើង​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ មិន​អាច​ដៃ​ម្ខាង​ច្បាំង​ជាមួយ​មហា​យក្ស ហើយ​ដៃ​ម្ខាង​វ៉ៃ​ជាមួយ​កូន​ចិញ្ចឹម​របស់​មហា​យក្ស​ទេ។ ណា​មួយ​ក៏​ចង់​បាន​ការ​គាំទ្រ​ពី​យើង​ក្នុង​រឿង​ជម្លោះ​ជាមួយ​មហា​យក្ស​ដែរ។ ទោះ​មិន​គាំទ្រ​ខ្លួន ក៏​ចង់​ឲ្យ​ឈរ​នៅ លើ​ជំហរ​កណ្តាល។

ដូច​នេះ ដើម្បី​ឲ្យ​ភ្លើង​នេះ​រលត់​វិញ​មាន​តែ​បង្កើត​ព្រឹត្តិ​ការណ៍​ដើម្បី​បន្សាប ​ព្រឹតិ្ត​ការណ៍ ឬ​អាច​និយាយ​ថា ដុត​ផ្ទះ​គេ​មុន ដើម្បី​កុំ​ឲ្យ​គេ​មាន​ឱកាស​មក​ដុត​ផ្ទះ​ខ្លួន។ ដើម្បី​ដុត​ភ្លើង​ថ្មី​នេះ គឺ​នគរ​ខាង​កើត រៀបចំ​មនុស្ស​ឲ្យ​ចូល​ក្នុង​ក្បួន​ជំរំ​ទាំង​ពីរ ដើម្បី​បង្ក​ជា​ផ្កា​ភ្លើង​ផ្ទុះ​ឆេះ​ឡើង។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ជា​រឿយៗ មេទ័ព​របស់​ជំរំ​ព្រះ​អាទិត្យ តែង​តែ​ទៅ​កាន់​បន្ទាយ​ដែល​គេ​វាយ​បែក​នោះ ដើម្បី​វាយ​រំដោះ​យក​មក​វិញ តែ​មិន​ដែល​មាន​បញ្ហា​ធំ​ដុំ​អ្វី​ទេ​ក្រៅ​តែ​ពី​មាន​បាតុភាព​បន្តិច​បន្តួច ​តែ​ប៉ុណ្ណោះ។

តែ​គ្រាន់​តែ​រលក​កម្សួល​នៃ​ភ្លើង​ចិត្ត​រាស្រ្ត​កំពុង​តែ​ឡើង​កម្ដៅ​ ជាមួយ​នគរ​ខាង​កើត ស្រាប់​តែ មាន​ការ​ផ្ទុះ​នូវ​ព្រឹតិ្ត​ការណ៍​ចាប់​មេទ័ព​សំខាន់ៗ នៃ​ជំរំ​ព្រះ​អាទិត្យ​តែ​ម្តង។ នៅ​មុន​នេះ​ក្រោយ​ពី​ប្រកាស​មិន​សុំទោស ភ្លាមៗ​អ្នក​នាំ​ពាក្យ រូប​នោះ​បាន​បន្ទន់​ឥរិយាបថ កែ​តម្រូវ​ពាក្យ​របស់​ខ្លួន​ឡើង​វិញ។

ដូច​នេះ សេណារីយោ​នេះ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​នគរ​ខាង​កើត ហើយ​ក៏​អាច​ទៅ​រួច​ច្រើន​ជាង​គេ​ដែរ ព្រោះ​ក្នុង​ក្បួន​ថា អ្នក​ដែល​ចំណេញ​ជាង​គេ​ពី​យុទ្ធសាស្រ្ត គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​បង្កើត​ឡើង ហើយ​ជំរំ​ទាំង​ពីរ គ្រាន់​តែ​សម្រួល​ក្បួន​របស់​ខ្លួន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​យុទ្ធសាស្រ្ត​របស់​គេ​តែ​ប៉ុណ្ណោះ។

មនុស្ស​គិត មិន​ដូច​ទេវតា​គិត! គេ​ថា នយោបាយ​ជា​រឿង​ដែល​អាច​មើល​ឃើញ តែ​ថា​មិន​ត្រូវ! បើ​ខ្ញុំ​មិន​និយាយ ធ្វើ​ម៉េច​នឹង​ដឹង​ថា ខ្ញុំ​ខុស!៕

ដោយ ខេមរា វិជ័យ vichey.kh@gmail.com

ល្បិច​ខ្មែរ

តើល្បិចខ្មែរណាខ្លះដែលអ្នកធ្លាប់លឺនឹងបានស្គាល់៖
១) ឆ្មាលាក់ក្រចក (ដាក់ដោយសារ៉ាក់)
២) ស្រីកាកី(ដាក់ដោយសារ៉ាក់)
៣) ក្របីស៊ីក្នុងអូរ(ដាក់ដោយសារ៉ាក់)
៤) រុញទូកបណ្ដោយទឹក(ដាក់ដោយសារ៉ាក់)
៥) ដឹកញីបន្ស៊ីឈ្មោល(ដាក់ដោយសារ៉ាក់)
៦) សម្ងំយកពីស(ដាក់ដោយសារ៉ាក់)
៧) បៀមឈាមព្រួសដាក់គេ(ដាក់ដោយសារ៉ាក់)
៨) ត្រីងៀតឆ្លៀតពង (ដាក់ដោយបញ្ញា)
៨) ស្ទូចត្រី(ដាក់ដោយសារ៉ាក់)
៩) ដល់ត្រើយសើចគូថ(ដាក់ដោយសារ៉ាក់)
១០) ព្រួញមួួយបាញ់បានសត្វពីរ(ដាក់ដោយសារ៉ាក់)
១១) អូសក្រឡាស៊ី ហ្សីន(ដាក់ដោយសារ៉ាក់)
១២) ជេរបញ្ជោរ(ដាក់ដោយសារ៉ាក់)
១៣) វាយក្បាលអង្អែលខ្នង(ដាក់ដោយសារ៉ាក់)
១៤ ) ជន្លឆ្វេង វាយស្តាំ(ដាក់ដោយបញ្ញា)
១៥) កូរ ទឹកចាប់ត្រី (ដាក់ដោយជីវ័ន្ត)
១៦) បោះសន្ទួចរំលងភ្នំ(ដាក់ដោយជីវ័ន្ត)
១៧) ចាប់កូនខ្លែងប្រលែងកូនមាន់(ដាក់ដោយជីវ័ន្ត)
១៨) បង្អែមទឹកឃ្មុំ(ដាក់ដោយជីវ័ន្ត)
១៩) សន្នំពស់វែក(ដាក់ដោយជីវ័ន្ត)
២០) ក្របីលាក់កូន(ដាក់ដោយជីវ័ន្ត)
២១) មាន់បណ្តើរកូន(ដាក់ដោយជីវ័ន្ត)
២២) ឃ្មុំផ្ញើរសំបុក(ដាក់ដោយជីវ័ន្ត)
២៣) ខ្យប់បណ្តាក់(ដាក់ដោយជីវ័ន្ត)
២៤) ចង់មនុស្សផ្អោបសាកសព(ដាក់ដោយជីវ័ន្ត)
២៥) ស្លៀកខ្យល់ដណ្តប់មេឃ(ដាក់ដោយជីវ័ន្ត)
២៦) ដណ្ដឹងប្រពន្ធមេម៉ាយ(ដាក់ដោយជីវ័ន្ត)
២៧) នាយកម្សត់ (ដាក់ដោយសារ៉ាក់)
២៨) ផ្ការីកគ្រប់រដូវ(ដាក់ដោយសារ៉ាក់)
២៩) បិតកូថ(ដាក់ដោយសារ៉ាក់)
៣០) វាយស្មៅបង្អើលពស់(ដាក់ដោយសារ៉ាក់)
៣១) ទីងមោង(ដាក់ដោយសារ៉ាក់)
៣២) ស្រីស្អាត សាច់ស (ដាក់ដោយសារ៉ាក់)
៣២) ក្អែកផឹកទឹកក្អម(ដាក់ដោយសារ៉ាក់)
៣៣) កាំបិតស្នៀតឪ(ដាក់ដោយសារ៉ាក់)
៣៤) ក្ដៅស៊ីរ៉ាក់ត្រជាក់ស៊ីជ្រៅ (ដាក់ដោយសារ៉ាក់)
៣៥) រនុកក្នុង(ដាក់ដោយសារ៉ាក់)
៣៦) តួល្ខោន(ដាក់ដោយសារ៉ាក់)
៣៥) ពិសបង្រ្កាបពិស(ដាក់ដោយសារ៉ាក់)
៣៦) បាចទឹករីងចាប់ត្រី(ដាក់ដោយសារ៉ាក់)
៣៧) ដង្កូវបាក់ខ្នង (ដាក់ដោយសារ៉ាក់)
៣៨) សាច់កម្ម (ដាក់ដោយសារ៉ាក់)
៣៩) លើកជើង (ដាក់ដោយសារ៉ាក់)
៤០) ទន់បង្ក្រាបរឹង(ដាក់ដោយសារ៉ាក់)
៤១) ពាក់់មុខយក្ស(ដាក់ដោយសារ៉ាក់)
៤២) ធ្វើនំអត់ម្សៅ (ដាក់ដោយសារ៉ាក់)
៤៣) ក្ដៅស៊ីរ៉ាក់ ត្រជាក់ស៊ីជ្រៅ (ដាក់ដោយសារ៉ាក់)
៤២) បិទទ្វាវាយឆ្កែ (ដាក់ដោយសារ៉ាក់)
៤៤) ដាំដើមឬស្សី (ដាក់ដោយសារ៉ាក់)
៤៥) មាន់ជាន់គ្នា (ដាក់ដោយសារ៉ាក់)

កំរងឃ្លាយុទ្ធសាស្ត្រ ក្នុងរឿងសាមកុក

china_new_terracotta_warriors_73
១. បើរួមដំណើរមិនរួមផ្លូវ មិនខុសពីសាកសព្វដែលមានតែខ្លួននិងគ្មានព្រលឹងទេ។
២. ខ្ញុំឱនលំទោនជាមួយចោររគឺដើម្បីសម្លាប់ចោរតែប៉ុណ្ណោះ។ ឆាវឆាវ
៣. វត្ថុទិព្វលើលោកនេះមិនមែនស្ថិតនៅលើសម្បកក្រៅនោះទេ។
៤. ពេលមន្រ្តីអាក្រក់ក្តាប់អំណាច មិនធ្វើមន្រ្តីក៏បាន។
៥. អ្នកក្លាហានមិនមែនស្ថិតនៅលើការចាញ់ឈ្នះទេ។
៦. ខ្ញុំសុខចិត្តក្បត់គេ មិនឲ្យគេក្បត់ខ្ញុំទេ។ ឆាវឆាវ
៧. គុណធម៌ ឬចិត្តល្អអាក្រក់ មិនអាចមើលដឹងតាមសម្បកក្រៅបានទេ។ ឆាវឆាវ
៨. អ្នកធ្វើកិច្ចការធំមិនអាចអត់ប្រាក់បានទេ ប៉ុន្តែមិនត្រូវពឹងលើប្រាក់ទាំងស្រុងនោះទេ។ ឆាវឆាវ
៩. រកបានអ្នកក្លាហានម្នាក់មានតម្លៃជាងមាសមួយសែនតម្លឹងទៅទៀត។ ឆាវឆាវ
១០. ពេលខ្លះរបស់ក្លែងក្លាយល្អប្រើជាងរបស់សុទ្ធទៅទៀត។
១១. នគរមានគ្រោះថ្នាក់កូនប្រុសត្រូវតែជួយ មិនចាំបាច់អញ្ចើញទេ។ លាវប៉ី
១២. សង្គ្រោះនគរស្ថិតនៅលើចិត្តស្មោះ មិនស្ថិតនៅលើគ្នាច្រើនទេ។ លាវប៉ី
១៣. ដើម្បីយកទឹកដី ដំបូងត្រូវយកចិត្តមនុស្សមុន វិធីយកចិត្តមនុស្សគឺស្ថិតលើការកសាងបុណ្យ ធ្វើអំពើគុណធម៌ បំពេញចិត្តកត្តញ្ញូ។ លាវប៉ី
១៤. ខ្ញុំសុខចិត្តស្តាប់ពាក្យជេរ មិនសុខចិត្តស្តាប់ពាក្យផ្អែមល្អែមរបស់មនុស្សមានពុតត្បុតទេ។ ឆាវឆាវ
១៥. ស្រាឆ្ងាញ់បានអ្នកក្លាហានផឹក គឺជាសំណាងរបស់ស្រាហើយ។ ឆាវឆាវ
១៦. តើឯងចង់ឲ្យបងធ្វើជាមនុស្សល្ងង់ ឬធ្វើជាមនុស្សអាក្រក់? ម្ចាស់សម្ព័ន្ធយានសាន
១៧. បងមិនត្រូវធ្វើជាមនុស្សល្ងង់ ហើយក៏មិនត្រូវធ្វើជាមនុស្សអាក្រក់ ប៉ុន្តែត្រូវធ្វើជាមនុស្សឆ្លាត។ ប្អូនម្ចាស់សម្ព័ន្ធ
១៨. បើចិត្តមនុស្សធ្លាក់ចុះ សម្ព័ន្ធទ័ពនឹងចប់ជាមិនខាន។ ឆាវឆាវ
១៩. កុំទះកំភ្លាងគេអី នាំតែប្រលាក់ដៃខ្លួនឯងទេ។ គួនអ៊ី
២០. សម្លាប់អាចសម្លាប់បាន តែមិនអាចប្រមាទបានទេ។ ម្ចាស់សម្ព័នយានសាន
២១. ពិភពនៃរឿងរ៉ាវច្របូកច្របល់គឺមកពីមានមានចិត្តបែកបាក់។ ឆាវឆាវ
២២. ត្រកូលដូចគ្នាមិនប្រាកដថាមានចិត្តដូចគ្នាទេ។
២៣. កូនប្រុសទ្រូងប្រាំហត្ថ ទីណាក៏អាចនៅបានដែរ។ លីពូ
២៤. នៅពេលចាប់ស្តេចបានគឺអាចយកស្តេចគម្រាមពួកមន្រ្តី ក្តោបក្តាប់យកនគរទាំងមូល។ ឆាវឆាវ២៥. គ្រួសារក្រឃើញកូនកត្តញ្ញូ ប្រទេសជួបគ្រោះឃើញមន្រ្តីស្មោះ។ មន្រ្តីម្នាក់
២៦. ចិញ្ចឹមស្តេចមួយអង្គ ស្រួលជាងធ្វើស្តេចខ្លួនឯងឆ្ងាយណាស់។ ឆាវឆាវ
២៧. គេក្បត់ខ្ញុំគឺជារឿងរបស់គេ តែខ្ញុំមិនក្បត់ចិត្តធម៏របស់ខ្ញុំទេ។ លាវប៉ី២៨. របស់ដែលអាចទិញបានគឺសុទ្ធតែជារបស់ថោក។ ទីប្រឹក្សាយានស៊ូ
២៩. អ្នកធ្វើកិច្ចការធំមិនប្រកាន់រឿងតូចតាច។ យានស៊ូ
៣០. បើចង់ធ្វើកិច្ចការធំ ត្រូវតែទ្រាំរឿងដែលមនុស្សធម្មតាទ្រាំមិនបាន។ ទីប្រឹក្សាយានស៊ូ
៣១. ផ្លែប៉េងប៉ោះដែលមិនទាន់ទុំ បើប្រញ៉ាប់ទៅបេះ វាបានត្រឹមតែធ្វើឲ្យប្រលាមុតដៃប៉ុណ្ណោះ។ ទីប្រឹក្សាយានសាន។
៣២. អ្នកក្លាហានគួរតែមានឆន្ទៈធំ មានកលល្បិចច្រើន៖ ទីមួយអាចមើលធ្លុះសភាពការណ៍នគរជាមុន ទីពីរអាចមើលធ្លុះរឿងហេតុអនាគតបាន។ ឆាវឆាវ
៣៣. អ្នកក្លាហានដែលគ្មានឱកាសបញ្ចេញសមត្ថភាពគឺគ្មានឥទ្ធិពលចំពោះខ្ញុំទេ។ ឆាវឆាវ
៣៤. លែងសត្រូវមួយថ្ងៃ គឺត្រូវព្រួយបារម្ភមួយម៉ឺនជាតិ។ ទីប្រឹក្សាឆាវឆាវ
៣៥. មេដឹកនាំធ្វើខុស ដឹងខុសហើយកែ តែមិនទទួលកំហុស។ ទីប្រឹក្សាឆាវឆាវ
៣៦. កំណាព្យដែលល្អខ្លាំងជាថ្នាំទេវតាទៅទៀត។ ឆាវឆាវ
៣៧. មិនខ្វល់ថាច្បាំងឬមិនច្បាំង យើងមិនត្រូវមើលតែស្ថានភាពរបស់ខ្លួនឯងទេ គឺត្រូវមើលស្ថានភាពរបស់សត្រូវផង មិនត្រឹមតែត្រូវតែដឹងថាស្រ្តូវខ្លាចអ្វីជាងគេទេថែមទាំងត្រូវតែដឹងថាសត្រូវចង់បានអ្វីជាងគេដែ ស្គាល់ស្ថានភាពទាំងសងខាងទើបអាចយកឈ្នះលើគេបាន។
ទីប្រឹក្សាយានសាន
៣៨. ម្ហូបអាហារកាន់តែឆ្ងាញ់ កាន់តែស្លាក់ជាប់ក។ គួន អ៊ី
៣៩. បើសិនជាខ្ញុំមានចិត្តច្រណែននឹងគេមែននោះ ខ្ញុំគួរតែច្រណែនមនុស្សដែលខ្ញុំគួរច្រណែន លោកមិនស័ក្តិសមទេ។ ទីប្រឹក្សាយានសាន
៤០. ទ្រព្យមិនអាចធ្វើឲ្យគេរំភើបចិត្ត បុណ្យស័ក្តិមិនអាចកែប្រែគំនិតគេបាន ស្លាប់រស់មិនអាចរារាំងដំណើរគេបាន ចំពោះមនុស្សបែបនេះ កុំថាឡើយឆាវឆាវ សូម្បីទេវតាក៏ចាញ់ដែរ។
៤១. ពាក្យចាស់ពោលថា ទទួលគុណទឹកមួយតំណក់ សងវិញគឺទាំងធុង។ ទីប្រឹក្សាយានសាន
៤២. កងទ័ពមិនស្ថិតនៅលើច្រើនទេ គឺស្ថិតនៅលើខ្លាំង មេទ័ពមិនស្ថិតនៅលើខ្លាំងទេ គឺស្ថិតនៅលើយុទ្ធសាស្រ្ត។
៤៣. មនុស្សមិនមែនទេវតា អ្នកណាដែលថាគ្មានកំហុសនុះ? ឆាវឆាវ
៤៤. សម្តីស្មោះទាស់ត្រចៀក។ ទីប្រឹក្សាយានសាន
៤៥. មន្រ្តីឆ្លាតបំរើម្ចាស់ល្ងង់ គឺជារឿងដែលគួរឲ្យឈឺចាប់បំផុតក្នុងជីវិត។ ឆាវឆាវ
៤៦. សម្តីរិតតែមានន័យ រឹតតែមានគ្រោះដល់ជីវិត។ ទីប្រឹក្សាយានសាន
៤៧. កុំនិយាយថាច្បាំងម្តងចាញ់ម្តង ត្រូវនិយាយថាចាញ់ម្តងច្បាំងម្តងទៀត។
៤៨. ធ្វើបាបគេដើម្បីប្រយោជន៍ខ្លួនឯង ទោះបីស្លាប់ក៏ខ្ញុំមិនធ្វើដែរ។ លាវប៉ី
៤៩. ស្រលាញ់មនុស្សល្អ ស្រលាញ់អ្នកចេះដឹង តែមិនចេះប្រើ ស្អប់មនុស្សអាក្រក់ តែមិនអាចកំចាត់ តើមានប្រយោជន៍អ្វីទៅ?
៥០. អ្នកយកចិត្តរាស្រ្តបាន គឺយកចិត្តទេវតាបាន។ ទីប្រឹក្សាលាវប៉ី
៥១. បើមិនចង់ឲ្យអ្នកដទៃដឹង លុះត្រាតែកុំប្រព្រឹត្ត។ ខុងមិញ
៥២. បើមានសង្គ្រាម ឲ្យប្រជារាស្រ្តរត់ចោលខ្ញុំ តែខ្ញុំមិនរត់ចោលប្រជារាស្រ្តទេ។ លាវប៉ី
៥៣. ប្រើរបស់ឲ្យអស់ប្រយោជន៍ ប្រើមនុស្សឲ្យអស់ពីសមត្ថភាព។ ឆាវ ឆាវ
៥៤. ស្តេចគ្រប់ជំនាន់សុទ្ធតែយល់ថាទឹកដីសំខាន់ តែខ្ញុំយល់ថាសំខាន់ជាងគេគឺមិនមែនទឹកដីទេ សំខាន់ជាងគេគឺប្រជារាស្រ្ត។ លាវប៉ី
៥៥. មេទ័ពម្នាក់បើមិនចេះមើលតារាសាស្រ្ត មិនចេះមើលធាតុអាកាស មិនចេះមើលភូមិសាស្រ្ត មិនចេះមើលវិធីសាស្រ្ត មិនមើលក្បួនសឹក មិនមើលកាលទេសៈ គឺជាមនុស្សល្ងង់បំផុត។
៥៦. ចាញ់ឈ្នះជារឿងធម្មតា បរាជ័យមិនគួរឲ្យខ្លាចទេ ខ្លាចជាងគេគឺចិត្តបរាជ័យ ត្រូវតែតាំងចិត្តឲ្យក្លាហាន។ ឆាវឆាវ
៥៧. កងទ័ពយើង បើមិនឆ្លងកាត់ការបរាជ័យប៉ុន្មានដង ម៉េចនឹងចេះរកវិធីធ្វើសង្គ្រាមឈ្នះទៅ? នៅលើលោកនេះអត់មានមេទ័ពដែលច្បាំង១០០ដង ឈ្នះ១០០ដងទេ មានតែមនុស្សចាញ់តែមិនអស់សង្ឃឹមរិតតែចាញ់ រិតតែក្លាហាន ដល់ទីបញ្ចប់ទទួលបានជោគជ័យ។ ឆាវឆាវ
៥៨. អាងខ្លួនខ្លាំង មិនព្រមហ្វឹកហាត់ មើលស្រាលសត្រូវ (ពេលវេលា)។ ឆាវឆាវ
៥៩. ចេះតែសម្លាប់មនុស្សបានប្រយោជន៍ស្អី ចាំឲ្យច្បាស់ណា កុំឆេវឆាវឲ្យសោះ ព្រោះវាធ្វើឲ្យប្រាជ្ញាអន់ថយ ម្យ៉ាងទៀត មិនត្រូវស្អប់ខ្ពើមសត្រូវខ្លួនឯងទេព្រោះគំនុំអាចធ្វើឲ្យបាត់បង់វិចារណញាណបើស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង។ ឆាវឆាវ
៦០. បើចង់វិភាគអ្នកណាជាឃាតករសម្លាប់មនុស្ស ជាដំបូងត្រូវវិភាគការស្លាប់របស់ម្នាក់នោះមានប្រយោជន៍ចំពោះអ្នកណា។
៦១. ពាក្យចចាមអារាមក៏អាចសម្លាប់មនុស្សដែរ ហើយសម្លាប់បានលឿនជាងកំបិតទៅទៀត។ ស៊ឺម៉ាអ៊ី
៦២. អ្វីដែលគេចង់ឲ្យឯងមើលឃើញ គឺឯងនឹងមើលឃើញ អ្វីដែលគេមិនចង់ឲ្យឃើញ គឺមើលមិនឃើញទេ។ កុងជីង ឬចូវអ៊ី កូនចៅស៊ុនឈាន
៦៣. បើចង់សម្រេចកិច្ចការធំ មិនអាចពឹងពាក់តែការប្រយុទ្ធទេ ចិត្តធម៌ទើបអាចធ្វើឲ្យមនុស្សគេកោតគោរព។ លាវប៉ី
៦៤. នៅពេលគ្រោះថ្នាក់ មនុស្សស្លូតក៏ចេះហារមាត់ខាំគេវិញដែរ។ ជីង ជីង
៦៥. លោម្ចាស់ប្រើចិត្តធម៌យកចិត្តគេ ទង្វើនេះមុតជាងដាវកំបិត១០០ដងទៅទៀត។ ចាវជីឡុង
៦៦. ធ្វើសង្គ្រាម មិនអាចពឹងតែការឆេវឆាវទេ ត្រូវមានយុទ្ធសាស្រ្តនិងចេះអត់ធ្មត់។ ខុង មិញ
៦៧. នៅក្នុងសម័យសង្គ្រាម មេទ័ពខ្លាំង គឺឈ្នះមេទ័ពល្អ។
៦៨. លោកឧបរាជ ពេលនេះកងទ័ពអស់កំលាំងណាស់, ឆាវឆាវនិយាយឆ្លើយតបថា អស់កំលាំងយ៉ាងណាក៏ត្រូវតែហាត់ដែរ បើយប់នេះសត្រូវសំរុកចូលមក អញ្ចឹងឯងប្រាប់គេថាហត់ណាស់ឲ្យសត្រូវនៅចាំហេស?
៦៩. ចាញ់ហើយមិនច្រួលច្របល់ ទទួលការប្រមាថហើយនៅត្រជាក់ដូចទឹក ទីបំផុតបានដេញទ័ព្វសត្រូវឲ្យចូលសភាពចាញ់វិញ។ ជួគឺលាង
៧០. មានតែខ្លួនឯងខ្លាំងទេ ទើបគេសុខចិត្តព្រមជួយយើង។ ស៊ុន ឈាន
៧១. សុខចិត្តទទួលទោសនៅថ្ងៃនេះ ចៀសវាងគ្រោះធំនៅថ្ងៃអនាគត។ ស៊ឺម៉ាអ៊ី
៧២. គ្រាន់តែសម្ងំយកសុខ គឺមិនអាចសុខនោះទេ មានតែឆ្ពោះទៅមុខ ទើបអាចសម្រេចកិច្ចការធំ។ ខុងមិញ
៧៣. កន្លែងរឹតតែគ្រោះថ្នាក់រឹតតែបានសុខ។
៧៤. ទៅវៃភាគខាងជើងគឺដើម្បីលើកស្ទួយរាជវង្សហាន មិនអាចប្រថុយនឹងគ្រោះថ្នាក់ទេ ទ័ពយើងគួរតែដើរតាមដំណើប្រយ័ត្នគ្រប់ជំហាន ធ្វើដំណើរបែបនេះថ្វីត្បិតតែមិនឆាប់ឈ្នះ តែក៏មិនបរាជ័យដែរ។
ខុងមិញ
៧៥. សម្លាប់មនុស្សមិនចាំបាច់ប្រើឃាតករទេ មានពេលខ្លះពាក្យចចាមអារាមក៏អាចស្លាប់មនុស្សបានដែរ ហើយសម្លាប់ដោយមិនឃើញឈាមទៀតផង។ ខុងមិញ
៧៦. ចាប់ចោរត្រូវចាប់មេមុន ស៊ឺម៉ាអ៊ី
៧៧. មិនមែនខ្ញុំមិនជឿងឯងទេ តែខ្ញុំជឿលើភ្នែកខ្ញុំជាង។ ស៊ឺម៉ាអ៊ី
៧៨. មនុស្សដែលឆ្លាតជាងគេនៅលើលោកនេះ តែងតែភ្លាត់ស្នៀតដោយសារតែបញ្ញាខ្លួនឯង។ ស៊ឺម៉ាអ៊ី
៧៩. ដាំសណ្តែក ដុតគ្រាប់សណ្តែក សណ្តែកស្រក់ទឹកភ្នែក ក្នុងឆ្នាំង។ សណ្តែកកើតចេញពីឬសតែមួយ ដុតគ្នាដើម្បីអ្វី? កំណាព្យ៧ជំហានរបស់ ឆាវជី
៨០. មនុស្សអត់បានការចេះតែប្រើមាត់នឹងកាយវិការតែប៉ុណ្ណោះ ក្រៅពីនេះគ្មានចេះស្អីទេ។
៨១. ក្បួនសឹកទាំងអម្បាលមាន និយាយឲ្យចំមិនស្ថិតលើក្បួនទេ គឺស្ថិតលើយុទ្ធសាស្រ្ត ស្ថិតលើការប្រែប្រួល ធ្វើឲ្យគេមើលមិនដឹងការពិត ក្បួនគឺសម្បកក្រៅ យុទ្ធសាស្រ្តទើបអាចយកចាញ់ឈ្នះ។ ខុងមិញ
៨២. រៀនហើយមិនរំលឹក ស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើ ស្មើនឹងបរាជ័យ។ ខុងមិញ
៨៣. អ្វីៗខ្ញុំបានធ្វើរួចរាល់អស់ហើយ នៅចាំតែព្រហ្មលិខិតទេ។
៨៤. មួយជីវិតមនុស្សគង់តែបែកគ្នាទេ។ ស៊ឺម៉ាអ៊ី

នាយក​រដ្ឋ​មន្ត្រី​ប្រតិកម្ម​តប​នឹង​អ្នក​សរសេរ​មក​ភ្នំពេញ ប៉ុស្តិ៍

1014112_1382170195335489_541213523_n

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ របស់​លោក ប៉ែន សុជីវន្ត ជា​ប្រជាជន​ម្នាក់​ក្នុង​ខេត្ត​រតនគិរី​។ នៅ​ក្នុង​លិខិត​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ដែល​មាន​សុន្ទរកថា​ឆ្លើយ​តប​ពី​លោក​នាយក​ រដ្ឋ​មន្រ្តី ហ៊ុន សែន លោក ប៉ែន សុជីវន្ត​បាន​ប្រៀប​ធៀប​ទំនាក់​ទំនង​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​យូរ​ឆ្នាំ លោក សម រង្ស៊ី ទៅ​នឹង​ល្បែង​អុក​ដែល​គ្មាន​ទី​បញ្ចប់​គឺ​សំដៅ​លើ​ភាព​ជាប់​គាំង​នយោបាយ​ដែល ​គ្មាន​អ្នក​ឈ្នះ​ឬ​ចាញ់​។

លោក​នាយក​រដ្ឋ​មន្រ្តី ឆ្លើយ​តប​ត្រង់ ពាក្យ​ឈ្នះ​និង​ចាញ់​ដោយ​បាន​លើក​ឡើង​នូវ​ឧទាហរណ៍​ជា​ច្រើន​ពី​ប្រវត្តិសាស្រ្ត​កម្ពុជា។

លោក​ថ្លែង​ថា ពី​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ «​ខ្ញុំ​ឈ្នះ​អុក​»​ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​មក «​ខ្ញុំ​ឈ្នះ» ហើយ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០០៨ «ខ្ញុំ​ឈ្នះ​»។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​សីមា​ព្រះវិហារ នៅ​វត្ត​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​អំពី​ជ័យជម្នះ​ទៅ​លើ​ជំរំ​ ខ្មែរ​ក្រហម​នៅ​អន្លង់វែង​ដែល​ឆ្លុះ​បញ្ចាំ​អំពី​ឧទាហរណ៍​នៃ​សេចក្តី​សម្រេច ​ចិត្ត​ដូច​គ្នា​ទៅ​នឹង​អ្នក​ជំនាញ​នៅ​ក្នុង​ការ​ប្រកួត​អុក។

លោក​ថ្លែងថា៖ «គ្មាន​នរណា​ខ្លាំង​ជាង​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ ហ៊ុន សែន អាច​យក​ពួក​គេ​ចេញ​ពី​ព្រៃ​បាន​ហើយ​ពួក​គេ​បាន​រត់​មក​ចុះ​ចូល​នៅ​ផ្ទះ ហ៊ុន សែន​»។

លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ​បញ្ចប់​ការ​លើក​ឡើង​ដែល​ថា តើ​កូន​ណា​មួយ​ក្នុង​ចំណោម​កូន​របស់​គាត់​ដែល​កំពុង​ឈរ​ឈ្មោះ​កាន់​អំណាច​នៅ ​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា​។

លោក​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​បី​នាក់​របស់​គាត់​ថា​៖​ «នេះ​មិន​មែន​ជា​កូន​ប្រុស​ចុង​ក្រោយ​តែ​មួយ​របស់​ខ្ញុំ​ដែល​ឈរ​ឈ្មោះ​ជា​ បេក្ខជន​សភា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ទេ»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា ការ​និយាយ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ក្នុង​សុន្ទរកថា របស់​លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ភ័យ​ខ្លាច​យ៉ាង​ពិត​ប្រាកដ​ដែល​ថា​គណបក្ស​ ប្រជាជន​កម្ពុជា​នឹង​បាត់បង់​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ខែ​កក្កដា​។

លោក​ថ្លែង​បន្ត​ថា​៖ «លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​បារម្ភ​អំពី​សំឡេង​ខ្លាំង​ក្លា​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ហេតុ​ដូច្នេះ​លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​សុន្ទរកថា​ស្រែក​ខ្លាំងៗ​ជាង​មុន​ទៅ​សាធារណជន​ហើយ​ការ​ចាក់​ ផ្សាយ​ឡើង​វិញ​លើ​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​និង​វិទ្យុ​នេះ​គឺ​មិន​ យុត្តិធម៌​ទេ»៕ PS

យក​គោល​ចែវ​ទូក​ដេញ​ចាប់​ត្រី​ធ្វើ​ចំណី​សត្វ

130604_02
អ្នក​លេង​អុក សុទ្ធ​តែ​ដឹង​ថា កូន​អុក​ដែល​សំខាន់ៗ​តាម​ឋានានុក្រម គឺ​ទូក​ទី១ សេះ​ទី ២ គោល​ទី ៣ នាង ទី ៤ ហើយ​ត្រី គឺ​ទី​៥។ កាល​ណា​គេ​និយាយ​ពី​សត្វ ក្នុង​ល្បែង​អុក គឺ​សំដៅ​ដល់ កូន​សេះ​។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​នឹង​លើក​យក​យុទ្ធសាស្រ្ត ដែល​គណបក្ស​ប្រជាជន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ ដែល​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

តើ គណបក្ស​ប្រជាជន បញ្ជា​គោល​ជឹះ​ទូក​ដេញ​ចាប់​ត្រី របស់​គណបក្ស​ប្រឆាំង​យ៉ាង​ម៉េច​ហើយ មក​ធ្វើ​ចំណី​របស់​សត្វ​សេះ​យ៉ាង​ម៉េច​? តើ​អ្វី​ជា​កូន​ត្រី ជា​កូន​គោល ជា​កូន​សេះ ឬ​ទូក​របស់​គណបក្ស​ប្រជាជន​? ការ​រៀប​កូន​អុក​គឺ​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ហើយ​ត្រូវ​ដឹង​ជា​មុន​នូវ​យុទ្ធសាស្រ្ត​របស់​ដៃ​គូ។ មួយ​ជំហានៗ គឺ​ត្រូវ​តែ​គិត​ពី​ការ​ចល័ត​ទ័ព​របស់​ដៃ​គូ មុន​នឹង​ដើរ​កូន​របស់​ខ្លួន​ថា​តើ​គេ​ដើរ​កូន​ត្រី​ហ្នឹង​ដើម្បី​អ្វី​? តើ​កូន​ណា ជា​អ្នក​វាយ​ប្រហារ​? តើ​កូន​ណា​ជា​អ្នក​បញ្ឆោត​? តើ​កូន​ណា ជា​គិញ​សម្ងាត់​? តើ​កូន​ណា​ធ្វើ​ជា​ទ័ព​អាកាស? តើ​កូន​ណា​ជា​ទ័ព​ស្រួច​? តើ​ចំណុច​ខ្សោយ​របស់​គេ​នៅ​កន្លែង​ណា? ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​ដើរ និង​គិត​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត ក្នុង​នាម​ជា​អ្នក​លេង​អុក។

ការ​រៀប​ក្បួន​ទ័ព សម្រាប់​កម្លាំង​នយោបាយ​របស់​គណបក្ស​នីមួយៗ​ក៏​ដូច្នេះ​ដែរ​គឺ​សុទ្ធ​តែ​មាន​ការ​ស្ទាប​ស្ទង់​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ នៃ​យុទ្ធសាស្រ្ត និង កម្លាំង​រៀងៗ​ខ្លួន។ ឆាវ​ឆាវ( Cao Cao) ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ដែល​ឈ្នះ​ផ្ទូនៗ គឺជា​ទ័ព​ក្អេង​ក្អាង ទ័ព​ក្អេង​ក្អាង​គឺ​ជា​ទ័ព​ដែល​បរាជ័យ។

និយាយ​ត្រឡប់​ទៅ ៣ អាណតិ្ត​កន្លង​មក​នេះ គណបក្ស​ប្រជាជន​ទទួល​បាន​ជ័យជម្នះ​ផ្ទូនៗ​(ទោះ​ជា​មិន​ទាំង​ស្រុង​ក៏​ដោយ )ដែល​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​(កង​ទ័ព​) មួយ​នេះ មាន​អំណួត​យ៉ាង​ខ្លាំង តែ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ដ៏​ខ្លាំង​បំផុត​របស់​ថ្នាក់​ដឹក​នាំ គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​សម្តេច ហ៊ុន សែន ព្រោះ​ថា ភាព​ជោគជ័យ​កន្លង​មក​បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​មាន​ភាព​ក្អេង​ក្អាង​មិន​មាន​ការ​ខ្លាច​រអា​ចំពោះ​ម្ចាស់​ឆ្នោត ហើយ​ក៏​ក្លាយ​ទៅ​ជា​កង​ទ័ព​ដែល​ជិះ​សេះ​លែង​ដៃ​ថែម​ទាំង​បង្ក​ការ​ឈឺ​ចាប់​ដល់​ម្ចាស់​ឆ្នោត។

ខុង មិញ​ដែល​ជា​ទីប្រឹក្សា​របស់​លាវប៉ី ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ខ្លាំង មិន​គួរ​ឲ្យ​ខ្លាច​ទេ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច គឺ​អ្នក​មាន​ការ​ឈឺ​ចាប់ និង​អ្នក​មាន​ឆន្ទៈ​ធំ​។ ឈឺ​ចាប់​កាន់​តែ​ខ្លាំង ឆន្ទៈ​កាន់​តែ​ធំ ឆន្ទៈ​កាន់​តែ​ធំ ការ​តស៊ូ​ក៏​កាន់​តែ​ខ្លាំង​ដែរ​។ ដូច្នេះ​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង និង អ្នក​ដែល​មាន​ឆន្ទៈ​ធំ​ទាំង​នេះ។

អ្នក​ឈឺ ចាប់ ដោយ​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដែល​អួត​ក្អេង​ក្អាង បន្ទាប់​ពី​ឈ្នះ​ផ្ទួនៗ ហើយ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​រំលោភ​បំពាន​ដល់​ប្រជារាស្រ្ត​។ ការ​ឈឺ​ចាប់​ដោយ​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​ដែល​តម្រូវ​ឲ្យ​ប្រជាជន ចាក​ចេញ​ទៅ​ធ្វើ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ក្រៅ​ស្រុក អ្នក​ដែល​ទទួល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​យុវជន​រាប់​ម៉ឺន នាក់​ដែល​រៀន​ចប់​អត់​ការងារ​ធ្វើ​មន្រ្តី​រាជការ​ដែល​ទទួល​ប្រាក់​បៀវត្សរ៍​ស្តួច​ស្តើង​មិន​គ្រប់​គ្រាន់ ហើយ​បង្ខំ​ចិត្ត​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ខុស​ពី​វិជ្ជាជីវៈ និង​ឧត្តមគតិ ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ ដោយ​សារ​ពាណិជ្ជកម្ម​គ្មាន​ការ​ប្រកួត​ប្រជែង​ដែល​មាន​តម្លាភាព​។ល។ និង ។ល។ អ្នក​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​មាន​អ្នក​ក្លាហាន​ជា​ច្រើន​ចេញ​មុខ ដែល​ក្លាយ​ទៅ​ជា​កម្លាំង​ទ័ព​ស្រួច​របស់​អ្នក​មាន​ឆន្ទៈ​ធំ​ឬ​គណបក្ស​ប្រឆាំង ។ តើ​គណបក្ស​ប្រជាជន​ទប់​ទល់​យ៉ាង​ណា ជាមួយ​អ្នក​ទាំង​ពីរ​នេះ?

បើ​មើល​ពី​អតីតកាល យុទ្ធសាស្រ្ត​មួយ​ដែល​គណបក្ស​ប្រជាជន​យក​មក​ប្រើ​គឺ​បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង​។ យុទ្ធសាស្រ្ត​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច របស់​សម្តេច ក្រុម​ព្រះ ស្ទើរ​តែ​គ្មាន​ឈ្មោះ​ក្នុង​ឆាក​នយោបាយ​ឬ​ថា​«រស់​តែ​មិន​ខ្លាំង​ខ្សោយ​តែ​មិន​ស្លាប់​»។ យុទ្ធសាស្រ្ត​បំបែក​បំបាក់ ច្បាស់​ណាស់ គឺ​ត្រូវ​ប្រើ​រនុក​ក្នុង​(គិញ​សម្ងាត់) និង ពាក្យ​ចចាម​អារ៉ាម​។ កុង​ជីញ មេ​ទ័ព​កំពូល​របស់ ស៊ុន ឈាន ក្នុង​រឿង​សាមកុក បាន​និយាយ​ថា អាវុធ​វាយ​ក្រុង មិន​មែន​កាំភ្លើង​ធំ​ទេ​គឺ​រនុក​ក្នុង​ឬ​គិញ​សម្ងាត់​។ រនុក​ក្នុង​គឺ​ប្រៀប​បាន​ទៅ​នឹង​កូន​ត្រី​អុក ឬ​ត្រី​បក​។ គិញ​សម្ងាត់ ឬ​រនុក​ក្នុង​បាន​ធ្វើ​ឲ្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បែក​បាក់ ជា​បំណែកៗ​ស្ទើរ​តែ​ដាច់​ដង្ហើម​ហើយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ក៏​មាន​គិញ​របស់​គណបក្ស​ប្រជាជន ហើយ​ក្នុង​គណបក្ស​ប្រជាជន ក៏​មាន​គិញ​របស់​គណបក្ស​ប្រឆាំង​ដែរ។

ជាក់​ស្តែង ក្នុង​ឆ្នាំ ២០០៥ គ្មាន​នរណា​ចាប់​អារម្មណ៍​ថា លោក​ហេង ពៅ អាច​ជា​គិញ របស់​គណបក្ស​ប្រឆាំង​នោះ​ទេ​គឺ​រហូត​ដល់​ពេល​វេលា​មួយ ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​គឺ​ពេល​ដែល​ឯកសារ​ជា​ច្រើន បាន​ទៅ​ដល់​ដៃ​តុលាការ​អាមេរិក ពេល​ដែល​ឯកឧត្តម សម រង្ស៊ី ប្តឹង សម្តេច ហ៊ុន សែន នៅ​ទីក្រុង ញូវយ៉ក ហើយ​ក៏​មាន​ឯកសារ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ ឯកសារ​នៃ​សែស្រឡាយ​កាប់​ព្រៃ​ឈើ កំណត់​ត្រា​ប្រចាំ​ថ្ងៃ របស់​អ្នក​ស្រី ពិសិដ្ឋ​ពីលីកា ឯកសារ​នៃ​ការ​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ពី​រឿង​សន្ធិសញ្ញា ឆ្នាំ ១៩៨៥ ឯកសារ​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អង្គរក្ស​សម្តេច ហ៊ុន សែន ជាមួយ​នឹង​ការ​គប់​គ្រាប់​បែក​ឆ្នាំ ១៩៩៧។ល។

បាន​ធ្លាក់​ដល់​ដៃ​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ និង FBI។ តែ​លោក ហេង ពៅ ភ្លាត់​ស្នៀត បាន​ធ្វើ​ឲ្យ​បែក​ការ ដោយ​សារ មាន​ជម្លោះ ផ្ទាល់​ខ្លួន​ជាមួយ លោក ហុក ឡងឌី ហើយ​លោក ហុក ឡងឌី ក៏​ចាត់​ការ​តែ​ម្តង​ទៅ។ ឥឡូវ​នេះ សម្តេច ហ៊ុន សែន ពិត​ជា​មាន​ការ​បារម្ភ​ថា នៅ​ជុំវិញ​ខ្លួន​លោក មិន​ដឹង​ជា​មាន​រនុក​ក្នុង​របស់​គណបក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​អ្នក​ដែល​ស្រែក​ជេរ​គណបក្ស​ប្រឆាំង សព្វ​ថ្ងៃ ក៏​មិន​ប្រាកដ​ថា ជា​អ្នក​ដែល​ជេរ​ដោយ​ស្មោះ​ដែរ​។ ដូច្នេះ មាន​តែ​ពេល​វេលា​ទេ ដែល​នឹង​បង្ហាញ​ការ​ពិត។

ព្រឹត្តិការណ៍​មួយ​ទៀត កាល​ពី​ឆ្នាំ​២០០៦ ឯកឧត្តម សម រង្ស៊ី បាន​ទទួល​បញ្ជី​ឈ្មោះ សមាជិក គណបក្ស​របស់​ខ្លួន ដែល​ជា គិញ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​តាម​រយៈ​រនុក​ក្នុង​របស់​ខ្លួន​ក្នុង​គណបក្ស​ប្រជាជន ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ នៅ​ឆ្នាំ ២០០៨ គណបក្ស​ប្រឆាំង​ក៏​រក​វិធី​ដក​ពួក​គេ​ចេញ ហើយ​អ្នក​ទាំង​នោះ បាន​ធ្វើ​ជា​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ដែល​តាម​ពិត​គឺ​គ្រាន់​តែ​រត់​ទៅ​រក​ម្ចាស់​ដើម​របស់​ខ្លួន​វិញ​ប៉ុណ្ណោះ​។ អ្នក​ទាំង​នោះ អ្នក​ខ្លះ ក៏​បាន​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្រ្តី អ្នក​ខ្លះ​បាន​ធ្វើ​ការ​ក្នុង​ក្រសួង​នានា ជា​អនុ​រដ្ឋ​លេខាធិការ ឬ​រដ្ឋ​លេខាធិការ​។ មក​ដល់​ពេល​នេះ ក្នុង​ការ​ប្រជុំ​សម្ងាត់​ផ្សេងៗ​របស់​គណបក្ស​ប្រឆាំង​គឺ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ដែល​រហូត​ពេល​ខ្លះ គឺ​ត្រូវ​ធ្វើ​នៅ​ក្រៅ​ប្រទេស​។ ការ​ប្រើ​គិញ​សម្ងាត់​នេះ គឺ​ពិត​ជា​ពិបាក​ទប់​ទល់​ណាស់ ទាំង​គណបក្ស​កាន់​អំណាច និង គណបក្ស​ប្រឆាំង ព្រោះ​តែ​ជា​សត្រូវ​អត់​ស្រមោល​។ ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​ប្រឆាំង​គឺ​សុទ្ធ​តែ​មាន​រនុក​ក្នុង​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់ ថ្នាក់​មូលដ្ឋាន​ដូច​គ្នា។

កូន​អុក​ទី២ គឺ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​អាច​ហៅ​បាន​ថា ជា​កូន​សេះ​ព្រោះ​អាច​ផ្លោះ​ជា​រាង​អក្សរ « L » បាន ដល់​គ្រប់​ទិសទី​។ គណបក្ស​ប្រជាជន បាន​និង​កំពុង​តែ​ប្រើ​កូន​អុក​មួយ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ពត៌មាន ពាក្យ​ចចាម​អារ៉ាម​ឬ​ពត៌មាន​ដែល​លើស​ពី​ការ​ពិត​ដើម្បី​វាយ​ប្រហារ​និង​បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ធំ នៅក្នុង​ស្រុក មិន​ហ៊ាន​និយាយ​ទិតៀន​ទៅ​លើ​រដ្ឋាភិបាល​ឡើយ​។នេះ​មិន​មែន​ដោយ​សារ​សារ​ព័ត៌មាន​ទាំង​អស់​នោះ​ខ្លាច​ទេ តែ​មក​ពី​ថ្នាក់​ដឹក​នាំ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ចាប់​ចំណុច​ខ្សោយ​បាន ហើយ​ចុច​មិន​ឲ្យ​រើ​។ ជាក់​ស្តែង ដូច​ជា​ម្ចាស់​សារ​ព័ត៌មាន​មួយ ដែល​ពី​មុន ជា​អ្នក​កាសែត​ក្យូដូ​របស់​ជប៉ុន ហើយ​ក្រោយ​មក​ក៏​បង្កើត​សារ​ព័ត៌មាន​មួយ។

ដោយ​មិន​ទុក​ចិត្ត​នូវ​ភាព​ស្មោះ​ត្រង់ គណបក្ស​ប្រជាជន បាន​ធ្វើ​ឲ្យ​ម្ចាស់​សារ​ព័ត៌មាន​នេះ​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ​។ បើ​ចង់​រើ តុលាការ​នឹង​ចាត់​ការ​បណ្តឹង​នោះ​ភ្លាម ហើយ​ជាប់​គុក​ក្នុង​ពេល​២៤​ម៉ោង។ នេះ​គេ​ហៅ​ថា ជិះ​លើ​ខ្នង​ខ្លា បើ​ហ៊ាន​តែ​ចុះ​គឺ​ខ្លា​នឹង​ស៊ី​ភ្លាម។ ករណី​មួយ​ទៀត គណបក្ស​ប្រជាជន ជា​ពិសេស សម្តេច ហ៊ុន សែន បាន​បង្កើត​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន ដូច​ជា​ករណី គោល​នយោបាយ​គណបក្ស​ប្រឆាំង​ថា​នឹង​បញ្ចុះ​ការ​ប្រាក់​១​% ក្នុង​មួយ​ខែ សម្តេច ហ៊ុន សែន ថា គណបក្ស​ប្រឆាំង​ចង់​បញ្ចុះ​ការ​ប្រាក់​មក ១ % ក្នុង​មួយ​ឆ្នាំ​។ លើស​ពី​នេះ​ថែម​ទាំង ក៏​មាន​ផ្សព្វ​ផ្សាយ​នូវ​សំឡេង ឌឺ​ដង​គ្នា​រវាង​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម​សម រង្ស៊ី​កាល​ពី​បោះឆ្នោត ២០០៨ ក្នុង​គោល​បំណង​ញុះ​ញង់​ដើម្បី​បំបែក​បំបាក់ ហើយ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បាន​យក​សំឡេង របស់ ឯកឧត្តម កឹម សុខា មួយ​ផ្នែក មក​ចាក់​ផ្សាយ ថា ឯកឧត្តម កឹម សុខា មិន​ទទួល​ស្គាល់​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។

ទោះ​ចង់​មិន​ចង់​កូន​អុក​មួយ​នេះ ក៏​បាន​បញ្ចេញ​សារ​នយោបាយ​ខ្លះ ដើម្បី​បំភាន់​ភ្នែក​ដល់​ប្រជាជន​នៅ​តាម​ជនបទ ដែល​ពួក​គាត់​ទទួល​ព័ត៌មាន​តិច​តួច និង​តែ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​។ កូន​អុក​មួយ​ទៀត​គឺ​កូន​គោល​។ កូន​គោល​គឺ​ធ្វើ​ដំណើរ​យឺត​ស្រដៀង​ត្រី​ដែរ​។ អាច​និយាយ​បាន​ថា ជា​យុទ្ធសាស្រ្ត​ចល័ត​ទ័ព​ដោយ​ស្ងាត់​ស្ងៀម ដែល​ជា​យុទ្ធសាស្រ្ត​មួយ​របស់​ស៊ុន ជឺ។ គណបក្ស​ប្រជាជន​បាន​គណនា​ចំនួន​អ្នក​បោះឆ្នោត ហើយ​ដឹង​ថា សំឡេង​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ថយ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។ ដូច្នេះ ត្រូវ​តែ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ឈ្នះ​ទោះ​បី​ជា​វិធី​ទាំង​នោះ​មិន​ល្អ​ក្តី​។

លោក លូ សួ(Lu Su)​ទីប្រឹក្សា​កង​ទ័ព​របស់​តុង​អ៊ូ ក្នុង​រឿង​សាមកុក បាន​និយាយ​ថា ក្នុង​សមរភូមិ គឺ​គ្មាន​ទេ អ្នក​ថា​ថោក​ទាប ឬ​អ្នក​ថ្លៃ​ថ្នូរ គឺ​មាន​តែ​អ្នក​ខ្លាំង​និង​អ្នក​ខ្សោយ ឬ​ថា អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ​។ នេះ​ជា​ផ្នត់​គំនិត​របស់​គណបក្ស​ប្រជាជន​។ ដូច្នេះ គណបក្ស​ប្រជាជន មិន​ខ្វល់​នូវ​អ្វី​ដែល​ថា អំពើ​ថោក​ទាប ឬ​ថ្លៃ​ថ្នូរ​អី​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ​។ ដូច្នេះ​ការ​កឹបកេង​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ការ​ចល័ត​និគម​បរទេស ទៅ​គ្រប់​ទិសទី ជា​ពិសេស គឺ​តំបន់​ឬ​ខេត្ត​ណា​ដែល​មាន​ការ​គាំទ្រ​តិច គឺ​ត្រូវ​តែ​ធ្វើ​។ យុទ្ធសាស្រ្ត​ទាំង​នេះ គឺ​ត្រូវ​ធ្វើ​ដោយ​រក្សា​ការ​សម្ងាត់​បំផុត។

មើល​ទៅ គឺ​ដូច​ជា​ពិស​ពុល និង មិន​ថ្លៃ​ថ្នូរ​ទាល់​តែ​សោះ​ដែល​អនុញ្ញាត​ឲ្យ ជន​ជាតិ​បរទេស​មួយ​ចំនួន​ដែល​ទើប​តែ​មក​រស់​នៅ​ស្រុក​ខ្មែរ ដែល​អ្នក​ខ្លះ​រស់​នៅ​លើ​ទឹក​នៅ​ឡើយ​ដោយ​មិន​ទាន់​ទាំង​មាន​ជម្រក​លើ​គោក ស្រួល​បួល​ផង​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជាមួយ​ជនជាតិ​ខ្មែរ ចូល​រួម​រើស​តំណាង​រាស្រ្ត​ជាមួយ​ខ្មែរ តែ​គណបក្ស​ប្រជាជន​មិន​ខ្វល់​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ​។ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ បើ​គណបក្ស​ប្រជាជន​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​តិច​ក្នុង​តំបន់​ណា​គឺ​បញ្ជូន​និគម​បរទេស​ទៅ​កាន់​តំបន់​នោះ កាន់​តែ​ច្រើន ដើម្បី​យក​ជ័យ​ជម្នះ​។ តែ​វិធី​នេះ វា​ជា​គុណវិបត្ត​ដ៏​ធ្ងន់​ធ្ងរ​មួយ របស់​ប្រទេស​ជាតិ ហើយ​បាន​និង​កំពុង​តែ​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម ទម្លាក់​លើ​ជើង​ខ្លួន​ឯង ឬ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​។ ពីព្រោះ​និគម​បរទេស​កាន់​តែ​ច្រើន​នៅ​តំបន់​ណា​គឺ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​នៅ​តំបន់​នោះ​កាន់​តែ​មាន​ការ​ឈឺ​ចាប់ ហើយ​អ្នក​ក្លាហាន និង​អ្នក​មាន​ឆន្ទៈ ក៏​មាន​កាន់​តែ​ច្រើន​ដែរ​ដែល​វា​កាន់​តែ​ចំណេញ​ដល់​គណបក្ស​ប្រឆាំង​ទៅ​វិញ​។

កូន​អុក​ទី​បី សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​សម្រាប់​បំភ័យ និង​លួង​លោម​គឺ​ទូក​។ ក្នុង​ល្បែង​អុក ទូក​គឺ​ដើរ​ត្រង់​ទៅ​មុខ ទៅ​ក្រោយ ទៅ​ឆ្វេង និង​ទៅ​ស្តាំ គឺ​វា​ដូច​គ្នា ក្នុង​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ចំៗ បំភ័យ​ត្រង់ៗ ហើយ​ក៏​លួង​លោម​ត្រង់ៗ តាម​រយៈ​អំណោយ និង​លាភ​សក្ការៈ​ដែរ​។ សម្តេច ហ៊ុន សែន បាន​និង កំពុង​តែ​ប្រើ​ប្រាស់ កូន​អុក​មួយ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់​ស្តែង​ដូច​ជា បំភ័យ​ប្រជាជន​ថា នឹង​មាន​សង្រ្គាម ឬ​របប​ខ្មែរ​ក្រហម​នឹង​ត្រឡប់​មក​វិញ​បើ​គាត់​ចាញ់​ឆ្នោត ហើយ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​បាន​បង្ខំ​ប្រជាជន​ឲ្យ​ផឹក​ទឹក​សម្បថ គំរាម​មិន​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ដល់​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​ឬ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ឬ​គំរាម​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អំណោយ​ផ្សេងៗ​ជាដើម។ វិធី​នេះ ក៏​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្វើ​ចំពោះ​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​ដែរ។ ជាក់​ស្តែង ដូច​ជា​មាន​សមាជិក​គណបក្ស​ប្រឆាំង​ភាគ​តិច​ណាស់ ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង ឬ​និយាយ​ទិតៀន រដ្ឋាភិបាល​តាម​រយៈ​បណ្តាញ​សារ​ព័ត៌មាន​ឬ​ក្នុង​ពេល​ប្រជុំ​សភា បើ​មិន​ដូច្នោះ​ទេ​គឺ​នឹង​ទទួល​នូវ​គំនាប​ផ្សេងៗ​ពីព្រោះ​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ដូច​ជា​អ្នក​ខ្លះ មាន​ប្រពន្ធ​ចុង អ្នក​ខ្លះ​លេង​ល្បែង អ្នក​ខ្លះ ជំពាក់​លុយ​គេ ជាដើម​។ ចង់​មិន​ចង់​ដំបៅ​ទាំង​អស់​នោះ ពិត​ជា​ធ្វើ​ឲ្យ​សមាជិក​ទាំង​នោះ មាន​ការ​រអើល​និង​ព្រឺ​ឆ្អឹង​ខ្នង​ជា​ខ្លាំង​។ ហេតុ​នេះ​គណបក្ស​ប្រឆាំង​មិន​សូវ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​មុខ​ប៉ុន្មាន​ទេ។

ទោះ​ជា​យ៉ាង​ណា ក្នុង​វគ្គ​ពាក់​កណ្តាល ផ្តាច់​ព្រ័ត្រ​នេះ គណបក្ស​ប្រជាជន​នៅ​តែ​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​ឆ្នោត​។ តែ​មនុស្ស​ទាយ​មិន​ដូច​ទេវតា​ទាយ​ទេ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា​ប៉ុណ្ណោះ។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យ​ទោសសា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង​របស់​ខ្ញុំ។

ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែ​នាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត តាម​រយៈ អ៊ីមែលៈ chivann.pen@gmail.com៕

ដោយ ប៉ែន សុជីវន្ត ពី​ខេត្ត​រតនគិរី

ឡើង​ត្រី​ទឹម ៣

130716_02
សុទ្ធ​តែ​ជា​ព្រហ្មលិខិត​។ ព្រហ្មលិខិត បាន​ចារ​មក​អ៊ីចឹង​។ គឺ​ឲ្យ​មាន​អ្នក​ខ្លាំង អ្នក​ខ្សោយ មាន​អ្នក ឆ្លាត អ្នក​ល្ងង់ មាន​អ្នក​ក្រ​អ្នក​មាន មាន​កើត​មាន​ស្លាប់ មាន​ចាប់​ផ្តើម មាន​ទី​បញ្ចប់​។ គ្មាន​អ្វី​ស្ថិតស្ថេរ​នោះ​ទេ។ មើល​ទៅ អ្នក​ដែល​ធ្វើ​មុខ​ខ្លាច​ក្រោយ ធ្វើ​ថ្ងៃ​នេះ ខ្លាច​គេ​គាស់​ផ្នូរ​ដូន​តា​ថ្ងៃ​ស្អែក គឺ​មាន​តែ ស៊ឺម៉ាអ៊ី ក្នុង​រឿង សាម​កុក ម្នាក់​គត់​។ ចំណែក​ឯ​ស្រុក​ខ្មែរ ឲ្យ​តែ​ឈ្នះ​ថ្ងៃ​នេះ មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក​ទេ​ចង់​នរណា​ជេរ​បើក​កកាយ​ស្អី​នៅ​ថ្ងៃ​ក្រោយ មិន​ខ្វល់ ធ្វើ​ដូច​ខ្លួន​ឯង​ជា​ម្ចាស់​ព្រហ្មលិខិត​អ៊ីចឹង​។ ស៊ឺម៉ាអ៊ី សូម​ខ្មាស​អ្នក​ដឹក​នាំ​ស្រុក​ខ្មែរ។ ស៊ឺម៉ាអ៊ី និយាយ​ថា «អ្នក​ឆ្លាត សម្ងំ​ធ្វើ​ការងារ​ពិត ក្តោប​ក្តាប់​ឱកាស ចំណែក​ឯ​អ្នក​ល្ងង់ លង់​នឹង​អំណាច បុណ្យស័ក្តិ ដែល​មិន​ស្ថិត​ស្ថេរ​។ សម្ងំ​សំលៀង​កាំបិត ៣០​ឆ្នាំ​ចាំ​ឱកាស​កាប់​តែ​មួយ​ដង។ ចិញ្ចឹម​ទ័ព ១០ ឆ្នាំ រង់ចាំ​ឱកាស សម្រាប់​សង្រ្គាម​តែ​មួយ​ថ្ងៃ​»។

តាំង​ពី​ឆ្នាំ​១៩៩៥​មក​បក្ស​ប្រឆាំង​សុខ​ចិត្ត រាយ​ក្រឡា​ចាញ់​ផ្ទួនៗ រង់ចាំ​រដូវ​ខ្យល់​រំហើយ​បាច​អង្កាម​បញ្ច្រាស​ទៅ​គណបក្ស​ប្រជាជន ទុក​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ខ្សោះ​ឈាម ន្អាល​នឹង​ត្រង​យក​កងទ័ព អាវុធ និង​ស្បៀង យក​ពេល​យក​ចិត្ត​រាស្រ្ត បែរ​ជា​គណបក្ស​ប្រជាជន​មើល​មិន​ឃើញ ឬ ក៏​មើល​ឃើញ​ហើយ តែ​មើល​ស្រាល​ធ្វើ​មិន​ដឹង បណ្តោយ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​រួប​រួម​គ្នា​បាន កងទ័ព​កាន់​តែ​ច្រើន ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សម្លាប់​មួយ​កើន ១០ គំរាម​មិន​ខ្លាច បន្លាច​មិន​ញិន ទិញ​មិន​លក់ ក្លាហាន​មោះមុត។ ក្បួន​ទ័ព​ទៅ​ដល់​ទីណា ស្បៀង​ធ្លាក់​ពី​លើ​មេឃ​នៅ​ទីនោះ​។ បើ​នេះ​មិន​មែន​ជា​កងទ័ព​ទេវតា តើ​ជា​ស្អី​ទៅ​?

បើ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​តែ​ខ្លាំង​ប្រហាក់​ប្រហែល​ជាមួយ​គណបក្ស សម រង្ស៊ី ម៉្លេះ​គណបក្ស​ប្រជាជន មាន​ជ័យជម្នះ​រហូត ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្ព័ន្ធភាព​រដ្ឋាភិបាល ម្តង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ម្តង​គណបក្ស​សម រង្ស៊ី ពេល​នោះ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ច្របូក​ច្របល់ មិន​អាច​បែង​ចែក​ល្អ និង​អាក្រក់ រវាង​គណបក្ស​ទាំង​បី​បាន​ឡើយ​។ ធ្វើ​បែប​នេះ គណបក្ស​ប្រជាជន​នៅ​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​រហូត។

ឱកាស ល្អ​យ៉ាង​នេះ បែរ​ជា​គណបក្ស​ប្រជាជន មិន​អាច​ក្តោប​ក្តាប់​បាន​។ ឈ្នះ​តែ​សមរភូមិ មិន​ឈ្នះ​ចិត្ត​រាស្រ្ត គ្រប់​គ្រង​រដ្ឋការ តែ​បង្ក​គំនុំ​ក្នុង​ចិត្ត​មន្ត្រី​។ បំផ្លាញ​ចិត្ត​ស្មោះ បង្កើន​ចិត្ត​ស្អប់ មាន​ឈ្មោះ​ជា​អ្នក​បម្រើ​រាស្រ្ត​តែ​លួច​ប្លន់​រាស្រ្ត​។ ជា​មេ​គ្រួសារ គ្មាន​សមត្ថភាព ចិញ្ចឹម​រាស្រ្ត បែរ​ជា​លក់​កេរ្តិ៍អាករ​ដូន​តា។ មាន​ចិត្ត​ចង់​កាន់​កិច្ចការ​ធំ​បាន​យូរ តែ​មាន​ចិត្ត​មិន​ដាច់​ស្រេច មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ឲ្យ​ច្បាស់​លាស់​ពី​មនោសញ្ចេតនា និង​ភារកិច្ច​។ ហ៊ាន​ស៊ី តែ​មិន​ហ៊ាន​សង ទទួល​តែ​ពាក្យ​សរសើរ មិន​ទទួល​ពាក្យ​រិះគន់។ សុខ​ចិត្ត​ក្បត់​គេ មិន​ឲ្យ​គេ​ក្បត់​ខ្លួន​ឯង។ នេះ​ហៅ​ថា បាច​អង្កាម​បញ្ច្រាស​ខ្យល់ ពេល​វេលា​មួយ​ក៏​គង់​តែ​នឹង​មក​ដល់​ទេ។

មើល​ចុះ​! កូន​ពេញ​ក្តារ​អុក បែរ​ជា​ដើរ​តាម​តែ​អារម្មណ៍ គ្មាន​យុទ្ធសាស្រ្ត​។ ចាប់​កូន​លើក​ដាក់ៗ ដូចជា ការ​បិទ​បើក ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ខេមរភាសា និង​ការ​ដេញ​សមាជិក​តំណាង​រាស្រ្ត បក្ស​ប្រឆាំង។ នរណា​ក៏​សើច ហៀរ​ទឹក​ភ្នែក​ទឹក​សម្បោរ ហួស​ចិត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ​គឺ គ្រាន់​តែ​គេ​(បក្ស​ប្រឆាំង​)ឡើង​កូន​ត្រី​ឲ្យ​ស៊ី​ភ្លាម គឺ​ស៊ី​ភ្លែត គ្មាន​គិត​ខាត គិត​ចំណេញ​អី​ទេ​។ បើ​នេះ មិន​ហៅ​ថា​ល្ងង់ ហៅ​ថា​ស្អី​ទៅ​វិញ​ទៅ? ក្រឡា​ឈ្នះ​លើ​គោក បែរ​ជា​ដើរ​ឲ្យ​ខូច​ក្រឡា​អស់​។ ពេល​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់។

គេ​ថា ពេល​ឡើង​ត្រី គឺ​ត្រូវ​តែ​មាន​ពីរ​យ៉ាង​តិច​ពីរ​ជាប់​គ្នា បើ​ល្អ​៣ ឬ​ហៅ​ថា ត្រី​ទឹម​បី ហើយ​កូន​ណា​នៅ​មុខ​ត្រី​ទឹម គឺ​ពិត​ជា​គ្រោះថ្នាក់​ណាស់ ព្រោះ​ត្រី​បក​ទឹម​៣ អាច​ការពារ​ខ្លួន​ឯង​បាន​៥​ក្រឡា​បួន​ជ្រុង ហើយ​អាច​ការពារ​គ្នា​បាន​យ៉ាង​ល្អ​ដែល​សូម្បី​តែ​សេះ គោល ទូក​ក៏​ពិបាក​ចូល​ដែរ។

គណបក្ស​ប្រជាជន​បាន​មើល​ស្រាល​គូ​ប្រកួត គិត​ថា ខ្លួន​ឯង​មាន​ទ័ព​ច្រើន​តែ​សុទ្ធ​ជា​ទ័ព​ក្អេង​ក្អាង ឈ្នះ​តែ​លើ​សមរភូមិ​ដែល​គេ​ធ្វើ​ចាញ់ សប្បាយ​ភ្លេច​ខ្លួន អង្គុយ​បើក​ភ្នែក​មើល បក្ស​ប្រឆាំង ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទ័ព​កាន់​តែ​កើន ទឹក​ចិត្ត​ទ័ព​កាន់​តែ​ពុះ​កញ្ជ្រោល​។ ក្បួន​ទ័ព​ទៅ​ដល់​ទី​ណា រាស្រ្ត​គាំទ្រ​ទីនោះ​ដែល​នេះ​ហៅ​ថា ត្រី​ទឹម​ពីរ​។ ត្រី​ទី​មួយ​គឺ​កង​ទ័ព​(សកម្មជន) ត្រី​ទី​២ គឺ​ប្រជារាស្រ្ត​។ ខាង​គណបក្ស​ប្រជាជន ក៏​ខំ​ឡើង​ត្រី​ទឹម​ដែរ តែ​សុទ្ធ​តែ​ត្រូវ​ចំណាយ​លុយ​កាក់ សារុង ប៊ីចេង អស់​ជាច្រើន ដែល​គេ​ហៅ​ថា ជា​ទ័ព​ស៊ី​ឈ្នួល​។ ទ័ព​ស៊ី​ឈ្នួល ស៊ី​មិន​ឆ្អែត ចិត្ត​មិន​នឹង មាន​តែ​ចំនួន​ឥត​ប្រយោជន៍ ឲ្យ​តែ​សត្រូវ​មក​ដល់ ច្បាស់​ជា​ចុះ​ចូល​ជាមួយ​សត្រូវ បែរ​អាវុធ​ដាក់​ម្ចាស់​វិញ​មិន​ខាន។

គេ ថា មរកត គង់​មាន​រកាំ ថ្វី​ដ្បិត​តែ​បក្ស​ប្រឆាំង​មាន​កម្លាំង​ទ័ព​ស្រួច​ខ្លាំង តែ​សុទ្ធ​តែ​ក្មេងៗ មាន​ចិត្ត​ឆេវឆាវ ឲ្យ​តែ​ជួប​សត្រូវ ដឹង​តែ​ពី​សម្លាប់​បើ​សម្លាប់​មិន​បាន ក៏​ជេរ​បញ្ចោរ​ដែរ។ បើ​ធ្វើ​អ៊ីចឹង តើ​វា​មាន​អី​ខុស​ពី​កង​ទ័ព​ស៊ី​ឈ្នួល​ទៅ?

មេ​ទ័ព​គ្រប់​តំបន់​ទាំង​អស់​ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ បើ​តាំង​នាម​ជា​កងទ័ព​ប្រកាន់​សច្ចធម៌​លើក​ស្ទួយ​រាជបល័ង្ក សង្គ្រោះ​នគរ គួរ​តែ​មាន​ពាក្យ​សម្ដី​ថ្លៃ​ថ្នូរ អាកប្បកិរិយា​ទន់​ភ្លន់ តែ​បើ​ហា​មាត់​ឡើង​ជេរ ហា​មាត់​ឡើង យួន ហា មាត់​ឡើង អាក្បត់​ជាតិ តើ​មាន​កងទ័ព​ណា ដែល​ហ៊ាន​ចុះ​ចូល​ជាមួយ​ទៅ​? អ្នក​ទាំង​នោះ បើ​មិន​មែន​ជា​ជន​បង្កប់ ក៏​ជា​ចោរ​ក្បត់​ដែរ គួរ​តែ​កាត់​ក្បាល​ភ្លាម​។

បើ​ចង់​ជួយ​ម្ចាស់ គួរ​តែ​ទាក់​ទាញ ទ័ព​សត្រូវ​ឲ្យ​ក្លាយ​ជា​មិត្ត ហើយ​មិត្ត​ក្លាយ​ជា​ទ័ព​ស្មោះ​ស្ម័គ្រ ដោយ​ប្រើ​អាកប្បកិរិយា​ទន់​ភ្លន់ យក​ទន់​បង្រ្កាប​រឹង យក​ទឹក​បង្រ្កាប​ភ្លើង សម្ដី​ត្រជាក់ តែ​ស៊ី​ជម្រៅ ប្រកប​ដោយ​ហេតុ​ផល ហ៊ាន​ស៊ី​ហ៊ាន​សង ហ៊ាន​ទទួល​ត្រូវ ហ៊ាន​ទទួល​ពាក្យ​សរសើរ ហ៊ាន​ទទួល​ពាក្យ​បន្ទោស រៀន​ប្រើ​ពាក្យ “បាទ​! ចាស​!” បង្កើត​វប្បធម៌“មិន​យក ខ្មែរ​ណា​ជា​សត្រូវ” ទៅ​តាម​គោលការណ៍​ម្ចាស់​របស់​ខ្លួន​។ ម្យ៉ាង​ទៀត ពេល​ឡើង​តែ​ត្រី​ទៅ​មុខ​ទុក​ប្រហោង​ក្នុង​អារាត់​អារាយ ពេញ​ក្តារ​អុក ដូច្នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ប្រហោង​ពោះ​ខ្លាំង​ណាស់។ បើ​ដើរ​របៀប​នេះ ទ័ព​ស៊ី​ឈ្នួល​ច្បាស់​ជា​ស្ទាក់​វាយ​តាម​ផ្លូវ ម្តង​មួយ​កង់ៗ ស្លាប់​អស់​មិន​ខាន​ឡើយ។

សង្រ្គាម​ថ្ងៃ​ខាង​មុខ (ថ្ងៃ​បោះឆ្នោត) ជា​ការ​សាក​កម្លាំង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​សម្រេច​ជោគ​វាសនា​រាស្រ្ត​ទាំង​នគរ ល្អ​អាក្រក់ ស​ខ្មៅ នឹង​ត្រូវ​បែង​ចែក​។ ដូច្នេះ បើ​មិន​អាច​ឡើង​ត្រី ១ ទៀត ធ្វើ​ជា​ត្រី​ទឹម ៣ គឺ​លទ្ធផល​ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់​។ ដូច្នេះ តើ​បក្ស​ប្រឆាំង​អាច​ឡើង​កូន​ត្រី​១​ទៀត​បាន​ឬ​ទេ?

និយាយ​ឲ្យ​ត្រង់​ទៅ កូន​ត្រី​ទី៣ នោះ គឺជា​អ្នក​ទស្សនា ដែល​សុទ្ធ​តែ​អ្នក​ជិះ​លើ​ទូក​ក្តារ ជាមួយ​អ្នក​លេង ដែល​អ្នក​ខ្លះ​ជា​អ្នក​ប្រាជ្ញ​បណ្ឌិត អ្នក​មាន​ទ្រព្យ​ធន អ្នក​មាន​កម្លាំង អ្នក​ក្បួន​យុទ្ធសាស្រ្ត ដែល​តែង​តែ​យក​រួច​ខ្លួន ចេញ​តែ​សម្ដី មិន​ចេញ​មុខ ចេញ​មុខ តែ​មិន​ចេញ​សកម្មភាព នេះ​ហើយ​។ បើ​អ្នក​ទាំង​អស់​គ្នា មិន​ជួយ​ស្រែក មិន​ជួយ​ហ៊ោ គឺ​ច្បាស់​ជា​អស់​លីអូ ម្នាក់ៗ​ជា​មិន​ខាន​ទេ។

ខុងមិញ ដែល​ដើរ​តួ​នៅ​ក្នុង​ខែ្ស​ភាពយន្ដ​រឿង​សាមកុក​បាន​និយាយ​ថា«បើ​ចេះ​តែ​សម្ងំ ​សុខ បាន​សុខ​នោះ គ្រប់​គ្នា​មិន​បាច់​ប្រឹង​ទេ ហើយ​ក៏​មិន​ចាំ​បាច់​មាន​អ្នក​ក្លាហាន​ចេញ​មុខ​បញ្ចេញ​សមត្ថភាព​អីដែរ​។ បើ​គ្រាន់​តែ​សន្សំ​សុខ សម្រាប់​តែ​១០​ឆ្នាំ​ឬ ២០ ឆ្នាំ​នោះ គឺ​មិន​អី​ទេ តែ​បើ គិត​ដល់ ទៅ ៥០ ឆ្នាំ ១០០ ឆ្នាំ ដល់​កូន​ចៅ​ជំនាន់​ក្រោយ រាប់​តំណ គឺ​មិន​អាច​សម្ងំ​សុខ​ពេល​ឥឡូវ​បាន​ទេ គ្រប់​គ្នា​ត្រូវ​តែ​ប្រឹង​ប្រែង ក្តាប់​ឱកាស​ពី​ឥឡូវ​ទៅ»។

មេ​ដឹក​នាំ សមាជិក សកម្មជន​នយោបាយ បាន​រៀប​ក្បួន​ទ័ព​ចេញ​ជា​ហូរហែ តែ​នៅ​មាន​អ្នក​ខ្លះ អង្គុយ​ផឹក កាហ្វេ តែង​កំណាព្យ ស្តាប់​ភ្លេង សើច​ចំអក​ឲ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​វិញ​។ បើ​ធ្វើ​បែប​នេះ តើ​មាន​អ្វី​ខុស​ពី​បញ្ញើ​ក្អែក​ទៅ?

តើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាត់​ដោយ​របៀប​ណា​? ឮ​ចាស់ៗ​និយាយ​តៗ​គ្នា​ថា បារាំង​ចង់​ធ្វើ​ជំរឿន ថា​តើ​ជនជាតិ​ណា​រស់​នៅ​ច្រើន​ជាង​គេ តែ​ខ្មែរ​យើង​ចិត្ត​សឿង​ស្អប់​បារាំង​មិន​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ជំរឿន​ទេ។ ពេល​ធ្វើ​ជំរឿន​ចប់​សព្វ​គ្រប់ បារាំង​ឃើញ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​ជាង ជនជាតិ​ខ្មែរ ក៏​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​យួន​ទៅ។ ទោះ​បី​រឿង​នេះ​ពិត ឬ​មិន​ពិត ក៏​សមហេតុ​សម​ផល​ដែរ​។ រឿង​នេះ មិន​ខុស​គ្នា​ទេ បើ​អស់​លោក បញ្ញវន្ត និង​អ្នក​មាន​ទ្រព្យ​ធន សម្ងំ​យក​តែ​សុខ គឺ​មេរៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​កម្ពុជា​ក្រោម និង​កើត​ឡើង​ម្តង​ទៀត នៅ​កម្ពុជា​កណ្តាល​នេះ។

ជំនាន់ ខ្មែរ​ក្រហម តើ​ប្រជាជន​ស្លាប់​ដោយ​របៀប​ណា? គឺ​ដោយ​សារ​ម្នាក់ៗ សម្ងំ​យក​សុខ​រៀងៗ​ខ្លួន គ្មាន​គំនិត​រួប​រួម​គ្នា​។ សូម្បី​តែ​ក្មេង​ម្នាក់ ឈរ​កាន់​កាំភ្លើង​លើ​ភ្លឺ​ស្រែ ហើយ​មនុស្ស​ចាស់ កាន់​ចប​កាប់ រាប់​រយ​នៅ​លើ​ខ្នង​ប្រឡាយ មិន​ហ៊ាន​ទាំង​ក្អក​ផង។ គេ​ចាំ​មើល​យើង យើង​ចាំ​មើល​គេ រហូត​ដាច់​បាយ ត្រូវ​ត្បូង​ចប ស្លាប់​ទាំង​អស់​គ្នា។

ដូច្នេះ​បើ​មាន​អ្នក​ស្ម័គ្រ​ស្លាប់​នៅ​សមរភូមិ​មុខ​ទៅ​ហើយ តើ​មាន​អ្វី​ធ្វើ​ឲ្យ​យើង​រា​រែក​ទៀត? ក្បួន​ទ័ព​បាន​ចេញ​ដំណើរ​ហើយ​។ អ្នក​មាន​ស្បៀង ជួយ​ស្បៀង អ្នក​មាន​ល្បិច ផ្តល់​ល្បិច អ្នក​មាន​ព័ត៌មាន ផ្តល់​ព័ត៌មាន អ្នក​មាន​អាវុធ ផ្តល់​អាវុធ អ្នក​អត់​មាន ជួយ​ហ៊ោ ទូង​ស្គរ ឈរ​អម​ដង​ផ្លូវ ផ្តល់​កម្លាំង​ចិត្ត​ដល់​ទ័ព និង​អ្នក​នៅ​សមរភូមិ​មុខ។

មើល ចុះ! ខ្យល់​អាគ្នេយ៍​សម្រាប់​បាច​អង្កាម​បញ្ច្រាស​ទៅ​សត្រូវ​ក៏​មក​ដល់​។ កងទ័ព​សត្រូវ​កំពុង​តែ​ជ្រួល​ច្របល់។ បើ​ត្រី​បក​ទាំង​បី​នេះ មិន​អាច​ឡើង​ទន្ទឹម​គ្នា​បាន​ទេ លទ្ធផល​សង្រ្គាម​(បោះឆ្នោត)​ថ្ងៃ​ខាង​មុខ ដែល​បក្ស​ប្រឆាំង​ខំ​សំលៀង​កាំបិត​សន្សំ​ស្បៀង រើស​ទ័ព រាយ​ក្រឡា​ចាញ់​ផ្ទួនៗ ជាង​១០​ឆ្នាំ​មក​នេះ ពិត​ជា​អាណោច​អាធ័ម​មិន​ខាន​ទេ។ ពេល​នោះ​ទាំង​ទ័ព ទាំង​រាស្រ្ត ទាំង​មន្រ្តី ច្បាស់​ជា​ត្រូវ​កង​ទ័ព​ស៊ី​ឈ្នួល​អារក​បឺត​ឈាម កាត់​ក្បាល វះ​ពោះ ហាល​ងៀត ដូច​ត្រី​មិន​ខាន​ទេ។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែល chivann.pen@gmail.com

ប៉ែន សុជីវន្ត ពី​រតនគិរី

កម្តៅ​បាយ​កក

«ពង​មាន់ ដែល​ស្ងោរ​ជិត​ឆ្អិន​ទៅ​ហើយ បែរ​ជា​ដុះ​ស្លាប​ហើរ​ទៅ​បាត់! ឈឺ​ចិត្ត​ណាស់! ឈឺ​ចិត្ត​ណាស់…» នេះ​ជា​ពាក្យ​សម្ដី ឆាវ ឆាវ ក្នុង​ពេល​ដេញ​សម្លាប់ លាវ​ប៉ី ធ្វើ​ដំណើរ​ដឹក​នាំ​ប្រជារាស្រ្ត គ្រាហ៍​ចាស់ៗ ដឹក​ដៃ​ក្មេងៗ ចេញ​ពី​ជិញចូវ​ទៅ​ស៊ីយាគ​។ គឺ​ដូច​រាស្រ្ត​ខ្មែរ កាល​ពី​ឆ្នាំ ១៩៩៣ ដែល​គេ​យក​បាយ​មក​បញ្ចុក​ដល់​មាត់​ទៅ​ហើយ​បែរ​ជា​គេ​មក​ឆក់​យក​ចេញ​ទៅ​បាត់​។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល​? តើ​ឈឺ​ចិត្ត​ប៉ុន​ណា ពេល​ហ្នឹង​? បើ​ចំណី​មក​ដល់​មាត់​ទៅ​ហើយ បែរ​ជា​មក​ខ្វេះ​យក​ទៅ​បាត់​អ៊ីចឹង។

កាល​ពី​ឆ្នាំ​១៩៩៣ ប្រជារាស្រ្ត​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ទទួល​បាន​ពន្លឺ​លទ្ធិ​ប្រជាធិបតេយ្យ អាច​ជ្រើស​រើស​តំណាង​ដឹក​នាំ​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ពេល​បោះឆ្នោត​ចប់​សព្វ​គ្រប់ ក៏​មាន​រឿង​រកាំ​រកូស រហូត​ដល់​មាន​នាយក​រដ្ឋ​មន្រ្តី​២ ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ឆ្នាំ ១៩៩៧ ក៏​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​បែង​ចែក ស​និង​ខ្មៅ ខ្លា​ខាំ​គ្នា ធ្លាក់​ពី​លើ​ភ្នំ រហូត​ដល់​បោះឆ្នោត​ឆ្នាំ​១៩៩៨ ខ្លា​ស ចាញ់ ទន់​ដៃ​ទន់​ជើង ហើយ នៅ​ឆ្នាំ​២០០៣ ក៏​បោះឆ្នោត​ម្តង​ទៀត ក៏​កាន់​តែ​ទន់​ដៃ​ទន់​ជើង ប្រជារាស្រ្ត​ក៏​លែង​មាន​ទឹក​ចិត្ត​លែង​ចង់​ទៅ​បោះឆ្នោត ចង់​អ្នក​ណា​ឡើង​កាន់​អំណាច ក៏​មិន​ខ្ចី​ខ្វល់​ចាប់​ផ្តើម​យក​ប្រាស​អាយ៉ូស​រៀងៗ​ខ្លួន ប្រែ​ក្លាយ​សង្គម​មួយ​ដែល​ពី​ដូន​តា​មក ខ្មែរ​ធ្លាប់​តែ​ជា​សង្គម​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចេះ​អត់​ឱន ចេះ​ចែក​គ្នា​រស់ អ្នក​មាន​ជួយ​អ្នក​ក្រ អ្នក​ល្អ​ជួយ​អ្នក​អាក្រក់ អ្នក​ចេះ​បង្រៀន​អ្នក​ល្ងង់ អ្នក​ខ្លាំង​ជួយ​អ្នក​ខ្សោយ រហូត​កសាង​អង្គរវត្ត​ទុក​ជា​កេរ​ដំណែល ដែល​មាន​តម្លៃ​មហាសាល មិន​អាច​កាត់​ថ្លៃ​បាន ទៅ​ជា​សង្គម​មួយ ដែល​ដណ្តើម​គ្នា​រស់ អ្នក​មាន​ប្លន់​អ្នក​ក្រ អ្នក​ល្អ​បម្រើ​អ្នក​អាក្រក់ អ្នក​ខ្លាំង ជាន់​អ្នក​ខ្សោយ​អ្នក​ចេះ​កៀប​អ្នក​ល្ងង់ សង្គម​ច្របូក​ច្របល់ ស​ទៅ​ជា​ខ្មៅ ល្អ​ទៅ​ជា​អាក្រក់​ចិត្ត​រាស្រ្ត​អាណោច​អាធ័ម ហួស​នឹង​ធ្វើ​ការ​ពណ៌នា។

នៅ​ឆ្នាំ ២០០៨ មាន​គណបក្ស​ប្រឆាំង​ដល់​ទៅ ២។ គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​(ហ៊្វុន​ស៊ិន​ប៉ិច​)​ក៏​បែក​ខ្ញែក ចេញ​ជា​ពីរ ទ័ព​អស់​កម្លាំង អស់​ស្បៀង អាវុធ​ច្រែះ​ចាប់ អ្នក​ប្រាជ្ញ បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​ទៅ​ចិញ្ចឹម​មាន់​ទា នៅ​ព្រៃ​ភ្នំ អស់​សង្ឃឹម ដេក​ចាំ​ឲ្យ​ព្រហ្មលិខិត​ចាត់​ចែង​ជោគ​វាសនា​ជីវិត​របស់​ខ្លួន​។ ប្រជារាស្រ្ត​ស្រេក​ឃ្លាន បាយ​មួយ​ឆ្នាំង​នេះ តាំង​ពី​ជំនាន់​សង្គម​រាស្រ្ត​និយម​បាន​ត្រូវ​ផ្តួល​រលំ នៅ​ឆ្នាំ​១៩៧០ មក ឆ្លង​កាត់​សង្រ្គាម​បង្ហូរ​ឈាម វាល​ពិឃាត រាស្រ្ត​រង​ទុក្ខ ស្លាប់​ជិត​ផុត​ពូជ​ហើយ​សង្ឃឹម​ថា បាន​ភ្លក្ស​បាន​ឆ្ងាញ់​មាត់​ឆ្នាំង​ថ្មី នៅ​ឆ្នាំ ១៩៩៣​នេះ​។ ពេល​នោះ​បាយ​មួយ​ឆ្នាំង ដែល​ដាំ​មិន​ទាន់​ទាំង​បាន​ហូប​ស្រួល​បួល​ផង គេ​ក៏​ប្លន់​យក​ទៅ​វិញ​បាត់ អស់​ទាំង​អង្ករ អស់​ទាំង​ឆ្នាំង អស់​ទាំង​ជង្រុក​។

តាំង​ពី​ពេល​នោះ​មក បាយ​ក្តៅ​ក៏​ក្លាយ​ជា​បាយ​កក ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ បាយ​កក ក៏​សឹង​ក្លាយ​ជា​បាយ​ផ្អូម​ទៅ​ហើយ​។ ប្រជារាស្រ្ត អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង ទឹក​ភ្នែក​ទឹក​សំបោរ អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ អ្នក​ល្អ​កាន់​តែ​ខ្សោះ អ្នក​អាក្រក់​កាន់​តែ​កើន។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​នយោបាយ​តាំង​ពី​បាយ​ក្តៅ​រហូត​ក្លាយ​ជា​បាយ​កក ចង់​ក្លាយ​ជា​បាយ​ផ្អូម បក្ស​ប្រឆាំង​នៅ​តែ​ប្រឆាំង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្មាន​បាន​ការ ចេះ​តែ​ស្រែក គ្មាន​ដំណោះស្រាយ រាស្រ្ត​នៅ​តែ រង​ទុក្ខ​។ ដឹង​ថា គេ​លេង​ល្បិច ដឹង​ថា​គេ​បោក ដឹង​ថា​គេ​បន្លំ តែ​គ្មាន​វិធី​ទប់​ទល់ គ្មាន​វិធី​ពន្យល់​រាស្រ្ត រស់​នៅ​តែ​ទីក្រុង ពេល​ជិត​បោះឆ្នោត បាន​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​។ បើ​ធ្វើ​តែ​យ៉ាង​នេះ​ប្រឆាំង​ដល់​គាស់​ដូន​តា​មក​ទៀត ក៏​នៅ​គ្មាន​បាន​ការ​អី​ដែរ។

មិត្ត​យល់​ចិត្ត​ម្នាក់​នៅ​លើ Facebook បាន​និយាយ​ថា «សមុទ្រ​ប្រៃ តែ​ចង់​ផឹក​ទឹក​សាប​? អ៊ីចឹង​ត្រូវ​មើល​ថា អ្នក​ឯង​មាន​សមត្ថភាព ធ្វើ​ទឹក​ប្រៃ​ឲ្យ​ទៅ​ជា​ទឹក​សាប​បាន​ដោយ​របៀប​ម៉េច? មិន​មែន​បន្ទោស​ថា មក​ពី​សមុទ្រ​ប្រៃ​នោះ​ទេ​? អង្គុយ​បន្ទោស​ដល់​គាស់​ដូន​តា​អស់​លោក​មក​ទៀត ក៏​សមុទ្រ​មិន​ខ្ចី​ឈឺ​ក្បាល វា​នៅ​តែ​ប្រៃ​ដដែល​។ មាន​តែ​មនុស្ស​នៅ​លើ​ទូក​ដែល​ស្រេក​ទឹក​ស្លាប់​បណ្តើរៗ»។

ឆ្នាំ ២០១៣​នេះ​គ្រាន់​តែ​ឃើញ គណបក្ស​ប្រឆាំង​ពីរ រួប​រួម​គ្នា​មក​តែ​មួយ អ្នក​ដឹក​នាំ​ទាំង​ពីរ​ព្រម​សហការ​គ្នា ចែក​មុខ​ងារ​គ្នា ម្នាក់​កាន់​ដាវ ម្នាក់​កាន់​លំពែង រាស្រ្ត​លើក​ដៃ​គាំទ្រ ទូង​ស្គរ​ទាំង​ក្នុង​ទាំង​ក្រៅ ទាំង​ចាស់​ទាំង​ក្មេង សង្ឃឹម​បាន​បាយ​ឆ្ងាញ់ ក្នុង​ឆ្នាំ ២០១៣​នេះ ទោះ​បី​មិន​ឆ្អែត ក៏​បំបាត់​ការ​ស្រេក​ឃ្លាន​ខ្លះ​ដែល​មាន​តាំង​ពី ឆ្នាំ ១៩៩៣​មក​ដែរ​។ ធ្វើ​នយោបាយ​ត្រូវ​តែ​យក​ចិត្ត​រាស្រ្ត លេង​អុក​ត្រូវ​តែ​ប្រើ​ល្បិច​។ តែ​ក្រឡា​អស់​លោក​ដើរ​នេះ គឺ​គេ​ហៅ​ថា ក្រឡា​រួញ​។ កូន​អុក​ពេញ​ក្តារ​ដើរ​តែ​កូន​ត្រី​ពីរ​បី។ វិធីសាស្រ្ត​ដដែលៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន វ៉ៃ​បក មិន​អាច​ត​ដៃ​បាន​។ ដឹង​ខ្លួន​ហើយ ថា​យើង​គ្មាន​ចំណុច​ខ្សោយ​អី ក្រៅ​ពី​រឿង​បុគ្គល​ទេ នៅ​តែ​ធ្វើ​ឲ្យ​ថ្លោះ​ធ្លោយ​ទៀត​។ មើល​ចុះ គោល សេះ នាង ទូក​នៅ​ពេញ​ក្តារ​អុក ប្រើ​តែ​ត្រី​បក​ពីរ​បី បញ្ឆោត​ចុះ​ឡើង​គេ​ស៊ី​បាត់​ដូច​ជា​ករណី​រឿង​គុក​ទួលស្លែង​អ៊ីចឹង​។ ចង់​មិន​ចង់​ចំណេញ​អស់​ត្រី​បក​មួយ។

ក្នុង​ល្បែង​អុក គឺ​ត្រូវ​តែ​ដើរ​មិន​អាច​ទុក​យូរ​ទេ​។ តែ​ត្រង់​ថា តើ​ត្រូវ​ដើរ​ទៅ​មុខ ឬ ថយ​ក្រោយ​? វាយ​លុក ឬ​ការពារ? កូន​ណា​វាយ​លុក កូន​ណា​បញ្ឆោត កូន​ណា​ការពារ សុទ្ធ​តែ​ត្រូវ​គិត​គ្រប់​ជំហាន។

អស់​លោក​ដឹង​ទេ​ថា រាស្រ្ត​ប្រហោង​ពោះ​ខ្លាំង​ណាស់ បើ​ដើរ​ដូច​អស់​លោក​សព្វ​ថ្ងៃ​នេះ​។ បើ​នៅ​តែ​វាយ​រុល​ទៅ​មុខ ទុក​ប្រហោង​ខាង​ក្នុង​យ៉ាង​នេះ​បាយ​មួយ​ឆ្នាំង​ដែល​រាស្រ្ត​ទាំង​នគរ កំពុង​រង់​ចាំ​ច្បាស់​ជា​ផ្អូម​គ្មាន​រសជាតិ​មិន​ខាន។ និយាយ​ឲ្យ​ស្រួល​ស្តាប់​តាំង​ពី​ចង​សម្ព័ន្ធភាព​មក​ចំណុច​ខ្សោយ​មាន​កាន់​តែ​ច្រើន​តាំង​ពី​ថ្នាក់​កំពូល​(ថ្នាក់​ជាតិ)​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ថ្វី​ដ្បិត​តែ​វា​បង្កើត​ឲ្យ​មាន​ចំណុច​ខ្លាំង​ផ្នែក​យុទ្ធសាស្រ្ត​ជា​ច្រើន​មែន​ជា​ពិសេស គឺ​ភាព​ផុយ​ស្រួយ​លើ​សម្ព័ន្ធភាព និង​ការ​បញ្ជា​ទ័ព​។ ជាក់​ស្តែង​ឯក​ឧត្តម កឹម សុខា ស្រវា​តែ​ប្រជាប្រិយ​ភាព​ខ្លួន​ឯង ពេល​ចុះ​ជួប​ប្រជារាស្រ្ត​មិន​សូវ​ដែល​លើក​និយាយ​ពី​ឯកឧត្តម​សម រង្ស៊ី​ប៉ុន្មាន​ទេ​។​ចង់​មិន​ចង់ ខ្សែ​ខាង​ឯកឧត្តម សម រង្ស៊ី ច្បាស់​ជា​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​មិន​ខាន ទោះ​តិច ឬ ច្រើន​ក្តី​។ ដូច្នេះ​ហើយ គឺ​ខាង​កូន​ចៅ ឯកឧត្តម សម រង្ស៊ី ខំ​រក​វិធី​យ៉ាង​ណា ឲ្យ​មេ​របស់​ពួក​គេ​បាន​ចូល​ស្រុក ដើម្បី​កុំ​ឲ្យ​ឯកឧត្តម កឹម សុខា អួត​ក្អេង​ក្អាង​ពេក។ បើ​សិន ជា​ឯកឧត្តម សម រង្ស៊ី ចូល​ស្រុក ក្នុង​ពេល​មុន​បោះឆ្នោត​នេះ គឺ​ល្បិច សប់​ប៉េង​ប៉ោង​ឲ្យ​តឹង​ហើយ​ចាក់​បំបែក​ពិត​ជា​បាន​សម្រេច​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង ចង់​ឈ្នះ តែ​មិន​ចង់​ទន់​ភ្លន់​។ និយាយ​ស្តី បង្កើត​ចំណុច​ខ្សោយ​ឲ្យ​គេ​ចាប់​បាន​។ ហ៊ាន​ស៊ី​តែ​មិន​ហ៊ាន​សង។ រឿង​ដែល​ត្រូវ​និយាយ​មិន​និយាយ បែរ​ជា​ទៅ​និយាយ​រឿង​ចង​ក្រឡា​ខ្លួន​ឯង។ ដូច​ជា​ករណី​គុក​ទួលស្លែង​។ តើ​វា​ចំណេញ​អី​ទៅ ដែល​និយាយ​រឿង​ហ្នឹង​? ជា​ល្បិច​ជន​ណា​មួយ​មិន​សំខាន់​ទេ តែ​ការ​កាប់​សម្លាប់​ពិត​ជា​មាន​មែន​ហើយ​ប្រជារាស្រ្ត ក៏​មិន​បាន​ផ្តោត​អារម្មណ៍​រឿង​ហ្នឹង​ខ្លាំង​ដែរ​។ មួយ​ថ្ងៃៗ គ្នា​គិត​តែ​ធ្វើ​ម៉េច ឲ្យ​បាន​បាយ​ហូប កូន​បាន​រៀន​សូត្រ បាន​ការងារ​ធ្វើ បារម្មណ៍​ខ្លាច​គេ​មក​យក​ដីធ្លី​ផ្ទះ​សម្បែង​ខ្លាច​ឈឺ​គ្មាន​លុយ​ព្យាបាល ជំងឺ ដែល​សុទ្ធ​តែ​មាន​ចែង​ក្នុង​គោល​នយោបាយ​គណបក្ស ហើយ​ជា​រឿង​ដែល​ត្រូវ​និយាយ​ប្រាប់​ប្រជារាស្រ្ត​ឲ្យ​ដឹង​។ បើ​ដឹង​ថា ចំណុច​ខ្លាំង របស់​គណបក្ស​ប្រជាជន គឺ​ថ្ងៃ ៧ មករា ដែល​ជា​ចម្រៀង រត់​មាត់​របស់​ប្រជាជន​ទៅ​ហើយ នៅ​តែ​លើក​មក​និយាយ​ទៀត។

ឆាវ ឆាវ ក្នុង​រឿង​សាមកុក​និយាយ​ថា «កើត​មក​ជា​មនុស្ស គឺ​ច្បាស់​ជា​ត្រូវ​គេ​ជេរ ហើយ​ក៏​ត្រូវ​ចេះ​ជេរ​គេ​វិញ​ដែរ តែ​សំខាន់ គឺ​ថា អ្នក​ណា​ជេរ​ពីរោះ​ជាង អ្នក​ណា​ជេរ​សម​ជាង​នរណា​»។ ខាង​គណបក្ស​ប្រជាជន គេ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​គេ​មាន​តួ​អង្គ​សម្រាប់​ជេរ​តាម​កញ្ចក់​ទូរទស្សន៍​រាល់​ថ្ងៃ​។ តែ​ការ​ជេរ​នេះ គឺ​មិន​ចំណេញ​ទេ ព្រោះ​ជេរ​មិន​មែន​សម្រាប់​ប្រជារាស្រ្ត​។ បើ​ជេរ​ដើម្បី​រាស្រ្ត គឺ​រាស្រ្ត​ច្បាស់​ជា​គាំទ្រ ទេវតា ក៏​ជួយ​ជេរ​ដែរ។ ម្យ៉ាង​ទៀត បើ​និយាយ​ពី​គោល​នយោបាយ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ តែ​ពេល​ផ្តើម​ធ្វើ ពឹង​លើ​ប្រជាប្រិយ​ភាព​របស់​បុគ្គល ដែល​មិន​ខុស​ពី​គណបក្ស​ប្រជាជន​ឡើយ​។ គ្រប់​ទីកន្លែង គឺ​លើក​សរសើរ​តែ​បុគ្គល គឺ​ឯកឧត្តម កឹម សុខា ដែល​គួរ​តែ​បង្ហាញ​សមាសភាព​ថ្នាក់​ដឹក​នាំ និង​សមត្ថភាព​បេក្ខជន​តំណាង​រាស្រ្ត និង រដ្ឋ​មន្រ្តី​ឲ្យ​គេ​ចុះ​ជួប​ប្រជា​ពលរដ្ឋ បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ និង ឧត្តមគតិ។ ឲ្យ​គេ​បោះឆ្នោត​ឲ្យ​បុគ្គល អ្នក​តំណាង​រាស្រ្ត​ដែល​គេ​ពេញ​ចិត្ត ជា​ជាង​បោះឆ្នោត​ឲ្យ​គណបក្ស​។ នេះ​គេ​ហៅ​ថា «បើ​ចង់​ឈរ​រឹង​មាំ គឺ​ត្រូវ​បណ្តុះ​ឈើ​មួយ​ដើម ឲ្យ​ទៅ​ជា​ព្រៃ ទើប​អាច​ទប់​ទល់​ខ្យល់​ព្យុះ​គ្រប់​ទិស​ទី​បាន​»។ ខ្វះ​អី​អ្នក​មាន​សមត្ថភាព ដូច​ជា​ឯកឧត្តម សុន ឆ័យ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ លោក​តា វណ្ណ ម៉ូលីវណ្ណ​។ល។​និង ។ល។ ហើយ ក៏​ត្រូវ​ប្រាប់​ប្រជារាស្រ្ត​ដែរ​ថា តើ​អ្នក​ណា​កាន់​ក្រសួង​ណា មាន​សមត្ថភាព​អី ហើយ​មាន​វិធីសាស្រ្ត​អី​ដែរ ប្រើ​រយៈ​ពេល​ប៉ុន្មាន​។ គោល​នយោបាយ គឺ​សំខាន់ សម្រាប់​គណបក្ស តែ​អ្នក​អនុវត្ត​គោល​នយោបាយ​គឺ​រឹត​តែ​សំខាន់​ទៅ​ទៀត បើ​មិន​ដូច្នេះ​ទេ មិន​ខុស​អី​ពី​គណបក្ស​ប្រជាជន ដែល​មាន​គោល​នយោបាយ​ល្អ តែ​មិន​អនុវត្ត? ឬ​អនុវត្ត​ដែរ តែ​មាន​ប្រសិទ្ធភាព​តិច​តួច​នោះ​?

មិត្ត​យល់​ចិត្ត​នៅ​លើ Facebook ម្នាក់​ទៀត នៅ​ពេល​ខ្ញុំ​សួរ​ថា តើ​កម្ដៅ​បាយ​កក​មួយ​ឆ្នាំង​នេះ​យ៉ាង​ម៉េច គាត់​ឲ្យ​យោបល់​ថា «….ត្រូវ​យក​បាយ​មួយ​កូន​ចាន​ចង្កិះ​នោះ​រក​ចុងភៅ​ពូកែ​ម្នាក់ ចម្អិន​បាយ​កក​ឲ្យ​ក្លាយ​ជា​បាយ​ឆ្ងាញ់​មួយ​ចាន… តែ​បាយ​ឆ្ងាញ់​មួយ​ចាន​នេះ​មិន​ឲ្យ​ធ្វើ​ហើយ​ចែក​អ្នក​ក្រ​ទេ ត្រូវ​ចែក​សេដ្ឋី​ណា​ម្នាក់ ដើម្បី​ដូរ​យក​ស្បៀង​មួយ​ជង្រុក​។ បើ​គាត់​សាញ​ថា បាយ​មួយ​ចាន​នោះ​តិច​ពេក អ៊ីចឹង​លោក​ប្អូន ត្រូវ​ប្រាប់​គាត់​ថា វា​គ្រាន់​តែ​ជា​អំណោយ​បើក​ផ្លូវ នៅ​មាន​អំណោយ​ធំៗ​បន្ត​ទៀត​»។ ដូច្នេះ គណបក្ស​ប្រឆាំង ត្រូវ​ឆ្លុះ​បញ្ចាំង ពី​សមត្ថភាព​ខ្លួន​ឯង​មើល ថា​មាន​សមត្ថភាព ចម្អិន​ម្ហូប​អាហារ​មួយ​ចាន​ចង្កឹះ ក្នុង​ចំណោម បាយ​កក​ដែល​ស្ទើរ​តែ​ផ្អូម មួយ​ឆ្នាំង​នេះ ដែល​សល់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ដោយ​របៀប​ណា​? ហើយ​មាន​សមត្ថភាព រក​ឃើញ​អ្នក​មាន​ម្នាក់​ដើម្បី​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ ដើម្បី​ចិញ្ចឹម​រាស្រ្ត​បាន​ដោយ​របៀប​ម៉េច? តាម​គំនិត​គាត់ គឺ​បាយ​មួយ​ឆ្នាំង​នេះ គឺ​ហូប​មិន​ឆ្អែត​ទេ គឺ​ត្រូវ​រក​ជង្រុក​ស្រូវ​ធំ​មួយ ដើម្បី​ដាំ​បាយ​មួយ​ឆ្នាំង​ធំ សម្រាប់​ប្រជារាស្រ្ត​ទាំង​មូល​នៅ​ឆ្នាំ ២០១៨ ហើយ អ្នក​មាន​ម្នាក់​នេះ​អ្នក​ខ្លះ កំពុង​លាក់​ឈ្មោះ​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល អ្នក​ខ្លះ នៅ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​កំពុង​អង្គុយ​លេង​អុក​នៅ​តៀម​កាហ្វេ​ដែរ​។ បើ​មិន​អាច​ប្រមូល អ្នក​មាន​សមត្ថភាព​(អ្នក​មាន ក្នុង​ឧទាហរណ៍​នេះ​)​ដើម្បី​ដូរ​យក​ជម្រុក​ស្រូវ​(យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​នៃ​ការ​ដឹក​នាំ​ប្រទេស​)បាន​ទេ ទោះ​បាយ​ដាំ​ឆ្អិន​ក៏​ដោយ​ក៏​រាស្រ្ត​នៅ​តែ​ហូប​មិន​ឆ្អែត​ដែរ។

ល្បែង​អុក​មួយ​ក្តារ​នេះ គឺ​ដើម្បី​ឈាន​ជើង​មួយ​ជំហាន​ទៅ​មុខ ហើយ​ក៏​ដើម្បី​ប្រមូល​ធនធាន​សម្រាប់​ឆ្នាំ​២០១៨ គឺ​ដូច​ជា​ធ្វើ​ម្ហូប​មួយ​ចាន​ចង្កឹះ​ដើម្បី ផ្គាប់​ចិត្ត​អ្នក​មាន​ម្នាក់​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​សម្រាប់​រាស្រ្ត​ទូទាំង​នគរ​។ ដូច្នេះ​មិន​អាច​លេង​សើច​បាន​ទេ​។ បើ​ដើរ​ខុស​តែ​បន្តិច គឺ​ប្រជារាស្រ្ត ទាំង​នគរ​ច្បាស់​ជា​អត់​បាយ​ស្លាប់​មិន​ខាន ពិបាក​នឹង​ស្រោច​ស្រង់​ណាស់​។ មិន​ថា​តែ​អ្នក​ទស្សនា​ទេ​ដែល​ដឹង​ថា គណបក្ស​ប្រជាជន​វាយ​លុក​ចំណុច​ណា បញ្ឆោត​ចំណុច​ណា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ជាង​អ្នក​ទស្សនា​ទៅ​ទៀត។ ជាក់​ស្តែង​ណាស់ បើ​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង (សម រង្ស៊ី និង សិទ្ធិ​មនុស្ស) រួប​រួម​គ្នា គឺ​ងាយ​ស្រួល ដូច​ជា​បក​ចេក​អ៊ីចឹង​។ គឺ​គ្រាន់​តែ​ឲ្យ​ឯកឧត្តម សម រង្ស៊ី​ចូល​ស្រុក កាល​ពី​ឆ្នាំ​ទៅ នោះ គឺ​គណបក្ស​ទាំង​ពីរ​មិន​អាច​រួប​រួម​គ្នា​បាន​ទៅ​ហើយ​។ ល្បិច​មួយ​នេះ​ហៅ​ថា សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​ទម្លុះ​ឲ្យ​បែក​ខ្ចាត់​ខ្ចាយ​។ ចង់​និយាយ​ថា រុញ​ឲ្យ​ការ​រួប​រួម​នេះ​បាន​សម្រេច ហើយ​ចាំ​បំបែក​ជា​ក្រោយ។ បើ​បែក​លើក​នេះ គឺ​រាស្រ្ត​ពិត​ដាច់​បាយ​ស្លាប់​មិន​ខាន​។ ពេល​នោះ បាយ​កក​ដែល​សល់​ពី​ឆ្នាំ​១៩៩៣ ពិត​ជា​ផ្អូម​មែន​ទែន​ហើយ គ្មាន​ទេវតា​ណា​មក​ជួយ​បាន​ទេ​។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​បើក​ឲ្យ​ស៊ី​ត្រី​ទឹម​(ការ​រួប​រួម​គ្នា​)នេះ​ទៅ​ហើយ​គឺ​មិន​អាច​មាន​ការ​ថ្លោះ​ធ្លោយ​ទេ​។ មិន​អាច​ឲ្យ​ល្បិច​សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​បំបែក​បាន​សម្រេច​ជា​ដាច់​ខាត​។ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ ទ័ព​គ្មាន​វិន័យ ជា​ទ័ព​បរាជ័យ។ អ្នក​ប្រឆាំង​និង​បញ្ជា​គឺ​ត្រូវ​តែ​កាត់​ក្បាល​។ ក្នុង​ជំរំ​ទ័ព គឺ​គ្មាន​សាច់​ញាតិ​អ្នក​ធំ គ្មាន​សែ​រាជវង្ស​ទេ គឺ​មាន​តែ​មេ​ទ័ព និង​កូន​ទាហាន ទើប​ជា​ទ័ព​មាន​វិន័យ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ជូន​រាស្រ្ត​។ កូន​អុក​ទាំង​អស់​ត្រូវ​តែ​ដើរ​ស្រប​គ្នា​។ បោះ​ឆ្វេង​ឡើង​ស្តាំ ឡើង​ទៅ​មុខ ការពារ​ខាង​ក្រោយ​។ ត្រូវ​តែ​បែង​ចែក មុខ​នាទី​រៀងៗ​ខ្លួន ឲ្យ​ច្បាស់​លាស់​។ អ្នក​ណា​ខ្លាំង​ខាង​ការពារ ឲ្យ​ការពារ​។ អ្នក​ខ្លាំង​ខាង​វាយ​លុយ ឲ្យ​វាយ​លុយ អ្នក​ខ្លាំង​ខាង​ទូង​ស្គរ​ឲ្យ​ទូង​ស្គរ អ្នក​ខ្លាំង​ខាង​បញ្ឆោត​ឲ្យ​បញ្ឆោត អ្នក​ខ្លាំង​ខាង​កាន់​ស្បៀង​ឲ្យ​កាន់​ស្បៀង មិន​អាច​ធ្វេសប្រហែស សូម្បី​តែ​បន្តិច។ ពេល​ថ្ងៃ​ត្រូវ​តែ​វាយ​លុក ពេល​យប់​ឈប់​សម្រាក​ត្រូវ​តែ​យាម មិន​អាច​ធូរ​លុង​ជា​ដាច់​ខាត។

បាយ​មួយ​ឆ្នាំង​ដែល​សល់ ពី​ឆ្នាំ ១៩៩៣​នោះ​គឺ​ពឹង​លើ​ក្តា​អុក​មួយ​ក្តា​នេះ​ហើយ​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង ស្តួច​ស្តើង​៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែល chivann.pen@gmail.com

ប៉ែន សុជីវន្ត ពី​ខេត្ត រតនគិរី

សារ៉ាក់

វាជារឿងដ៏សែនមហាហួសចិត្ត សម្រាប់អាណាចក្រមួយដែលមានសមត្ថភាពកសាងស្នាដៃគ្មានពីរលើលោក តែបែរជាមកទទួលរងការអាមាសចំពោះដូនតារបស់ខ្លួនយ៉ាងដូច្នេះទៅវិញ។

-សារ៉ាក់

ព្រហ្ម រស់

អំណាចទី១ គឺ អំណាចផ្លូវចិត្តសាស្រ្ត ក្នុងចិត្តរាស្រ្ត គឺ ស្តេច មានអំណាច។
អំណាចទី២ គឺ នៅលើច្បាប់ (រដ្ឋធម្មនុញ្ញ)។
អំណាច ទី ៣ គឺ មហិទ្ធិរិទ្ធិ។

-ព្រហ្ម រស់