ទូកបាក់ច្រវា ពេលទឹកកំពុងហូរ

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ
…………………………………………..
ឥឡូវឃើញថា «របង» ក៏បានធ្វើខ្លះៗហើយដែរ។ឯ«របា» ក៏បានចងខ្លះៗ ទោះមិនទាន់បានរឹងមាំ តែឃើញថាមានគម្រោងធ្វើជាបន្តបន្ទាប់យ៉ាងសកម្ម…។ តែរឿង«ស្រាស់បន្លា» ដើម្បីកុំឲ្យមាន់ចូលជាន់ខ្ទឹមនោះ ក៏មិនទាន់ឃើញនៅឡើយទេ។
មិនត្រឹមតែមិនទាន់ស្រាស់បន្លា ការពារមាន់ទៅកាយរងខ្ទឹមប៉ុណ្ណោះទេ… «សជ» នៅចង់ស្រាស់បន្លាបិទផ្លូវខ្លួនឯង តាមរយៈយកកូនស្រីលោកកឹម សុខា មកធ្វើការក្នុង «គជប»ទៀត។ នេះគេហៅថា «ឪពុក អ្នកប្រដាល់ កូនជាមេអាប៊ីត»
… រឿងនេះបើគេមិនសើចរយះមាត់ ទើបវាចម្លែក។

ក្រៅពីនេះនៅមានរឿងមួយទៀត ដែលធ្វើឲ្យ«ខ្ទមអុក» ភ័យប្រហោងពោះ គឺរឿង«… ខ្លាចតែទូកបាក់ច្រវា ពេលទឹកកំពុងហូរ»នោះទេ!!!
រឿងសមាសភាព វិរៈជនទី៩ ដែលជាលោកស្រី «ពុង ឈីវហ្គេក» ។គឺពិតជាសំណាងរបស់នគរខ្មែរ ហើយក៏ជាសំណាងរបស់រាស្រ្តខ្មែរដែរ។ទោះបី «ខ្ទមអុក»សង្ស័យលើខ្លួនឯង ក៏យើងមិនសង្ស័យ លើមនសិការស្នេហាជាតិ និងឆន្ទៈ មុតស្តួច និងជ្រាលជ្រៅរបស់លោកស្រីដែរ។
តែនរណាទៅដឹងថា នៅពេលខាងមុខនឹងមានរឿងអីកើតឡើង? ចុះបើលោកស្រី រងសម្ពាធខ្លាំងរហូតដល់ឈឺចិត្ត សុំដាក់ពាក្យលាលែងពីដំណែង… តើ«គជប» មិននៅសល់មនុស្សត្រឹមតែ «៤ ទល់ ៤»ទៅហើយទេ? បើ «៤ ទល់៤» តើការសម្រេចចិត្តមិនជាប់គាំងទៅហើយទេ? បើ«គជប»គាំង តើ សភាចេញកើតឬទេ? បើសភាចេញមិនកើត តើរដ្ឋាភិបាលចេញកើតឬទេ? ចុងបញ្ចប់ គឺធ្លាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកអារកាត់បញ្ហាទាំងនេះ ដែលសុទ្ធតែជាមនុស្ស របស់បក្សប្រជាជន។តើត្រូវគិតយ៉ាងណា???

រហូតមកដល់ពេលនេះនៅមិនទាន់ឃើញគេលើកនិយាយពីចំណុចនេះនៅឡើយទេ។

មុនពេលសមាជិកបក្ស«សជ»មិនទាន់ចូលសភានៅឡើយ «សជ» នៅតែជាកូនក្រមុំដ៏ស្រស់ស្អាត សម្រាប់បក្ស«ប្រជ»។ ដូច្នេះគួរតែឆ្លៀតឱកាសនេះ ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ផង។ បើសិនជាអាច គួរតែរើស«បេក្ខជនបម្រុង»ទុក២ ឬ ៣នាក់សម្រាប់វិរៈជនទី៩ជាស្រេចក្រែងមានការថ្លោះធ្លោយនៅថ្ងៃក្រោយ…។

«ខ្ទមអុក» គ្រាន់តែចង់ឃើញការបោះឆ្នោតមួយ ដែលបានឆ្នុះបញ្ចាំងពីឆន្ទៈរាស្រ្ត ពិតប្រាកដ ហើយគ្មានហានិភ័យក្នុងពេលដំណើរការនៃស្ថាប័ន «គជប» ដែលជាស្ថាប័នធម្មនុញ្ញដ៏សំខាន់ នៅក្នុងបរិបទនយោបាយខ្មែរនេះប៉ុណ្ណោះ។

អាចោរក្នុង! អាចុងខ្នោរ

កាលពីប៉ុន្មានថ្ងៃមុន ឃើញការជួបចរចាថ្នាក់កំពូល រហូតដល់ការឆ្លើយឆ្លងលិខិតស្នាមរវាងបក្សទាំងពីរដើម្បីជ្រើសរើសបានសមាជិកទី៩សម្រាប់”គជប”ថ្មី ធ្វើឲ្យអ្នកតាមដានសភាពការណ៍ស្រុកទេសសប្បាយចិត្ត រីកថ្លើម ញញឹមបិទមាត់មិនជិតគ្រប់គ្នា។ប៉ុន្តែដល់ពេលពិនិត្យតាមដានកាន់តែយូរទៅ ឃើញថា នេះជាឆាកល្ខោននយោបាយបោកប្រាស់គ្នាទៅវិញទៅមកសោះ។អ្នកណា ក៏គេដឹងដែរថា មេដឹកនាំបក្សទាំងពីរជាអ្នកអញ្ជើញ លោកស្រីមកធ្វើជា សមាជិកទី៩ដែរ។គឺមិនមែនគាត់ជាអ្នកទទូចសុំធ្វើជាសមាជិកទី៩នោះទេ។អ៊ីចឹងបើឲ្យទៅភ្ជួរស្រែ ហើយគេមិនឲ្យនង្គ័ល មិនឲ្យរំពាត់សម្រាប់វាយគោក្របី…។តើធ្វើស្អីកើត???គាត់មិនមែនភ្ជួរមិនកើតនោះទេ គឺមិនភ្ជួរតែម្តង ព្រោះវាច្បាស់ជាមាន”ចុងខ្នោរ” ដែលមានចេតនាមិនចង់ឲ្យ “គជបថ្មី” កើតមានឡើង ឆាប់ៗនេះ។ ការបដិសេធថ្មីៗរបស់លោកស្រីទី៩ គឺធ្វើឲ្យម្ចាស់ស្រែរាប់លាននាក់(ម្ចាស់ឆ្នោត) កំពុងចាប់ផ្តើមស្តីបន្ទោសដល់មេការពីរនាក់(បក្សទាំង២)ក្នុងការគ្រប់គ្រងកសិដ្ឋាននេះកាន់តែខ្លាំងឡើងៗជាលំដាប់។ល្មមដល់់់ពេលយើងទាំងអស់គ្នា ដែលជាម្ចាស់ស្រែពិតប្រាកដប្រមូលកម្លាំងធ្វើយុទ្ធនាការដាក់ញត្តិ ដើម្បីជំរុញឲ្យបក្សទាំង២ផ្តល់អភ័យឯកសិទ្ធពិសេសដល់សមាជិកក្រុមប្រឹក្សាភិបាល”គជប”ឲ្យបានជាដាច់ខាត។បញ្ហារាំងស្ទះ និងល្បិចកលបំភាន់ភ្នែកគ្រប់បែបយ៉ាង គឺបណ្តាលមកពីអាមេការដុះស្លែ ក្បាលកំហូចពីនាក់(សជ និងប្រជ)ហ្នឹងហើយ ដែលតែងតែយកលេសមិនអស់ មិនហើយ ដើម្បីមិនឲ្យរាស្ត្ររើសយកបានអ្នកបម្រើ(គជប)ថ្មី ដែលមានស្មារតីទទួលខុសត្រូវខ្ពស់…ឲ្យបានល្អ និងឆាប់រហ័ស។ ពួកមេការទាំងនេះ បែរជាចង់ដាក់សាច់ញាតិ បងប្អូន កូនចៅបង្កើតរបស់បក្សពួកវាក្នុងកសិដ្ឋានយើងជាម្ចាស់ឆ្នោតទៅវិញ ដើម្បីងាយស្រួលបន្លំភ្នែក និងស៊ីភ្នែកជញ្ជីងយើងទាំងរស់ទៀតឬ??? ប៉ុន្មានថ្ងៃមុនយើងឃើញមានអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ មកដាក់ពាក្យ តែពួកវារកលេសនេះ លេសនោះ មិនចេះចប់ គឺច្បាស់ជាមិនចង់ឲ្យអ្នកបម្រើម្នាក់នេះ មកធ្វើការក្នុងកសិដ្ឋានយើង ដើម្បីធ្វើការឲ្យបានងាយស្រួល និងឆាប់រហ័សនោះទេ។ ពួកវាចង់ឲ្យអ្នកបម្រើម្នាក់នេះ ដកខ្លួនចេញ នឹងអាលពួកនេះដាក់បក្សពួកគ្នាវា ដើម្បីបន្លំ និងបញ្ឆោតយើងតទៅទៀត។ ពួកវាគិតថា៖ យើងភ្លើ យើងល្ងង់ខ្លៅ មើលមិនឃើញល្បិចកល របស់ពួកវាទាំងនេះហើយមើលទៅ?? ច្រឡំហើយអាវ៉ា ឯងចេញក៏ដឹង ឯងចូលក៏ដឹង គ្រាន់តែយើងស៊ូទ្រាំ កុំឲ្យខូចការធំប៉ុណ្ណោះ។ប៉ុន្តែមកដល់ពេលនេះយើងចង់ប្រាប់ពួកវាឲ្យដឹងថា៖បក្សទាំង២ត្រូវតែផ្តល់”អភ័យឯកសិទ្ធពិសេស” ដល់ក្រុមប្រឹក្សាភិបាល”គជប”ថ្មីដាច់ខាត គឺត្រូវតែលើសអភ័យឯកសិទ្ធអ្នក តំណាងរាស្រ្តទៅទៀត ព្រោះ”គជប”ជាអ្នកបង្កើតតំណាងរាស្រ្ត។ រឿងអីកូនត្រូវមានសិទ្ធជាងម៉ែឪ??? វាមិនដែលមាន ហើយក៏មិនគួរឲ្យមានដែរ!!។ត្រូវតែចងចាំរឿងនេះឲ្យច្បាស់!!។ មេការទាំង២នាក់នេះ ត្រូវតែប្រគល់ដាវអាជ្ញាសឹក(អំណាច) ស្កាកបញ្ជាមាស(អភ័យឯកសិទ្ធពិសេស គឺមិនអាចចាប់ចង ចោទប្រកាន់ ឬដកហូតសិទ្ធអំណាច) និងស្បៀងគ្រប់គ្រាន់ ដើម្បីកាន់កាប់កសិដ្ឋាននេះឲ្យបានល្អ មានប្រសិទ្ធភាព និងលទ្ធិផលអាចទទួលយកបានពីសំណាក់ម្ចាស់ស្រែ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពអ្នកទាំងនេះ។បើមិនបានដូច្នេះទេ មេការក្បាលខូចពីរបីនាក់នេះ ច្បាស់ជាត្រូវព្រនុងរបស់រាស្ត្រមិនខាន៕

 

«ខ្ទមអុក»