កញ្ញា ធី សុវណ្ណថា បានបង្កើតទំព័រហ្វេសប៊ុក នៅឆ្នាំ២០១១ ដោយប្រើឈ្មោះ I Love Cambodia Hot News ដោយសារតែមានបញ្ហាទើបបែកចេញទៅបង្កើតទំព័រថ្មី។ ក្នុងរយៈពេលខ្លី ទំព័រថ្មីនោះបានទទួលអ្នកគាំទ្រប្រមាណជិត ២សែននាក់។
ម្ចាស់ ទំព័រហ្វេសប៊ុក (Facebook) ដ៏មានប្រជាប្រិយភាពម្នាក់ និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហាក់ពុំអើពើនឹងព័ត៌មានដែលមានការសង្ស័យថា នាងជាចារកម្មរបស់គណបក្សកាន់អំណាចនោះទេ។
ការឆ្លើយតបបែបនេះ គឺបន្ទាប់ពីម្ចាស់ទំព័រហ្វេសប៊ុករូបនោះ ត្រូវគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍បដិសេធថា នាងបានផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវក្នុងទំព័ររបស់នាងពី ពាក្យបណ្ដឹងរបស់គណបក្សនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឈានទៅមានការចោទប្រកាន់ថា នាងកំពុងធ្វើការដោយសម្ងាត់ជាមួយមនុស្សក្នុងគណបក្សប្រជាជន។
ម្ចាស់ ទំព័រហ្វេសប៊ុកដែលមានប្រជាប្រិយភាព កញ្ញា ធី សុវណ្ណថា នៅថ្ងៃទី៤ ខែកុម្ភៈ ចាត់ទុកការចោទប្រកាន់ដែលថា នាងជារនុកក្នុងរបស់គណបក្សកាន់អំណាចនោះគ្រាន់តែជាការលាបពណ៌ អោយរូបនាង ហើយនាងបន្តអះអាងថា នាងនៅតែធ្វើសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ មិនមានការរារែកឡើយ។
កញ្ញា ធី សុវណ្ណថា បានថ្លែងថា ក្នុងនាមជាយុវជនដែលប្រកាន់គំនិតចង់ចែកចាយព័ត៌មានពិត កញ្ញានឹងនៅតែបន្តសកម្មភាពនេះ។ ម្យ៉ាងកញ្ញាក៏ជាអ្នកគាំទ្រគោលនយោបាយបក្សសង្គ្រោះជាតិទាំង ៧ចំណុច នោះកញ្ញានឹងមិនបោះបង់សកម្មភាពរបស់នាងឡើយ៖ «សុខចិត្តទុកអោយពួកគាត់រង់ចាំមើលសកម្មភាពរបស់ប្អូនជាភស្តុតាង នេះជាអ្វីដែលប្អូនអាចបញ្ជាក់ឆ្លើយតបបាន។ ប្អូនមិនប្រកែកថា ប្អូនដូចអ្វីដែលពួកគាត់ (ចោទ) ឬមិនចោទនោះទេ តែប្អូនមានតែមួយគត់ គឺអោយពួកគាត់មើលរាល់សកម្មភាពរបស់ប្អូន ហើយមើលអ្វីដែលប្អូនធ្វើ»។
ក្នុងវ័យ ១៩ឆ្នាំ ធី សុវណ្ណថា ដែលកំពុងរៀននៅថ្នាក់ទី១១ បានចំណាយពេលវេលាជាច្រើនជាមួយគេហទំព័រហ្វេសប៊ុក របស់នាងក្នុងការបង្ហោះព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពជាសាធារណៈ របស់គណបក្សសង្គ្រោះជាតិ និងការតវ៉ាទាមទារសិទ្ធិនានា។ កញ្ញាបានលេចមុខនៅពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ ហើយអំឡុងពេលនោះនាងបានបង្ហោះរូបភាព ឬវីដេអូពីសកម្មភាពគាំទ្រទាំងនោះតាមរយៈទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា I Love Cambodia Hot News។ ក្រោយមកនាងបានបង្កើតទំព័រថ្មីដោយដាក់ឈ្មោះផ្ទាល់ខ្លួន គឺ ធី សុវណ្ណថា។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia daily) បានផ្សព្វផ្សាយកាលពីថ្ងៃទី៤ មករា ថា អ្នកគ្រប់គ្រងទំព័រ I Love Cambodia Hot News ឈ្មោះ អេង ពន្លក គឺជាអ្នកដែលបានទម្លាយព័ត៌មានថា កញ្ញា ធី សុវណ្ណថា លែងជាមនុស្សដែលអាចទុកចិត្តបាន ហើយសង្ស័យថា ជាចារកម្មរបស់គណបក្សប្រជាជនកម្ពុជា។ ការសង្ស័យនោះបានសំអាងហេតុផលចំនួន២ គឺទី១ ទំព័រថ្មីរបស់នាងមានអ្នកគាំទ្រច្រើនយ៉ាងចម្លែក និងថា នាងពាក់ព័ន្ធនឹងអតីតយុវជនគណបក្សប្រជាជន លោក ផែ សុវណ្ណរិទ្ធ។
ឆ្លើយ តបនឹងការចោទប្រកាន់នេះ កញ្ញា ធី សុវណ្ណថា បានឆ្លើយយ៉ាងខ្លីថា នោះគ្រាន់តែជាការសង្ស័យដែលពុំមានមូលដ្ឋានដែលអាចយកជាការបាន។
គណបក្ស សង្គ្រោះជាតិកាលពីចុងសប្ដាហ៍កន្លងទៅ បានថ្លែងការណ៍ច្រានចោលព័ត៌មានដែល ធី សុណ្ណថា បានផ្សព្វផ្សាយថា ប្រធានគណបក្សប្រឆាំងបានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌ អន្តរជាតិ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា បញ្ហាកន្លងមករវាងគណបក្សសង្គ្រោះជាតិ និងកញ្ញា ធី សុវណ្ណថា កើតឡើងពីការយល់ច្រឡំគ្នាខាងផ្នែកទំនាក់ទំនងប៉ុណ្ណោះ៖ «ផេក (Page=ទំព័រ) របស់គាត់ជា ផេកឯកជន គាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្សាយនូវអ្វីដែលគាត់ចង់ ហើយអ្វីដែលកើតឡើងប៉ុន្មានថ្ងៃនេះ គឺដោយសារតែមានការយល់ច្រឡំតែប៉ុណ្ណោះ ហ្នឹងជាទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ»៕