រាជបុត្រក្រៅច្បាប់

កំណើតបុត្រាទី ៥ បានកើតចំពេលដែលបច្ចេកវិជ្ជាដើរទៅមុខជឿនលឿនយ៉ាងរហ័ស។អ្វីៗមិនដូចពីជំនាន់ ដើមទេ មានបច្ចេកវិជ្ជាជាច្រើនដែលបានបម្រើផលប្រយោជន៍សំរាប់មនុស្ស។តួយ៉ាងដូចជាប្រព័ន្ធសង្គម ហ្វេសប៊ុគ ដែលអាចធ្វើឲ្យមនុស្សពីមិនដែលស្គាល់គ្នាសោះបែរជាស្គាល់គ្នា។ អ្នកខ្លះក្រោយពីស្គាល់គ្នាហើយ ក៏បានឈានទៅស្រឡាញ់គ្នាឯអ្នកខ្លះទៀតស្រឡាញ់គ្នាហើយក៏បែរជាបែកបាក់ស្អប់គ្នាទៅវិញក៏មានដែរ។ ហើយអ្នកខ្លះមិនដែលស្គាល់គ្នាសោះក៏អាចមកឈ្លោះគ្នានៅលើប្រព័ន្ធសង្គមដ៏ធំមួយនេះ ដោយព្រោះតែ មានការគិតខុសគ្នា។តែយ៉ាងណាក្នុងនាមឈាមជ័រពូជពង្សតែមួយ យើងគួរណាហ៊ានទទួលយកនូវអ្វី ដែលជាការរិះគន់ដើម្បីប្រយោជន៍ជាតិ។

កំណើតបុត្រាទី ៥ នេះមានលក្ខណៈពិសេសជាងគេព្រោះជិតដល់ខួប ១ឆ្នាំរបស់ខ្លួនទៅហើយ នៅតែមិន ទាន់បានចុះសំបុត្រកំណើតទៀត ដោយសារមិនទាន់ចុះសំបុត្រកំណើតនឹងហើយបានជាគេហៅថាកូនឥត ខាន់ស្លាមិនស្របច្បាប់។ រហូតពេលខ្លះកូននេះគេហៅថាជាកូនមិនគ្រប់ទឹកទៀតក៏មានដែរ។មិនទាន់ ស្របច្បាប់ ដោយសារឪពុកម្តាយវាកំពុងជជែកគ្នារកខុសត្រូវថាតើកូននឹងជាកូនរបស់ខ្លួនទាំងពីរនាក់ឬអត់?ប្រពន្ធថាមែន ប្តីថាមិនមែន។ ប្តីចង់ធ្វើតេស្ត DNA បញ្ជាក់ការពិតតាំងពីកើតមកម្ល៉េះតែប្រពន្ធមិនព្រម។ ដោយប្រពន្ធអាងខ្លួនជាកូនអ្នកមាន មានឪពុកជាឧត្តមសេនីយ៍កាន់ទ័ពពេញដៃឯម្តាយវិញជាមន្រ្តីថ្នាក់ខ្ពស់ ក្តាប់កិច្ចការរដ្ឋហើយមានបងប្រុសជាអ្នកកាន់សេដ្ឋកិច្ចនគរគ្រប់គ្រងលើមន្រ្តីជាង ៤០ម៉ឺននាក់ផងនោះបែបនេះហើយទើបនាងជាប្រពន្ធមិនខ្លាចប្តី មានសិទ្ធិអំណាចខ្លាំងធ្វើអ្វីស្រេចចិត្ត។ឯប្តីវិញមានការអាក់អន់ ស្រពន់ចិត្ត ព្រោះតែមិនជឿជាក់លើប្រពន្ធរបស់ខ្លួន ត្បិតអីប្រពន្ធនេះធ្លាប់មានប្តី ២រួចទៅហើយ។

មានពាក្យ ១ឃ្លា ពោលថា បើខ្លួនមិនបានធ្វើខុសតើទៅខ្លាចអី?កាលនោះ បើនាងជាប្រពន្ធយល់ព្រម ធ្វើតេស្ត DNA ដើម្បីបញ្ជាក់អោយប្តីអស់ចិត្តនោះ នឹងមិនមានរឿងតភាគរហូតមកដល់សព្វថ្ងៃនេះទេហើយគ្រួសារមួយនេះនឹងរស់នៅបានសុខ ខិតខំរកស៊ីបង្កើនសេដ្ឋកិច្ច មានសុភមង្គលគេឯងកោតស្ញប់ស្ញែង អ្នកជិតខាងក៏មិនសូវហ៊ានមើលងាយដែរ។តែខ្លាចថានាងជាប្រពន្ធនោះក្បត់ប្តីមានសាហាយមែន ទើបមិន ហ៊ានធ្វើតេស្តបញ្ជាក់ការពិត?។!មិនខ្មាស់គេទេឬ ពេលដែលដើរចេញទៅក្រៅម្តងៗ ញាតិជិតខាង ពីដើម ភូមិដល់ចុងភូមិគេពេបជ្រាយមើលលើមើលក្រោម?គ្រួសារមួយដែលមិនទុកចិត្តគ្នា ច្បាស់ណាស់រស់នៅមិន ចុះសម្រុងគ្នាទេ ប្រាកដជា ១ថ្ងៃ១ថ្ងៃ គិតតែពីរករឿងឈ្លោះគ្នា ហើយនឹងងាយបែកបាក់គ្នាណាស់។ ឥឡូវប្តីបន្ទន់ឥរិយាបថហើយថាមិនបាច់ធ្វើ DNA ក៏បានដែរអោយតែអូនព្រមសច្ចាអោយបងថាកូននេះ ជាកូនរបស់បងទៅគឺបានហើយ។ ត្រឹមតែពាក្យប៉ុន្នេះនាងជាប្រពន្ធនៅតែមិនព្រមនិយាយអោយប្តីអស់ ចិត្តទៀត។

គេថាសារជាតិជាចោរដាច់ខាតគឺត្រូវតែលួចទោះលួចមិនបានច្រើនក៏បានតិចដែរ វាប្រសើរជាជាងអត់។ អំពើ អាក្រក់មិនសូវរំលងទង្វើល្អដើរវាង បើជាតិក្រោយមានពិតមែន មិនដឹងសងបាបកម្មទាំងនេះប៉ុន្មានជាតិទេ ទើបអស់។តែណាស់ហ្ហើយ៎ នេះគ្រាន់តែជាទ្រឹស្តីរបស់ព្រះពុទ្ធជាម្ចាស់តែប៉ុណ្ណោះ។ គ្មានអ្នកណាទៅដឹងទេថាតើខ្លួននឹងចុះនរក ឬ ឡើងឋានសួគ៍ទេពេលដែលស្លាប់ទៅ។ តែអ្វីដែលអ្នកកំពុងប្រព្រឹត្តនឹងត្រូវបានគេ មើលឃើញ ហើយកត់ត្រា ប្រវត្តិសាស្រ្តចារឈ្មោះអ្នកល្អ ឬ អាក្រក់តវង្សត្រកូលអាស្រ័យលើដៃអ្នក។ នាងជា ប្រពន្ធចេះតែបារម្មណ៍ព្រោះបើធ្វើតេស្តឈាមមែននោះ ខ្លាចថាមិនមែនជាកូនរបស់ប្តីពិតមែន ត្បិតអីខ្លួនធ្លាប់ទាក់ទងនឹងបុរសដ៏ទៃកាលពីមុននោះ ម្ល៉ោះហើយរឿងធ្វើតេស្តនេះនាងបដិសេធដាច់អហង្កា។ហើយ រឿងសច្ចាអោយប្តីអស់ចិត្តនោះទៀតសោត ក៏មិនហ៊ានព្រោះខ្លាចការស្បថបំពាននឹងនាំទុក្ខទោសមានបាប កម្មលំបាកដល់ខ្លួនទៅថ្ងៃក្រោយ។

ប្តីឃើញប្រពន្ធចេះតែបដិសេធនឹងខ្លួនបែបនេះក៏កាន់តែលំបាកចិត្ត ត្បិតអីឃើញកូនៗក្នុងគ្រួសារត្រូវលំបាក ព្រោះឪពុកម្តាយឈ្លោះគ្នាមើលមុខគ្នាមិនចំរាល់ថ្ងៃហើយម្យ៉ាងត្រូវអ្នកជិតខាងគេមើលងាយផងនោះ ក៏បន្ទន់ ឥរិយាបថបន្ថែមទៀត។ប៉ុន្តែមិនទាន់បាននិយាយប្រាប់ទៅប្រពន្ធផង នាងជាប្រពន្ធក៏សុំឪពុករបស់ខ្លួនអោយបញ្ជាទ័ពទៅចាប់សាច់ញាតិរបស់ប្តី ៧សន្តាន ដាក់ឃុំ ដើម្បីអោយប្តីមកអង្វរខ្លួនអោយដោះលែងជាថ្នូរនឹងការឈប់សួរដេញដោលរឿងកូនទៀត ដើម្បីបញ្ចប់រឿង ហើយនាំកូនទី ៥ នេះទៅចុះសំបុត្រកំណើតអោយក្លាយជាកូនស្របច្បាប់មានខាន់ស្លាដូចកូនមុនៗ។
ពេលនេះទៅហើយ ទោះចង់ឬមិនចង់ប្តីប្រហែលជាអាចធ្វើតាមប្រពន្ធពិតមែនហើយ ព្រោះជិត១ឆ្នាំមកនេះខាតសេដ្ឋកិច្ចគ្រួសារអស់យ៉ាងច្រើន ហើយកូនៗក៏លំបាកចិត្ត ញាតិសន្តានក៏ត្រូវមកវេទនាត្រូវគេចាប់ដាក់ឃុំនិង ត្រូវអ្នកជិតខាងមើលងាយផងនោះ មិនអាចអូសបន្លាយបែបនេះរហូតទេត្បិតប្រពន្ធគេមានឥទ្ធិពល ខ្លាំងជាង។ មើលទៅជិតដល់ថ្ងៃដែលបុត្រាទី ៥ត្រូវបានគេប្រថាប់ត្រាអោយក្លាយជាបុត្រមានខាន់ស្លាស្រប ច្បាប់ហើយ៕

ដោយ ខេមរា វិជ័យ
vichey.kh@gmail.com
ថ្ងៃទី ១៨/០៧/២០១៤