ជំងឺតួឯក

១. ក្នុងលោកនេះ សម័យណាក៏មានមនុស្ស ដែលមានគំនិតផ្ទុយគ្នាដែរ ព្រះពុទ្ធថាមនុស្ស យើងដូចម្រាមដៃ មានខ្លី មានវែង កុំថាឡើយតែយើងនិងគេ សូម្បីក្នុងខ្លួនយើង ក៏តែងតែមានគំនិតផ្ទុយគ្នា ឈ្លោះនឹងខ្លួនឯងដែរ។ ដូចនេះ យើងត្រូវមានគំនិតអាធ្យាស្រ័យ យោគយល់។ បើគ្រាន់តែគេផ្ទុយនឹងយើង ក៏ក្លាយជាឈាមឆ្កែ ឈាមថោក ចឹងអ្នកថោកនេះ ប្រាកដជាច្រើនណាស់ ហើយដោយទាំងអ្នកដែលជេរគេថាឈាមថោក នឹងផងដែរ ពីព្រោះសូម្បីតែខ្លួនអ្នក ក៏អ្នកមិនអាចបំពេញចិត្ត ខ្លួនឯងបានដែរ។

អ្វីៗ មានក្រៅ មានក្នុង មានតូច មានធំ នេះជាក្រិត្យក្រមធម្មជាតិ ចាំបាច់ត្រូវបែងចែក មិនអាចធ្វើការបូកយក ទាំងអស់នោះទេ។ ម៉ៅ សេ ទុង និយាយថា របស់តែម្យ៉ាងគត់ ដើម្បីព្យាបាល ជំងឺនយោបាយ គឺការពន្យល់ មានន័យថា ពន្យល់ហើយ ពន្យល់ទៀត រហូតទាល់តែគេយល់ពីយើង។ បើទោះជាគេ មិនយល់ពីយើងក៏ដោយ ក៏យើងមិនត្រូវ ចងគំនុំ ចងអាឃាត ប្រមាថមើលងាយគេដែរ ព្រោះបើនិយាយពីជាតិមួយផង គឺសុទ្ធតែជាបង ជាប្អូន ជាសាច់ ជាឈាម ខ្លួនឯងទេតើ ឬក៏អស់លោកយល់ថា ជេរឈាមឯង ក៏ជាជំនាញមួយដែរ?

អ្នកថាជេរ ដើម្បីជួយ តែក្នុងដំណើរពិត គឺអ្នកនឹងហើយ គ្មានអ្នកណាផ្សេងទេ ដែលជា មនុស្សម្នាក់ បាននឹងកំពុងចាប់ហែកជាតិនេះ ជាជំរាកៗ បង្ករចិត្តខឹង បង្កើតគំនុំ បណ្តុះចិត្តស្អប់ ពង្រាយចិត្តអាឃាត រួចទៅហើយ។ បើក្នុងដំណើរជួយជាតិរបស់អ្នក អ្នកបានបំផ្លាញសាមគ្គីជាតិ ឯកភាពជាតិ រួចទៅហើយ អីចឹងអ្នកថាមើល តើអ្នកណា ឈាមថោក ឈាមឆ្កែ ឲ្យប្រាកដទៅ? ភាពខុសគ្នាមិនមែនជាបញ្ហាទេ តែបញ្ហាគឺរៀនឲ្យចេះ រស់នៅជាមួយគ្នា។ ប្រសិនបើលោកនេះ អាចមានសន្តិភាពដោយពាក្យជេរ ម្លេះមនុស្ស ក្នុងលោក យកពាក្យស្អប់ ទៅជំនួសពាក្យថា ស្រលាញ់ ក្នុងវចនានុក្រមបាត់ទៅហើយ។ និយាយទៅ ក្នុងនយោបាយ បើជាខ្ញុំវិញ ខ្ញុំមិនដែល ខឹងនឹងគំនិតផ្ទុយគ្នាទេ ឬការជេរប្រមាថទេ តែខ្ញុំបែរជាអាណិតយ៉ាងខ្លាំង យ៉ាងខ្លោចចិត្ត ព្រោះក្នុងភ្នែកខ្ញុំ អ្នកគឺជា អ្នកជំងឺនយោបាយម្នាក់ ដែលគួរឲ្យសង្វែគ។

២. តើការធ្វើនយោបាយ ទៅយកអំណាច គឺជារឿងកខ្វក់? ក្នុងលោកនេះ ប្រទេសណា ដូចប្រទេសណា អ្នកនយោបាយ ធ្វើនយោបាយ ទៅយកអំណាច ពីព្រោះក្នុងឋានះនេះ តួនាទីនេះ វាមានសិទ្ធធ្វើ អំណាចសម្រេចចិត្ត និងអាជ្ញាសឹកចាត់ចែងការងារ ដើម្បីកែប្រែសង្គម មួយដែលយើងយល់ថាល្អ។

ឧទាហរណ៍ថា បើមនុស្សប្រុសម្នាក់ ចង់មានចំណងស្នេហ៍ជាមួយនារីម្នាក់ គឺត្រូវរៀបការ ក្លាយជាប្តីនាងនោះ។ អ្វីដែលខុសគ្នាគឺ សម្រាប់អ្នកនយោបាយល្អ អំណាចមិនមែនជា គោលដៅចុងក្រោយទេ វាគ្រាន់តែជាមធ្យោបាយ ដើម្បីមានអាជ្ញាសឹក សម្រេចការងារ ជូនជាតិ និងមាតុភូមិ ប៉ុន្តែសម្រាប់អ្នកនយោបាយអាក្រក់ គឺអំណាចជាគោលដៅចុងក្រោយ ដើម្បីលួចជាតិ។ ដូចនេះ អំណាច គឺគ្រាន់តែជា របស់ម្យ៉ាង វត្ថុម្យ៉ាង ដូចជាដាវ ជាកាំបិត ជាដើម វាមិនខុស វាមិនត្រូវ បញ្ហាគ្រាន់តែថា តើដាវ និងកាំបិត មួយនេះស្ថិតក្នុងដៃរបស់អ្នកណា? ត្រូវមើលលើគុណភាពរាស្ត្រនៅក្នុងសង្គមនេះ ក្នុងពេលនេះ។

៣. ពលរដ្ឋបោះឆ្នោត ឲ្យអ្នកនយោបាយ គឺដើម្បីឲ្យអ្នកនយោបាយ ទៅយកអំណាច កាន់អំណាច ប្រើអំណាច ដើម្បីជួយរាស្ត្រ បម្រើរាជការ ការពារនគរ ឲ្យពួកគាត់ជារាស្ត្រ។ ដូចនេះ បន្ទាប់មកពលរដ្ឋបោះឆ្នោតឲ្យហើយ គឺអ្នកនយោបាយ ត្រូវទៅយកអំណាច ដែលរាស្ត្របានឲ្យខ្លួន។ អ្នកដែលមិនចង់បាន អំណាច គឺតាមពិត ព្រោះរាស្ត្រមិនដែល បានបោះឆ្នោតឲ្យអំណាចគាត់ទេ ដូច្នេះបើអ្នកចង់បានក៏ដោយ ក៏មិនអាចបានដែរ។ បើថាអ្នកនយោបាយ ទៅយកអំណាច ជារឿងថោកទាប អីចឹងគួរតែថា រាស្ត្រឲ្យអំណាចហើយ បែរជាមិនទៅយក នេះទើបជារឿងចោម្សៀត។

ហើយកុំមកនិយាយថា បើគង់តែត្រូវ យកអំណាច ចាំបាច់ ធ្វើឬកពារមេមាន់ធ្វើអ្វី? នេះបានចំជាអ្នកនយោបាយគំនិតខ្លីមែនហើយ ចាំថានៅក្នុងនយោបាយចចារ លទ្ធផលគឺមាន បួន ទី១ ឈ្នះ ឈ្នះ ទី២ ឈ្នះ ចាញ់ ទី៣ មិនចាញ់ មិនឈ្នះ ទី៤ គឺបរាជ័យ។ ឈ្នះ ឈ្នះ គឺមានន័យថា ទាំងយើង ទាំងគេ បានរបស់ដែលខ្លួនចង់បានមករៀងៗខ្លួន នេះជា លទ្ធផលចចារមួយ ដែលពិបាកនឹងកើតឡើង ព្រោះវាដូចក្នុងវិស័យជួយដូរអីចឹង នៅពេល ដែលយើងថាចំនេញ គឺមានន័យថា មានអ្នកផ្សេងកំពុងតែខាត។ ឈ្នះ ចាញ់ គឺយើង ឬគេ បានរបស់ដែលខ្លនចង់បានមកទាំងអស់ ក្នុងខណះពេលដែលសត្រូវយើង បរាជ័យទាំង ស្រុង។ មិនចាញ់ មិនឈ្នះ គឺមានន័យថា ជាតម្លៃខ្ពស់បំផុត ដែលអ្នកទិញ ហ៊ានទិញ ជាតម្លៃថោកបំផុត ដែលអ្នកលក់ ហ៊ានលក់។ ដូចយើងទៅផ្សារទិញរបស់អីចឹង អ្នកលក់កាត់ ១០ យើងឲ្យ៥ អ្នកលក់ចុះ៩ យើងឡើង៦ ទីបំផុងយើងឡើង៧កន្លះ អ្នកលក់ព្រមត្រឹម ៧កន្លះ ព្រោះទាបជាងនេះ គេក៏មិនលក់ ខ្ពស់ជាងនេះ យើងក៏មិនទិញ។ បរាជ័យទាំងស្រុង មានន័យថា ការចចារ ដើម្បីបំផ្លាញការចចារ ពេលខ្លះដោយសារតែមិនទាន់ដល់ពេលនឹងបញ្ចប់ជម្លោះ។

ហើយដើម្បីចចារ យើងត្រូវការអំណាចតថ្លៃ។ អំណាចតថ្លៃ របស់ប្រជ គឺដឹករដ្ឋ កាន់លុយ បញ្ជាទ័ព គ្រប់គ្រងរាជការ។ អំណាចតថ្លៃ របស់សជ គឺច្បាប់ នយោបាយការទូត រាស្ត្រគំាទ្រ។ ដូចនេះមុនចចារ ត្រូវតែបង្ហាញកម្លាំងគ្នា ម្នាក់មានទ័ព ម្នាក់មានរាស្ត្រ ម្នាក់មានកាំភ្លើង ម្នាក់មានចិត្ត ដើម្បីបង្ហាញថា ក្រុមមួយមិនមែនជាចៀមជាពពែរ ដែលបណ្តោយឲ្យឆ្កែចចក សុីតាមចិត្តនោះទេ លើសពីនោះគេស្ទង់មើលចិត្តគ្នាទៅវិញទៅមក ថាអ្វីទៅជាវត្ថុបំណងនយោបាយចុងក្រោយ។ លទ្ធផលចចារ កន្លងទៅគឺទី ៣។ ក្នុងស្ថានភាពបែបនេះ បើខុសពីទី៣ មួយណាក៏ដោយ ក៏សុទ្ធតែត្រូវបង្ហូរឈាមខ្មែរ ហើយអាចសង្គ្រាមសុីវិល អូសកម្ពុជាត្រឡប់ក្រោយ២០ទៅ៣០ ឆ្នាំវិញ។ ឬក៏ទីក្រុងខ្មោច ជាអ្វីដែលអ្នកចង់ឃើញ ឲ្យវាកើតឡើងម្តងទៀត នៅកម្ពុជា?

នេះជាហេតុផលងាយៗខ្លះ។ មនុស្សមានក្បាល ដើម្បីយល់ហេតុផល។ បើសូម្បីតែហេតុ ផលងាយៗនេះ ក៏មិនយល់ដែរនោះ អីចឹង អ្នកឯងនេះ ពិតជាកូនចង្រៃ មិនយល់ការណ៍ មែនហើយ ធ្វើឲ្យម្តាយមានទុក្ខ។ ការយកឈ្នះដ៏ល្អជាងគេ គឺឈ្នះខ្លួនឯង។ អ្នកអាចដើររំលង ចោលការពិតបាន តែការពិត មិនដែលរលាយចោលអ្នកទេ។ មនុស្សស្លាប់ ប្រវត្តិសាស្ត្រ នៅរស់។ អ្នកណាទៅដឹង ស្រាប់តែម្សិលមិញ ក្នុងពេលដែលអ្នកយល់ថា ខ្លួនកំពុងធ្វើបដិវត្តន៍ដ៏អស្ចារ្យក្នុងលោក បែរជាថ្ងៃស្អែក អ្នកត្រូវកត់ទុកក្នុងទំព័រប្រវត្តិសាស្ត្ររបស់ខ្មែរ ថាជាអ្នក នយោបាយចោម្សៀត អត់បានការណ៍ ក៏ថាបាន។ បុល ពត ជាឧទាហរណ៍។ សម្តីនិយាយ អ្នកណា ក៏អាចនិយាយបានដែរ តែសំខាន់គឺលទ្ធផលការងារជាក់ស្តែង។ ថ្ងៃមួយដែលអ្នក បាន ៥០% + ១ ដឹកនាំប្រទេស នោះជាពាក្យជេរប្រមាថ ដ៏ល្អបំផុត ចំពោះដៃគូរប្រកួត ប្រជែងរបស់អ្នក តែបើមិនអាចបានទេ គឺអ្នកគ្រាន់តែក្រុមអត់បានការណ៍ ថែមមួយទៀត ប៉ុណ្ណោះ ក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា ទុកគ្រាន់ក្មេងៗអានលេង ៥០ឆ្នាំក្រោយ។ ខ្លាចតែ បាចអំពិល ចូលក្នុងទឹកទន្លេ។

កម្លោះម្នាក់ ដែលដណ្តឹងកូនគេ មិនបាន បើម្នាក់ ពីរនាក់ មិនឲ្យ មិនអីទេ តែបើដណ្តឹងកូនគេ មួយភូមិ នៅតែមិនបាន បញ្ហាគឺមិនមែនគេទេ តែគឺយើង ដូចនេះប្រហែលជាត្រូវសម្រាក់ខ្លះ បិតមាត់ខ្លះ ដកដង្ហើមធំ សម្រួលអារម្មណ៍ ឈរមុខកញ្ចក់ ទល់ខ្នងទៅជញ្ជាំង ឆ្លុះខ្លួនឯង ងូតទឹក ដុះក្អែលខ្លួនឯងចេញម្តង ក្រែងលនៅអាចសង្គ្រោះបានខ្លះ។ ជូនដល់បង ដល់ប្អូន ទាំងអស់ ដែលកំពុងឈឺជំងឺនយោបាយ។

និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com សូរ សមយុទ្ធ 14/11/2014

គណិតវិទ្យានយោបាយ

ទ្រាំលែងបាន! បើសួរអ្នកធ្លាប់ធ្វើនយោបាយធ្លាប់បង្កើតបក្ស ធ្លាប់ដេកព្រៃចេក ធ្លាប់លីកាំភ្លើង ថាចង់បង្កើតបក្សថ្មីទេ? ចម្លើយគឺ ១០០%ប្រាកដជាឆ្លើយថា“អត់”។ តែបើសួរអ្នកដែលគ្រាន់តែជាទស្សនិកជននយោបាយ ហែហមបក្ស ដើរកម្សាន្តក្នុងសួននយោបាយ មិនដែលកាន់ការងារបក្សអ្វីជាធំដុំ រួមទាំងអ្នកមិនដែលធ្វើនយោបាយ មិនដែលបង្កើតបក្ស មិនដែលធ្លាប់បានតស៊ូបែកញឺសហូរឈាម…ប្រាកដជាឆ្លើយថា “ចង់!ហើយចង់ខ្លាំងណាស់!”។ អីចឹងយើងនាំគ្នាមើលពីដំណើរ និងវាសនារបស់បក្សថ្មី។

១.ដោយឃើញល្បែងនយោបាយឆ្នាំ២០១៣ចេញតែពីររន្ធ អ្វីដែលសេនាប្រមុខទេវតាគិតគឺ ការបង្កើតនយោបាយមុំបី ឬត្រីកោណឡើងវិញ សម្រាប់ឆ្នាំ២០១៨។ ក្តីសង្ឃឹមដំបូងគឺ មិត្តចាស់ដែលធ្លាប់ដេកគ្រែមួយជាមួយគ្នា ព្រោះជំរុំចាស់កេរ្តិ៍សម្តេចឪ គ្មានថ្ងៃនឹងបានឡើងជ្រុញវិញជាដាច់ខាត ថ្វីត្បិតតែមានស្បៀង តែជប់ទ័ពមិនបាន រឹតតែកម្សត់ទៀតនោះ បើបានកុំថាឡើយមេទ័ព សូម្បីតែមេកង ក៏រើសមិនបានដែរ។លទ្ធផលគឺ សម្តេចក្រុមព្រះ ចោលវាំងចាស់ជាលើកចុងក្រោយ រកទីទួលសង់វាំងថ្មី តែមួយខួបកន្លងទៅ មេដំបែចាស់ដាក់មិនឡើងសោះ។ ទីបំផុតមានតែលើកម្សៅនំជះចោល។

២.របស់ដែលប្រុងនឹងបាត់តែបែរជាសេនាប្រមុខទេវតាធ្វើទប់មិនឲ្យជ្រុះ។ដល់ទីបំផុតព្រលែងចោលយ៉ាងងាយ បន្ទាប់មកដណ្តើមយ៉ាងតឹងដៃទៅវិញ ហើយគោះខាងក្រៅ រកក្បាលមុំទី៣ ព្រោះដឹងថាចរន្តទី៣ អាចបង្កព្យុះភ្លៀងបានល្អជាងមិត្តនៅវាំងចាស់។ មានអ្នកខ្លះឆ្ងល់ថា តើហេតុអ្វី បានជាសេនាប្រមុខទេវតាឲ្យជ្រុះស្រួលម្លេះ? ចម្លើយគឺ ជំហាន៥ក្រឡាបង្កើតមុំទី៣ សម្រាប់២០១៨នេះឯង។ ដោយសារចង់អូសពេលវេលាផង ចង់បញ្ឆេះកំហឹងរាស្ត្រឲ្យកាន់តែខ្លាំងផង ចង់ដុតឆ្នាំងព្រះអាទិត្យឲ្យកាន់តែក្តៅផង ទើបសេះខ្លះដែលចាប់ចូលក្រោលថ្មីៗនេះ ត្រូវចងទុកយូរបន្តិច យ៉ាងហោចណាស់ រហូតដល់ខែកុម្ភៈ២០១៥ ឲ្យបានបែកចានមួយនៅបន្ទាយមានជ័យ និងធ្វើអ្នកចាក់តែកំដរក្តារអុក គជប។ បន្ទាប់មក ព្រលែងឲ្យរត់លើវាលស្មៅខ្ចីវិញ ចាំ៦ខែមុន២០១៨ ចាប់មួយហ្វូងចូលបំបែកជំរុំព្រះអាទិត្យ។ អ្វីដែលអាចទប់ពេលនេះ គឺសេះទាំងអស់ត្រូវបោលឲ្យខ្លាំង បន្ទាយទាំងអស់ត្រូវវាយឲ្យស្មើដៃ តែស្តាយសេះខ្លះនៅដេកអេះពោះ បន្ទាយខ្លះនៅចងមុងនៅឡើយ។

៣.វត្ថុខ្លះលើកហើយពិបាកដាក់ចុះ។ របស់ខ្លះកាន់ហើយពិបាកចោល។ មេអង្គការ និងបណ្ឌិតមួយចំនួនកំពុងសង់រូបមន្តគណិតវិទ្យានយោបាយ ដាក់អន្ទាក់ស្លាប់ខ្លួនឯង។ ដាក់ចុះក៏ខុស ចោលក៏មិនត្រូវ នៅរឹតតែខាត។ សួរថា៖ តើបក្សថ្មីនេះកើត ឬមិនកើត? មានអីទៅពិបាកឆ្លើយ គណិតវិទ្យាក្មេងថ្នាក់មតេយ្យទេតើ!!! គឺច្បាស់ជាកើត មិនត្រឹមតែកើត ថែមទាំងល្អទៀត។ ទោះដល់ថ្ងៃកើត ក្បាលមិនចេញ គេកាត់ក្បាលចាស់ចោលផ្សាំរក្បាលថ្មី។ បើខ្វះស្បៀង គេជួយស្បៀង។ ខ្វះកូនទាហាន គេឲ្យកូនទាហាន ។ ខ្វះមេទ័ព គេឲ្យមេទ័ព ។មកពីព្រះអាទិត្យ ក៏មាន មកពីជំរុំទេវតាក៏មាន មកពីវាំងចាស់ វាំងថ្មីក៏មាន មានទាំងអ្នកខូចចិត្តមិនបានអី មានទាំងអ្នកបានអីនៅតែទៅ ព្រោះគេឲ្យទៅ ។ពិតជាល្ខោន មួយឆាកធំល្អមើលមែន!។ អ្នកអានកុំសួរថាតើ “គេ” នឹងជាអ្នកណា? មានអ្នកណាទៀត គឺបុរសខ្លាំងនឹងឯង។ ចុះព្រះអាទិត្យធ្វើម៉េច? មិនត្រឹមតែ មិនជំទាស់ថែមទាំងគាំទ្រអបអរសាទរ ជូនពរ ជោគជ័យ ហើយថែមទាំងជូនស្បៀងប៉ុន្មានពាន់តៅ ទាហានប៉ុន្មានពាន់នាក់ មេកង មេទ័ពប៉ុន្មាននាក់ទៅផង។ ខ្សែអ្នកណា ម្ចាស់អ្នកនឹងស្រួលចង ស្រួលស្រាយ រឹតបាន បន្ធូរបាន ។បើពិបាកពេក ដុតបន្ទាយចោលទៅ នៅពេលចាំបាច់។ គ្មានជម្រើសទេ! តើកំទេចចោលយក៧ថែម ឬឲ្យជំរុំទេវតាដើរដល់២០២៣? ដាក់របា សេះលោត។ ចងខ្សែឲ្យស្រួល ទើបងាយទឹម។

៤. រឿងបណ្ឌិតខ្លះដែលកើតជំងឺតួឯកនោះ គួររៀនសូត្រនយោបាយឲ្យច្រើនជាងនេះ។ ក.រឿងដែលយើងគិតឃើញ ពួកអ្នកនយោបាយក្បាលធំៗច្បាំង២០-៣០ឆ្នាំហើយនោះ គេក៏គិតឃើញដូចគ្នា ថាអ្វីទៅដែលល្អ? អ្វីទៅដែលឡូយ? អ្វីទៅដែលវាស្តង់ដារអន្តរជាតិ? អ្វីទៅដែលវាអស្ចារ្យ? សម្រាប់ជាតិ តែ ខ.នេះគ្រាន់តែជាទ្រឹស្តីរបស់អ្នករៀនសូត្រ គំនិតខ្លីក្នុងនយោបាយ ជាក់ស្តែង គណិតវិទ្យានយោបាយមិនគិតដូចអស់លោកទេ ចាំថាអ្វីៗជាការចរចា ដូចល្បែងអុកមានអ្នករុញ មានអ្នកទប់ មានអ្នកលើក មានអ្នកដាក់ ម៉េចចេះតែបាន ដូចចិត្តយើងចង់? គ.ប្រព័ន្ធនយោបាយចាស់ ដែលចាក់ឬសដូចដែកថែប៣០ឆ្នាំ ម៉េចនឹងអាចកែប្រែបានក្នុងរយៈពេល មួយយប់ទៅ? ៥៥នាក់ ហើយទើបចូលសភាបាន១០០ថ្ងៃ តើចង់ឲ្យក្រឡាប់រដ្ឋដូចបាតដៃ ទៅវាមិនរួចទេ។ ឃ. ចង់កែសង្គមត្រូវកែនយោបាយ ចង់កែនយោបាយ ត្រូវកែច្បាប់ បើសូម្បីតែ ច្បាប់សម្រាប់ធ្វើជាបន្ទាត់កែ នៅមិនទាន់ចប់ស្រួលផង តើរំពឹងថ្ងៃរះមុនមាន់រងាវ យ៉ាងម៉េចកើត? វាត្រូវការពេលវេលា តែដល់ពេលបើទោះជាមាន់មិនរងាវ ក៏ថ្ងៃវារះដែរកុំឆ្ងល់ ។ង. ការងារធ្វើបានច្រើន តែនៅតែគ្មានអ្វីផ្សាយ ថារាស្ត្រចុះពូសុខ មីងសៅ រវល់ឡើងត្នោត ធ្វើស្រែ ចុះអស់លោកជាបណ្ឌិតនឹង ម៉េចមិនយកក្បាលបណ្ឌិតធំនឹង មកគិតឲ្យជ្រៅបន្តិច ហើយជួយនិយាយប្រាប់រាស្ត្រផង!!។ ច. កុំខ្លាចថោកជាបណ្ឌិត ត្រូវហ៊ានលើក ត្រូវហ៊ានដាក់។ដុំឥដ្ឋមានប្រយោជន៍របស់ដុំឥដ្ឋ។ដុំមាសមានប្រយោជន៍របស់ដុំមាស។ តែមិនអាចប្តូរតួនាទីបានទេ។ ឥដ្ឋសង់ផ្ទះ មាសទុកជួញដូរ។ បើទោះមនុស្សក្នុងលោកជេរអស់លោកថាបណ្ឌិតលក់ក្បាលក៏ដោយ ក៏ខ្ញុំមិនដែលសង្ស័យនូវទឹកចិត្តដ៏ស្មោះត្រង់ចំពោះជាតិ មាតុភូមិ របស់អស់លោកនោះដែរ។ តែទឹកចិត្តស្នេហាជាតិ ដែលខុសពេលវេលាគឺ ជានយោបាយអត្តឃាតជាតិ។

៥.ជំងឺតួឯក និងជំងឺនយោបាយ ពិបាកគេចផុត តែត្រូវតែព្យាបាលដោយហ្មត់ចត់។ តិចថាមានគំនិតអញ! បណ្ឌិត អ្នកវិភាគ ល្បីពេញប្រទេស រាស្ត្រគាំទ្រគ្រប់កន្លែង មានអ្នកស្តាប់ ពេញនគរចុះម៉េច ពួកអ្នកនយោបាយ វាមិនដែលស្តាប់អញសោះអីចឹង!។ មាត់មិនហើប មិនបានន័យថា មិននិយាយនោះទេ។ភ្នែកបិទ ក៏មិនប្រាកដថាដេកលក់ដែរ។ ក្នុងនយោបាយ មានរឿងខ្លះគិតបាន តែមិនត្រូវនិយាយទេ មានរឿងខ្លះនិយាយបាន តែហាមធ្វើ មានរឿងខ្លះ គេធ្វើតែម្តង មិនចាំបាច់និយាយទេ វាខូចការណ៍។គំនិតល្អតែខុសពេល ក៏ប្រើមិនកើត។ គំនិតល្អត្រូវពេល តែខុសទីកន្លែង ក៏អត់ប្រយោជន៍។រឿងសាមញ្ញៗបែបនឹង ម៉េចសមថាអស់លោកជាបណ្ឌិត បញ្ញវន្ត គិតមិនយល់។ គេស្តាប់ មិនមែនថាមិនស្តាប់ទេ។ ស្តាប់គ្រប់ពេលសុទ្ធតែជាតួលេខល្អ តែសមីការគណិតវិទ្យានយោបាយពេលនេះ មិនទាន់អាចប្រើសម្មតិកម្មទាំងនោះបានទេ។ហើយតិចលោ ស្រាប់តែមានគំនិតថា យី!អញជួយរាស្ត្រ អញ!ចុះជួបរាស្ត្រ មួយរោង១០០-២០០នាក់ ១ប្រាប់២ ហើយ២ប្រាប់៤ ម៉េចថាមិនឈ្នះ?? នេះបានចំជាគណិតវិទ្យានយោបាយព្រៃចេកមែន។ រឿងមិនសាមញ្ញដូចនេះពេកទេ។

៦.បើនិយាយពីធ្វើអង្គការមានប្រជាប្រិយភាព? នៅកម្ពុជាតើមានអ្នកណា មានប្រជាប្រិយភាពដូចមេទ័ពរងសម្ព័ន្ធកាលធ្វើអង្គការសិទ្ធមនុស្ស? មួយវេទិកា យ៉ាងតិចក៏៥០០នាក់ ទៅ១០០០នាក់ដែរ។ អ្នកណាថាមិនស្គាល់ ទូតណាថាមិនឮ? ទីបំផុតបាន៣គ្រាប់នៅសភា។ អង្គការផ្សេង ចំណែកបក្សផ្សេង!! វាជារឿងដោយឡែក២ផ្សេងគ្នា ខុសគ្នា១៨០ដឺក្រ។ ហើយកុំមកលើកថា៖ ពេលនោះ៣តែឥឡូវរួមសម្ព័ន្ធបាន៥៥ ចឹងបើបក្សថ្មីបាន៣ នៅ២០២៣ បាន៥៥ដែរហើយ! ។នេះបានចំជាយល់សប្តិ យល់សូង យល់សប្តិបេះដូង បេះបានតែទងមែនហើយ។ស្ថានភាពនយោបាយ២០០៨ និង២០១៣ គឺខុសគ្នាដូចមេឃ និងដី។ បង្កើតបក្សជារឿងងាយស្រួល។ កុំថាឡើយបណ្ឌិតសូម្បីពូសុខឡើងត្នោតបង្កើតក៏បានដែរ។ កុំថាឡើយ៥ ទោះជា១០ក៏បានដែរ។ តែបង្កើតបក្សរឿងមួយ ចិញ្ចឹមបក្សឲ្យរស់ យកវាឡើងវាយលើសង្វៀនថ្នាក់ជាតិ ជារឿងដោយឡែក។

៧.តើអាចទេ និយាយ២០ម៉ោងក្នុងមួយថ្ងៃ?ស្តាប់រាស្ត្រ៧ថ្ងៃក្នុងមួយអាទិត្យ? ដើរប៉ុន្មានម៉ឺនគីឡូដី?សឹកកង់ឡានអស់ប៉ុន្មាន?ដាច់ស្បែកជើងអស់ប៉ុន្មានរយគូ? ពន្យល់អ្នកឈឺជំងឺនយោបាយប៉ុន្មានលាននាក់? ត្រូវគេជេរប៉ុន្មានម៉ឺនមាត់? ញើសហូរប៉ុន្មានប៉ោត? ឈាមស្រក់ប៉ុន្មានលីត្រ? តស៊ូប៉ុន្មានឆ្នាំ? ឡើងសង្វៀនប៉ុន្មានដង? អស់មនុស្សប៉ុន្មាននាក់? អស់លុយប៉ុន្មាន? ដែលមើលគេរត់ម៉ារ៉ាតុងទេ? ប៉ុន្មាននាក់ទៅដែលមានចិត្តសុទ្ធ ស៊ូវាយ២០-៣០ឆ្នាំ? ចាញ់ហើយវាយទៀត វាយ៣០ឆ្នាំទើបមានថ្ងៃនេះ។ឬក៏អស់លោកយល់ថា វាយទឹកទី១សិន បើមិនបានឈប់ធ្វើ? ត្រូវហើយ អស់លោកឈប់មែន តែអស់លោកបានលើកអំណាចដាក់លើជើងពាន ឲ្យជំរុំទេវតា៥ឆ្នាំទៀតដោយស្រួល ព្រោះតែគំនិតតួឯក យល់សប្តិកណ្តាលថ្ងៃមួយពេលរបស់លោក។ រសជាតិត្រូវគេប្រមាថ។ អារម្មណ៍ខ្លោចផ្សារ។ ជីវិតវេទនា។ ពេលវេលាជូរចត់។ ស្ថានភាព ដែលត្រូវគេវាយដួលហើយនៅបោចស្មៅ ខាំមាត់ កាន់ឈឺច្រតឡើងវាយបន្តទៀត យ៉ាងណានោះមានតែអ្នកធ្លាប់ប្រឡូក ចូលក្នុងកិច្ចការនយោបាយបក្សស៊ីជម្រៅទេទើបដឹង និងយល់បាន។

៨.ឧ៌! បណ្ឌិតស្រុកខ្ញុំអើយ! ឬក៏អ្នកនេះនៅតែគេចមិនផុតពីជំងឺតួឯក និងជំងឺនយោបាយ។ ដូចពលរដ្ឋខ្មែរសាមញ្ញ ដែលត្រូវអ្នកនយោបាយបោក៣០ឆ្នាំនេះទេ? នៅសល់តែ៧ទៀតប៉ុណ្ណោះ ថ្មអង្គរប៉ុន្មានដុំនេះ បានឃើញពន្លឺនៃភាពម្ចាស់ការរឹងមាំដ៏ពិតប្រាកដមួយហើយ តែចង់មិនចង់ ទទួលឬ មិនទទួល ដំណើររបស់អស់លោក បានក្លាយទៅជាកំណល់ឈឺមួយរួចទៅហើយ។ ទោះអស់លោកមិនចង់ ក៏សេនាប្រមុខជំរុំទេវតា រុញឲ្យចេញដែរ ។ក្នុងកាលៈទេសៈ ណាក៏ដោយ សុទ្ធតែមានភាពអំណោយផល ដល់ការប្រមាញ់របស់ជំរុំទេវតា នៅ៤ឆ្នាំក្រោយ។តែទោះជាយ៉ាងណា បើអស់លោកដា ក់ចុះវិញ នៅពេលនេះនោះ បើទោះជាគេកាត់ក្បាលថ្មី យកមកផ្សាំក៏អត់ប្រយោជន៍ដែរ។ព្រោះសាច់មិនជាប់គ្នាតែ២៤ខែក្រោយ ជារឿងដោយឡែក។ និយាយយ៉ាងនេះ មិនមែនសសើរអស់លោកថា ពូកែ ឬមានឥទ្ធិពលខ្លាំងនោះទេ តែកំរិត និងគុណភាពនៃប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរភាគច្រើននៅពេលនេះមានតែបរិមាណ តែប៉ុណ្ណោះ។ កំហុសឆ្គងដ៏ធំមួយរបស់បណ្ឌិត បញ្ញវន្តក្នុងប្រវត្តិសាស្ត្រមនុស្សលោកគឺ អំនួត។

ពីថ្ងៃនេះទៅអនាគត ចរន្តបក្សពីរ ជាជម្រើសតែមួយគត់របស់កម្ពុជា ដើម្បីប្រដេញយកឈ្នះ ទាំងពេលវេលា កិត្តិយស សេចក្តីសុខ និងភាពរឹងមាំរបស់កម្ពុជា សម្រាប់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋយើង។ការប៉ុនប៉ងណាមួយ ដើម្បីបង្កើតបក្សថ្មីជាប៉ូលទី៣គឺ គ្រាន់តែជា ទ្រនាប់កល់ជំរុំទេវតាឲ្យកាន់ទង់នៃអនាគត ដែលមិនច្បាស់លាស់នៃវាសនាជាតិ នៅចំពោះមុខមាតុភូមិដ៏កម្សត់ និងបរទេសជិតខាងចិត្តមិនស្មោះត្រង់ប៉ុណ្ណោះ។

និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com សូរ សមយុទ្ធ 14/12/2014

ភ្នំឯកោ

នៅលើកំពូលភ្នំដ៏ធំល្វឹងល្វើយ យើងនឹងឡើងទៅឈរនៅទីនោះ អ្វីដែលធ្លាប់កើតមាន យើងនឹងឃើញម្តងទៀត នគរយើង នឹងភ្លឺចាំងចែង។

ផែនដីល្វឹងល្វើយ នៅក្រមដួងខែ យើងមិននិយាយ តែយើងនឹងទៅឲ្យដល់ទីនោះឆាប់ៗ ទៅដល់ផ្ទះយើង នឹងច្រៀង ចម្រៀងបន្ទររួមគ្នា អ្នកដែលមានចិត្តដូចយើងនឹងស្គាល់សំឡេង ចម្រៀងយើង ចម្រៀងមហានគរ។

យើងមិនដែលភ្លេចបងប្អូនយើង ហើយចំពោះអ្នកដែលធ្វើបាបយើង យើងនឹងមិនលើកលែង ទោសងាយៗឡើយ គេមិនទាន់ស្គាល់ចិត្តយើងនៅឡើយទេ យើងនឹងប្រយុទ្ធដរាបណា យើងមានជីវិតរស់នៅ។

ភ្នែកបងប្អូនយើងរាប់លាននាក់ កំពុងតែសម្លឹងមើលទៅទ្វារដែលបិទជិត បិទផ្លូវមិនឲ្យយើង មើលឃើញជ្រលងភ្នំដ៏ធំល្វឹងល្វើយ តែយើងនឹងធ្វើដំណើររួមគ្នាឲ្យដូចជាព្យុះ ទាល់តែយើង ទទួលបាន នូវដុំមាសដែលគេបោះបង់ចោលយូរហើយ ត្រឡប់មកវិញ។

យើងប្រាស់ខ្លួនដេកនៅក្រោមភ្នំទឹកកកយ៉ាងត្រជាក់រកអ្វីប្រៀបផ្ទឹមមិនបាន សម្ងំយ៉ាងស្ងៀមស្ងាត់ ហើយសុបិន្តឃើញនូវភ្នំមាសរបស់យើង យើងត្រូវតែភ្ញាក់ដឹងខ្លួនឡើងហើយប្រើប្រាស់ជីវិតយើង កសាងនូវសម័យកាលមួយដ៏រុងរឿង ក្នុងភពងងឹត និងជ្រោះមួយយ៉ាងធំជ្រៅ។

កន្លងមកយ៉ាងយូរ នៅពេលនគរយើង ត្រូវបានដុតកម្ទេចរហូតដល់ថ្ងៃនេះ បេះដូងយើងត្រូវបានគេកាត់ផ្តាច់ពីម្តាយយើង វាសនាម្តាយយើងមិនទៀងទាត់ថ្មអង្គរយើងនៅតែបែកបាក់ តែយើងសន្យាថា អ្វីដែលគេបានលួចពីយើង គេត្រូវតែប្រគល់ឲ្យយើងវិញជាដាច់ខាត។

ដូចនេះ យើងត្រូវតែភ្ញាក់ឡើង ហើយបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យទុកជាចម្រៀង សម្រាប់ព្រលឹង និងវិញ្ញាណជាតិយើង។ បងប្អូនយើង យើងមិនដែលបំភ្លេច សត្រូវយើង។យើងមិនអាចលើកលែងទោសឲ្យដោយងាយៗ យើងនឹងប្រយុទ្ធដល់ដំណកឈាមចុងក្រោយ ហើយធ្វើដំណើរទៅនរកជាមួយគ្នា ដើម្បីទៅយកភ្នំមាស ម្តាយយើងមកវិញ បើទោះបីយើង ត្រូវធ្វើដំណើរឆ្ងាយយ៉ាងណា លើភ្នំទឹកកកដ៏សែនត្រជាក់ និងធំល្វឹងល្វើយយ៉ាងណាក៏ដោយ។

សូរសមយុទ្ធ និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com កំពង់ឆ្នាំង4/7/2014

កម្តៅ​បាយ​កក

«ពង​មាន់ ដែល​ស្ងោរ​ជិត​ឆ្អិន​ទៅ​ហើយ បែរ​ជា​ដុះ​ស្លាប​ហើរ​ទៅ​បាត់! ឈឺ​ចិត្ត​ណាស់! ឈឺ​ចិត្ត​ណាស់…» នេះ​ជា​ពាក្យ​សម្ដី ឆាវ ឆាវ ក្នុង​ពេល​ដេញ​សម្លាប់ លាវ​ប៉ី ធ្វើ​ដំណើរ​ដឹក​នាំ​ប្រជារាស្រ្ត គ្រាហ៍​ចាស់ៗ ដឹក​ដៃ​ក្មេងៗ ចេញ​ពី​ជិញចូវ​ទៅ​ស៊ីយាគ​។ គឺ​ដូច​រាស្រ្ត​ខ្មែរ កាល​ពី​ឆ្នាំ ១៩៩៣ ដែល​គេ​យក​បាយ​មក​បញ្ចុក​ដល់​មាត់​ទៅ​ហើយ​បែរ​ជា​គេ​មក​ឆក់​យក​ចេញ​ទៅ​បាត់​។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល​? តើ​ឈឺ​ចិត្ត​ប៉ុន​ណា ពេល​ហ្នឹង​? បើ​ចំណី​មក​ដល់​មាត់​ទៅ​ហើយ បែរ​ជា​មក​ខ្វេះ​យក​ទៅ​បាត់​អ៊ីចឹង។

កាល​ពី​ឆ្នាំ​១៩៩៣ ប្រជារាស្រ្ត​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ទទួល​បាន​ពន្លឺ​លទ្ធិ​ប្រជាធិបតេយ្យ អាច​ជ្រើស​រើស​តំណាង​ដឹក​នាំ​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ពេល​បោះឆ្នោត​ចប់​សព្វ​គ្រប់ ក៏​មាន​រឿង​រកាំ​រកូស រហូត​ដល់​មាន​នាយក​រដ្ឋ​មន្រ្តី​២ ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ឆ្នាំ ១៩៩៧ ក៏​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​បែង​ចែក ស​និង​ខ្មៅ ខ្លា​ខាំ​គ្នា ធ្លាក់​ពី​លើ​ភ្នំ រហូត​ដល់​បោះឆ្នោត​ឆ្នាំ​១៩៩៨ ខ្លា​ស ចាញ់ ទន់​ដៃ​ទន់​ជើង ហើយ នៅ​ឆ្នាំ​២០០៣ ក៏​បោះឆ្នោត​ម្តង​ទៀត ក៏​កាន់​តែ​ទន់​ដៃ​ទន់​ជើង ប្រជារាស្រ្ត​ក៏​លែង​មាន​ទឹក​ចិត្ត​លែង​ចង់​ទៅ​បោះឆ្នោត ចង់​អ្នក​ណា​ឡើង​កាន់​អំណាច ក៏​មិន​ខ្ចី​ខ្វល់​ចាប់​ផ្តើម​យក​ប្រាស​អាយ៉ូស​រៀងៗ​ខ្លួន ប្រែ​ក្លាយ​សង្គម​មួយ​ដែល​ពី​ដូន​តា​មក ខ្មែរ​ធ្លាប់​តែ​ជា​សង្គម​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចេះ​អត់​ឱន ចេះ​ចែក​គ្នា​រស់ អ្នក​មាន​ជួយ​អ្នក​ក្រ អ្នក​ល្អ​ជួយ​អ្នក​អាក្រក់ អ្នក​ចេះ​បង្រៀន​អ្នក​ល្ងង់ អ្នក​ខ្លាំង​ជួយ​អ្នក​ខ្សោយ រហូត​កសាង​អង្គរវត្ត​ទុក​ជា​កេរ​ដំណែល ដែល​មាន​តម្លៃ​មហាសាល មិន​អាច​កាត់​ថ្លៃ​បាន ទៅ​ជា​សង្គម​មួយ ដែល​ដណ្តើម​គ្នា​រស់ អ្នក​មាន​ប្លន់​អ្នក​ក្រ អ្នក​ល្អ​បម្រើ​អ្នក​អាក្រក់ អ្នក​ខ្លាំង ជាន់​អ្នក​ខ្សោយ​អ្នក​ចេះ​កៀប​អ្នក​ល្ងង់ សង្គម​ច្របូក​ច្របល់ ស​ទៅ​ជា​ខ្មៅ ល្អ​ទៅ​ជា​អាក្រក់​ចិត្ត​រាស្រ្ត​អាណោច​អាធ័ម ហួស​នឹង​ធ្វើ​ការ​ពណ៌នា។

នៅ​ឆ្នាំ ២០០៨ មាន​គណបក្ស​ប្រឆាំង​ដល់​ទៅ ២។ គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​(ហ៊្វុន​ស៊ិន​ប៉ិច​)​ក៏​បែក​ខ្ញែក ចេញ​ជា​ពីរ ទ័ព​អស់​កម្លាំង អស់​ស្បៀង អាវុធ​ច្រែះ​ចាប់ អ្នក​ប្រាជ្ញ បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​ទៅ​ចិញ្ចឹម​មាន់​ទា នៅ​ព្រៃ​ភ្នំ អស់​សង្ឃឹម ដេក​ចាំ​ឲ្យ​ព្រហ្មលិខិត​ចាត់​ចែង​ជោគ​វាសនា​ជីវិត​របស់​ខ្លួន​។ ប្រជារាស្រ្ត​ស្រេក​ឃ្លាន បាយ​មួយ​ឆ្នាំង​នេះ តាំង​ពី​ជំនាន់​សង្គម​រាស្រ្ត​និយម​បាន​ត្រូវ​ផ្តួល​រលំ នៅ​ឆ្នាំ​១៩៧០ មក ឆ្លង​កាត់​សង្រ្គាម​បង្ហូរ​ឈាម វាល​ពិឃាត រាស្រ្ត​រង​ទុក្ខ ស្លាប់​ជិត​ផុត​ពូជ​ហើយ​សង្ឃឹម​ថា បាន​ភ្លក្ស​បាន​ឆ្ងាញ់​មាត់​ឆ្នាំង​ថ្មី នៅ​ឆ្នាំ ១៩៩៣​នេះ​។ ពេល​នោះ​បាយ​មួយ​ឆ្នាំង ដែល​ដាំ​មិន​ទាន់​ទាំង​បាន​ហូប​ស្រួល​បួល​ផង គេ​ក៏​ប្លន់​យក​ទៅ​វិញ​បាត់ អស់​ទាំង​អង្ករ អស់​ទាំង​ឆ្នាំង អស់​ទាំង​ជង្រុក​។

តាំង​ពី​ពេល​នោះ​មក បាយ​ក្តៅ​ក៏​ក្លាយ​ជា​បាយ​កក ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ បាយ​កក ក៏​សឹង​ក្លាយ​ជា​បាយ​ផ្អូម​ទៅ​ហើយ​។ ប្រជារាស្រ្ត អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង ទឹក​ភ្នែក​ទឹក​សំបោរ អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ អ្នក​ល្អ​កាន់​តែ​ខ្សោះ អ្នក​អាក្រក់​កាន់​តែ​កើន។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​នយោបាយ​តាំង​ពី​បាយ​ក្តៅ​រហូត​ក្លាយ​ជា​បាយ​កក ចង់​ក្លាយ​ជា​បាយ​ផ្អូម បក្ស​ប្រឆាំង​នៅ​តែ​ប្រឆាំង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្មាន​បាន​ការ ចេះ​តែ​ស្រែក គ្មាន​ដំណោះស្រាយ រាស្រ្ត​នៅ​តែ រង​ទុក្ខ​។ ដឹង​ថា គេ​លេង​ល្បិច ដឹង​ថា​គេ​បោក ដឹង​ថា​គេ​បន្លំ តែ​គ្មាន​វិធី​ទប់​ទល់ គ្មាន​វិធី​ពន្យល់​រាស្រ្ត រស់​នៅ​តែ​ទីក្រុង ពេល​ជិត​បោះឆ្នោត បាន​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​។ បើ​ធ្វើ​តែ​យ៉ាង​នេះ​ប្រឆាំង​ដល់​គាស់​ដូន​តា​មក​ទៀត ក៏​នៅ​គ្មាន​បាន​ការ​អី​ដែរ។

មិត្ត​យល់​ចិត្ត​ម្នាក់​នៅ​លើ Facebook បាន​និយាយ​ថា «សមុទ្រ​ប្រៃ តែ​ចង់​ផឹក​ទឹក​សាប​? អ៊ីចឹង​ត្រូវ​មើល​ថា អ្នក​ឯង​មាន​សមត្ថភាព ធ្វើ​ទឹក​ប្រៃ​ឲ្យ​ទៅ​ជា​ទឹក​សាប​បាន​ដោយ​របៀប​ម៉េច? មិន​មែន​បន្ទោស​ថា មក​ពី​សមុទ្រ​ប្រៃ​នោះ​ទេ​? អង្គុយ​បន្ទោស​ដល់​គាស់​ដូន​តា​អស់​លោក​មក​ទៀត ក៏​សមុទ្រ​មិន​ខ្ចី​ឈឺ​ក្បាល វា​នៅ​តែ​ប្រៃ​ដដែល​។ មាន​តែ​មនុស្ស​នៅ​លើ​ទូក​ដែល​ស្រេក​ទឹក​ស្លាប់​បណ្តើរៗ»។

ឆ្នាំ ២០១៣​នេះ​គ្រាន់​តែ​ឃើញ គណបក្ស​ប្រឆាំង​ពីរ រួប​រួម​គ្នា​មក​តែ​មួយ អ្នក​ដឹក​នាំ​ទាំង​ពីរ​ព្រម​សហការ​គ្នា ចែក​មុខ​ងារ​គ្នា ម្នាក់​កាន់​ដាវ ម្នាក់​កាន់​លំពែង រាស្រ្ត​លើក​ដៃ​គាំទ្រ ទូង​ស្គរ​ទាំង​ក្នុង​ទាំង​ក្រៅ ទាំង​ចាស់​ទាំង​ក្មេង សង្ឃឹម​បាន​បាយ​ឆ្ងាញ់ ក្នុង​ឆ្នាំ ២០១៣​នេះ ទោះ​បី​មិន​ឆ្អែត ក៏​បំបាត់​ការ​ស្រេក​ឃ្លាន​ខ្លះ​ដែល​មាន​តាំង​ពី ឆ្នាំ ១៩៩៣​មក​ដែរ​។ ធ្វើ​នយោបាយ​ត្រូវ​តែ​យក​ចិត្ត​រាស្រ្ត លេង​អុក​ត្រូវ​តែ​ប្រើ​ល្បិច​។ តែ​ក្រឡា​អស់​លោក​ដើរ​នេះ គឺ​គេ​ហៅ​ថា ក្រឡា​រួញ​។ កូន​អុក​ពេញ​ក្តារ​ដើរ​តែ​កូន​ត្រី​ពីរ​បី។ វិធីសាស្រ្ត​ដដែលៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន វ៉ៃ​បក មិន​អាច​ត​ដៃ​បាន​។ ដឹង​ខ្លួន​ហើយ ថា​យើង​គ្មាន​ចំណុច​ខ្សោយ​អី ក្រៅ​ពី​រឿង​បុគ្គល​ទេ នៅ​តែ​ធ្វើ​ឲ្យ​ថ្លោះ​ធ្លោយ​ទៀត​។ មើល​ចុះ គោល សេះ នាង ទូក​នៅ​ពេញ​ក្តារ​អុក ប្រើ​តែ​ត្រី​បក​ពីរ​បី បញ្ឆោត​ចុះ​ឡើង​គេ​ស៊ី​បាត់​ដូច​ជា​ករណី​រឿង​គុក​ទួលស្លែង​អ៊ីចឹង​។ ចង់​មិន​ចង់​ចំណេញ​អស់​ត្រី​បក​មួយ។

ក្នុង​ល្បែង​អុក គឺ​ត្រូវ​តែ​ដើរ​មិន​អាច​ទុក​យូរ​ទេ​។ តែ​ត្រង់​ថា តើ​ត្រូវ​ដើរ​ទៅ​មុខ ឬ ថយ​ក្រោយ​? វាយ​លុក ឬ​ការពារ? កូន​ណា​វាយ​លុក កូន​ណា​បញ្ឆោត កូន​ណា​ការពារ សុទ្ធ​តែ​ត្រូវ​គិត​គ្រប់​ជំហាន។

អស់​លោក​ដឹង​ទេ​ថា រាស្រ្ត​ប្រហោង​ពោះ​ខ្លាំង​ណាស់ បើ​ដើរ​ដូច​អស់​លោក​សព្វ​ថ្ងៃ​នេះ​។ បើ​នៅ​តែ​វាយ​រុល​ទៅ​មុខ ទុក​ប្រហោង​ខាង​ក្នុង​យ៉ាង​នេះ​បាយ​មួយ​ឆ្នាំង​ដែល​រាស្រ្ត​ទាំង​នគរ កំពុង​រង់​ចាំ​ច្បាស់​ជា​ផ្អូម​គ្មាន​រសជាតិ​មិន​ខាន។ និយាយ​ឲ្យ​ស្រួល​ស្តាប់​តាំង​ពី​ចង​សម្ព័ន្ធភាព​មក​ចំណុច​ខ្សោយ​មាន​កាន់​តែ​ច្រើន​តាំង​ពី​ថ្នាក់​កំពូល​(ថ្នាក់​ជាតិ)​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ថ្វី​ដ្បិត​តែ​វា​បង្កើត​ឲ្យ​មាន​ចំណុច​ខ្លាំង​ផ្នែក​យុទ្ធសាស្រ្ត​ជា​ច្រើន​មែន​ជា​ពិសេស គឺ​ភាព​ផុយ​ស្រួយ​លើ​សម្ព័ន្ធភាព និង​ការ​បញ្ជា​ទ័ព​។ ជាក់​ស្តែង​ឯក​ឧត្តម កឹម សុខា ស្រវា​តែ​ប្រជាប្រិយ​ភាព​ខ្លួន​ឯង ពេល​ចុះ​ជួប​ប្រជារាស្រ្ត​មិន​សូវ​ដែល​លើក​និយាយ​ពី​ឯកឧត្តម​សម រង្ស៊ី​ប៉ុន្មាន​ទេ​។​ចង់​មិន​ចង់ ខ្សែ​ខាង​ឯកឧត្តម សម រង្ស៊ី ច្បាស់​ជា​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​មិន​ខាន ទោះ​តិច ឬ ច្រើន​ក្តី​។ ដូច្នេះ​ហើយ គឺ​ខាង​កូន​ចៅ ឯកឧត្តម សម រង្ស៊ី ខំ​រក​វិធី​យ៉ាង​ណា ឲ្យ​មេ​របស់​ពួក​គេ​បាន​ចូល​ស្រុក ដើម្បី​កុំ​ឲ្យ​ឯកឧត្តម កឹម សុខា អួត​ក្អេង​ក្អាង​ពេក។ បើ​សិន ជា​ឯកឧត្តម សម រង្ស៊ី ចូល​ស្រុក ក្នុង​ពេល​មុន​បោះឆ្នោត​នេះ គឺ​ល្បិច សប់​ប៉េង​ប៉ោង​ឲ្យ​តឹង​ហើយ​ចាក់​បំបែក​ពិត​ជា​បាន​សម្រេច​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង ចង់​ឈ្នះ តែ​មិន​ចង់​ទន់​ភ្លន់​។ និយាយ​ស្តី បង្កើត​ចំណុច​ខ្សោយ​ឲ្យ​គេ​ចាប់​បាន​។ ហ៊ាន​ស៊ី​តែ​មិន​ហ៊ាន​សង។ រឿង​ដែល​ត្រូវ​និយាយ​មិន​និយាយ បែរ​ជា​ទៅ​និយាយ​រឿង​ចង​ក្រឡា​ខ្លួន​ឯង។ ដូច​ជា​ករណី​គុក​ទួលស្លែង​។ តើ​វា​ចំណេញ​អី​ទៅ ដែល​និយាយ​រឿង​ហ្នឹង​? ជា​ល្បិច​ជន​ណា​មួយ​មិន​សំខាន់​ទេ តែ​ការ​កាប់​សម្លាប់​ពិត​ជា​មាន​មែន​ហើយ​ប្រជារាស្រ្ត ក៏​មិន​បាន​ផ្តោត​អារម្មណ៍​រឿង​ហ្នឹង​ខ្លាំង​ដែរ​។ មួយ​ថ្ងៃៗ គ្នា​គិត​តែ​ធ្វើ​ម៉េច ឲ្យ​បាន​បាយ​ហូប កូន​បាន​រៀន​សូត្រ បាន​ការងារ​ធ្វើ បារម្មណ៍​ខ្លាច​គេ​មក​យក​ដីធ្លី​ផ្ទះ​សម្បែង​ខ្លាច​ឈឺ​គ្មាន​លុយ​ព្យាបាល ជំងឺ ដែល​សុទ្ធ​តែ​មាន​ចែង​ក្នុង​គោល​នយោបាយ​គណបក្ស ហើយ​ជា​រឿង​ដែល​ត្រូវ​និយាយ​ប្រាប់​ប្រជារាស្រ្ត​ឲ្យ​ដឹង​។ បើ​ដឹង​ថា ចំណុច​ខ្លាំង របស់​គណបក្ស​ប្រជាជន គឺ​ថ្ងៃ ៧ មករា ដែល​ជា​ចម្រៀង រត់​មាត់​របស់​ប្រជាជន​ទៅ​ហើយ នៅ​តែ​លើក​មក​និយាយ​ទៀត។

ឆាវ ឆាវ ក្នុង​រឿង​សាមកុក​និយាយ​ថា «កើត​មក​ជា​មនុស្ស គឺ​ច្បាស់​ជា​ត្រូវ​គេ​ជេរ ហើយ​ក៏​ត្រូវ​ចេះ​ជេរ​គេ​វិញ​ដែរ តែ​សំខាន់ គឺ​ថា អ្នក​ណា​ជេរ​ពីរោះ​ជាង អ្នក​ណា​ជេរ​សម​ជាង​នរណា​»។ ខាង​គណបក្ស​ប្រជាជន គេ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​គេ​មាន​តួ​អង្គ​សម្រាប់​ជេរ​តាម​កញ្ចក់​ទូរទស្សន៍​រាល់​ថ្ងៃ​។ តែ​ការ​ជេរ​នេះ គឺ​មិន​ចំណេញ​ទេ ព្រោះ​ជេរ​មិន​មែន​សម្រាប់​ប្រជារាស្រ្ត​។ បើ​ជេរ​ដើម្បី​រាស្រ្ត គឺ​រាស្រ្ត​ច្បាស់​ជា​គាំទ្រ ទេវតា ក៏​ជួយ​ជេរ​ដែរ។ ម្យ៉ាង​ទៀត បើ​និយាយ​ពី​គោល​នយោបាយ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ តែ​ពេល​ផ្តើម​ធ្វើ ពឹង​លើ​ប្រជាប្រិយ​ភាព​របស់​បុគ្គល ដែល​មិន​ខុស​ពី​គណបក្ស​ប្រជាជន​ឡើយ​។ គ្រប់​ទីកន្លែង គឺ​លើក​សរសើរ​តែ​បុគ្គល គឺ​ឯកឧត្តម កឹម សុខា ដែល​គួរ​តែ​បង្ហាញ​សមាសភាព​ថ្នាក់​ដឹក​នាំ និង​សមត្ថភាព​បេក្ខជន​តំណាង​រាស្រ្ត និង រដ្ឋ​មន្រ្តី​ឲ្យ​គេ​ចុះ​ជួប​ប្រជា​ពលរដ្ឋ បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ និង ឧត្តមគតិ។ ឲ្យ​គេ​បោះឆ្នោត​ឲ្យ​បុគ្គល អ្នក​តំណាង​រាស្រ្ត​ដែល​គេ​ពេញ​ចិត្ត ជា​ជាង​បោះឆ្នោត​ឲ្យ​គណបក្ស​។ នេះ​គេ​ហៅ​ថា «បើ​ចង់​ឈរ​រឹង​មាំ គឺ​ត្រូវ​បណ្តុះ​ឈើ​មួយ​ដើម ឲ្យ​ទៅ​ជា​ព្រៃ ទើប​អាច​ទប់​ទល់​ខ្យល់​ព្យុះ​គ្រប់​ទិស​ទី​បាន​»។ ខ្វះ​អី​អ្នក​មាន​សមត្ថភាព ដូច​ជា​ឯកឧត្តម សុន ឆ័យ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ លោក​តា វណ្ណ ម៉ូលីវណ្ណ​។ល។​និង ។ល។ ហើយ ក៏​ត្រូវ​ប្រាប់​ប្រជារាស្រ្ត​ដែរ​ថា តើ​អ្នក​ណា​កាន់​ក្រសួង​ណា មាន​សមត្ថភាព​អី ហើយ​មាន​វិធីសាស្រ្ត​អី​ដែរ ប្រើ​រយៈ​ពេល​ប៉ុន្មាន​។ គោល​នយោបាយ គឺ​សំខាន់ សម្រាប់​គណបក្ស តែ​អ្នក​អនុវត្ត​គោល​នយោបាយ​គឺ​រឹត​តែ​សំខាន់​ទៅ​ទៀត បើ​មិន​ដូច្នេះ​ទេ មិន​ខុស​អី​ពី​គណបក្ស​ប្រជាជន ដែល​មាន​គោល​នយោបាយ​ល្អ តែ​មិន​អនុវត្ត? ឬ​អនុវត្ត​ដែរ តែ​មាន​ប្រសិទ្ធភាព​តិច​តួច​នោះ​?

មិត្ត​យល់​ចិត្ត​នៅ​លើ Facebook ម្នាក់​ទៀត នៅ​ពេល​ខ្ញុំ​សួរ​ថា តើ​កម្ដៅ​បាយ​កក​មួយ​ឆ្នាំង​នេះ​យ៉ាង​ម៉េច គាត់​ឲ្យ​យោបល់​ថា «….ត្រូវ​យក​បាយ​មួយ​កូន​ចាន​ចង្កិះ​នោះ​រក​ចុងភៅ​ពូកែ​ម្នាក់ ចម្អិន​បាយ​កក​ឲ្យ​ក្លាយ​ជា​បាយ​ឆ្ងាញ់​មួយ​ចាន… តែ​បាយ​ឆ្ងាញ់​មួយ​ចាន​នេះ​មិន​ឲ្យ​ធ្វើ​ហើយ​ចែក​អ្នក​ក្រ​ទេ ត្រូវ​ចែក​សេដ្ឋី​ណា​ម្នាក់ ដើម្បី​ដូរ​យក​ស្បៀង​មួយ​ជង្រុក​។ បើ​គាត់​សាញ​ថា បាយ​មួយ​ចាន​នោះ​តិច​ពេក អ៊ីចឹង​លោក​ប្អូន ត្រូវ​ប្រាប់​គាត់​ថា វា​គ្រាន់​តែ​ជា​អំណោយ​បើក​ផ្លូវ នៅ​មាន​អំណោយ​ធំៗ​បន្ត​ទៀត​»។ ដូច្នេះ គណបក្ស​ប្រឆាំង ត្រូវ​ឆ្លុះ​បញ្ចាំង ពី​សមត្ថភាព​ខ្លួន​ឯង​មើល ថា​មាន​សមត្ថភាព ចម្អិន​ម្ហូប​អាហារ​មួយ​ចាន​ចង្កឹះ ក្នុង​ចំណោម បាយ​កក​ដែល​ស្ទើរ​តែ​ផ្អូម មួយ​ឆ្នាំង​នេះ ដែល​សល់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ដោយ​របៀប​ណា​? ហើយ​មាន​សមត្ថភាព រក​ឃើញ​អ្នក​មាន​ម្នាក់​ដើម្បី​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ ដើម្បី​ចិញ្ចឹម​រាស្រ្ត​បាន​ដោយ​របៀប​ម៉េច? តាម​គំនិត​គាត់ គឺ​បាយ​មួយ​ឆ្នាំង​នេះ គឺ​ហូប​មិន​ឆ្អែត​ទេ គឺ​ត្រូវ​រក​ជង្រុក​ស្រូវ​ធំ​មួយ ដើម្បី​ដាំ​បាយ​មួយ​ឆ្នាំង​ធំ សម្រាប់​ប្រជារាស្រ្ត​ទាំង​មូល​នៅ​ឆ្នាំ ២០១៨ ហើយ អ្នក​មាន​ម្នាក់​នេះ​អ្នក​ខ្លះ កំពុង​លាក់​ឈ្មោះ​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល អ្នក​ខ្លះ នៅ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​កំពុង​អង្គុយ​លេង​អុក​នៅ​តៀម​កាហ្វេ​ដែរ​។ បើ​មិន​អាច​ប្រមូល អ្នក​មាន​សមត្ថភាព​(អ្នក​មាន ក្នុង​ឧទាហរណ៍​នេះ​)​ដើម្បី​ដូរ​យក​ជម្រុក​ស្រូវ​(យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​នៃ​ការ​ដឹក​នាំ​ប្រទេស​)បាន​ទេ ទោះ​បាយ​ដាំ​ឆ្អិន​ក៏​ដោយ​ក៏​រាស្រ្ត​នៅ​តែ​ហូប​មិន​ឆ្អែត​ដែរ។

ល្បែង​អុក​មួយ​ក្តារ​នេះ គឺ​ដើម្បី​ឈាន​ជើង​មួយ​ជំហាន​ទៅ​មុខ ហើយ​ក៏​ដើម្បី​ប្រមូល​ធនធាន​សម្រាប់​ឆ្នាំ​២០១៨ គឺ​ដូច​ជា​ធ្វើ​ម្ហូប​មួយ​ចាន​ចង្កឹះ​ដើម្បី ផ្គាប់​ចិត្ត​អ្នក​មាន​ម្នាក់​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​សម្រាប់​រាស្រ្ត​ទូទាំង​នគរ​។ ដូច្នេះ​មិន​អាច​លេង​សើច​បាន​ទេ​។ បើ​ដើរ​ខុស​តែ​បន្តិច គឺ​ប្រជារាស្រ្ត ទាំង​នគរ​ច្បាស់​ជា​អត់​បាយ​ស្លាប់​មិន​ខាន ពិបាក​នឹង​ស្រោច​ស្រង់​ណាស់​។ មិន​ថា​តែ​អ្នក​ទស្សនា​ទេ​ដែល​ដឹង​ថា គណបក្ស​ប្រជាជន​វាយ​លុក​ចំណុច​ណា បញ្ឆោត​ចំណុច​ណា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ជាង​អ្នក​ទស្សនា​ទៅ​ទៀត។ ជាក់​ស្តែង​ណាស់ បើ​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង (សម រង្ស៊ី និង សិទ្ធិ​មនុស្ស) រួប​រួម​គ្នា គឺ​ងាយ​ស្រួល ដូច​ជា​បក​ចេក​អ៊ីចឹង​។ គឺ​គ្រាន់​តែ​ឲ្យ​ឯកឧត្តម សម រង្ស៊ី​ចូល​ស្រុក កាល​ពី​ឆ្នាំ​ទៅ នោះ គឺ​គណបក្ស​ទាំង​ពីរ​មិន​អាច​រួប​រួម​គ្នា​បាន​ទៅ​ហើយ​។ ល្បិច​មួយ​នេះ​ហៅ​ថា សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​ទម្លុះ​ឲ្យ​បែក​ខ្ចាត់​ខ្ចាយ​។ ចង់​និយាយ​ថា រុញ​ឲ្យ​ការ​រួប​រួម​នេះ​បាន​សម្រេច ហើយ​ចាំ​បំបែក​ជា​ក្រោយ។ បើ​បែក​លើក​នេះ គឺ​រាស្រ្ត​ពិត​ដាច់​បាយ​ស្លាប់​មិន​ខាន​។ ពេល​នោះ បាយ​កក​ដែល​សល់​ពី​ឆ្នាំ​១៩៩៣ ពិត​ជា​ផ្អូម​មែន​ទែន​ហើយ គ្មាន​ទេវតា​ណា​មក​ជួយ​បាន​ទេ​។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​បើក​ឲ្យ​ស៊ី​ត្រី​ទឹម​(ការ​រួប​រួម​គ្នា​)នេះ​ទៅ​ហើយ​គឺ​មិន​អាច​មាន​ការ​ថ្លោះ​ធ្លោយ​ទេ​។ មិន​អាច​ឲ្យ​ល្បិច​សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​បំបែក​បាន​សម្រេច​ជា​ដាច់​ខាត​។ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ ទ័ព​គ្មាន​វិន័យ ជា​ទ័ព​បរាជ័យ។ អ្នក​ប្រឆាំង​និង​បញ្ជា​គឺ​ត្រូវ​តែ​កាត់​ក្បាល​។ ក្នុង​ជំរំ​ទ័ព គឺ​គ្មាន​សាច់​ញាតិ​អ្នក​ធំ គ្មាន​សែ​រាជវង្ស​ទេ គឺ​មាន​តែ​មេ​ទ័ព និង​កូន​ទាហាន ទើប​ជា​ទ័ព​មាន​វិន័យ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ជូន​រាស្រ្ត​។ កូន​អុក​ទាំង​អស់​ត្រូវ​តែ​ដើរ​ស្រប​គ្នា​។ បោះ​ឆ្វេង​ឡើង​ស្តាំ ឡើង​ទៅ​មុខ ការពារ​ខាង​ក្រោយ​។ ត្រូវ​តែ​បែង​ចែក មុខ​នាទី​រៀងៗ​ខ្លួន ឲ្យ​ច្បាស់​លាស់​។ អ្នក​ណា​ខ្លាំង​ខាង​ការពារ ឲ្យ​ការពារ​។ អ្នក​ខ្លាំង​ខាង​វាយ​លុយ ឲ្យ​វាយ​លុយ អ្នក​ខ្លាំង​ខាង​ទូង​ស្គរ​ឲ្យ​ទូង​ស្គរ អ្នក​ខ្លាំង​ខាង​បញ្ឆោត​ឲ្យ​បញ្ឆោត អ្នក​ខ្លាំង​ខាង​កាន់​ស្បៀង​ឲ្យ​កាន់​ស្បៀង មិន​អាច​ធ្វេសប្រហែស សូម្បី​តែ​បន្តិច។ ពេល​ថ្ងៃ​ត្រូវ​តែ​វាយ​លុក ពេល​យប់​ឈប់​សម្រាក​ត្រូវ​តែ​យាម មិន​អាច​ធូរ​លុង​ជា​ដាច់​ខាត។

បាយ​មួយ​ឆ្នាំង​ដែល​សល់ ពី​ឆ្នាំ ១៩៩៣​នោះ​គឺ​ពឹង​លើ​ក្តា​អុក​មួយ​ក្តា​នេះ​ហើយ​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង ស្តួច​ស្តើង​៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែល chivann.pen@gmail.com

ប៉ែន សុជីវន្ត ពី​ខេត្ត រតនគិរី

កែម ឡី

លោក កែម ឡី៖ «រដ្ឋាភិបាលអាចរៀបចំជាវេទិកាសាធារណៈ ដោយអញ្ជើញអ្នកប្រវត្តិសាស្ត្រមកធ្វើសិក្ខាសាលាក្នុងចំណោមយុវជន ពិគ្រោះយោបល់ពីប្រវត្តិសាស្ត្រ។ ទី២ រដ្ឋាភិបាលអាចអញ្ជើញស្ថានទូតវៀតណាម ដើម្បីមកសាកសួរ។ ហេតុអីបានជាគាត់បញ្ចេញពាក្យនៅពេលហ្នឹង? ទី៣ រដ្ឋាភិបាលធ្លាប់ធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ដូចជាទៅថៃ ទៅអីអ៊ីចឹង រដ្ឋាភិបាលអាចធ្វើបាន ដើម្បីកុំឲ្យកំហឹងជាតិសាសន៍ កំហឹងជាតិនិយមរបស់ប្រជាជនខ្មែរហ្នឹងពុះកញ្ជ្រោលកាន់តែច្រើនឡើងៗ រដ្ឋាភិបាលដើរតួនាទី ពីព្រោះរដ្ឋាភិបាលមានកាតព្វកិច្ច តំណាងឲ្យជាតិសាសន៍ទាំងមូល ដើម្បីដើរតួនាទីដោះស្រាយបញ្ហាហ្នឹង»។