ព្យុះកំបុតត្បូង

កាលពីថ្ងៃទី ១៥ជាព្រឹត្តការណ៍ផ្លេកបន្ទោរមួយដែលទាក់ទាញចំណាប់អារម្មណ៍អស់មនុស្សទាំងពួង។ ធម្មតាៗតែខ្លាំង មានឥទ្ធិពលធ្វើឲ្យកក្រើកដល់ចក្រវាលទាំងមូលម្តងទៀត។ មេទ័ពសំខាន់ៗរបស់ ជំរំព្រះអាទិត្យ១កងពលត្រូវបានគេចាប់ឃុំឃាំង។ គ្រាន់តែមេទ័ពៗត្រូវគេចាប់ភ្លាម មេសម្ព័ន្ធរងនៃជំរំ ព្រះអាទិត្យបានចេញសារកោះហៅបណ្តាមេទ័ពទាំងអស់ចូលមកបន្ទាយវិញ។ព្រឹត្តការណ៍នេះ ប្រហែល មិនមានគ្មានហេតុផលទេ ព្រោះបើយើងមើលអោយជ្រៅជាងនេះបន្តិចអ្វីៗដូចជាមានការរៀបចំទុក។ មានសេណារីយោ ៤ ដែលត្រូវយកមកពិចារណា ៖

១. ព្រឹត្តការណ៍នេះអាចជាការបង្កើតឡើងដោយជំរំព្រះអាទិត្យ ព្រោះមួយរយៈនេះភ្លើង២ដុំរបស់ខ្លួនហាក់ចង់រលត់ទៅហើយ (ភ្លើងចិត្តរាស្រ្ត និង ភ្លើងការទូត)។ បើភ្លើងនេះរលត់បាត់នោះនឹងគ្មានឥទ្ធិពល អ្វីទៅចរចាជាមួយជំរំព្រះអាទិត្យឡើយបើបែបនេះដូចអោយបក្សទេវតាវាយយកជ័យនៅតុចរចាអញ្ចឹង។ ដូច្នេះដើម្បីដុតភ្លើងនេះឡើងវិញ ខ្លួនត្រូវបង្កើតព្រឹត្តការណ៍ដោយយកឧត្តមសេនីយ៍របស់ខ្លួនមួយកង ពលធ្វើជាបញ្ឆេះសំរាប់ដុតភ្លើងទាំងពីរកុំអោយរលត់និង អោយកាន់តែឆេះខ្លាំងឡើងវិញ។ កំហុសនៃការ រៀបក្បួននេះគឺ ការមិនយល់កាលៈទេសៈព្រោះភ្លើងមួយដុំកំពុងតែឆេះជាមួយនគរខាងកើត ខ្លួនក៏ទៅដុត ភ្លើងមួយបន្ថែមទៀត។

២. ជំរំទេវតា ជាអ្នកធ្វើ។ព្រោះបើបណ្តោយអោយស្ថានការណ៍បែបនេះកាន់តែយូរ ទោះតិចឬច្រើនរឹតតែ ប៉ះពាល់ដល់កិច្ចការដឹកនាំនគរ។ទោះមានមហាយក្សមួយចាំទំនុកបម្រុង ក៏វាមិនគ្រប់គ្រាន់សំរាប់ចិញ្ចឹម រាស្រ្តក្នុងនគរដែរដូចនេះត្រូវប្រើយុទ្ធសាស្រ្តចាប់បង្ខំ។ បង្កើតព្រឹត្តការណ៍ ដាក់អ្នកបង្កបញ្ហាអោយ ចូលក្នុងក្បួនដើម្បីរកលេសចាប់មេទ័ពជំរំព្រះអាទិត្យដាក់ជាវត្ថុចរចា។ ទោះចង់ ឬ មិនចង់ជំរំព្រះអាទិត្យ ត្រូវតែជួយមេទ័ពសំខាន់ៗរបស់ខ្លួន។ ធ្វើបែបនេះជំរំទេវតាមានប្រៀបក្នុងការចរចាថាមិនត្រូវលក្ខខណ្ឌ ពាក់កណ្តាលបូក ១ នឹងបានសំរេចតាមបំណងរបស់ខ្លួនផងក៏មិនដឹង។ហើយបើកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺបង្ខំឲ្យជំរំព្រះអាទិត្យដើរចូលស្ថាប័នបង្កើតច្បាប់ដោយគ្មានលក្ខ័ណ្ឌទាមទារអ្វីទាំងអស់។

៣. គឺជំរំទាំងពីររៀបចំព្រឹត្តការណ៍នេះឡើងដើម្បីឈានទៅបញ្ចប់ចម្បាំងឆ្លងរដូវដ៏យូរមួយនេះ ព្រោះបើ បណ្តោយបែបនេះគឺមានតែអ្នកខាតគ្មានអ្នកណាចំណេញទេ។ នេះជាសេនារីយោដែលលទ្ធភាពអាច ទៅរួចច្រើន។ ព្រោះពីម្តងទៅម្តងក្រោយការចរចាជាចំហរ ជំរំទាំងពីរតែងតែបែរខ្នងដាក់គ្នា ហើយក៏មាន ការចរចាសម្ងាត់រហូតជំរំទាំងពីរបានចរចាត្រូវគ្នាលើច្រើនចំណុចទៅហើយនៅសល់តែបញ្ហា១ ប៉ុណ្ណោះ ដែលខ្ទាស់។ មុនពេលចាប់មេទ័ពសំខាន់ៗ មេរងជំរំព្រះអាទិត្យបានប្រកាសពីរូបមន្តថ្មីមួយដែលអាចអោយជំរំទេវតាទទួលយកបាន។ ប្រកាសម្តងជាពីរដង តែជំរំទេវតាហាក់ធ្វើហីមិនអើពើ។ពីខាងក្រៅ មិនចង់ តែខាងក្នុងចង់។ ពិតដូចក្លែងក្លាយ ក្លែងក្លាយដូចពិត។រឿងអីដែលដល់ចំណុចចុងក្រោយហើយ មិនទៅនិយាយគ្នា បើមានរូបមន្តថ្មីដែលអាចឲ្យជំរំទាំងពីរទទួលយកបានហើយនោះបែរជាបង្កាត់ភ្លើង អោយឆេះជាថ្មីទៅវិញ?ព្រឹត្តការណ៍ចាប់មេទ័ពសំខាន់ៗជំរំព្រះអាទិត្យ ប្រហែលជាព្រឹត្តការណ៍ចុង ក្រោយបង្កើតឡើងដើម្បីអោយឃើញថាខ្លាំងតែខាងក្នុងខ្សោយ។ ព្រោះបើជំរំទាំងពីរត្រូវរូវគ្នាក្នុង លក្ខខណ្ឌធម្មតាៗពេកនោះអ្វីៗនឹងចប់ដោយគ្មានន័យ។ វាមិនខុសពីរឿងកុនទេ បើតួប្រុស និងតួស្រីស្រឡាញ់គ្នាពីដើមដល់ចប់ គ្មានឧបសគ្គអ្វីរារាំង ហើយចុងក្រោយក៏រៀបការនោះ គឺវាគ្មានអត្ថន័យទេ។ តែបើសាច់រឿងនោះ តួប្រុស តួស្រី ឈ្លោះគ្នាតាំងពីដើមរឿង ហើយមានឧបសគ្គរាប់រយចុងក្រោយក៏ស្រឡាញ់គ្នានឹងបានរៀបការ អ្នកមើលប្រាកដជាថារឿងនេះល្អមើល។

ទោះថាសេនារីយោនេះជាសេនារីយោដែលមានលទ្ធភាពអាចទៅរួចច្រើន ក៏មិនមែនថាវាកើតឡើង ដោយឯកឯងនោះឡើយ។វាមានរឿងដែលត្រូវអោយវាកើតឡើង។ ជំរំព្រះអាទិត្យ ពិតណាស់ចង់ឲ្យ សង្រ្គាមនេះចប់អោយបានមុនខួប១ ឆ្នាំ ហើយដើរចូលក្នុងស្ថាប័នបង្កើតច្បាប់ ដើម្បីត្រួតពិនិត្យមើល លើការងារគ្រប់គ្រងនគររបស់ជំរំទេវតាម្យ៉ាងមេទ័ពរបស់ខ្លួនម្នាក់ៗក៏ច្បាំងអស់កំលាំងហើយដែរ។ មួយវិញទៀតត្រូវយកពេលដែលនៅសល់ដើម្បីកសាង និង ពង្រឹងជំរំរបស់ខ្លួនដើម្បីចេញច្បាំង លើកក្រោយ។ ឯជំរំទេវតាវិញត្រូវការពេលវេលាដែលនៅសល់របស់ខ្លួនឲ្យមានស្ថេរភាព ដើម្បីកសាង អភិវឌ្ឍន៍នគរ និងបង្កើនសេដ្ឋកិច្ចរាស្រ្តដើម្បីយកចិត្តរាស្រ្ត មានតែធ្វើបែបនេះទេទើបចេញច្បាំងលើក ក្រោយនៅមានរាស្រ្តគាំទ្រអាចបន្តគ្រប់គ្រងអំណាចរបស់ខ្លួនបាន។ ជាមួយគ្នានេះផងដែរ ក៏ប្រហែលជា ចង់បន្ថយកំដៅភ្លើងចិត្តរាស្រ្តដែលកំពុងតែឆេះជាមួយនគរខាងកើតព្រោះបង្កើតព្រឹត្តការណ៍នេះ ដើម្បី បង្វែរចំណាប់អារម្មណ៍របស់រាស្រ្តកុំអោយទាន់ធ្វើអ្វីផ្តេសផ្តាស។

៤.នេះក៏ជាសេនារីយោមួយដែលអាចមានលទ្ធភាពច្រើនផងដែរ អាចថាច្រើនជាងសេនារីយោទី ៣។ ហើយជំរំទាំងពីរសុទ្ធតែជាជនរងគ្រោះនៃព្រឹត្តការណ៍នេះ។វាហាក់ដូចជាមិនមែនចៃដន្យពេកទេ គឺ ក្រោយពេលដែលអ្នកនាំពាក្យទូតនគរខាងកើតបញ្ចេញនូវសំដីដែលនាំអោយភ្លើងចិត្តរាស្រ្តខ្មែរឆេះ ហើយនោះ គេហាក់មើលឃើញនូវគ្រោះច្រើនជាងលាភសំរាប់ខ្លួនគេបើសិនជាបណ្តោយអោយភ្លើង នេះឆេះធំ ព្រោះបើភ្លើងនេះឆេះ អ្នកខាតជាងគេគឺនគរខាងកើតតែម្តងដោយសារសេដ្ឋកិច្ចមួយភាគធំ ត្រូវពឹងផ្អែកលើនគរយើង។ ក្រៅពីសេដ្ឋកិច្ចនគរខាងកើតមិនចង់ដុតភ្លើងពីរក្នុងពេលតែមួយទេ មិនអាច ដៃម្ខាងច្បាំងជាមួយមហាយក្សហើយដៃម្ខាងវៃជាមួយកូនចិញ្ចឹមរបស់មហាយក្សទេ។ ណាមួយក៏ចង់ បានការគាំទ្រពីយើងក្នុងរឿងជម្លោះជាមួយមហាយក្សដែរ។ទោះមិនគាំទ្រខ្លួន ក៏ចង់អោយឈរនៅ លើជំហរកណ្តាល។ ដូចនេះ ដើម្បីអោយភ្លើងនេះរលត់វិញមានតែបង្កើតព្រឹត្តការណ៍ដើម្បីបន្សាប ព្រឹត្តការណ៍ ឬ អាចនិយាយថាដុតផ្ទះគេមុនដើម្បីកុំអោយគេមានឱកាសមកដុតផ្ទះខ្លួន។ ដើម្បីដុតភ្លើង ថ្មីនេះ គឺនគរខាងកើតរៀបចំមនុស្សអោយចូលក្នុងក្បួនជំរំទាំងពីរ ដើម្បីបង្កជាផ្កាភ្លើងផ្ទុះឆេះឡើង។អ្នកណាក៏ដឹងដែរថា ជារឿយៗ មេទ័ពរបស់ជំរំព្រះអាទិត្យតែងតែទៅកាន់បន្ទាយដែលគេវាយបែកនោះដើម្បីវាយរំដោះយកមកវិញ តែមិនដែលមានបញ្ហាធំដុំអ្វីទេក្រៅតែពីមានបាតុភាពបន្តិចបន្តួចតែ ប៉ុណ្ណោះ។ តែគ្រាន់តែរលកកម្សួលនៃភ្លើងចិត្តរាស្រ្តកំពុងតែឡើងកំដៅជាមួយនគរខាងកើតស្រាប់តែ មានការផ្ទុះនូវព្រឹត្តការណ៍ចាប់មេទ័ពសំខាន់ៗនៃជំរំព្រះអាទិត្យតែម្តង។ មុននេះក្រោយពីប្រកាសមិន សុំទោស ភ្លាមៗអ្នកនាំពាក្យរូបនោះបានបន្ទន់ឥរិយាបថកែតម្រូវពាក្យរបស់ខ្លួនឡើងវិញ។ដូចនេះ សេណារីយោនេះមានប្រយោជន៍ច្រើនសំរាប់នគរខាងកើត ហើយក៏អាចទៅរួចច្រើនជាងគេដែរព្រោះក្នុង ក្បួនថា អ្នកដែលចំណេញជាងគេពីយុទ្ធសាស្រ្ត គឺអ្នកនោះហើយជាអ្នកបង្កើតឡើង។ហើយជំរំទាំងពីរ គ្រាន់តែសម្រួលក្បួនរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តរបស់គេតែប៉ុណ្ណោះ។
មនុស្សគិត មិនដូចទេវតាគិត!គេថានយោបាយជារឿងដែលអាចមើលឃើញ តែថាមិនត្រូវ!
បើខ្ញុំមិននិយាយធ្វើម៉េចនឹងដឹងថាខ្ញុំខុស!៕

ដោយ ខេមរា វិជ័យ
vichey.kh@gmail.com
ថ្ងៃទី ២០/០៧/២០១៤

គឺមកពីចិត្ត

…គឺមកពីចិត្ត
………………
រឿងព្រេងនិទានខ្មែរ ថ្វីត្បិតតែនិយាយពីរឿងសីល រឿងអច្ឆរិយៈ… តែមានអត្ថន័យអបរំផ្លូវចិត្ត ដោយយកទ្រីស្តីកម្មផល មកនិយាយលាយឡំជាច្រើនសណ្ឋាន។
លាវប៉ីនិយាយថា «… បើថាគេខឹងនឹងតុងជូព្រោះធ្វើបាបក្សត្រ សម្លាប់មន្រ្តីស្មោះ នាំគ្រោះដល់នគរនោះ គឺមិនត្រូវទេ។បើនិយាយថា គេច្រណែននឹងតុងជូទើបត្រឹមត្រូវជាង។តែខ្ញុំយល់ថា បញ្ហាទាំងអស់នេះ គឺមកពីចិត្តមនុស្សច្របូកច្របល់ មិនអាចបែងចែកលាភ និងគ្រោះ ល្អ និងអាក្រក់ គុណធម៌ និងអគុណធម៌ គុណ និងទោស…បានសោះឡើយ។ ឆ្លៀតពេលនគរមានគ្រោះ ចង់បែងចែកទឹកដីគ្នាកាន់កាប់រៀងៗខ្លួន។ នេះហៅថា ស៊ីបាយផ្ទះគេ ជុះដាក់ដំបូលគេ»។លាវប៉ី ក៏យល់ថាបញ្ហាទាំងអស់មកពីចិត្តមនុស្សដែរ ហើយខ្ញុំក៏យល់ស្របអ៊ីចឹងដែរ រឿងព្រេងខ្មែរ ក៏និទានអ៊ីចឹងដែរ។
ឩ. រឿងបុរសពូថៅដៃ៖ បុរសម្នាក់ជាអ្នកក្រ រកស៊ីកាប់អុសតាមមាត់បឹង មានពូថៅដៃតែមួយ។ ថ្ងៃមួយពេលកាប់អុស ក៏ធ្លាក់ពូថៅចូលក្នុងទឹកបឹងបាត់ទៅ។ គាត់ស្រែកយំយ៉ាងខ្លាំង អារក្សទឹកក៏ងើបឡើងសួរថា៖ មានរឿងអីបានជាយំខ្លាំងម្ល៉េះ? បុរសនោះក៏ឆ្លើយថា៖ ពូថៅខ្ញុំមានតែមួយ រកស៊ីកាប់អុសចិញ្ចឹមប្រពន្ធកូន ឥឡូវវាធ្លាក់ចូលក្នុងទឹក ខ្ញុំមិនដឹងមានអីសម្រាប់កាប់អុសចិញ្ចឹមប្រពន្ធកូនទៀតទេ!!!។ អារក្សទឹកក៏មុជទៅក្នុងទឹក ហើយលើកយកពូថៅមាសមកបង្ហាញ។បុរសនោះថា៖ មិនមែនពូថៅហ្នឹងទេ!។ អារក្សទឹក ក៏មុជទៅម្តងទៀត លើកយកពូថៅពេជ្រ។ បុរសនោះក៏និយាយថា៖ មិនមែនពូថៅហ្នឹងទេ!។ អារក្សទឹក ក៏ដឹងថាបុរសនេះមានចិត្តស្មោះត្រង់ ក៏មុជទៅយកពូថៅចាស់របស់គាត់មកឱ្យវិញ ហើយជូនពូថៅមាស ពូថៅពេជ្រ ឱ្យគាត់ថែមទៀត។ បុរសអ្នកជិតខាងឃើញ បុរសអ្នកក្រ មានបានក៏ទៅសួរនាំពីរបៀបមានបានទាំងនេះ។បុរសក៏រៀបរាប់តាមដំណើររឿងប្រាប់គ្មានចន្លោះ។បុរសទី២ក៏ធ្វើតាមដូចគ្នា…! អារក្សទឹកមុជក្នុងទឹក ងើបឡើងយកពូថៅមាស ពូថៅពេជ្រមកឱ្យ…។ គាត់និយាយថា៖ «ហ្នឹងហើយជាពូថៅរបស់ខ្ញុំ!!!» ។អារក្សទឹកខឹងយ៉ាងខ្លាំង ហើយក៏ស្រែកថា៖ «អ្នកឯងចិត្តលោភលន់ណាស់! យើងនឹងពន្លិចទូកឯងចោល ឱ្យស្លាប់ទាំងពូជ!!!»។ …តើរឿងនេះ មិនមែនជារឿងអបរំផ្លូវចិត្តទេឬ? ព្រោះដូនតារបស់យើងយល់ថា បញ្ហាទាំងអស់គឺកើតឡើងពីចិត្តលោភលន់របស់មនុស្ស!។
នៅមានរឿងជាច្រើនទៀត ដូចជារឿងចៅកាំបិតបន្ទោះ រឿងចៅសំគមបាញ់លលក រឿងមាយើង រឿងកូលាបប៉ៃលិន រឿងស៊ឹមអ្នកបរឡាន…ជាដើម។ រឿងទាំងនេះពាក់ព័ន្ធនឹងស្ថានភាពនយោបាយខ្មែរសព្វថ្ងៃនេះខ្លាំងណាស់។ បញ្ហាសព្វថ្ងៃ គឺបណ្តាលមកពីចិត្តមនុស្សលោភលន់ គិតតែផលប្រយោជន៏របស់ខ្លួន គ្រួសារ បក្សពួក…ជាជាងគិតពីប្រយោជន៍ជាតិ។ តើនេះមិនមែនមកពីចិត្តលោភលន់ទេឬ?

បើយើងម្នាក់ៗ គិតពីរឿងឈ្នះចាញ់ គឺមិនដែលចប់នោះទេ តែបើគិតរឿងជាតិជាធំ ម្ល៉េះចប់តាំងពីយូរមកហើយ ។និយាយជារួម វិធីដោះស្រាយងាយៗ គឺគ្រាន់តែអង្គុយហូបបាយជាមួយគ្នាពីរបីដង គឺច្បាស់ជាដោះស្រាយបញ្ហាទាំងអស់បានធូរស្រាលណាស់ទៅហើយ។ អ្នកឯងចង់បាននេះ ខ្ញុំឱ្យមិនបាន ព្រោះខ្ញុំខាតអញ្ចេះ តែខ្ញុំអាចឱ្យអានោះ!!! បើអ្នកឯងឱ្យអានោះ ខ្ញុំបានតិចពេកពិបាកទទួល អ៊ីចឹងខ្ញុំសុំអានោះថែម!!! និយាយទៅ និយាយមក និយាយទាល់តែត្រូវគ្នា ទើបគេហៅថាអ្នកដឹកនាំ ចេះដោះស្រាយបញ្ហាជាតិជាធំ។ ហេតុនេះហើយ បានជាខ្ញុំសុខចិត្តរាប់អាន អ្នកនៅក្នុងវាំង ច្រើនជាងអ្នកនៅក្នុងបក្សនយោបាយ ព្រោះរាជវាំង គឺតំណាងឱ្យនគរទាំងមូល មិនប្រកាន់និន្នាការនយោបាយ។បើនិយាយឱ្យចំ លោកហ៊ុន សែន លោកស ខេង លោកកឹម សុខា និងលោកសម រង្ស៊ី… ទៅដេកហូបបាយនៅវាំងតែ២ ឬ៣ថ្ងៃ ប្រាកដជាដោះស្រាយបញ្ហាទាំងនេះបានយ៉ាងស្រួល…។ តែពួកគេ គិតផលប្រយោជន៍បក្ស ជាជាងផលប្រយោជន៍ជាតិ!!!។ តើរឿងអីត្រូវដោះស្រាយចេញដោយងាយៗទៅ!!! តើនេះបណ្តាលមកពីមូលហេតុអី្វ? មិនមកពីចិត្តលោភលន់ទេឬ?
បើថាយើងសរសេរអត្ថបទរិះគន់«សជ»!! សជថា៖យើងកញ្ជះយួន…។ បើថាយើងសរសេរអត្ថបទរិះគន់«ប្រជ»!! ប្រជថាយើងបក្សប្រឆាំង…។ ចឹង!តើជាតិយើងមិនចែកជាពីរទៅហើយទេឬ?
ក្នុងចំណោមអ្នកទាំងអស់គ្នា នរណាដែលយល់ថា៖ លោកហ៊ុន សែន ចុះចេញពីតំណែង អាចដោះស្រាយ ឬបញ្ចប់បញ្ហាទាំងអស់បាន? ហេតុអ្វី? ហើយអ្នកណាថា«សជ»ឡើងកាន់អំណាច ហើយអាចដោះស្រាយបញ្ហាទាំងនេះបាន? រឿងអាចធំជាងនេះបើអត់ពី «ហស» ឬរឿងអាចតូចជាងនេះបើអត់ពី «ហស» គឺគ្មាននរណាអាចស្មានដឹង ឬទស្សន៍ទាយត្រូវនោះទេ!!!។
ខ្ញុំមិនចង់ឱ្យអ្នកទាំងអស់គ្នា មើលអ្នកនយោបាយក្នុងផ្លូវល្អ និងអាក្រក់តែម្យ៉ាងនោះទេ តែត្រូវមើលពួកគេ ក្នុងផ្លូវខ្លាំង និងពូកែ…ខ្លះផង។ ព្រោះរឿងល្អ ឬអាក្រក់ មិនអាចវាយតម្លៃតែសម្បកក្រៅបាននោះទេ!!!។ ដូចគ្នានេះដែរ អ្នកទាំងអស់គ្នា មិនអាចរាប់អានខ្ញុំ ដោយសារតែខ្ញុំជាមនុស្សល្អ ឬអាក្រក់នោះទេ ព្រោះល្អ និងអាក្រក់…អាចប្រែប្រួលគ្រប់ពេលវេលា។ តែយើងម្នាក់ៗត្រូវតែគោរព មនុស្សដែលធ្វើកិច្ចការត្រឹមត្រូវ…ទើបវាប្រសើរជាង!។ នៅផ្ទះអ្នកទាំងអស់គ្នាអាចជេរប្រពន្ធកូន នេះជារឿងផ្ទាល់ខ្លួន តែនៅខាងក្រៅ យើងមានឆន្ទៈស្រដៀងគ្នា គឺចង់ធ្វើកិច្ចការដែលត្រឹមត្រូវសម្រាប់ប្រទេសជាតិ ទោះមិនបានសម្រេច ក៏ទេវតាដឹងឮថា យើងបានធ្វើហើយ តែវាមិនទាន់បានជោគជ័យ គង់មានអ្នកជំនាន់ក្រោយ បន្តធ្វើរឿងទាំងនោះ ដើម្បីធ្វើឱ្យជោគជ័យជាមិនខាននោះទេ។
លោក «ហ្វដ»បាននិយាយថា៖ «ខ្ញុំមិនដែលបរាជ័យនោះទេ គ្រាន់តែមិនទាន់ជោគជ័យ!»។
មនុស្សពីរនាក់ចៀសសមិនផុត ពីមានទឹកចិត្តពីរ បីនោះទេ។ ការគាំទ្រ ឬមិនគាំទ្រ បុគ្គលណាម្នាក់ ក៏មានហេតុផលច្រើនយ៉ាងដែរ ។យើងអាចគាំទ្រអ្នកណាម្នាក់ ព្រោះតែគាត់ឱ្យផលប្រយោជន៏មកយើង តាមរយៈសម្ភារៈ ឋានៈតួនាទី រហូតដល់ទឹកចិត្ត ជំនឿចិត្តជាដើម…។យើងក៏អាចមិនគាំទ្រអ្នកណាម្នាក់ ព្រោះតែគាត់បំផ្លាញផលប្រយោជន៏យើង ឬក៏អាចដោយសារព្រោះគ្មានជម្រើស ឬអាចដោយសារគេមិនគោរពយើង ឬមើលងាយយើង… បានជាយើងមិនគាំទ្រ គឺ សុទ្ធតែមានហេតុផល។ប៉ុន្តែរឿងទាំងនេះមិនគួរកើតមានសម្រាប់អ្នកទាំងអស់គ្នាទេ។ យើងត្រូវតែលះបង់គំនិតស្អប់ គំនិតប្រកាន់ចោល… ត្រូវរាប់អានមនុស្ស ឬមិនរាប់អានមនុស្ស គួរតែផ្តោតលើហេតុផល ឆន្ទៈ និងការធ្វើកិច្ចការដែលត្រឹមត្រូវ។ សូម្បីចោរ ក៏វាអាចធ្វើកិច្ចការត្រឹមត្រូវដែរ!!! ដូចជារឿងមួយ …ក្មេងម្នាក់ទៅលួចថ្នាំពេទ្យគេ ព្រោះតែចង់ព្យាបាលម្តាយឈឺនៅផ្ទះ…។ បើគិតពីការងារដែលធ្វើ គឺជាចោរ ច្បាស់ជាអាក្រក់ណាស់ទៅហើយ ប៉ុន្តែបើសួរថា គាត់ធ្វើកិច្ចការដែលត្រឹមត្រូវឬទេ? សម្រាប់យើងមានជម្រើស យើងច្បាស់ជាគិតថាមិនត្រឹមត្រូវទេ។ បើគ្មានលុយម៉េចមិនខ្ចីគេ!!! ម៉េចមិនសុំទានគេ??? ចាំបាច់ទៅលូចគេធ្វើអី? តែសម្រាប់អ្នកដែលគ្មានជម្រើស…រឿងរ់ាវល្អ ឬអាក្រក់ គឺច្បាស់ជាទុកមួយដុំសិន គឺត្រូវតែធ្វើកិច្ចការដែលត្រឹមត្រូវ និងគួរតែធ្វើជាមុន នោះគឺលួចថ្នាំ ដើម្បីជួយម្តាយឈឺជាទម្ងន់នេះមិនខាន…។

ម្យ៉ាងទៀត គឺមកពីទឹកចិត្តហ្នឹងណា!!! បានជាសម្តេចសីហនុដាក់ «សាសនា» ក្នុងបាវចនាជាតិថា៖ « ជាតិ សាសនា ព្រះមហាក្សត្រ»។ ជាតិ គឺទឹកដី ប្រជាជន។ សាសនា គឺសម្រាប់អប់រំផ្លូវចិត្ត។ព្រះមហាក្សត្រ គឺតំណាងឱ្យឯកភាពរបស់ខ្មែរ។

វៃយ៉ាងនិយាយថា «ជួបស្តេចខ្លាំងនគរខ្លាំង ជួបស្តេចល្ងង់នគខ្សោយ ជួបស្តេចប៉ោឡែ នគរវិនាស»…។

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ
…………………………………………..
ឥឡូវឃើញថា «របង» ក៏បានធ្វើខ្លះៗហើយដែរ។ឯ«របា» ក៏បានចងខ្លះៗ ទោះមិនទាន់បានរឹងមាំ តែឃើញថាមានគម្រោងធ្វើជាបន្តបន្ទាប់យ៉ាងសកម្ម…។ តែរឿង«ស្រាស់បន្លា» ដើម្បីកុំឲ្យមាន់ចូលជាន់ខ្ទឹមនោះ ក៏មិនទាន់ឃើញនៅឡើយទេ។
មិនត្រឹមតែមិនទាន់ស្រាស់បន្លា ការពារមាន់ទៅកាយរងខ្ទឹមប៉ុណ្ណោះទេ… «សជ» នៅចង់ស្រាស់បន្លាបិទផ្លូវខ្លួនឯង តាមរយៈយកកូនស្រីលោកកឹម សុខា មកធ្វើការក្នុង «គជប»ទៀត។ នេះគេហៅថា «ឪពុក អ្នកប្រដាល់ កូនជាមេអាប៊ីត»
… រឿងនេះបើគេមិនសើចរយះមាត់ ទើបវាចម្លែក។

ក្រៅពីនេះនៅមានរឿងមួយទៀត ដែលធ្វើឲ្យ«ខ្ទមអុក» ភ័យប្រហោងពោះ គឺរឿង«… ខ្លាចតែទូកបាក់ច្រវា ពេលទឹកកំពុងហូរ»នោះទេ!!!
រឿងសមាសភាព វិរៈជនទី៩ ដែលជាលោកស្រី «ពុង ឈីវហ្គេក» ។គឺពិតជាសំណាងរបស់នគរខ្មែរ ហើយក៏ជាសំណាងរបស់រាស្រ្តខ្មែរដែរ។ទោះបី «ខ្ទមអុក»សង្ស័យលើខ្លួនឯង ក៏យើងមិនសង្ស័យ លើមនសិការស្នេហាជាតិ និងឆន្ទៈ មុតស្តួច និងជ្រាលជ្រៅរបស់លោកស្រីដែរ។
តែនរណាទៅដឹងថា នៅពេលខាងមុខនឹងមានរឿងអីកើតឡើង? ចុះបើលោកស្រី រងសម្ពាធខ្លាំងរហូតដល់ឈឺចិត្ត សុំដាក់ពាក្យលាលែងពីដំណែង… តើ«គជប» មិននៅសល់មនុស្សត្រឹមតែ «៤ ទល់ ៤»ទៅហើយទេ? បើ «៤ ទល់៤» តើការសម្រេចចិត្តមិនជាប់គាំងទៅហើយទេ? បើ«គជប»គាំង តើ សភាចេញកើតឬទេ? បើសភាចេញមិនកើត តើរដ្ឋាភិបាលចេញកើតឬទេ? ចុងបញ្ចប់ គឺធ្លាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកអារកាត់បញ្ហាទាំងនេះ ដែលសុទ្ធតែជាមនុស្ស របស់បក្សប្រជាជន។តើត្រូវគិតយ៉ាងណា???

រហូតមកដល់ពេលនេះនៅមិនទាន់ឃើញគេលើកនិយាយពីចំណុចនេះនៅឡើយទេ។

មុនពេលសមាជិកបក្ស«សជ»មិនទាន់ចូលសភានៅឡើយ «សជ» នៅតែជាកូនក្រមុំដ៏ស្រស់ស្អាត សម្រាប់បក្ស«ប្រជ»។ ដូច្នេះគួរតែឆ្លៀតឱកាសនេះ ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ផង។ បើសិនជាអាច គួរតែរើស«បេក្ខជនបម្រុង»ទុក២ ឬ ៣នាក់សម្រាប់វិរៈជនទី៩ជាស្រេចក្រែងមានការថ្លោះធ្លោយនៅថ្ងៃក្រោយ…។

«ខ្ទមអុក» គ្រាន់តែចង់ឃើញការបោះឆ្នោតមួយ ដែលបានឆ្នុះបញ្ចាំងពីឆន្ទៈរាស្រ្ត ពិតប្រាកដ ហើយគ្មានហានិភ័យក្នុងពេលដំណើរការនៃស្ថាប័ន «គជប» ដែលជាស្ថាប័នធម្មនុញ្ញដ៏សំខាន់ នៅក្នុងបរិបទនយោបាយខ្មែរនេះប៉ុណ្ណោះ។