រាជបុត្រក្រៅច្បាប់

កំណើតបុត្រាទី ៥ បានកើតចំពេលដែលបច្ចេកវិជ្ជាដើរទៅមុខជឿនលឿនយ៉ាងរហ័ស។អ្វីៗមិនដូចពីជំនាន់ ដើមទេ មានបច្ចេកវិជ្ជាជាច្រើនដែលបានបម្រើផលប្រយោជន៍សំរាប់មនុស្ស។តួយ៉ាងដូចជាប្រព័ន្ធសង្គម ហ្វេសប៊ុគ ដែលអាចធ្វើឲ្យមនុស្សពីមិនដែលស្គាល់គ្នាសោះបែរជាស្គាល់គ្នា។ អ្នកខ្លះក្រោយពីស្គាល់គ្នាហើយ ក៏បានឈានទៅស្រឡាញ់គ្នាឯអ្នកខ្លះទៀតស្រឡាញ់គ្នាហើយក៏បែរជាបែកបាក់ស្អប់គ្នាទៅវិញក៏មានដែរ។ ហើយអ្នកខ្លះមិនដែលស្គាល់គ្នាសោះក៏អាចមកឈ្លោះគ្នានៅលើប្រព័ន្ធសង្គមដ៏ធំមួយនេះ ដោយព្រោះតែ មានការគិតខុសគ្នា។តែយ៉ាងណាក្នុងនាមឈាមជ័រពូជពង្សតែមួយ យើងគួរណាហ៊ានទទួលយកនូវអ្វី ដែលជាការរិះគន់ដើម្បីប្រយោជន៍ជាតិ។

កំណើតបុត្រាទី ៥ នេះមានលក្ខណៈពិសេសជាងគេព្រោះជិតដល់ខួប ១ឆ្នាំរបស់ខ្លួនទៅហើយ នៅតែមិន ទាន់បានចុះសំបុត្រកំណើតទៀត ដោយសារមិនទាន់ចុះសំបុត្រកំណើតនឹងហើយបានជាគេហៅថាកូនឥត ខាន់ស្លាមិនស្របច្បាប់។ រហូតពេលខ្លះកូននេះគេហៅថាជាកូនមិនគ្រប់ទឹកទៀតក៏មានដែរ។មិនទាន់ ស្របច្បាប់ ដោយសារឪពុកម្តាយវាកំពុងជជែកគ្នារកខុសត្រូវថាតើកូននឹងជាកូនរបស់ខ្លួនទាំងពីរនាក់ឬអត់?ប្រពន្ធថាមែន ប្តីថាមិនមែន។ ប្តីចង់ធ្វើតេស្ត DNA បញ្ជាក់ការពិតតាំងពីកើតមកម្ល៉េះតែប្រពន្ធមិនព្រម។ ដោយប្រពន្ធអាងខ្លួនជាកូនអ្នកមាន មានឪពុកជាឧត្តមសេនីយ៍កាន់ទ័ពពេញដៃឯម្តាយវិញជាមន្រ្តីថ្នាក់ខ្ពស់ ក្តាប់កិច្ចការរដ្ឋហើយមានបងប្រុសជាអ្នកកាន់សេដ្ឋកិច្ចនគរគ្រប់គ្រងលើមន្រ្តីជាង ៤០ម៉ឺននាក់ផងនោះបែបនេះហើយទើបនាងជាប្រពន្ធមិនខ្លាចប្តី មានសិទ្ធិអំណាចខ្លាំងធ្វើអ្វីស្រេចចិត្ត។ឯប្តីវិញមានការអាក់អន់ ស្រពន់ចិត្ត ព្រោះតែមិនជឿជាក់លើប្រពន្ធរបស់ខ្លួន ត្បិតអីប្រពន្ធនេះធ្លាប់មានប្តី ២រួចទៅហើយ។

មានពាក្យ ១ឃ្លា ពោលថា បើខ្លួនមិនបានធ្វើខុសតើទៅខ្លាចអី?កាលនោះ បើនាងជាប្រពន្ធយល់ព្រម ធ្វើតេស្ត DNA ដើម្បីបញ្ជាក់អោយប្តីអស់ចិត្តនោះ នឹងមិនមានរឿងតភាគរហូតមកដល់សព្វថ្ងៃនេះទេហើយគ្រួសារមួយនេះនឹងរស់នៅបានសុខ ខិតខំរកស៊ីបង្កើនសេដ្ឋកិច្ច មានសុភមង្គលគេឯងកោតស្ញប់ស្ញែង អ្នកជិតខាងក៏មិនសូវហ៊ានមើលងាយដែរ។តែខ្លាចថានាងជាប្រពន្ធនោះក្បត់ប្តីមានសាហាយមែន ទើបមិន ហ៊ានធ្វើតេស្តបញ្ជាក់ការពិត?។!មិនខ្មាស់គេទេឬ ពេលដែលដើរចេញទៅក្រៅម្តងៗ ញាតិជិតខាង ពីដើម ភូមិដល់ចុងភូមិគេពេបជ្រាយមើលលើមើលក្រោម?គ្រួសារមួយដែលមិនទុកចិត្តគ្នា ច្បាស់ណាស់រស់នៅមិន ចុះសម្រុងគ្នាទេ ប្រាកដជា ១ថ្ងៃ១ថ្ងៃ គិតតែពីរករឿងឈ្លោះគ្នា ហើយនឹងងាយបែកបាក់គ្នាណាស់។ ឥឡូវប្តីបន្ទន់ឥរិយាបថហើយថាមិនបាច់ធ្វើ DNA ក៏បានដែរអោយតែអូនព្រមសច្ចាអោយបងថាកូននេះ ជាកូនរបស់បងទៅគឺបានហើយ។ ត្រឹមតែពាក្យប៉ុន្នេះនាងជាប្រពន្ធនៅតែមិនព្រមនិយាយអោយប្តីអស់ ចិត្តទៀត។

គេថាសារជាតិជាចោរដាច់ខាតគឺត្រូវតែលួចទោះលួចមិនបានច្រើនក៏បានតិចដែរ វាប្រសើរជាជាងអត់។ អំពើ អាក្រក់មិនសូវរំលងទង្វើល្អដើរវាង បើជាតិក្រោយមានពិតមែន មិនដឹងសងបាបកម្មទាំងនេះប៉ុន្មានជាតិទេ ទើបអស់។តែណាស់ហ្ហើយ៎ នេះគ្រាន់តែជាទ្រឹស្តីរបស់ព្រះពុទ្ធជាម្ចាស់តែប៉ុណ្ណោះ។ គ្មានអ្នកណាទៅដឹងទេថាតើខ្លួននឹងចុះនរក ឬ ឡើងឋានសួគ៍ទេពេលដែលស្លាប់ទៅ។ តែអ្វីដែលអ្នកកំពុងប្រព្រឹត្តនឹងត្រូវបានគេ មើលឃើញ ហើយកត់ត្រា ប្រវត្តិសាស្រ្តចារឈ្មោះអ្នកល្អ ឬ អាក្រក់តវង្សត្រកូលអាស្រ័យលើដៃអ្នក។ នាងជា ប្រពន្ធចេះតែបារម្មណ៍ព្រោះបើធ្វើតេស្តឈាមមែននោះ ខ្លាចថាមិនមែនជាកូនរបស់ប្តីពិតមែន ត្បិតអីខ្លួនធ្លាប់ទាក់ទងនឹងបុរសដ៏ទៃកាលពីមុននោះ ម្ល៉ោះហើយរឿងធ្វើតេស្តនេះនាងបដិសេធដាច់អហង្កា។ហើយ រឿងសច្ចាអោយប្តីអស់ចិត្តនោះទៀតសោត ក៏មិនហ៊ានព្រោះខ្លាចការស្បថបំពាននឹងនាំទុក្ខទោសមានបាប កម្មលំបាកដល់ខ្លួនទៅថ្ងៃក្រោយ។

ប្តីឃើញប្រពន្ធចេះតែបដិសេធនឹងខ្លួនបែបនេះក៏កាន់តែលំបាកចិត្ត ត្បិតអីឃើញកូនៗក្នុងគ្រួសារត្រូវលំបាក ព្រោះឪពុកម្តាយឈ្លោះគ្នាមើលមុខគ្នាមិនចំរាល់ថ្ងៃហើយម្យ៉ាងត្រូវអ្នកជិតខាងគេមើលងាយផងនោះ ក៏បន្ទន់ ឥរិយាបថបន្ថែមទៀត។ប៉ុន្តែមិនទាន់បាននិយាយប្រាប់ទៅប្រពន្ធផង នាងជាប្រពន្ធក៏សុំឪពុករបស់ខ្លួនអោយបញ្ជាទ័ពទៅចាប់សាច់ញាតិរបស់ប្តី ៧សន្តាន ដាក់ឃុំ ដើម្បីអោយប្តីមកអង្វរខ្លួនអោយដោះលែងជាថ្នូរនឹងការឈប់សួរដេញដោលរឿងកូនទៀត ដើម្បីបញ្ចប់រឿង ហើយនាំកូនទី ៥ នេះទៅចុះសំបុត្រកំណើតអោយក្លាយជាកូនស្របច្បាប់មានខាន់ស្លាដូចកូនមុនៗ។
ពេលនេះទៅហើយ ទោះចង់ឬមិនចង់ប្តីប្រហែលជាអាចធ្វើតាមប្រពន្ធពិតមែនហើយ ព្រោះជិត១ឆ្នាំមកនេះខាតសេដ្ឋកិច្ចគ្រួសារអស់យ៉ាងច្រើន ហើយកូនៗក៏លំបាកចិត្ត ញាតិសន្តានក៏ត្រូវមកវេទនាត្រូវគេចាប់ដាក់ឃុំនិង ត្រូវអ្នកជិតខាងមើលងាយផងនោះ មិនអាចអូសបន្លាយបែបនេះរហូតទេត្បិតប្រពន្ធគេមានឥទ្ធិពល ខ្លាំងជាង។ មើលទៅជិតដល់ថ្ងៃដែលបុត្រាទី ៥ត្រូវបានគេប្រថាប់ត្រាអោយក្លាយជាបុត្រមានខាន់ស្លាស្រប ច្បាប់ហើយ៕

ដោយ ខេមរា វិជ័យ
vichey.kh@gmail.com
ថ្ងៃទី ១៨/០៧/២០១៤

រឿង«ពងក្រហម»

រឿង«ពងក្រហម»
………………………
«អាពយ» (ឈ្មោះដាក់ឲ្យក្នុងសាច់រឿង) គឺជាជើងកាងប្រចាំភូមិមួយ។ នរណាមិនដឹងថា ពេលបាត់មាន់ បាត់ទា… គឺជាស្នាដៃរបស់អាពយ។
ប៉ុន្តែវាចេះគូរសមជាមួយចាស់ទុំណាស់ បើវាត្រូវចិត្ត។តែបើពេលណាវាមិនត្រូវចិត្ត សូម្បីតែលោកសង្ឃ ក៏វាចង្អុល់មុខដែរ…។

«អាពយ» តាមញ៉ែកូនក្រមុំអ្នកភូមិម្នាក់ជាច្រើនលើក ច្រើនសារមកហើយ ទម្រាំនាងព្រមទាំងទើសទាល់ក្នុងចិត្ត។ «អាពយ» ក៏ឲ្យចាស់ៗ ចូលស្តីដណ្តឹងទៅតាមផ្លូវច្បាប់ បង្គាប់បណ្តាការ រៀងថ្លៃគួរសម…។« អាពយ» យល់ព្រម ដោយគ្មានព្រឺរោមបន្តិចណាសោះ…។

គ្រាន់តែភ្ជាប់ពាក្យហើយភ្លាម «អាពយ»ទៅលេងផ្ទះខាងស្រី ជាញឹកញាប់…។ ពេលមួយនៅស្ងាត់ពីរនាក់ ស្រាប់តែ«អាពយ»ចាប់ផ្តើមសួរនាំ…

អាពយ៖ បងស្រឡាញ់អូនណាស់។ តើឲ្យបងសុំថើបមួយបានទេ?
នាងព្រីង៖ មិនបានទេ ចាំរៀបការរួចហើយសិន អូនជារបស់បងហើយ!។
អាពយ៖ យូរដល់ហើយ!!! យើងគង់តែជាប្តីប្រពន្ធនឹងគ្នា មានអីខុសគ្នាទៅ…?

«អាពយ»បានខិតខំលូងលោមនាងព្រីងទាល់តែនាងព្រីងបាក់ចិត្ត ព្រមប្រគល់ខ្លួនប្រាណឲ្យ«អាពយ»តែម្តង។

…៦ខែក្រោយមក… នាងព្រីងក៏ពោះធំ។ «អាពយ» ក៏រកលេសផ្តាច់ពាក្យ ដោយយកលេសថា៖…នាងព្រីងមិនស្មោះត្រង់មានផ្ទៃពោះមុនថ្ងៃរៀបការ។ទោះនាងព្រីងពន្យល់ប្រាប់ហេតុផលយ៉ាងណា ក៏គ្មានរណាជឿដែរ..។ ចុងបញ្ចប់នាងព្រីងបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកស្តាយក្រោយប៉ុណ្ណោះ…។

នេះហៅថា «ធ្វើរបងអត់ចងរបា ស្រាស់បន្លាបិទផ្លូវខ្លួនឯង»