ជំងឺតួឯក

១. ក្នុងលោកនេះ សម័យណាក៏មានមនុស្ស ដែលមានគំនិតផ្ទុយគ្នាដែរ ព្រះពុទ្ធថាមនុស្ស យើងដូចម្រាមដៃ មានខ្លី មានវែង កុំថាឡើយតែយើងនិងគេ សូម្បីក្នុងខ្លួនយើង ក៏តែងតែមានគំនិតផ្ទុយគ្នា ឈ្លោះនឹងខ្លួនឯងដែរ។ ដូចនេះ យើងត្រូវមានគំនិតអាធ្យាស្រ័យ យោគយល់។ បើគ្រាន់តែគេផ្ទុយនឹងយើង ក៏ក្លាយជាឈាមឆ្កែ ឈាមថោក ចឹងអ្នកថោកនេះ ប្រាកដជាច្រើនណាស់ ហើយដោយទាំងអ្នកដែលជេរគេថាឈាមថោក នឹងផងដែរ ពីព្រោះសូម្បីតែខ្លួនអ្នក ក៏អ្នកមិនអាចបំពេញចិត្ត ខ្លួនឯងបានដែរ។

អ្វីៗ មានក្រៅ មានក្នុង មានតូច មានធំ នេះជាក្រិត្យក្រមធម្មជាតិ ចាំបាច់ត្រូវបែងចែក មិនអាចធ្វើការបូកយក ទាំងអស់នោះទេ។ ម៉ៅ សេ ទុង និយាយថា របស់តែម្យ៉ាងគត់ ដើម្បីព្យាបាល ជំងឺនយោបាយ គឺការពន្យល់ មានន័យថា ពន្យល់ហើយ ពន្យល់ទៀត រហូតទាល់តែគេយល់ពីយើង។ បើទោះជាគេ មិនយល់ពីយើងក៏ដោយ ក៏យើងមិនត្រូវ ចងគំនុំ ចងអាឃាត ប្រមាថមើលងាយគេដែរ ព្រោះបើនិយាយពីជាតិមួយផង គឺសុទ្ធតែជាបង ជាប្អូន ជាសាច់ ជាឈាម ខ្លួនឯងទេតើ ឬក៏អស់លោកយល់ថា ជេរឈាមឯង ក៏ជាជំនាញមួយដែរ?

អ្នកថាជេរ ដើម្បីជួយ តែក្នុងដំណើរពិត គឺអ្នកនឹងហើយ គ្មានអ្នកណាផ្សេងទេ ដែលជា មនុស្សម្នាក់ បាននឹងកំពុងចាប់ហែកជាតិនេះ ជាជំរាកៗ បង្ករចិត្តខឹង បង្កើតគំនុំ បណ្តុះចិត្តស្អប់ ពង្រាយចិត្តអាឃាត រួចទៅហើយ។ បើក្នុងដំណើរជួយជាតិរបស់អ្នក អ្នកបានបំផ្លាញសាមគ្គីជាតិ ឯកភាពជាតិ រួចទៅហើយ អីចឹងអ្នកថាមើល តើអ្នកណា ឈាមថោក ឈាមឆ្កែ ឲ្យប្រាកដទៅ? ភាពខុសគ្នាមិនមែនជាបញ្ហាទេ តែបញ្ហាគឺរៀនឲ្យចេះ រស់នៅជាមួយគ្នា។ ប្រសិនបើលោកនេះ អាចមានសន្តិភាពដោយពាក្យជេរ ម្លេះមនុស្ស ក្នុងលោក យកពាក្យស្អប់ ទៅជំនួសពាក្យថា ស្រលាញ់ ក្នុងវចនានុក្រមបាត់ទៅហើយ។ និយាយទៅ ក្នុងនយោបាយ បើជាខ្ញុំវិញ ខ្ញុំមិនដែល ខឹងនឹងគំនិតផ្ទុយគ្នាទេ ឬការជេរប្រមាថទេ តែខ្ញុំបែរជាអាណិតយ៉ាងខ្លាំង យ៉ាងខ្លោចចិត្ត ព្រោះក្នុងភ្នែកខ្ញុំ អ្នកគឺជា អ្នកជំងឺនយោបាយម្នាក់ ដែលគួរឲ្យសង្វែគ។

២. តើការធ្វើនយោបាយ ទៅយកអំណាច គឺជារឿងកខ្វក់? ក្នុងលោកនេះ ប្រទេសណា ដូចប្រទេសណា អ្នកនយោបាយ ធ្វើនយោបាយ ទៅយកអំណាច ពីព្រោះក្នុងឋានះនេះ តួនាទីនេះ វាមានសិទ្ធធ្វើ អំណាចសម្រេចចិត្ត និងអាជ្ញាសឹកចាត់ចែងការងារ ដើម្បីកែប្រែសង្គម មួយដែលយើងយល់ថាល្អ។

ឧទាហរណ៍ថា បើមនុស្សប្រុសម្នាក់ ចង់មានចំណងស្នេហ៍ជាមួយនារីម្នាក់ គឺត្រូវរៀបការ ក្លាយជាប្តីនាងនោះ។ អ្វីដែលខុសគ្នាគឺ សម្រាប់អ្នកនយោបាយល្អ អំណាចមិនមែនជា គោលដៅចុងក្រោយទេ វាគ្រាន់តែជាមធ្យោបាយ ដើម្បីមានអាជ្ញាសឹក សម្រេចការងារ ជូនជាតិ និងមាតុភូមិ ប៉ុន្តែសម្រាប់អ្នកនយោបាយអាក្រក់ គឺអំណាចជាគោលដៅចុងក្រោយ ដើម្បីលួចជាតិ។ ដូចនេះ អំណាច គឺគ្រាន់តែជា របស់ម្យ៉ាង វត្ថុម្យ៉ាង ដូចជាដាវ ជាកាំបិត ជាដើម វាមិនខុស វាមិនត្រូវ បញ្ហាគ្រាន់តែថា តើដាវ និងកាំបិត មួយនេះស្ថិតក្នុងដៃរបស់អ្នកណា? ត្រូវមើលលើគុណភាពរាស្ត្រនៅក្នុងសង្គមនេះ ក្នុងពេលនេះ។

៣. ពលរដ្ឋបោះឆ្នោត ឲ្យអ្នកនយោបាយ គឺដើម្បីឲ្យអ្នកនយោបាយ ទៅយកអំណាច កាន់អំណាច ប្រើអំណាច ដើម្បីជួយរាស្ត្រ បម្រើរាជការ ការពារនគរ ឲ្យពួកគាត់ជារាស្ត្រ។ ដូចនេះ បន្ទាប់មកពលរដ្ឋបោះឆ្នោតឲ្យហើយ គឺអ្នកនយោបាយ ត្រូវទៅយកអំណាច ដែលរាស្ត្របានឲ្យខ្លួន។ អ្នកដែលមិនចង់បាន អំណាច គឺតាមពិត ព្រោះរាស្ត្រមិនដែល បានបោះឆ្នោតឲ្យអំណាចគាត់ទេ ដូច្នេះបើអ្នកចង់បានក៏ដោយ ក៏មិនអាចបានដែរ។ បើថាអ្នកនយោបាយ ទៅយកអំណាច ជារឿងថោកទាប អីចឹងគួរតែថា រាស្ត្រឲ្យអំណាចហើយ បែរជាមិនទៅយក នេះទើបជារឿងចោម្សៀត។

ហើយកុំមកនិយាយថា បើគង់តែត្រូវ យកអំណាច ចាំបាច់ ធ្វើឬកពារមេមាន់ធ្វើអ្វី? នេះបានចំជាអ្នកនយោបាយគំនិតខ្លីមែនហើយ ចាំថានៅក្នុងនយោបាយចចារ លទ្ធផលគឺមាន បួន ទី១ ឈ្នះ ឈ្នះ ទី២ ឈ្នះ ចាញ់ ទី៣ មិនចាញ់ មិនឈ្នះ ទី៤ គឺបរាជ័យ។ ឈ្នះ ឈ្នះ គឺមានន័យថា ទាំងយើង ទាំងគេ បានរបស់ដែលខ្លួនចង់បានមករៀងៗខ្លួន នេះជា លទ្ធផលចចារមួយ ដែលពិបាកនឹងកើតឡើង ព្រោះវាដូចក្នុងវិស័យជួយដូរអីចឹង នៅពេល ដែលយើងថាចំនេញ គឺមានន័យថា មានអ្នកផ្សេងកំពុងតែខាត។ ឈ្នះ ចាញ់ គឺយើង ឬគេ បានរបស់ដែលខ្លនចង់បានមកទាំងអស់ ក្នុងខណះពេលដែលសត្រូវយើង បរាជ័យទាំង ស្រុង។ មិនចាញ់ មិនឈ្នះ គឺមានន័យថា ជាតម្លៃខ្ពស់បំផុត ដែលអ្នកទិញ ហ៊ានទិញ ជាតម្លៃថោកបំផុត ដែលអ្នកលក់ ហ៊ានលក់។ ដូចយើងទៅផ្សារទិញរបស់អីចឹង អ្នកលក់កាត់ ១០ យើងឲ្យ៥ អ្នកលក់ចុះ៩ យើងឡើង៦ ទីបំផុងយើងឡើង៧កន្លះ អ្នកលក់ព្រមត្រឹម ៧កន្លះ ព្រោះទាបជាងនេះ គេក៏មិនលក់ ខ្ពស់ជាងនេះ យើងក៏មិនទិញ។ បរាជ័យទាំងស្រុង មានន័យថា ការចចារ ដើម្បីបំផ្លាញការចចារ ពេលខ្លះដោយសារតែមិនទាន់ដល់ពេលនឹងបញ្ចប់ជម្លោះ។

ហើយដើម្បីចចារ យើងត្រូវការអំណាចតថ្លៃ។ អំណាចតថ្លៃ របស់ប្រជ គឺដឹករដ្ឋ កាន់លុយ បញ្ជាទ័ព គ្រប់គ្រងរាជការ។ អំណាចតថ្លៃ របស់សជ គឺច្បាប់ នយោបាយការទូត រាស្ត្រគំាទ្រ។ ដូចនេះមុនចចារ ត្រូវតែបង្ហាញកម្លាំងគ្នា ម្នាក់មានទ័ព ម្នាក់មានរាស្ត្រ ម្នាក់មានកាំភ្លើង ម្នាក់មានចិត្ត ដើម្បីបង្ហាញថា ក្រុមមួយមិនមែនជាចៀមជាពពែរ ដែលបណ្តោយឲ្យឆ្កែចចក សុីតាមចិត្តនោះទេ លើសពីនោះគេស្ទង់មើលចិត្តគ្នាទៅវិញទៅមក ថាអ្វីទៅជាវត្ថុបំណងនយោបាយចុងក្រោយ។ លទ្ធផលចចារ កន្លងទៅគឺទី ៣។ ក្នុងស្ថានភាពបែបនេះ បើខុសពីទី៣ មួយណាក៏ដោយ ក៏សុទ្ធតែត្រូវបង្ហូរឈាមខ្មែរ ហើយអាចសង្គ្រាមសុីវិល អូសកម្ពុជាត្រឡប់ក្រោយ២០ទៅ៣០ ឆ្នាំវិញ។ ឬក៏ទីក្រុងខ្មោច ជាអ្វីដែលអ្នកចង់ឃើញ ឲ្យវាកើតឡើងម្តងទៀត នៅកម្ពុជា?

នេះជាហេតុផលងាយៗខ្លះ។ មនុស្សមានក្បាល ដើម្បីយល់ហេតុផល។ បើសូម្បីតែហេតុ ផលងាយៗនេះ ក៏មិនយល់ដែរនោះ អីចឹង អ្នកឯងនេះ ពិតជាកូនចង្រៃ មិនយល់ការណ៍ មែនហើយ ធ្វើឲ្យម្តាយមានទុក្ខ។ ការយកឈ្នះដ៏ល្អជាងគេ គឺឈ្នះខ្លួនឯង។ អ្នកអាចដើររំលង ចោលការពិតបាន តែការពិត មិនដែលរលាយចោលអ្នកទេ។ មនុស្សស្លាប់ ប្រវត្តិសាស្ត្រ នៅរស់។ អ្នកណាទៅដឹង ស្រាប់តែម្សិលមិញ ក្នុងពេលដែលអ្នកយល់ថា ខ្លួនកំពុងធ្វើបដិវត្តន៍ដ៏អស្ចារ្យក្នុងលោក បែរជាថ្ងៃស្អែក អ្នកត្រូវកត់ទុកក្នុងទំព័រប្រវត្តិសាស្ត្ររបស់ខ្មែរ ថាជាអ្នក នយោបាយចោម្សៀត អត់បានការណ៍ ក៏ថាបាន។ បុល ពត ជាឧទាហរណ៍។ សម្តីនិយាយ អ្នកណា ក៏អាចនិយាយបានដែរ តែសំខាន់គឺលទ្ធផលការងារជាក់ស្តែង។ ថ្ងៃមួយដែលអ្នក បាន ៥០% + ១ ដឹកនាំប្រទេស នោះជាពាក្យជេរប្រមាថ ដ៏ល្អបំផុត ចំពោះដៃគូរប្រកួត ប្រជែងរបស់អ្នក តែបើមិនអាចបានទេ គឺអ្នកគ្រាន់តែក្រុមអត់បានការណ៍ ថែមមួយទៀត ប៉ុណ្ណោះ ក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា ទុកគ្រាន់ក្មេងៗអានលេង ៥០ឆ្នាំក្រោយ។ ខ្លាចតែ បាចអំពិល ចូលក្នុងទឹកទន្លេ។

កម្លោះម្នាក់ ដែលដណ្តឹងកូនគេ មិនបាន បើម្នាក់ ពីរនាក់ មិនឲ្យ មិនអីទេ តែបើដណ្តឹងកូនគេ មួយភូមិ នៅតែមិនបាន បញ្ហាគឺមិនមែនគេទេ តែគឺយើង ដូចនេះប្រហែលជាត្រូវសម្រាក់ខ្លះ បិតមាត់ខ្លះ ដកដង្ហើមធំ សម្រួលអារម្មណ៍ ឈរមុខកញ្ចក់ ទល់ខ្នងទៅជញ្ជាំង ឆ្លុះខ្លួនឯង ងូតទឹក ដុះក្អែលខ្លួនឯងចេញម្តង ក្រែងលនៅអាចសង្គ្រោះបានខ្លះ។ ជូនដល់បង ដល់ប្អូន ទាំងអស់ ដែលកំពុងឈឺជំងឺនយោបាយ។

និស្សិតក្មេងវត្ត កូនអ្នកស្រែ Sosamyuth@gmail.com សូរ សមយុទ្ធ 14/11/2014

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ
…………………………………………..
ឥឡូវឃើញថា «របង» ក៏បានធ្វើខ្លះៗហើយដែរ។ឯ«របា» ក៏បានចងខ្លះៗ ទោះមិនទាន់បានរឹងមាំ តែឃើញថាមានគម្រោងធ្វើជាបន្តបន្ទាប់យ៉ាងសកម្ម…។ តែរឿង«ស្រាស់បន្លា» ដើម្បីកុំឲ្យមាន់ចូលជាន់ខ្ទឹមនោះ ក៏មិនទាន់ឃើញនៅឡើយទេ។
មិនត្រឹមតែមិនទាន់ស្រាស់បន្លា ការពារមាន់ទៅកាយរងខ្ទឹមប៉ុណ្ណោះទេ… «សជ» នៅចង់ស្រាស់បន្លាបិទផ្លូវខ្លួនឯង តាមរយៈយកកូនស្រីលោកកឹម សុខា មកធ្វើការក្នុង «គជប»ទៀត។ នេះគេហៅថា «ឪពុក អ្នកប្រដាល់ កូនជាមេអាប៊ីត»
… រឿងនេះបើគេមិនសើចរយះមាត់ ទើបវាចម្លែក។

ក្រៅពីនេះនៅមានរឿងមួយទៀត ដែលធ្វើឲ្យ«ខ្ទមអុក» ភ័យប្រហោងពោះ គឺរឿង«… ខ្លាចតែទូកបាក់ច្រវា ពេលទឹកកំពុងហូរ»នោះទេ!!!
រឿងសមាសភាព វិរៈជនទី៩ ដែលជាលោកស្រី «ពុង ឈីវហ្គេក» ។គឺពិតជាសំណាងរបស់នគរខ្មែរ ហើយក៏ជាសំណាងរបស់រាស្រ្តខ្មែរដែរ។ទោះបី «ខ្ទមអុក»សង្ស័យលើខ្លួនឯង ក៏យើងមិនសង្ស័យ លើមនសិការស្នេហាជាតិ និងឆន្ទៈ មុតស្តួច និងជ្រាលជ្រៅរបស់លោកស្រីដែរ។
តែនរណាទៅដឹងថា នៅពេលខាងមុខនឹងមានរឿងអីកើតឡើង? ចុះបើលោកស្រី រងសម្ពាធខ្លាំងរហូតដល់ឈឺចិត្ត សុំដាក់ពាក្យលាលែងពីដំណែង… តើ«គជប» មិននៅសល់មនុស្សត្រឹមតែ «៤ ទល់ ៤»ទៅហើយទេ? បើ «៤ ទល់៤» តើការសម្រេចចិត្តមិនជាប់គាំងទៅហើយទេ? បើ«គជប»គាំង តើ សភាចេញកើតឬទេ? បើសភាចេញមិនកើត តើរដ្ឋាភិបាលចេញកើតឬទេ? ចុងបញ្ចប់ គឺធ្លាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកអារកាត់បញ្ហាទាំងនេះ ដែលសុទ្ធតែជាមនុស្ស របស់បក្សប្រជាជន។តើត្រូវគិតយ៉ាងណា???

រហូតមកដល់ពេលនេះនៅមិនទាន់ឃើញគេលើកនិយាយពីចំណុចនេះនៅឡើយទេ។

មុនពេលសមាជិកបក្ស«សជ»មិនទាន់ចូលសភានៅឡើយ «សជ» នៅតែជាកូនក្រមុំដ៏ស្រស់ស្អាត សម្រាប់បក្ស«ប្រជ»។ ដូច្នេះគួរតែឆ្លៀតឱកាសនេះ ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ផង។ បើសិនជាអាច គួរតែរើស«បេក្ខជនបម្រុង»ទុក២ ឬ ៣នាក់សម្រាប់វិរៈជនទី៩ជាស្រេចក្រែងមានការថ្លោះធ្លោយនៅថ្ងៃក្រោយ…។

«ខ្ទមអុក» គ្រាន់តែចង់ឃើញការបោះឆ្នោតមួយ ដែលបានឆ្នុះបញ្ចាំងពីឆន្ទៈរាស្រ្ត ពិតប្រាកដ ហើយគ្មានហានិភ័យក្នុងពេលដំណើរការនៃស្ថាប័ន «គជប» ដែលជាស្ថាប័នធម្មនុញ្ញដ៏សំខាន់ នៅក្នុងបរិបទនយោបាយខ្មែរនេះប៉ុណ្ណោះ។