ចង្កឹះ​កេរ្ដិ៍​ឳ

_44057462_angkorwat_416300

“សាមគ្គីរស់ បែក​បាក់​សាមគ្គីស្លាប់”
“ចង្កឹះ​មួយ​បាច់គេ​កាច់​មិន​បាក់”

….ទាំង​នេះ​សុទ្ធ​សឹង​ជា​ពាក្យស្លោក​ដែល​ខ្មែរ​យើង​តែង​និយម​មក​ចង​ជា​បដា តាម​សាលា​រៀន តាម​ទីកន្លែង​ប្រជុំ តាម​ផ្លូវ​ថ្នល់ ដើម្បី​ដាស់​តឿន​សតិ​កូន​ខ្មែរ​អោយ​មាន​ការភ្ញាក់​រលឹកអំពី “សាមគ្គីភាព” រវាង​គ្នា។ ទន្ទឹម​នឹង​នោះ​ដែរ​​យើង​ក៏​មិនអា​ច​ដឹង​ប្រាកដ​ថា អ្នក​ដែល​បញ្ជា​អោយ​សរសេរ​បដា ទាំង​នោះ​គាត់​បាន​យល់ទៅ​ដល់​”បេះដូងដ៏​ស៊ីជម្រៅ​នៃ​ពាក្យ​សាមគ្គី” នោះ​ដែរ​ឬ​យ៉ាង​ណា? ព្រោះ​ថា​៖-
បើ​គ្រាន់តែ​ថា​ដូច​សត្វ​សេក ឬ​គ្រាន់​តែ​​បង្ហាញពាក្យ​ស្លោកជា​ក្រដាស​វា​គ្មានបាន​ផល​អ្វី​ធំដុំ​ដល់​ការ​អប់រំ​បណ្ដុះ​ផ្លូវ​ចិត្តរបស់​មនុស្ស​ទេ ក្រៅតែ​ពី​ស្ដាប់​ឬ​មើល​ហើយ ភ្លេច​ទៅ​វិញ​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ ត្រូវ​មាន​បេះ​ដូង​ពិត​ប្រាកដ ត្រូវមានភាព​ជា​គំរូ​ជាក់​ស្ដែង​ពិត​ប្រាកដ ដែល​មិន​មែន​ជា​ការ​សម្ដែងតែ​សម្បក​ក្រៅ ទើប​នោះ​ហៅថា “សាមគ្គីខ្មែរ​”។

​​​ ​ បងប្អូន​ធ្លាប់​ដឹង​ធ្លាប់លឺ មកខ្លះៗ​ហើយអំពី​គ្រួសារ​ធំៗ​មួយ​ចំនួន​។ ពេល​ដែល​មេគ្រួសារ​ស្លាប់​ទៅ អ្នកជំនាន់​ក្រោយ​បែក​បាក់​គ្នា​​ដោយ​សារ​ការ​លោភលន់ ដណ្ដើម​ទ្រព្យ​សម្បត្តិ​គ្នា មិន​​សុខ​ចិត្ត​រៀង​ខ្លួន  ជួលមេធាវី​រត់​ការ​ក្ដី​ក្ដាំ ចុះឡើងៗ ទំរាំ​តែ​ចប់​រឿង អ្នក​ខ្លះ​សល់តិចតួច អ្នក​ខ្លះជំពាក់គេ​ថែម​ទៀត ព្រោះថា​អ្វីៗ​សុទ្ធ​តែ​ត្រូវ​ចំណាយ។ កាន់​តែ​យូរ​កាន់តែ​ច្រើន ។ ម្នាក់ៗសុទ្ធតែ​ជាប់​សាច់​ឈាម​នឹង​គ្នា ហេតុអ្វី​ក៏​មិន​ចេះ​ស្រាលាញ់​គ្នា។ មិន​ចេះ​សាមគ្គីគ្នា។ តើ​មួយ​ជីវិត​នេះ មាន​ប៉ុន្មាន​ដង??

គ្រួ​សារ​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ​ មាន​ស្រែ​ចម្ការ មាន​មុខ​របរ កូនៗ​មាន​គ្រួសារ​រៀង​ខ្លួន។ ខ្លះ​ញុះញង់បញ្ឆេះ​ពី​ក្រោយ​ខ្នង ដោយ​សារ​តែ គំនិត​ខ្លី អាត្មា​និយម មិន​គិត​ពី​ប្រយោជន៏​រួម ពាក់​មុខ​យក្យ​ដាក់​គ្នា ដណ្ដើម​កេរ្តិ៍​មរតករបស់​ឳពុក​ម្ដាយ ។ ចំណង​គ្រួសារ​ត្រូវ​ប្រេះ​ស្រាំបែក​បាក់ ទីបំផុត ផ្ទះ​សម្បែង​ ស្រែ​ចម្ការ ទ្រព្យ​សម្បត្តិ មុខរបរ​ផ្សេង​ ត្រូវ​ធ្លាក់ទៅ​លើ​កណ្ដាប់ដៃ​អ្នក​ដទៃអស់ ដែលជា​ការ​គួរ​អោយ​សោក​ស្ដាយ​និង​ខ្សឹក​ខ្សួល​បំផុត។ បើ​កូនៗទាំង​នោះទទួល​ការ​អប់រំតាម​ផ្លូវ​ត្រូវ ចេះ​រួប​រួម​សាមគ្គីគ្នា មានអធ្យាស្រ័យគ្នា ជួយទ្រទ្រង់​មុខ​របរ យក​មរតកឪម៉ែ​ធ្វើជា​ដើម​ទុន អោយ​មាន​ចំណែក​រួម​គ្នា នោះផ្លែផ្កា​នឹង​កើត​មាន​ កេរ្តិ៍​មរតក​ក៏​មិន​បាត់ទៅ​ណា។

កេរ្តិ៏មរតក​ប្រៀប​ដូច​ដើម​ឈើ​ដែល​ឪពុកម្ដាយ​ដាំ​ទុក​អោយ។ ពេល​អស់​ពីឪពុក​ម្ដាយ​ទៅ បើ​កូន​ម្នាក់ទៅកាត់យក​ឬស កូន​ម្នាក់ទៅកាត់​យក​ស្លឹក ម្នាក់ទៀត​ទៅ​កាប់​យក​ដើម យក​មែក ដើម​ឈើនោះ​នឹង​ត្រូវ​ស្លាប់ដោយ​ការ​ដណ្ដើម​គ្នា ។ តែ បើ​គ្រប់គ្នា​នាំគ្នា​ស្រោច​ទឹក ដាក់ជីរ បោច​ស្មៅ ពូន​គល់ គេ​នឹង​បាន​ផ្លែផ្កាយក​មក​ចែក​គ្នា​បរិភោគ​តរឿង​ទៅ។

ប្រទេសជាតិ​ក៏​ដូច​គ្នា បើ​យើង​​យើង​មិនខំ​ផលិត ឬ​មិន​ព្រម​ធ្វើ​អ្វី​អោយ​កើត​ជា​ប្រយោជន៏ បែរ​ជា​នាំគ្នា​ប្រមែ​ប្រមូល កាត់រំលែកយក​មក​ធ្វើជា​សម្បតិ​ផ្ទាល់​របស់​ខ្លួន តើ​វាសនា​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ម្ចាស់​ស្រុក​ម្ចាស់​ប្រទេស នឹង​រំពឹង​អ្វី???

បងប្អូន​ទាំង​អស់​គ្នា​ជា​ទីគោរព! បង​ប្អូនប្រៀប​ដូច​ទៅនឹង រាង​កាយ​របស់​មនុស្ស ដែល​មាន​ក្បាល​មាន​ដង​ខ្លួន មាន​ដៃជើង និង​អវយវៈ​ផ្សេងៗ​ជា​ច្រើន ។ ភ្នែក​សម្រាប់​មើល​ត្រចៀក​សម្រាប់​ស្ដាប់ មាត់​សម្រាប់​និយាយនិង​បរិភោគ ឯច្រមុះសម្រាប់​ដក​ដង្ហើម ។ល។ តើធ្វើម្ដេច​នឹង​ជឿគេដោយ​ស្រួលៗ​នោះ??

អវយវៈនីមួយៗ​មាន​មុខ​ងារ​រៀង​ៗខ្លួន ហើយសុទ្ធ​តែ​មាន​ទំនាក់ទំនង​គ្នា​ទាំង​អស់ ដូច​ពេល​បរិភោគ​ដៃ​មាន​មុខ​ងារ ចាប់ម្ហូមមក​ដាក់មាត់ ឯភ្នែក​ចាំ​សម្លឹងមើលថា​ តើ​ម្ហូប​នោះ​គូរ​នឹង​បរិភោគដែរ​ឬទេ? ប្រសិន​បើនៅតែ​សង្ស័យ មាន​ច្រមុះ​ជួយ​ហិត​ក្លិន បើ​មិន​ផ្អូម​មិន​ស្អុយ​អ្វីទេ ក៏​ដាក់ចូល​ទៅ​មាត់ទៅ អណ្ដាត​ក៏ក្រលៀស អោយ​ធ្មេញស្រូលទំពារ ក្រពេញ​ទឹក​មាត់​ក៏​បញ្ចេញ​ទឹក​មាត់​ជួយ​ច្របល់​អាហារ​អោយ​ស្រួល​លេប ចំនែក​ កក៏ រំអិលអាហារ​អោយ​ធ្លាក់​ទៅ​ដល់​ក្រពះ ។ នេះ គឺ​ភាព​សាមគ្គីរបស់​ផ្នែក​នីមួយៗ យ៉ាង​មាន​របៀប​វិន័យ ធ្វើ​អោយ​សារពាង្គកាយ​របបស់​យើងគង់វង់ទៅ​បាន។ តែប្រសិនបើផ្នែកណាមួយ​ខូច​ខាត ធ្វើ​ការ​មិន​កើត យើង​មុខជា​ពិបាក ហើយ​អាច​នឹង​បាត់​បង់ជីវិតផង​ក៏​មាន។

បាត់​បង់​សាមគ្គី​ពេល​ណា​ គ្រួសារក៏​នឹង​បែក​បាក់​ពេល​នោះ ដែរ។ ចង្កឹះ​មួយ​ដើមគេ​អាច​កាច់​បាន តែ​បើ​ចង​វា​ជាបាច់ នឹង​មិន​មាន​អ្នក​ណា​មកកាច់​បំបាក់បាន​ដោយ​ងាយ​ៗ​នោះឡើយ។ ការ​រួម​កម្លាំង​គ្នា​តែ​មួយ​ហៅ​ថា​ សាមគ្គី ផ្ទុយ​មក​វិញ បើ​កំលាំង​​បែក​ខ្ចាត់ខ្ចាយ យើង​ធ្វើ​អ្វី​ក៏​លំបាក​ដែរ។

បើ​កូន​ចៅ​ចង់​អោយ​គ្រួសារ​វង្ស​ត្រកូល​រឹង​មាំ កូន​ត្រូវ​តែ​រួប​រួម​សាមគ្គី​គ្នា។ អ្នក​ដទៃ​មក​បំបែក​គ្រូសារ​បាន​​ លុះ​ត្រា​តែ​គេ​បំបែក​យើង​អោយ​ដាច់​ពី​គ្នា ឬ​មួយ​មាន​អ្នក​ណា​ត្រចៀក​ស្រាល ជឿតាម​សម្ដី​ចាក់ដោត របស់​គេ។ តែ​បើ​យើង​រួម​ចិត្ត រួម​គំនិត​គ្នា​ជាធ្លុង​មួយនោះ ពិត​ជា​មិន​មាន​អ្នក​ណា​អាច​មក​បំបែក​យើង​បាន​ឡើយ។

ចាស់​បុរាណខ្មែរ​បានពោល​ថា”រនាបបាក់ យក​រនាប​ជុស សម្ដីហួស​គ្នា​អ្វីជួស​បាន​ឡើង” ឬ ” អណ្ដាតជាអាតកន្លង បានសុខផងទុក​ផង​ក៏ព្រោះអណ្ដាត”
មានន័យ​ថា សម្ដី​ដែល​និយាយ​ជ្រុល ឬ​អំពើ​ដែល​ធ្វើជ្រុលហួស​ទៅ​ហើយ វា​ពិត​ជា​ពិបាក​នឹង​កែត្រលប់មក​វិញណាស់ ហើយអាច​បង្ករជា​ទុក្ខទោស​ដល់ខ្លួនសឹង​ក៏​ថា​បាន។

ហេតុនេះ​ មុន​នឹង​ធ្វើ​អ្វី​ត្រូវ​គិត​ថ្លឹង​ថ្លែង អោយ​បាន​ល្អិត​ល្អន់ជា​មុន កុំទាន់​ប្រញាប់បូក​សរុប​ បំផ្លាញ​សាមគ្គីភាព​អោយ​សោះ។ ឈើដែល​មិន​ធ្លាប់បាក់ សាច់វា​នៅណែន​ល្អ ។តែបើ​ធ្លាប់​បាក់​ហើយ ទោះជា​បិតកាវ​យ៉ាង​ណា ក៏​មិន​បានជាប់​ដូច​ដើម​ដែរ។
បងប្អូនទាំង​អស់ជាទី​ស្រលាញ់ចេញពី​ក្រអៅបេះដូង! សាមគ្គីភាព​ប្រៀប​បាន​នឹង​អាវុធមុខ​ពីរ! សាមគ្គីគ្មាន​គុណធម៌ នឹង​នាំដល់ក្ដីវិនាសអន្តរាយ
ខ្លះសាមគ្គីទាំង​ត្រកូល ទៅធ្វើ​បាប​ត្រកូលផ្សេង ខ្លះ​សាមគ្គីក្រុម​ឯង​ទៅ​ធ្វើ​ក្រុម​គេ ឯខ្លះទៀត​សាមគ្គីសម្រាប់​បក្សពួក​ខ្លួន​ឯង តែ​ខ្វះសាមគ្គីជាតិ..។​ នេះ​ជាផ្លូវ​នាំ​​អោយ​បែក​បាក់គ្នារវាង​ជនរួមជាតិ​តែ​មួយ។ យើង​ធ្លាប់​មានអនុស្សាវរីយ៏​ដ៏សែន​ជូរចត់ ដោយសារ​តែ​ការ​ច្រណែនឈ្នានីស អំពើ​យុត្តិធម៌ និង​ក្ដីលោភលន់នេះ​ឯង។

យើង​ម្នាក់ៗ​សុទ្ធ​តែ​ផ្នែក​មួយ​របស់ជាតិ ជា​ភ្នែក​ជា​ច្រមុះ បើ​ផ្នែក​ណាមួយ​បំផ្លាញផ្នែក​មួយ​ទៀត ប្រៀបដូចជា​ការ​បំផ្លាញសម្បត្តិរួម​ឬប្រដូចទៅ​នឹង​យក​ដៃឆ្វេង​មកកាប់ដៃ​ស្ដាំ បើ​ដៃ​ស្ដាំឈឺ ដៃឆ្វេង​ក៏​មិន​បាន​សុខ​ដែរ គ្មាន​អ្វីចំណេញឡើយ។

បើ​មនុស្ស​ក្នុង​ប្រទេស​តែមួយ​​បាត់បង់សាមគ្គីជាតិ​ហើយ ទោះបី​ជា​ក្នុង​ពេល​នេះ យើង​ខំបន្លំភ្នែកខ្លួន​ឯងថា​​ “វាហាក់ដូច​ជា​កំពុង​មាន​ពន្លឺភ្លឺស្វាង​យ៉ាង​ណា​ក៏​ដោយ” ក៏ស្រមោលខ្មៅ ដ៏អាប់អួរ​វា​នឹង​វិល​ត្រឡប់មក​វិញក្នុង​ថ្ងៃ​ណាមួយ​ដោយ​មិន​អាច​ជៀស​ផុ​តឡើយ។

សាមគ្គីមិន​មែនគ្រាន់តែជា​ការគិតនោះទេ តែ​គឺ​អ្វី​ដែល​ផុស​ចេញពីខាង​ក្នុង​ជម្រៅដួង​ចិត្ត មិន​មែន​ជា​ការ​ប្រើ​រូបភាពជា​ពាក្យ​សម្ដី ឬជា​ការសរសេរ វាត្រូវ​តែ​ចេញ​ពីចង្វាក់​បេះដូងដែល​កំពុង​លោត ហើយ​កើតជា​ទង្វើជាក់ស្ដែងពិត​ប្រាកដ ដោយ​ការ​ទទួល​ខុស​ត្រូវប្រកប​ដោយ​គុណធម៌ផង​ដែរ។

ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ឩទ្ទិសស្នាដៃដ៏តិច​តូច​ស្ដូច​ស្ដើង​នេះ ជូន​ដល់មហា​គ្រូសារ​ខ្មែរ ពូជ​ពង្សអ្នក​សាង​អង្គរ និងប្រាសាទ​ដ៏មហស្ចារ្យនិងច្រើន​មហិមាលើលោក​ដែល​ស្នាដៃ​ទាំង​នេះសុទ្ធ​តែកើត​ចេញ​ពី​សាមគ្គីភាព​ប្រកប​ដោយ​បញ្ញាញាណរបស់​ដូនតា​ដែលជា​បុព្វបុរសនៃ​យើង៕

-ផាន សារ៉ាក់ (គីរីរម្យ)