ទូកបាក់ច្រវា ពេលទឹកកំពុងហូរ

ទូកបាក់ច្រវា ពេលទឹកកំពុងហូរ
…………………………………………..
ឥឡូវឃើញថា «របង» ក៏បានធ្វើខ្លះៗហើយដែរ។ឯ«របា» ក៏បានចងខ្លះៗ ទោះមិនទាន់បានរឹងមាំ តែឃើញថាមានគម្រោងធ្វើជាបន្តបន្ទាប់យ៉ាងសកម្ម…។ តែរឿង«ស្រាស់បន្លា» ដើម្បីកុំឲ្យមាន់ចូលជាន់ខ្ទឹមនោះ ក៏មិនទាន់ឃើញនៅឡើយទេ។
មិនត្រឹមតែមិនទាន់ស្រាស់បន្លា ការពារមាន់ទៅកាយរងខ្ទឹមប៉ុណ្ណោះទេ… «សជ» នៅចង់ស្រាស់បន្លាបិទផ្លូវខ្លួនឯង តាមរយៈយកកូនស្រីលោកកឹម សុខា មកធ្វើការក្នុង «គជប»ទៀត។ នេះគេហៅថា «ឪពុក អ្នកប្រដាល់ កូនជាមេអាប៊ីត»
… រឿងនេះបើគេមិនសើចរយះមាត់ ទើបវាចម្លែក។

ក្រៅពីនេះនៅមានរឿងមួយទៀត ដែលធ្វើឲ្យ«ខ្ទមអុក» ភ័យប្រហោងពោះ គឺរឿង«… ខ្លាចតែទូកបាក់ច្រវា ពេលទឹកកំពុងហូរ»នោះទេ!!!
រឿងសមាសភាព វិរៈជនទី៩ ដែលជាលោកស្រី «ពុង ឈីវហ្គេក» ។គឺពិតជាសំណាងរបស់នគរខ្មែរ ហើយក៏ជាសំណាងរបស់រាស្រ្តខ្មែរដែរ។ទោះបី «ខ្ទមអុក»សង្ស័យលើខ្លួនឯង ក៏យើងមិនសង្ស័យ លើមនសិការស្នេហាជាតិ និងឆន្ទៈ មុតស្តួច និងជ្រាលជ្រៅរបស់លោកស្រីដែរ។
តែនរណាទៅដឹងថា នៅពេលខាងមុខនឹងមានរឿងអីកើតឡើង? ចុះបើលោកស្រី រងសម្ពាធខ្លាំងរហូតដល់ឈឺចិត្ត សុំដាក់ពាក្យលាលែងពីដំណែង… តើ«គជប» មិននៅសល់មនុស្សត្រឹមតែ «៤ ទល់ ៤»ទៅហើយទេ? បើ «៤ ទល់៤» តើការសម្រេចចិត្តមិនជាប់គាំងទៅហើយទេ? បើ«គជប»គាំង តើ សភាចេញកើតឬទេ? បើសភាចេញមិនកើត តើរដ្ឋាភិបាលចេញកើតឬទេ? ចុងបញ្ចប់ គឺធ្លាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកអារកាត់បញ្ហាទាំងនេះ ដែលសុទ្ធតែជាមនុស្ស របស់បក្សប្រជាជន។តើត្រូវគិតយ៉ាងណា???

រហូតមកដល់ពេលនេះនៅមិនទាន់ឃើញគេលើកនិយាយពីចំណុចនេះនៅឡើយទេ។

មុនពេលសមាជិកបក្ស«សជ»មិនទាន់ចូលសភានៅឡើយ «សជ» នៅតែជាកូនក្រមុំដ៏ស្រស់ស្អាត សម្រាប់បក្ស«ប្រជ»។ ដូច្នេះគួរតែឆ្លៀតឱកាសនេះ ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ផង។ បើសិនជាអាច គួរតែរើស«បេក្ខជនបម្រុង»ទុក២ ឬ ៣នាក់សម្រាប់វិរៈជនទី៩ជាស្រេចក្រែងមានការថ្លោះធ្លោយនៅថ្ងៃក្រោយ…។

«ខ្ទមអុក» គ្រាន់តែចង់ឃើញការបោះឆ្នោតមួយ ដែលបានឆ្នុះបញ្ចាំងពីឆន្ទៈរាស្រ្ត ពិតប្រាកដ ហើយគ្មានហានិភ័យក្នុងពេលដំណើរការនៃស្ថាប័ន «គជប» ដែលជាស្ថាប័នធម្មនុញ្ញដ៏សំខាន់ នៅក្នុងបរិបទនយោបាយខ្មែរនេះប៉ុណ្ណោះ។