អ៊ិន តាំ

អ៊ិន តាំ
[ឈ្មោះ]​ អ៊ិន តាំ
[កំណើត] ២២ កញ្ញា ១៩១៦
[​ទី​កំណើត] ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម
[មរណភាព] ០១ មេសា ២០០៦ (៩០​​ឆ្នាំ)
[ឋានៈ] ប្រធាន​រដ្ឋសភា (សាធារណរដ្ឋ​ខ្មែរ)
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋ​ខ្មែរ)
[ពី​ឆ្នាំ] ០៦ ឧសភា ដល់ ០៩ ធ្នូ ១៩៧៣
[បន្ត​ពី] ហង្ស ធន់ហាក់
[បន្ត​ដោយ] ឡុង បូរ៉េត

 

លោក អ៊ិន តាំ  [អាន​ថា៖ អ៊ិន-តាំ] គឺ​ជា​អ្នក​នយោបាយ​នៃ​ប្រទេស​កម្ពុជា លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា និង​ជា​នាយករដ្ឋមន្ត្រី នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ព្រម​ទាំង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ផង​ដែរ។

| ប្រវត្តិ |

លោក អ៊ិន តាំ កើត​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩១៦ (ឯកសារ​ខ្លះ​ថា​កើត​នៅ​ឆ្នាំ​១៩២២) នៅ​​ភូមិ​ព្រែក​កក់ ឃុំ​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម។

| តំណែង​នានា |

នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ លោក អ៊ិន តាំ ធ្លាប់​បាន​កាន់​តំណែង​ជា​ច្រើន​រួម​ទាំង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៦៦​ផង​ដែរ។ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ លោក អ៊ិន តាំ បាន​ចូល​ជាមួយ​របប​នេះ និង​បាន​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​១៩៧២ តែ​មិន​បាន​ជាប់​ទេ ដោយ​ទទួល​បាន​សំឡេង​ទី​ពីរ ២៤​ភាគ​រយ ចាញ់​លោក លន់ ណុល។ មួយ​ឆ្នាំ​ក្រោយ​មក​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​មួយ​រយៈ​ពេល​ខ្លី។

| ជីវិត​ក្រោយ​របប​សាធារណរដ្ឋ |

នៅ​ពេល​ពួក​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច លោក​កំពុង​ស្ថិត​នៅ​ឯ​ចម្ការ​របស់​លោក​នៅ​ឯ​ប៉ោយ​ប៉ែត និង​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស។ លោក​បាន​ទៅ​ប្រទេស​បារាំង និង​នៅ​ឆ្នាំ​១៩៧៦ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អាមេរិក។

| ចូល​រួម​ជាមួយ​ចលនា​តស៊ូ |

បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ លោក អ៊ិន តាំ បាន​គាំទ្រ​ចលនា​តស៊ូ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្ដម សីហនុ ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​កង​ទ័ព​វៀតណាម​នៅ​ប្រទេស​កម្ពុជា។ លោក​ក៏​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី​ផង​ដែរ។

ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ ប្រជាធិបតេយ្យ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​នា​ឆ្នាំ​១៩៩៣ តែ​មិន​បាន​ទទួល​ជោគជ័យ​ទេ នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ ហ៊ុន សែន

| មរណភាព |

លោក អ៊ិន តាំ បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៦ នៅ​ឯ​​ក្រុង Chandler រដ្ឋ Arizona សហរដ្ឋ​អាមេរិក។